ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យនាំចេញផលិតផលប្រេងដូងវិញ
បន្ទាប់ពីហាមឃាត់អស់ជិតមួយខែ និងបានចូលរួមចំណែកធ្វើទីផ្សារប្រេងឆាពិភពលោកឡើងថ្លៃយ៉ាងខ្លាំងមក ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី ១៩ឧសភា អនុញ្ញាតឱ្យនាំចេញប្រេងដូង ទៅបរទេសឡើងវិញ ចាប់ពីថ្ងៃចន្ទទី ២៣ឧសភាទៅ។ វិស័យដូងប្រេងបានសម្តែងការស្វាគមន៍ និងស្បើយចិត្តយ៉ាងខ្លាំង នៅពេលបានឮសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
“យោលទៅលើទិន្នផល និងស្ថានភាពប្រេងឆាបំរុង ព្រមទាំងស្ថានភាពពលករកម្មករទាំង១៧លាននាក់ធ្វើការក្នុងវិស័យដូងប្រេង ឥណ្ឌូណេស៊ីបើកឱ្យនាំចេញប្រេងឆា (ប្រេងដូង) ឡើងវិញ ចាប់ពីថ្ងៃទី ២៣ឧសភាទៅ...” នេះជាប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក្នុងសុន្ទរកថាដ៏ខ្លីតាមអនឡាន បង្ហោះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៩ឧសភា ដោយបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលនឹងបន្តតាមដានស្ថានភាពទីផ្សារក្នុងស្រុកជាប់ជានិច្ចដើម្បីធានារក្សាស្ថិរភាពតម្លៃឱ្យនៅថោកល្មមជានិច្ចសម្រាប់ប្រជាពលរដ្ឋ។ ជាមួយនឹងការអបអរ ប្រធានសមាគមក្រុមអ្នកផលិតប្រេងដូង ក៏បានសន្យាជួយបំពេញសេចក្តីត្រូវការក្នុងស្រុកឱ្យបានគ្រប់គ្រាន់ដែរ។
សូមបញ្ជាក់ថា កាលពីចុងខែមេសា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញក្រិត្យបញ្ជាឱ្យផ្អាកការនាំចេញប្រេងដូងមួយរយៈ ដោយសំអាងថាការផ្គត់ផ្តង់ប្រេងដល់ប្រជាពលរដ្ឋជាអាទិភាពចម្បងជាង។ សេចក្តីសម្រេចចិត្តផ្អាកការនាំចេញប្រេងធញ្ញជាតិនេះ បានរងការរិះគន់យ៉ាងខ្លាំង ថាមានចំណែកធ្វើឱ្យតម្លៃប្រេងឆាលើទីផ្សារពិភពលោក ដែលតានតឹងស្រាប់ដោយសង្គ្រាមនៅអ៊ុយក្រែន ឡើងថ្លៃដល់កំរិតកំពូលជាប្រវត្តិសាស្ត្រ។ អ៊ុយក្រែនដែលធ្លាប់ផ្គត់ផ្គង់ទីផ្សារប្រេងឆាផ្កាឈូករ័ត្នពិភពលោក ដល់ទៅ៥០% មិនអាចនាំចេញផលិតផលរបស់ខ្លួនដោយហេតុតែសង្គ្រាម។
នៅក្នុងផ្ទៃប្រទេសវិញ ព្យួរការនាំចេញបានធ្វើឱ្យតម្លៃផ្លែដូងប្រេងធ្លាក់ចុះយ៉ាងគំហុក ឯតម្លៃប្រេង(ប្រេងឆា)បោះដុំក៏បាន ធ្លាក់ជិតស្មើដើម គួរជាទីព្រួយបារម្ភសម្រាប់ក្រុមហ៊ុនដែលចង់ឆ្លៀតឱកាសនាំប្រេងដូងទៅលក់នៅបរទេសពេលកំពុងបានថ្លៃ។ កាលពីសប្តាហ៍មុន ក្រុមអ្នកផលិតដូងប្រេង បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងការធ្លាក់ថ្លៃនេះ។ ម្យ៉ាងវិញទៀត គ្មានការនាំចេញ ឥណ្ឌូណេស៊ីក៏គ្មានសមត្ថភាពស្តុកទុកច្រើនលើសទេ ព្រោះឃ្លាំងបំរុងប្រេងពេញប្រៀបស្ទើរទាំងអស់ទៅហើយ។
ឥណ្ឌូណេស៊ីជាប្រទេសនាំចេញប្រេងដូងលំដាប់លេខមួយពិភពលោក ដោយមានឥណ្ឌា ចិន សហភាពអឺរ៉ុប និងប៉ាគីស្ថានជាអតិថិជនចំបងគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ