អានតួអត្ថបទ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រកាស​ធ្វើ​ដំណើរ​ទៅក្រុង​កៀវ និង​មូស្គូ

បច្ចុប្បន្ន​ជាប្រធានផ្លាស់​វេន​G២០ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី ក្នុង​ពេល​ឆាប់ៗ​ខា​ង​មុខ​នេះ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​ដោយ​បញ្ជាក់​ថា​ លោក​វីដូដូ​ ទៅក្រុងកៀវនិង​មូស្គូ ដើម្បី​ ​ជជែក​អំពី​ផលវិបាក​សេដ្ឋកិច្ច និង​មនុស្សធម៌ ដែលបង្ក​ឡើង​ដោយ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រកាស​ធ្វើ​ដំណើរ​ទៅក្រុង​កៀវ និង​ម៉ូស្គូ (រូបថត​កាលពីឆ្នាំ​២០១៦)
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រកាស​ធ្វើ​ដំណើរ​ទៅក្រុង​កៀវ និង​ម៉ូស្គូ (រូបថត​កាលពីឆ្នាំ​២០១៦) AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​តាំង​ពី​រុស្ស៊ីធ្វើ​សង្គ្រាម​ឈ្លានពាន​​អ៊ុយក្រែនមក លោក ចូកូ វីដូដូ នឹងក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស នៅតំបន់​អាស៊ី ​ដំបូង​គេ​បង្អស់ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំងពីរ ក្រោយ​ពី​លោក​បាន​ចូល​រួម​ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រទេស​មហាអំណាច​G៧ នៅប្រទេសអាល្លឺម៉ង់​ ចប់​សព្វគ្រប់។ ​

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅក្រុង​កៀវ និង​ក្រុង​មូស្គូ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​ផ្លាស់វេន​G២០​ផង​នោះ នឹង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សមភាគី​អ៊ុយក្រែន លោក ហ្សេឡេនស្គី និង​សមភាគី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោករដ្ឋមន្ត្រីក្រសួងការបរទេស ដែល​មិន​បាន​លម្អិត​អំពី​កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​ទេ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​ លោក​វីដូដូ​ទំនង​ជា​​នឹង​ជួប​លោកពូទីន​នៅ​ថ្ងៃទី ៣០មិថុនា។ ភ្នាក់ងារសារព័ត៌មាន​សាធារណៈ​រុស្ស៊ី​ Tass ក៏​លើក​ឡើង​អំពី​កាលវិភាគនេះ​ដែរ។

ក្នុង​ផ្ទៃ​នៃ​ក្តីព្រួយបារម្ភ​ជុំ​វិញ​បញ្ហា​មនុស្សធម៌​ លោក​ វីដូដូ ចង់​ស្វះ​ស្វែង​រក​ច្រក​ដោះស្រាយ​វិបត្តិ​ស្បៀង​អាហារពិភពលោក​ ដែល​ជា​ផលវិបាក​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅអ៊ុយក្រែន និង​ដែល​បានធ្វើ​ឱ្យ​ទីផ្សា​រពិភពលោក​ជាប់គាំង ព្រមទាំង​បង្ក​ឱ្យ​មានវិបត្តិ​ខ្វះ​ប្រេង​ឆា​បរិភោគ​ ហើយ​តម្លៃ​ប្រេង​ក៏​ឡើង​ថ្លៃ​ខ្លាំង​នៅឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ី​ជា​អ្នក​ផលិត​និង​នាំចេញប្រេង​ដូង​លំដាប់​លេខ​មួយពិភពលោក​ បាន​រង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​រដ្ឋាភិបាលបង្ខំ​ចិត្តហាមឃាត់​ការ​នាំ​ចេញ​ប្រេង​ឆា​អស់​មួយ​ខែ​ កាលពី​ខែ​មេសា២០២២។ ហើយ​ដូច​ជា​បណ្តា​ប្រទេស​កំពុង​លូត​លាស់​ខ្លាំង​ផ្សេង​ទៀត​ដែរ ឥណ្ឌូណេស៊ី​សាកល្បង​រក្សា​ជំហរ​អព្យាក្រិត្យ​​ជុំ​វិញ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ លោក​វីដូដូ បាន​បដិសេធ​មិន​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​តាម​សំណូមពរ​របស់​លោក​ហ្សេឡេស្គី​ទេ តែ​ផ្តល់​ជំនួយ​មនុស្សធម៌។ ក្រោម​សម្ពាធ​របស់​បស្ចិមលោកឱ្យ​ផាត់​រុស្ស៊ី​ពី​G២០ ឥណ្ឌូណេស៊ីជា​ប្រធាន​ផ្លាស់​វេន​​​បាន​អញ្ជើញ​អ៊ុយក្រែន​ជាធ្វើ​​ភ្ញៀវ​សម្រាប់​ជំនួប​កំពូល​ឆ្នាំ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ