អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញបោះឆ្នោតសភា ខណៈចលនានយោបាយស្តាំនិយមជ្រុល កាន់តែមានសន្ទុះគាំទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ​ ២៣កក្កដា​ អេស្ប៉ាញ​រៀបចំការ​បោះឆ្នោត​​សភា មុន​អាណត្តិ។ ការបោះឆ្នោត​សភា​ដែលចួន​​ចំពេល​រដូវ​​វិស្សមកាល​ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អេស្ប៉ាញ​ ខឹង​និងធុញទ្រាន់​ចំពោះការ​សម្រេចចិត្ត​បោះឆ្នោត​មុន​កាលកំណត់​របស់​ លោក Pedro Sánchez ​។ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ រូបនេះ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ បា​នសម្លឹង​ទៅរក​ការ​ចាប់​ដៃ​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​ឆ្វេង​និយម​ ខណៈ​ពេល​ដែល​បក្ស​ប្រឆាំង​ស្តាំ​និយមកំពុងតែ​សម្លឹងរក​​ពួត​ដៃ​គ្នា ជាមួយ​នឹង​បក្ស​ស្តាំនិយម​ជ្រុល។ ប្រសិន​បើជា ​ក្រុម​បក្ស​ស្តាំ​និយម​ឈ្នះ​ឆ្នោត​លើកនេះ គឺ​ច្បាស់​ជានឹង​​កែប្រែ​ច្បាប់ ​​និងលុប​ចោល​កា​រ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ចាស់​ ហើយ​និង​ឈាន​ទៅ​ដល់​ការ​ដើរចេញពីកិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ពិសេសគឺ​លុប​ចោល​​ច្បាប់​ដែល​ធ្វើ​ឡើង​សម្រាប់​លើកកម្ពស់​សិទ្ធនារី និង សិទ្ធិ​​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នា ជាដើម​។ ​

ទិដ្ឋភាពទូទៅ ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង នៃរដ្ឋធានី ម៉ាឌ្រីដ។
ទិដ្ឋភាពទូទៅ ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង នៃរដ្ឋធានី ម៉ាឌ្រីដ។ AP - Manu Fernandez
ផ្សាយពាណិជ្ជកម្ម

​​ទិដ្ឋភាព​ទូទៅ​

ប្រជាជនអេស្ប៉ាញ​ ចេញ​ទៅ​បោះឆ្នោតសភា ដែល​ឈានទៅជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិ​ថ្មី។​ ​ការ​បោះឆ្នោត​​ជ្រើស​តាំងសមាជិករដ្ឋ​សភាថ្មី ចំនួន​ ៣៥០ អាសនៈ សម្រាប់​១អាណត្តិ រយៈ​ពេល ​៤ឆ្នាំ​ ហើយ​និង​ សមាជិក​ព្រឹទ្ធ​សភា ចំនួន ២០៨ នាក់​ដែរ​។ ប្រជាពលរដ្ឋ​អេស្ប៉ាញ ចំនួន ៣៧,៥ លាន​នាក់ ត្រូវ​ចេញទៅ​បោះឆ្នោត នៅក្នុង​នោះ ២,៥ លាន​នាក់ បា​នបោះឆ្នោតពីចម្ងាយ ​តាម​ប្រអប់​សំបុត្រ​រួច​ហើយ។

ការិយាល័យ​បោះឆ្នោត​ បាន​បើក​ទ្វារ​ នៅម៉ោង​ ៩ ព្រឹក ហើយ​ត្រូវ​បិទទ្វា​រនៅម៉ោង ៨ យប់ ម៉ោង​នៅ​អេស្ប៉ាញ។   គ្រាន់​តែការិយាល័យបោះឆ្នោត​​បើកទ្វារ​ បានតែ​​១០នាទី នាយករដ្ឋមន្ត្រីផុតអាណត្តិ Pedro Sánchez វ័យ​៥១ឆ្នាំ បាន​អញ្ចើញ​ទៅបោះឆ្នោត​មុន​គេ ជាមួយ​នឹង​ភរិយា។ ស្ថានភាព​សន្តិសុខ​ទូទៅ គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ខ្លាំងទេ​។​ ប៉ុន្តែ រឿង​កម្តៅ​នយោបាយ និង​ទំនោរ​ប្រជាជនអេស្ប៉ាញ​​ដែល​ងាកទៅ​បក្ស​ស្តាំ​និយម ជារឿង​ដែល​គួរ​ឲ្យ​យក​ចិត្តទុកដាក់។​

ការបោះឆ្នោត​សភា​អេស្ប៉ាញ​នេះ ​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ពេល​​ការ​បោះឆ្នោត​សភាអឺរ៉ុប ​​នឹង​ឈាន​ចូល​នៅឆ្នាំ​២០២៤ខាងមុខ។ គេ​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​ថា កម្តៅ​នយោបាយ នៅក្នុង​រដ្ឋសមាជិក​សហភាពអឺរ៉ុប​​ ហាក់ចាប់ផ្តើម​ផ្អៀង​ទៅខាង​ពួក​ស្តាំ​និយម ដូចករណី បារាំង ក្រិក​ ពិសេស​គឺ​ ប្រទេស​ហុងគ្រី និង​​​អ៊ីតាលី​ ហើយ​ពេល​នេះ នៅ​អេស្ប៉ាញ ក៏​ជា​ករណី​ព្រួយ​បារម្ភ​មួយ​ដែរ​។ នៅអឺរ៉ុប នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី ចរចា មេឡូនី និង នាយករដ្ឋមន្ត្រីហុងគ្រី វិទ័រ អ័កបាន សុទ្ធតែបានថ្លែងការណ៍គាំទ្រ ផ្តល់កម្លាំងចិត្ត និងជំរុញសន្ទុះ ដល់បក្សស្តាំនិយមអេស្ប៉ាញ។

៥ថ្ងៃមុន​បោះឆ្នោត​ ហាម​ស្ទង់​មតិ​

៥ថ្ងៃមុន​ថ្ងៃ​បោះឆ្នោតមកដល់ គឺបើតាមច្បាប់​អេស្ប៉ាញ ត្រូវហាម​ឃាត់​មិន​ឲ្យ​​ស្ទង់​មតិ ឬ​ផ្សព្វផ្សាយ​ការ​ស្ទង់​មតិ​ ចំពោះ​និន្នាការ​ចង់បោះ​ឆ្នោត​ឲ្យ​​បក្ស​ណាមួយ ឬ​ស្ទង់​មតិ​បង្ហាញ​ថា បក្ស​ណាមួយ​មាន​សំឡេងចង់​បោះឆ្នោត​ឲ្យ​​ច្រើន ឬ​តិចនោះឡើយ។ ការស្ទង់​​មតិ​ដែល​គេ​យកទៅ​ផ្សាយ ថ្មី​ចុង​ក្រោយ​​បំផុត ត្រឹម​ថ្ងៃ​ច័ន្ទ​​ដើមសប្តាហ៍​។ បើ​តាម​ទិន្នន័យ​នេះ គឺ​ប្រជាជន​​ ប្រមាណ ជា ​២០% ​​មិន​ទាន់​សម្រេច​ចិត្ត​ ថា​ទៅឬ​មិនទៅ​បោះឆ្នោត​​​ទេ​ ហើយប្រសិន​ជាទៅបោះឆ្នោត​ ក៏​​ពួកគេ​ ​មិន​ដឹង​ថា​ត្រូវ​បោះឆ្នោត​ឲ្យ​បក្សណាមួយ​ដែរ។

ចំពោះយុវជន​វិញ​ អត្រា​មិនទៅចូលរួម​បោះឆ្នោត​ គឺ​មាន​កម្រិត​ខ្ពស់​។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំងRFI នៅ​រដ្ឋធានី Madrid​ បាន​សម្ភាសយុវតីម្នាក់ ឈ្មោះ Laura វ័យ​២៣ ឆ្នាំ។ នាងអះអាង​ថា ​មិន​ទៅ​បោះឆ្នោត​ទេ​ ព្រោះតែ​«សន្លឹក​ឆ្នោតរបស់​​នាង​ គ្មានទម្ងន់​ គ្មាន​​តម្លៃ​ គ្មាន​ប្រយោជន៍​អ្វី ក្នុងការ​កំណត់​ឲ្យ​បក្ស​ណា​១​ឈ្នះ​ឆ្នោត​ឡើយ»។​ សំឡេង​ឆ្នោតដែល​ចេញពីការ​សម្រេចចិត្ត​របស់​ពួក​យុវជន គឺ​​​នាទី​ចុងក្រោយ​បំផុត​ ទើប​ពួក​គេ​សម្រេច​​ចិត្ត​។​ ក្នុង​១៣% នៃយុវជន​អេស្ប៉ាញ សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​បេក្ខជនណាមួយ ឬ​បក្ស​ណាមួយ នៅ​ថ្ងៃ​បោះឆ្នោត​តែម្តង។

ការឃោសនា​និង​​គោល​ការណ៍​នយោបាយ​បក្ស​ស្តាំនិយម​​​​ដើម្បី​ទាក់ចិត្ត​ម្ចាស់​ឆ្នោត​​

​តាម​ការ​ស្ទុង​មតិ​ចុងក្រោយ ចេតនា​ចង់​បោះឆ្នោត​ឲ្យ​បក្ស​​ស្តាំនិយម​​ PP (Parti populaire) គឺ​មា​ន​ជាង ៣៥%។ បក្សនេះ​ដឹកនាំដោយ​ លោក Alberto Núñez Feijó អតីត​អ្ន​ករដ្ឋការ​ជើងចាស់ វ័យ ៦១ឆ្នាំ​។​ លោក​សន្យា​ជំរុញ​កំណើន​សេដ្ឋកិច្ច តែ​បាន​សន្យា​​កាត់​បន្ថយ​ពន្ធលើកប្រាក់ខែ​ និង​ លុបចោល​ពន្ធ​ផ្ទេរ​មត៌ក​ ហើយ​និង​កែ​ទម្រង់​ការអប់រំ ពិសេស​កែច្បាប់​ពាក់ព័ន្ធ​នឹង​ពួក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

គោល​ការណ៍ទាំង​​នេះ ស្រដៀង​នឹង​ ការ​សន្យា​របស់​​គណបក្ស​ស្តាំ​និយម​ជ្រុល Vox ដឹក​នាំ​ដោយ លោក Santiago Abascal ដែរ​។ កម្មវិធី​នយោបាយ​របស់បក្ស​ស្តាំ​និយម​ជ្រុល Vox គឺ​មាន​លក្ខណៈជាតិនិយមជ្រុល ​ប្រកាន់​និកាយ​សាសនា​កាតូលិក​ជ្រុល ចង់​លុប​ចោល​​ច្បាប់​គាំពារ​សហគម​ន៍ស្រឡាញ់ភេទ​ដូចគ្នា​ LGBT+ ហើយក៏​​ប្រឆាំង​នឹង​គោលការណ៍​ស្រីនិយម។ បក្ស​នេះ សន្យា​បណ្តេញ​ពួក​ជន​អន្តោប្រវេសន៍ខុសច្បាប់​​​ឲ្យ​ចេញពី​អេស្ប៉ាញ​ទៀត​ផង។ ប្រឈម​នឹង​ការ​សន្យា​ទាំង​នេះហើយ ទើបនាយករដ្ឋមន្ត្រី​ផុត​អាណត្តិ Pedro Sánchez ​​បាន​ប្រកាស​ឲ្យ​ពលរដ្ឋអេស្ប៉ាញ​បោះឆ្នោត​បង្ខាំង​កុំឲ្យ​ពួក​ស្តាំ​និយម​ឈ្នះ​ឆ្នោត​។

​​គោលការណ៍របស់​​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ និងគណបក្សឆ្វេងនិយម

ប្រសិន​បើ​ជឿ​ទៅលើការ​ស្ទុង​មតិ​ចុងក្រោយ គ្មាន​ក្រុម​សម្ព័ន្ធ​បក្ស​ខាងណា ខាងឆ្វេងនិយម ឬ​ខាងស្តាំ​និយម ដែល​អាច​ឈ្នះ​សន្លឹក​ឆ្នោត​ដាច់គេ​ និងរៀបចំ​រដ្ឋាភិបាល​តែម្នាក់តែ​ឯងទេ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ មកពីបក្សសង្គមនិយម កាន់តែអំណាចតាំងពីឆ្នាំ២០១៨មក គឺ​បាន​សម្លឹង​ទៅ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​​បក្ស​ឆ្វេង​និយម ពិសេស​គឺជាមួយ​នឹង​បក្ស​ឆ្វេងនិយម​ ឈ្មោះ Sumar ។ បក្សនេះ គឺ​បង្កើតឡើង​ដោយ​អ្នកស្រី Yolanda Díaz ​​វ័យ​៥២ឆ្នាំ ជា ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ផុត​អាណត្តិ ។ បក្ស​ Sumar ឲ្យ​តម្លៃ​ទៅលើ​ស្រីនិយម បរិស្ថាន​និយម និង​សិទ្ធ​ក្រុម​ជន​ភាគតិច ដូចជា​ក្រុម​កែ​ប្តូរ​ភេទ ​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នា។​ អ្នកស្រី​ Yolanda Díaz ក៏​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​បណ្តា​បក្ស​និន្នាការ​ឆ្វេង​និយម បក្ស​តូចៗ ចំនួន ៨ ដែល​មាន​សំឡេង​គាំទ្រ​ច្រើន នៅក្នុងការ​បោះឆ្នោត​ថ្នាក់​តំបន់ កាលពី​ខែ​ឧសភា​។​ ក្រៅពីនេះ អ្នកស្រី​បាន​សន្យា​មួយ​ដ៏​គួរឲ្យទាក់ចិត្ត​អ្នក​បោះឆ្នោត​វ័យ​ក្មេង។​ នោះគឺ​ការ​បង្កើត​កញ្ចប់​ថវិកា​ ២ម៉ឺន​អឺរ៉ូ សម្រាប់​យុវជន​អេស្ប៉ាញ​ម្នាក់ៗ​ ដែល​អាយុ​ចាប់ពី​ ១៨​ ឆ្នាំ​។ កញ្ចប់​ថវិកា​​២ម៉ឺនអឺរ៉ូ សម្រាប់​យុវជន​ម្នាក់​ ធ្វើ​អាជីវកម្ម និង​បង្កើត​មុខ​របរ ឬក៏​​សម្រាប់​ចាត់ចែង​គម្រោង​អនាគត​ផ្សេងៗ។

បើតាម​គោលការណ៍ ក្រុម​ពួក​ឆ្វេងនិយម ​គឺ​ត្រូវ​ការ​ពារ​ផល​ប្រយោជន៍​របស់​ពួកអ្នកក្រ ពួក​កម្មករ​។ ក៏ប៉ុន្តែ ពលរដ្ឋ​អេស្ប៉ាញមួយ​ចំនួន​ បានមើលឃើញថា ពួក​ឆ្វេង​និយម ហាក់​ដើរងាក​ពីគោលការណ៍​ស្នូលរបស់​ខ្លួន​។ នេះគឺការ​យល់ឃើញ​របស់ ​អ្ន​កបោះឆ្នោត​ម្នាក់ ឈ្មោះ David ដែលថា ខ្លួន​អន់ចិត្ត​ខ្លាំង​នឹង​បក្ស​​នយោបាយ​ឆ្វេង​និយម ដែលបែរជា​ទៅបម្រើ​ប្រយោជន៍​ពួក​ក្រុម​ចៅកែ​ពួក​អ្នក​មាន ជៀសជាង​គិតពី​ប្រយោជន៍​កម្មករ ​អ្នក​ធ្វើការ​ក្រីក្រ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ