អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-ចិន

អាជ្ញាធរ​អាមេរិករក​រឿង​ Huawei ជា​ថ្មី​​ ដោយ​បង្កើន​វិធានការ​កាន់​តែ​តឹង​តែង

ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Huawei នៅ​តែ​ជា​ស្នូល​នៃ​ភាព​តាន​តឹង​រវាង​អាមេរិកនិង​ចិន​។ ​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ឧសភា ដើម្បី​ការពារ​សន្តិសុខជាតិ​អាមេរិក ការិយាល័យព័ត៌មាន​និង​សន្តិសុខ​អាមេរិក របស់​​រដ្ឋបាល​លោក​ដូណាល់ត្រាំ បាន​ប្រកាស​ចាត់​វិធានការ​ មួយ​ចំនួន​សំដៅ​កំរិត​សមត្ថភាព​របស់​ក្រុមហ៊ុន​ និង​សាខា​ ក្នុង​ការ​ផលិត​គ្រឿង​ផ្សំ​ដ៏​សំខាន់​មួយ ដោយ​ប្រើ ​បច្ចេកវិទ្យា​អាមេរិក។

អាជ្ញាធរអាមេរិករករឿង Huawei ជាថ្មី ដោយបង្កើនវិធានការកាន់តែតឹងតែង
អាជ្ញាធរអាមេរិករករឿង Huawei ជាថ្មី ដោយបង្កើនវិធានការកាន់តែតឹងតែង AFP/File
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ចាំ​បាច់​ត្រូវ​ប្តូរ​វិធានការ ដើម្បី​កុំ​ឱ្យ​បច្ចេកវិទ្យាអាមេរិកទៅ​បំរើ​សកម្មភាព​ផ្ទុយ​នឹងផល​ប្រយោជន៍​សន្តិសុខ​ជាតិ និង​នយោបាយ​ការ​បរទេស​របស់ខ្លួន។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដោយ​បាន​អះអាង​ទៀតថា

សហរដ្ឋ​អាមេរិក​ធ្វើ​គ្រប់យ៉ាង​ ដើម្បីទប់​ស្កាត់​វត្តមាន​របស់ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ Huawei នៅ​លើ​ទឹក​ដី​អាមេរិក ព្រោះ​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាលប៉េកាំង និង​អាចមាន​សកម្មភាព​​​ចារកិច្ច​ ដែល​​គំរាមកំហែង​ដល់សន្តិសុខ​ជាតិ​អាមេរិក។

វិធានការ​ថ្មី​របស់​អាមេរិក សំដៅ​ធ្វើ​បិទ​​ខ្ទប់​សមត្ថភាព​របស់​ក្រុមហ៊ុន​ Huawei មិន​ឱ្យ​មាន Semiconducteurs ធាតុ​ផ្សំ​ដ៏ចំបាច់​​ក្នុង​វិស័យ​ទូរគមនាគមន៍​ ដែល​​ជា​បច្ចេកវិទ្យាផ្ទាល់របស់​​អាមេរិក​បាន​ទៀត។ ក្រុមហ៊ុន​ណា​ចង់​ផលិត​ ឬ​ប្រើ​ធាតុ​ផ្សំ​​មួយ​នេះ និង​ចង់​លក់​គ្រឿង​ផ្គុំផលិត​ពី​ធាតុ​​នេះ​ទៅ​ឱ្យ Huawei និង​សាខា​HiSilicon ក្រុមហ៊ុន​បរទេស​នោះ​ត្រូវ​សុំ​អាជ្ញាបណ្ណ​ពី​សហរដ្ឋ​អាមេរិក​សិន ទើប​​អាច​លក់បាន។​

សម្រាប់អាមេរិក តាម​រយៈ​វិធានការ​នេះ Huawei លែងមាន​ផ្លូវ​អាច​គេច​ផុត​ពី​ការ​ត្រួត​ពិនិត្យរបស់​អាមេរិក​បានទៀត​ហើយ។ កន្លង​មក​បើ​ទោះ​បី​ជាប់​ក្នុង​បញ្ជី​ខ្មៅ​​​អាមេរិកតាំង​ពី​ឆ្នាំ​២០១៩មក​ក្តី ក៏​ Huawei ​និង​សាខា​ចំនួន​១១៤​ នៅតែអាចពង្វាង​បម្រាម​អាមេរិក ដោយ​​បន្ត​ប្រើ​​​កម្មវិធី​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​អាមេរិក​បាន​ដដែល តាម​រយៈ​ការបញ្ជា​ទិញផលិតផល​​ពី​ក្រុមហ៊ុននៅ​បរទេស។ រដ្ឋាភិបាលអាមេរិក​បាន​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​បរទេស និងនៅ​បរទេស អាច​បន្ត​ប្រើ​បច្ចេកវិទ្យា​អាមេរិក​ semi-conducteurs ​រយៈ​ពេល​១២០​ថ្ងៃទៀត គិត​ចាប់​ពី​ថ្ងៃសុក្រ​ទី ១៥​ឧសភា​​ទៅ​។

នៅពេល​​ចូលជា​ធរមាន​ វិធានការអាមេរិកនឹង​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​សម្ភារៈ​របស់​ក្រុមហ៊ុន Huawei រអាក់រអួល​ខ្លាំង ប៉ុន្តែ​ផលវិបាក​មិនមែន​កំរិត​ក្រុមហ៊ុន​យក្យ​ចិន​មួយ​នេះ​ទេ ក្រុមហ៊ុន​តៃវ៉ាន់ TSMC ​ដែលស៊ី​ឈ្នួលបន្ត​ពី​ HiSilicon សាខា​ ព្រមទាំង​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​មាន​ជាអាទិ៍​ក្រុមហ៊ុន Apple ​និង Qualcomm ​ ក៏​នឹង​ត្រូវ​រង​ការ​ប៉ះពាល់​ដែរ។ ដោយសារ​វិធានការ​នេះ ​ទំនាក់់ទំនង​អាមេរិក-ចិន អាច​​នឹង​ឡើង​តាន​តឹង​ខ្លាំងជា​ថ្មី​ឡើង​វិញ​​ជាក់​ជា​មិន​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ