អានតួអត្ថបទ
កាណាដា-Huawei

កាណាដាសម្រេចដក​ក្រុមហ៊ុន​​​​Huawei​និងZTE​ពី​ប្រព័ន្ធ​អ៊ីនធ័រនែត​5Gរបស់​ខ្លួន

ជា​សំណុំ​រឿង​ដែល​បំពុល​ទំនាក់ទំនងចិន​និង​កាណាដា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ហើយដូច​ការ​រង់ចាំ ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៩ ឧសភាម្សិលមិញ ​កាណាដា បាន​សម្រេច​ចិត្ត​​ហាមឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​Huawei និង​ZTE ធ្វើ​ផលិតកម្ម​ប្រព័ន្ធ​អ៊ីនធ័រនែត​5G នៅក្នុង​ផ្ទៃ​ប្រទេស​កាណាដា​ទេ​ ដើម្បី​រក្សា​សន្តិសុខ​ជាតិ។ សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កាណាដា គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​។ នេះ​ជា​​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​របស់​ចិន នៅថ្ងៃសុក្រទី ២០​ឧសភា​។ ចំណែក​​សហរដ្ឋ​អាមេរិក​វិញ​អបអរ​យ៉ាង​ខ្លាំង។

កាណាដា​បណ្តេញHuawei​និងZTE​ពី​ប្រព័ន្ធ​អ៊ីនធ័រនែត​5Gរបស់​ខ្លួន
កាណាដា​បណ្តេញHuawei​និងZTE​ពី​ប្រព័ន្ធ​អ៊ីនធ័រនែត​5Gរបស់​ខ្លួន © Tobias Schwarz Agence France-Presse
ផ្សាយពាណិជ្ជកម្ម

“ក្រោយ​ការសិក្សា​អង្កេតពេញ​លេញ​​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ និង​ក្រោយ​ពីបាន​ពិគ្រោះ​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធមក កាណាដា​សម្រេច​ហាមឃាត់​មិន​ឱ្យ Huawei និង​ZTE ​មាន​សេវាកម្ម​និង​ផលិតផល​ ក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​ជាតិ​ទេ”។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មកាណាដា លោក François-Philippe Champagne។ ដោយ​មិន​និយាយ​ចំឈ្មោះ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​កាណាដា បាន​អះអាង​បន្ថែម​ទៀត​ថា ប្រព័ន្ធ​5G ​កំពុង​លូត​លាស់ ​និងមាន​​ការ​ប្រកួត​ប្រជែង​ខ្លាំង​តែ​ក៏​មាន​​​ហានិភ័យ​ខ្ពស់ ដោយ​​មាន​ក្រុមហ៊ុន​មិន​ល្អច្រើន​​ចាំ​តែ​ឆ្លៀត​​យក​ចំណេញ​ពី​ភាព​ទន់​ខ្សោយ​នៃ​បណ្តាញ។

ប៉ុន្តែ​សេចក្តី​សម្រេច​របស់​កាណាដា​នេះ​ គ្មាន​មូលដ្ឋានសោះ ! ចិន​សូម​ប្រឆាំង​យ៉ាង​ដាច់​ខាត​ និងគ្រោង​​ចាត់​វិធានការ​ចាំបាច់​ដើម្បីការពារ​ក្រុមហ៊ុន​ចិន។ នេះ​ជា​ប្រតិកម្ម​តប​របស់​ក្រសួងការបរទេស​ចិន​ នៅថ្ងៃសុក្រទី ២០​ឧសភា ដោយ​មិន​លម្អិត​ថា​តើ​ជា​វិធានការ​អ្វី​ឱ្យ​ប្រាកដ​ទេ។

ផ្ទុយ​ទៅ​វិញ ជាមួយ​នឹង​សារអបអរ​ការ​បណ្តេញ​ក្រុមហ៊ុន​Huawei ពី​បណ្តាញ​អ៊ីនធ័រនែត​5G កាណាដា សហរដ្ឋ​អាមេរិក​បាន​សន្យា​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​ដូចយ៉ាងកាណាដា ដើម្បី​ធានា​សន្តិសុខ​ទាំងអស់គ្នា។

សូម​បញ្ជាក់​ថា ជា​អ្នក​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​Huawei​ វ៉ាស៊ីន​តោន​បាន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន និង​តែង​បាន​ចោទ​ប្រកាន់​ជា​ញឹក​ញយ​ថា​Huawei ជាតំណាង​គ្រោះថ្នាក់សម្រាប់​សន្តិសុខ​ជាតិ​ព្រោះប៉េកាំង​អាច​ប្រើ​ប្រាស់​ក្រុមហ៊ុន​នេះ​សម្រាប់​តាមដាន​និង​លួច​ទិន្នន័យ​ប្រទេស​ផ្សេង​។ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្តហាមឃាត់​​សេវា​Huawei ប្រទេស​រៀង​ៗ​ខ្លួន។ កាល​ពី​ឆ្នាំ​២០១៨ តាម​សំណើ​អាមេរិក កាណាដា​បាន​ដល់​ថ្នាក់​ចាប់​ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រធានគ្រប់គ្រង​​ហិរញ្ញវត្ថុ​ និង​ជា​កូន​របស់ស្ថាបនិក​ក្រុមហ៊ុន​​Huawei ​ផង រហូត​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាណាដា​ចិន​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំង។ ក្រៅ​ពី​កាណាដា​ អង់គ្លេស ជប៉ុន ​អូស្ត្រាលី និង​ស៊ុយអែត លែង​ប្រើ​សេវា​កម្មHuawei ដូច​​​អាមេរិក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ