អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បែកធ្លាយឯកសារផ្លូវការស្តីពីនយោបាយរបស់ចិនក្នុងការគ្រប់គ្រងជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១៧ កុម្ភៈ មាន​បណ្តាញ​ព័ត៌មាន​ធំៗ​ក្នុង​លោក​ប្រមាណ​ជា ១២ ដូច​ជា​ទូរទស្សន៍ BBC CNN កាសែត New York Times ឬ​កាសែត​បារាំង Le Monde បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ផ្លូវការ​បែក​ធ្លាយ​មួយ​មាន​ឈ្មោះ​ថា « Karakax List »។ ឯកសារ​ផ្លូវការ​មួយ​នេះ​បាន​រៀបរាប់​យ៉ាង​លំអិត​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​គ្រប់គ្រង​តំបន់​ស៊ីនជាំង ពិសេស​លើ​ក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ គួរ​រម្លឹក​ថា ចិន​បាន​ជាប់​ចោទ​ពី​បទ​ឃុំ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ជាង ១លាននាក់​នៅ​ក្នុង​ជំរំ​លត់ដំ​ដ៏​ធំ​មួយ។ តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ។

ជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំងក្នុង​ប្រទេស​ចិន
ជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំងក្នុង​ប្រទេស​ចិន AFP Photo/Frederic J. Brown.
ផ្សាយពាណិជ្ជកម្ម

គេ​ពិបាក​កំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​ឯកសារ​ផ្លូវការ​ក្រោម​ឈ្មោះ « Karakax List » ចេញ​មក​ពី​ប្រភព​ណា។ អ្វី​ដែល​គេ​អាច​និយាយ​បាន ឯកសារ​ផ្លូវការ​មួយ​នេះ​ពិត​ជា​ឯកសារ​ចេញ​មក​ពី​រដ្ឋបាល​ខេត្ត​ស៊ីនជាំង​ស្តីពី​នយោបាយ​គ្រប់គ្រង​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដែល​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម។ ឯកសារ​ផ្លូវការ​ក្រោម​ចំណង​ជើង « Karakax List » មួយ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាល្លឺម៉ង់​លោក Adrian Zenz។ តែ​ត្រូវ​បាន​បែក​ធ្លាយ និង​ត្រូវ​បាន​កាសែត​បរទេស​ធំៗ​ប្រមាណ​ជា ១២ នាំ​គ្នា​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ កុម្ភៈ។ តាម​រយៈ​ឯកសារ​ផ្លូវការ​មួយ​នេះ គេ​បាន​ដឹង​យ៉ាង​លំអិត​ពី​ហេតុផល​ដែល​រដ្ឋអំណាច​ចិន​បាន​ចាប់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ទៅ​ឃុំ​នៅ​ក្នុង​ជំរំ​មួយ​យ៉ាង​ធំ។

គួរ​បញ្ជាក់​ថា Karakax ជា​ឈ្មោះ​ស្រុក​មួយ​ស្ថិត​នៅ​វាលរហោឋាន​នៃ​ប៉ែក​ខាងត្បូង​តំបន់​ស៊ីនជាំង។ យោង​តាម​ឯកសារ​ផ្លូវការ ហេតុផល​ដែល​រដ្ឋអំណាច​ចិន​ច្រើន​ប្រើ​ដើម្បី​ចាប់​ពួក​អ៊ុយហ្គួរ​ទៅ​ដាក់​ក្នុង​ជំរំ​ឃុំឃាំង គឺ​ការ​មិន​គោរព​នយោបាយ​កំណើត​ដែល​រដ្ឋ​តម្រូវ​ឲ្យ​គ្រួសារ​រស់​នៅ​ជនបទ​អាច​មាន​កូន​ត្រឹម ៣នាក់ និង​គ្រួសារ​រស់​នៅ​ទីក្រុង​អាច​មាន​កូន​ត្រឹម ២នាក់។ ក្រៅ​ពី​នេះ នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​ហាក់​មិន​សមហេតុផល ដូច​យ៉ាង​ការ​សុំ​លិខិតឆ្លងដែន តែ​មិន​ដែល​ចេញ​ទៅ​ណា ចេញ​ពី​ប្រទេស​ហើយ​បែរ​ជា​បាន​ត្រឡប់​ចូល​វិញ ឬ​មួយ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមមនុស្ស ឬ​ឱពុក ម្តាយ​នៅ​បរទេស​ជា​ដើម។

បន្ទាប់​មក ឥរិយាបទ​សាសនា ដូច​យ៉ាង​ការ​គិត​បែប​ជ្រុលនិយម ការ​ចុច​លើ​គេហទំព័រ​បរទេស​ដោយ​អចេតនា ការ​ដែល​ស្រ្តី​ពាក់​ស្បែគ្របមុខ ឬ​បុរស​ទុក​ពុកមាត់​វែង​ក៏​ជា​ហេតុផល​នៃ​ការ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ក្នុង​ជំរំ​លត់ដំ រៀនសូត្រ​ដែរ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រមើលមើល​ថា មាន​ពួក​អ៊ុយហ្គួរ​ជាង ១លាននាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃុំ​នៅ​ក្នុង​ជំរំ​លត់ដំ រៀនសូត្រ។ តែ​ចិន​តែង​ចេញ​មុខ​បញ្ជាក់​ច្រើន​ដង​ថា ជា​ជំរំ​អប់រំ​វិជ្ជាជីវៈ ពោល​មិនមែន​ជំរំលត់ដំ រៀនសូត្រ​ទេ។

ចិន​បាន​លើក​យក​ហេតុផល « យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម »

រហូត​មក​ដល់​ពេល​នេះ ចិន​បាន​លើក​យក « យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម » ធ្វើ​ជា​ហេតុផល​ចម្បង​ដើម្បី​ឃុំ​ជនជាតិ​អ៊ុយហ្គួរ​នៅ​ក្នុង​ជំរំ​លត់ដំ រៀនសូត្រ។ នេះ​អាច​ជា​ហេតុផល​មួយ​សមស្រប ព្រោះ​តំបន់​ស៊ីនជាំង​ធ្លាប់​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម។ ជាក់ស្តែង​ក្នុង​ខែ​មេសា ឆ្នាំ ២០១៤ មាន​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​វ៉ាលី​មួយ​នៅ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ទីក្រុង​អ៊ូរុមជី (Urumqi)។ បន្ទាប់​មក​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ ដដែល មាន​ការ​វាយប្រហារ​លើ​ទីផ្សារ​មួយ​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៣៩នាក់។ ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល​ចិន ការ​វាយប្រហារ​ទាំង​ពីរ​ជា​ស្នាដៃ​របស់​សកម្មជន​អ៊ុយហ្គួរ។

គឺ​នៅ​ក្រោយ​ការ​វាយប្រហារ​ទាំង​ពីរ​លើក​ដែល​លោក​ស៊ី ជីនពីង​បាន​ផ្តើម​រឹតបន្តឹង​នយោបាយ​នៅ​ក្នុង​តំបន់​ស៊ីនជាំង។ ក្នុង​ឆ្នាំ ២០១៦ លោក​ស៊ី ជីនពីង​បាន​យក​លោក Chen Quanguo ដែល​ធ្លាប់​ដឹក​នាំ​តំបន់​ទីបេ​ឲ្យ​កាន់​តំណែង​ប្រមុខ​តំបន់​ស៊ីនជាំង និង​ប្រាប់​លោក Quanguo កុំ​ឲ្យ​មាន​ក្តី​អាណិតអាសូរ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម។ ក្រុម​អ្នក​វិភាគ​មិន​ជំទាស់​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម​របស់​ចិន​ទេ តែ​បាន​ចោទ​សួរ​ថា តើ​ប្រជាជន​អ៊ុយហ្គួរ​ទាំង​អស់​សុទ្ធ​តែ​ជា​ភេវរជន ឬ​យ៉ាង​ណា។ ដូច្នេះ​សម្រាប់​ក្រុម​អ្នកវិភាគ ការ​ចាប់​ឃុំខ្លួន​ជនជាតិ​អ៊ុយហ្គូរ​ដល់​ទៅ​ជាង ១លាននាក់​ជា​ទង្វើ​អមនុស្សធម៌​មួយ​ដែល​ចិន​ចង់​បោសសំអាតជនជាតិ​ភាគតិច​មួយ​នេះ។

គួរ​រម្លឹក​ថា ឯកសារ​ស្តីពី​នយោបាយ​ចិន​នៅ​តំបន់​ស៊ីនជាំង​ធ្លាប់​បែក​ធ្លាយ​ម្តង​កាល​ពី​ថ្ងៃទី២៤ កញ្ញា ឆ្នាំ ២០១៩ ដែល​មាន​ចំណងជើង​ថា « China Cables »។ « China Cables » បាន​ចែង​ពី​ការ​ណែនាំ​សម្ងាត់​របស់​ស្ថាប័ន​ប៉ូលិសជាន់ខ្ពស់​ស្តីពី​ដំណើរការ និង​ការ​គ្រប់គ្រង​ជំរំ​ឃុំ​ពួក​អ៊ុយហ្គួរ។

ចិន​ព្យាយាម​បណ្តុះបណ្តាល​គំនិត​ស្នេហាជាតិ​ដល់​ពួក​អ៊ុយហ្គួរ

ទន្ទឹម​នឹង​ចំណាត់ការ​កណ្តាប់ដៃ​ដែក​ចំពោះ​ពួក​អ៊ុយហ្គួរ​ដោយ​យក​ទៅ​ឃុំឃាំង​ក្នុង​ជំរំ ឯកសារ​ផ្លូវការ​ដែល​បែក​ធ្លាយ​ក៏​បាន​និយាយ​ពី​យុទ្ធនាការ​អប់រំ​ដែរ។ អ្នក​ស្រាវជ្រាវ​ជនជាតិ​អាល្លឺម៉ង់​លោក Adrian Zenz បាន​ផ្តោត​សំខាន់​លើ​តួនាទី​យុទ្ធនាការ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « សួរ​សុខទុក្ខ​ប្រជាជន »។ តាំង​ពី​ឆ្នាំ ២០១៤ គណបក្សកុម្មុយនិស្ត​ចិន​ក្នុង​តំបន់​ស៊ីនជាំង​បាន​បញ្ជូន​កម្មាភិបាល​ចំនួន ២០០ ០០០នាក់​ឲ្យ​ចុះ​សួរ​សុខទុក្ខ​ប្រជាជន ពិសេស​ពលរដ្ឋ​អ៊ុយហ្គួរ​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ស៊ីជ្រៅ​ពី​ជីវិត​របស់​ពួក​គេ ដើម្បី​បណ្តុះបណ្តាល​គំនិត​ស្នេហាជាតិ និង​ដើម្បី​ប្រមែប្រមូល​ព័ត៌មាន​ពី​ពួក​គេ​ឲ្យ​បាន​កាន់​តែ​ច្រើន។

ចិន​តែង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ចំពោះ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ តាម​លោក Adrian Zenz រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​ពួក​អ៊ុយហ្គួរ​នៅ​ក្នុង​ជំរំ​មាន​យ៉ាង​តិច ១ឆ្នាំ ហើយ​គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​បាន​ដោះលែង​ហាក់​មាន​ការ​គិត​ផ្សេង និង​មាន​ឥរិយាបទ​ខុស​ពី​មុន ពោល​ហាក់​មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​គំរាមកំហែង​ដូច​មុន​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ដែល​ទទួល​បាន​ការ​ដោះលែង​ត្រូវ​បាន​រដ្ឋអំណាច​ដាក់​ក្នុង​ការ​តាមដាន​ជា​ប្រចាំ ហើយ​ពួក​គេ​នឹង​អាច​ចាប់​បញ្ជូន​ចូល​ជំរំ​ជា​ថ្មី ប្រសិន​បើ​មាន​គំនិត កាយវិការ​ប្រឆាំង ឬ​មួយ​ក៏​បដិសេធ​មិន​ព្រម​គោរព​តាម​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ