អានតួអត្ថបទ
ចិន-កាណាដា

ចិន​កាត់ទោសជនជាតិកាណាដាម្នាក់​ឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ពីបទ​ចារកិច្ច

កំពុង​ដុនដាបស្រាប់​ផង ទំនាក់ទំនង​ចិន-កាណាដា បាន​ធ្លាក់​ផុង​ជ្រៅ​​មួយ​ជាន់​ថែម​ទៀត នៅ​ថ្ងៃ​ពុធ​ទី ១១​សីហា​នេះ។ ពលរដ្ឋ​កាណាដា លោក មៃខល ស្ពេវ័រ Michael Spavor ដែល​ជាប់​ឃុំឃាំង​នៅ​ចិន តាំង​ពីខែ​ធ្នូឆ្នាំ​២០១៨​មក ទើប​ត្រូវ​បាន​តុលាការ​ចិន​សម្រេច​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១១ឆ្នាំ ពី​បទ​ចារកិច្ច។ កាណាដា​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម ថា​ ជាសាលក្រម​ដែល​មិន​អាច​ទទួល​យក​បានដាច់​ខាត។ តំណាង​ការទូត​​ប្រមាណ​៥០​រូប​ មក​ពី​២៥​ប្រទេស បាន​មកជួប​ជុំគ្នា​នៅស្ថានទូតកាណាដា​នាទីក្រុង​ប៉េកាំង ដើម្បី​សម្តែងការសាមគ្គីភាពនិង​គាំទ្រ​កាណាដា។

ចិន​កាត់ទោសជនជាតិកាណាដាម្នាក់​ឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ពីបទ​ចារកិច្ច
ចិន​កាត់ទោសជនជាតិកាណាដាម្នាក់​ឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ពីបទ​ចារកិច្ច AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បើក​សវនាការដោយ​បិទ​ទ្វារ ដូច​ទម្លាប់​រាល់​គ្រប់​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការណ៍​សម្ងាត់​រដ្ឋ កាលពី​ខែ​មីនា ២០២១មក តុលាការ​ខេត្ត ដង់ដុង ជាប់​ព្រំដែន​កូរ៉េខាង​ជើង បាន​ចេញ​សាលក្រម នៅ​ថ្ងៃពុធ​ទី ១១​សីហា​នេះ​ ដាក់​ទោស លោក មៃខល ស្ពេវ័រ ជនជាតិ​កាណាដា ឱ្យ​ជាប់​ពន្ធនាគារ​១១ឆ្នាំ ពី​បទ​ធ្វើ​ចារកិច្ចឱ្យ​បរទេស និង​លួច​ការណ៍​សម្ងាត់​រដ្ឋ ដោយ​បាន​​ល្មើស​បម្រាម​លួចទៅ​​ថតរូប​យន្តហោះយោធា។ ជាមួយ​ការ​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ តុលាការ​​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ (យ៉ាងច្រើន​បំផុត​ ៥០ម៉ឺន​យ័ន =៦៦០០អឺរ៉ូ) ព្រមទាំង​ត្រូវ​បណ្តេញ​ពី​ទឹក​ដី​ចិន​ទៀត តែ​ពុំ​ទាន់​កំណត់​ពេល។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​តុលាការ។

គ្រាន់​តែ​បាន​ឮ​សាលក្រម​ភ្លាម នាយករដ្ឋមន្ត្រីកាណាដា លោក ហ្សូសស្តាំង ទ្រូដូ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោសភ្លាម​ដែរ ថា នេះ​ជា​សាលក្រម​ដែល​មិន​អាច​ទទួល​យក​បាន​ជាដាច់​ខាត។ ជា​​សវនាការ​​គ្មាន​តម្លាភាព និង​គ្មាន​គោរពច្បាប់​និង​បទដ្ឋាន​អន្តរជាតិ សូម្បី​តែ​បន្តិច បន្ទាប់​ពី​​​ចាប់​ខ្លួន​និង​ឃុំឃាំង​លោក ដោយ​បំពានអស់​ជាង​ពីរ​ឆ្នាំ។

ចំណែក​ឯកអគ្គរដ្ឋ​ទូត​កាណាដា​ប្រចាំ​ក្រុង​ប៉េកាំង​ លោក Dominic Barton ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តុលាការ និងបាន​ជួប​លោក មៃខល ស្ពេវ័រ មួយ​ភ្លែត បានអះអាង​ថា​ លោកស្ពេវ័រ​អាចមាន​លទ្ធភាព​​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​បាន ហើយ​​កំពុង​ពិចារណា​ជាមួយ​មេធាវី។

មាន​ជំនាញ​ខាង​​ទំនាក់ទំនង​ជាមួ​យ​កូរ៉េខាង​ជើង ដោយ​ធ្លាប់​ជួប​លោក​គីមជុងអ៊ុន​ជា​ច្រើន​លើក ព្រមទាំង​ធ្លាប់​បាន​សម្របសម្រួល​ឱ្យ​មាន​ទស្សនកិច្ច​ជា​ច្រើន​នៅ​ព្យុងយ៉ាង លោក Michael Spavor និងលោក Michael Kovrig ​ អតីត​អ្នក​ការទូត​ ​កំពុង​បម្រើការ​ឱ្យ​អង្គការ​វិភាគ​នយោបាយ International Crisis Group ត្រូវ​បាន​អាជ្ញាធរ​ប៉េកាំង ចាប់​នៅ​​ថ្ងៃទី ១០​ធ្នូ ក្នុងពេល​ដែល​កាណាដា​និង​ចិន​កំពុង​មាន​វិបត្តិ​ការទូត ទាក់ទង​នឹង​សំណុំ​រឿង​Huawei ។ ​ ជា​ផ្លូវការ​​ ប៉េកាំង​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ ពី​បទ​មាន​​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ចិន ដែល​គ្មានជាប់​ចំណង​អ្វី​ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​Huaweiទេ។ ចិន​បដិសេធ​ថា​ពុំបាន​ចាប់​ពលរដ្ឋកាណាដា​ទាំងពីរ​រូប​មក​ធ្វើ​ថ្នូរ​នឹង​ការ​ដោះលែង​លោកស្រី​ ម៉េង វ៉ាន់ចូវ​ទេ។

ប៉ុន្តែ​ពិត​ជា​ចៃដន្យ​ជ្រុល សាលក្រម​ធ្លាក់​មកជួនចំពេលដែល​កំពុងមាន​សវនាការ​នៅ​កាណាដា​ទាក់ទង​នឹង​សំណុំរឿងធ្វើ​បច្ចាប័ន​លោកស្រី ម៉េង វ៉ាន់​ចូវ ទៅ​ឱ្យ​អាមេរិក។ សម្រាប់​លោកប្រមុខ​ការទូត​កាណាដា​នៅ​ចិន នេះ​ជា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ ម្សិលមិញ តុលាការចិន​ បានបញ្ជាក់​អំពី​ការ​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋកាណាដា​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿង​ញៀន។ ឯជោគវាសនា​របស់​លោក​ មៃខល​ ខូវរីល ពុំ​ដឹង​ជា​យ៉ាងណា​ទេ។​ លោក​ឯករដ្ឋទូត​មិន​បាន​ទទួល​ដំណឹង​អ្វី​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ