អានតួអត្ថបទ
អង់គ្លេស-Huawei

ប្រទេសអង់គ្លេសបានសម្រេចមិនបំពាក់បណ្តាញ ៥G របស់ក្រុមហ៊ុនចិន Huawei

នៅ​ទីបំផុត ប្រទេស​អង់គ្លេស​បាន​សម្រេច​ដក​ក្រុមហ៊ុន​ចិន Huawei ចេញ​ពី​បណ្តាញ ៥G របស់​ខ្លួន។ ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​លោក​អីលីវីយេ ដាវដិន​នៅ​មុខ​ចំពោះ​មុខ​ក្រុម​សមាជិកសភា​នា​ថ្ងៃ​អង្គារ ទី១៤ កក្កដា។ លោក​ដាវដិន​បាន​ថ្លែង​ថា​ចាប់​ពី​ឆ្នាំ ២០២១ ទៅ បណ្តាញ​ទូរគមនាគមន៍​នៅ​អង់គ្លេស​នឹង​មិន​អាច​ប្រើ​សម្ភារៈបរិក្ខារ​របស់ Huawei បាន​ទៀត​ឡើយ ហើយ​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ទាំង​អស់​ដែល​កំពុង​បំពាក់​សម្ភារៈបរិក្ខារ​របស់ Huawei នៅ​ក្នុង​បណ្តាញ ៥G របស់​ខ្លួន​នឹង​ត្រូវ​ដក​ចេញ​វិញ​ទាំង​អស់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៧។ គួរ​រម្លឹក​ថា​ក្នុង​ខែ​មករា អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ប្រើ​សម្ភារៈបរិក្ខារ​មិន​យុទ្ធសាស្រ្ត​របស់ Huawei ដល់​ទៅ ៣៥% ដើម្បី​ពង្រាយ​បណ្តាញ ៥G ដែល​មាន​ល្បឿនលឿន។ តែ​អង់គ្លេស​ក៏​ដូច​ជា​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង ពិសេស​សហរដ្ឋអាមេរិក​បាន​ទាត់ Huawei ចោល​វិញ​ដោយ​បារម្ភ​ពី​ហានិភ័យ​សន្តិសុខ។ យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​របស់​អង់គ្លេស​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ឡុងដ៏ និង​ទីក្រុង​ប៉េកាំង​ដែល​កំពុង​តានតឹង​ស្រាប់​ដោយ​សំណុំរឿង​ហុងកុង​រឹតតែ​ឡើង​តានតឹង​មួយ​កម្រិត​ទៀត។ សម្រាប់​ប្រធាន​មជ្ឈមណ្ឌល think tank អាស៊ី លោកហ្សង់ ហ្រ្វង់ស័រ ឌីម៉េគ្លីយ៉ូ លោក​មើល​ឃើញ​ហេតុផល​ចំនួន​ពីរ​ដែល​មាន​ក្រុម​ប្រទេស​បស្ចិមលោក​បាន​ដក​ខ្លួន​ចេញ​ពី Huawei គឺ​​នយោបាយ និង​ភាព​គ្មាន​តម្លាភាព​របស់​ Huawei ខ្លួន​ឯង​ដែល​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន។

ប្រទេសអង់គ្លេសបានសម្រេចមិនបំពាក់បណ្តាញ ៥G របស់ក្រុមហ៊ុនចិន Huawei
ប្រទេសអង់គ្លេសបានសម្រេចមិនបំពាក់បណ្តាញ ៥G របស់ក្រុមហ៊ុនចិន Huawei REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

« ជា​អកុសល​ដែល​មាន​ប្រទេស​ជា​ច្រើន​កំពុង​មាន​មន្ទិលសង្ស័យ​លើ​តម្លាភាព​របស់​ក្រុមហ៊ុន Huawei។ បន្ទាប់​មក គេ​បូក​បញ្ចូល​នូវ​ជំហរ​មួយ​ទៀត​ដែល​គេ​អាច​ចាត់​ទុក​ជា​រឿង​នយោបាយ​របស់​ប្រទេស​អង់គ្លេស​ពាក់ព័ន្ធ​នឹង​វិបត្តិ​ហុងកុង។ ចូរ​កុំ​ភ្លេច​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចិន​ខ្លាំងៗ​ដែល​បាន​បង្កើត​ច្បាប់សន្តិសុខជាតិ​លើ​ហុងកុង និង​ដែល​ច្បាប់​នេះ​បាន​ដាក់​គំនាប​ខ្លាំង​លើ​ពលរដ្ឋ​ហុងកុង។

នេះ​ជា​បរិបទ​មួយ តែ​គេ​ត្រូវ​ចាប់​អារម្មណ៍​ជា​ពិសេស​លើ​ឥរិយាបទ​ខុសៗ​គ្នា​របស់​ក្រុមហ៊ុន Huawei និង​ភាព​មន្ទិលសង្ស័យ​ដែល​មាន​លើ​ក្រុមហ៊ុន Huawei ស្តីពី​តម្លាភាព។ នៅ​ពេល​ដែល​ចិន​ចូល​ខ្លួន​ជួយ​ការពារ​ក្រុមហ៊ុន Huawei កាន់​តែ​ខ្លាំង នោះ​ភាព​មន្ទិលសង្ស័យ​ស្តីពី​ការ​ឃុបឃិត​រវាង Huawei និង​រដ្ឋអំណាច​ចិន​ក៏​មាន​កាន់​តែ​ខ្លាំង​ដែរ។

ឥឡូវ​នេះ ការ​ដែល​អង់គ្លេស​បាន​ដាក់​គំនាប​លើ​ចិន​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​អង់គ្លេស​ឯកោ​ទេ ព្រោះ​ចិន​ខ្លួន​ឯង​ក៏​បាន​ដាក់​គំនាប និង​បន្តឹង​ជំហរ​ទល់​នឹង​ដៃគូ​សន្ទនា​របស់​ខ្លួន​វិញ​ដែរ។ គេ​កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​មួយ​ដែល​ខ្ញុំ​សូម​បដិសេធ​ដាច់​ខាត​មិន​ចាត់​ទុក​ជា​សង្រ្គាមត្រជាក់​រវាង​បស្ចិមលោក និង​ប្រទេស​ចិន​ទេ។ តែ​ជា​បរិបទ​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ពី​ការ​ពង្រឹង​ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ដៃគូ​បស្ចិមលោក​របស់​ចិន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ