អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​អាល្លឺម៉ង់​បង្ហាញ​ជំហរ​ការពារ​អូតង់​ក្រោយ​ប្រធានាធិបតី​បារាំង​វាយតម្លៃអូតង់​ថា​ស្លាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីដើមខែវិច្ឆិកានេះ តាមរយៈកិច្ចសម្ភាសន៍មួយជាមួយទស្សនាវដ្តី The Economist  លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង បាននិយាយដោយចាត់ទុក បក្សសម្ព័ន្ធ​អាត្លង់ទិកអូតង់ ថាដូចជាស្លាប់បាត់ទៅហើយ។ ក្រោយការលើកឡើងបែបនេះ មេដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល មានបញ្ចេញប្រតិកម្មប្រឆាំងតប និងថាអូតង់នៅតែមានសារៈសំខាន់សម្រាប់អឺរ៉ុប។ មិនតែប៉ុណ្ណោះ នៅថ្ងៃពុធ ទី២៧ វិច្ឆិកានេះ លោកស្រីម៊ែរគែលថែមទាំងបានលើកឡើងអំពី គោលបំណងមុតមាំរបស់អាល្លឺម៉ង់ ក្នុងការធានាឲ្យបាននូវកិច្ចសហប្រតិបត្តិការល្អនឹងគ្នាទ្វេឡើង រវាងក្រុមប្រទេសដែលជាសមាជិករបស់អូតង់ទៀតផង។ គេដឹងថា បក្សសម្ព័ន្ធអូតង់ ពិតណាស់កំពុងជួបនឹងបញ្ហា។ ដូច្នោះហើយ តើមេដឹកនាំអាល្លឺម៉ង់លោកស្រីម៊ែរគែល អាចជួយរក្សាភាពខ្លាំងរបស់បក្សសម្ព័ន្ធអូតង់បានតាមរបៀបណា?

មេដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល និងលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
មេដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល និងលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វីលោកម៉ាក្រុងហ៊ានរិះគន់ថា អូតង់បានស្លាប់បាត់ទៅហើយ?

គេនៅមិនទាន់ភ្លេចនៅឡើយនោះទេ អំពីការលើកឡើងរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង ដែលអត្ថាធិប្បាយថាបក្សសម្ព័ន្ធអូតង់បានស្លាប់បាត់ទៅហើយ ពោលគឺមានតែរូបរាងកាយ មានដង្ហើមសម្រាប់ដក មានខួរក្បាល តែជាខួរក្បាលគាំងលែងដំណើរការ។ បន្ថែមលើនេះ លោកម៉ាក្រុងថែមទាំងបានប្រាប់ផងដែរថា លោកប្រហែលជាមិនទៅចូលរួមកិច្ចប្រជុំ របស់អូតង់ នៅក្នុងទីក្រុងឡុងដ៍ នាខែធ្នូខាងមុននោះទេ។

មានរឿងរ៉ាវជាច្រើន ដែលបណ្តាលឲ្យលោកម៉ាក្រុង និយាយបែបនេះ។ ក៏ប៉ុន្តែ រឿងសំខាន់ជាងគេមានពីរ ដែលទី១ គឺពាក់ព័ន្ធទំនាក់ទំនងជាមួយនឹងអាមេរិក ដែលជាមេកើយរបស់អូតង់ និងទី២ ព្រឹត្តិការណ៍ក្តៅចុងក្រោយ ដែលបានកើតឡើងនៅក្នុងប្រទេស៊ីរីកាលពីខែមុន។

នៅគ្រាកន្លងមក លោកម៉ាក្រុងធ្លាប់បាននិយាយហើយថា សមាជិកអូតង់ទាំង ២៩ ប្រទេស ត្រូវតែទទួលស្គាល់អំពីអស្ថិរភាព រវាងអូតង់ ជាមួយនឹងសម្ព័ន្ធមិត្តអាមេរិក។ អាមេរិក ដែលមានលោកប្រធានាធិបតីលោកដូណាល់ ត្រាំ ជាមេដឹកនាំ និងជាអ្នកមិនឲ្យតម្លៃអូតង់ទាល់តែសោះ និងថែមទាំងបានរិះគន់បក្សសម្ព័ន្ធអូតង់មិនសំចៃមាត់ទៀតផង។

សម្រាប់លោកម៉ាក្រុង អូតង់ លែងអាចពឹងពាក់អាមេរិកដែលមានលោកត្រាំជា ក្បាលម៉ាស៊ីនដឹកនាំបានទៀតហើយ ពីព្រោះលោកត្រាំ ធ្វើអ្វីមិនដែលគិតគូអំពីផលប្រយោជន៍របស់អឺរ៉ុប ដូចមេដឹកនាំអាមេរិកមុនៗនោះទេ។ ក្រោមហេតុផលនេះ លោកម៉ាក្រុង ចង់ឲ្យអូតង់ បង្កើតកងទ័ពដោយខ្លួនឯង ត្រូវរឹងមាំ និងចេះម្ចាស់ការលើខ្លួន លែងពឹងពាក់លើអាមេរិករបស់លោកត្រាំ ដែលមិនឲ្យតម្លៃលើអង្គការអូតង់សូម្បីតែបន្តិច។

និយាយពីហេតុផលទី២ ហេតុការណ៍វាយលុករបស់តួកគី នៅក្នុងប្រទេសស៊ីរីកាលពីខែមុនវិញ។ ប្រតិបត្តិការប្រយុទ្ធរបស់តួកគី ទៅលើពួកគួដឌីស្ថាន នៅតែប្រព្រឹត្តធ្វើទៅបើទោះបីគ្មានការអនុញ្ញាតពី អូតង់ ហើយនេះជាតឹកតាងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ថាអូតង់ គ្មានអំណាច គ្មានទឹកមាត់ប្រៃ អាចបញ្ជាឲ្យសមាជិកធ្វើតាមនោះទេ។

ប្រមុខរដ្ឋអាល្លឺម៉ង់ ប្រឆាំងនឹងសម្តីប្រធានាធិបតីអាល្លឺម៉ង់ដែលថាអូតង់ស្លាប់

ជាការពិត ក្រោយបានឮសម្តីរបស់លោកម៉ាក្រុងភ្លាម លោកស្រីម៊ែរគែល បានចេញមុខបដិសេធ និងថាការលើកឡើងរបស់លោកម៉ាក្រុង ដូចជាជ្រុលបន្តិចពេកហើយ។

តែទោះជាយ៉ាងណាក៏ដោយ លោកស្រីម៊ែរគែល បានទទួលស្គាល់ដែរថាតួកគី គឺជាសមាជិក បក្សសម្ព័ន្ធអូតង់ដ៏ពិបាកមួយ។ តែជាមួយគ្នានេះ លោកស្រី ក៏មានយោបល់ដែរថា ក្នុងនាមជាសមាជិកអូតង់ ប្រទេសនីមួយៗអាចបញ្ចេញនូវគំនិត ការគិតខុសៗពីគ្នាបាន។

សម្រាប់មេដឹកនាំអាល្លឺម៉ង់ បក្សសម្ព័ន្ធអូតង់ នៅតែមានសារៈសំខាន់ និងជាជន្ទល់ដ៏រឹងមាំ សម្រាប់ការពារប្រទេសអាល្លឺម៉ង់ និងសមាជិកផ្សេងទៀតដែលគ្មានអាវុធនុយក្លេអ៊ែរដូចបារាំង ចេញពីការគំរាមកំហែងរបស់រុស្ស៊ី។ មិនតែប៉ុណ្ណោះលោកស្រី ថែមទាំងមានឆន្ទៈមោះមុត ក្នុងការស្តារកេរ្តិ៍ឈ្មោះរបស់អូតង់ និងទំនាក់ទំនងរវាងប្រទេសសមាជិកឲ្យខ្លាំងជាងសម័យសង្គ្រាមត្រជាក់ទៀតផង។

តើលោកស្រីម៊ែរគែល អាចជួយឲ្យបក្សសម្ព័ន្ធអូតង់មានអំណាចវិញបានតាមរបៀបណា?

ជាការពិតណាស់ នៅក្នុងកិច្ចប្រជុំសភាអាល្លឺម៉ង់នាថ្ងៃពុធទី ២៧ វិច្ឆិកានេះ លោកស្រីម៊ែរគែលបាននិយាយថា កិច្ចការពារបក្សសម្ព័ន្ធអូតង់ គឺមាននៅក្នុងកាលវិភាគរបស់អាល្លឺម៉ង់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានបញ្ជាក់ពីជំហរចង់បង្រួបបង្រួម និងលើកតម្កើងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសសមាជិកទាំង ២៩ ប្រទេសដែរ។

ទន្ទឹមគ្នានេះ បើតាមការអះអាងរបស់លោកស្រីដូចគ្នា ដំណើរការរក្សាភាពខ្លាំងរបស់អូតង់ នឹងត្រូវធ្វើតាមរយៈការបង្កើនថវិកាផ្នែកការពារ។ រហូតមកដល់ពេលនេះ គេនៅមិនដឹងអំពី ផែនការលម្អិតរបស់អាល្លឺម៉ង់នៅឡើយនោះទេ គេគ្រាន់តែដឹងថា ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានអំពាវនាវឲ្យសមាជិកអូតង់ទាំងអស់ បង្កើនថវិកាផ្នែកការពារ ចំនួន ២ភាគរយ (នៃចំនួនផលិតផលក្នុងស្រុកសរុបរបស់ពួកគេ) ឲ្យបានត្រឹមឆ្នាំ ២០៣១​។ នេះគឺជាមហិច្ឆតា​ ដ៏ធំមួយរបស់អាល្លឺម៉ង់ ក៏ប៉ុន្តែចំនួនលុយដ៏ច្រើននេះហើយ ដែលគេជឿថាជាកត្តាអាចឲ្យអូតង់បន្តជីវិតរស់ប្រកបដោយឥទ្ធិពលខ្ពស់បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ