អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ីដុតដៃដុតជើងឲ្យ​សម្ព័ន្ធមិត្តអ៊ីរ៉ង់​ក្លាយជាសមាជិ​ករបស់​អង្គការ​សហប្រតិបត្តិការក្រុងសៀងហៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ​បាន​បើកជំនួបកំពូល​លើកទី​២៣ នៅថ្ងៃអង្គារ​នេះ ដោយ​មាន​ឥណ្ឌា​ធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំកំពូល តាម​វីដេអូ មេដឹកនាំ​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការក្រុងសៀងហៃ ដែលមានដូចជា​លោកនាយករដ្ឋមន្រ្តីឥណ្ឌា ប្រធានាធិបតី​ចិន ប្រធានាធិបតី​រុស្ស៊ី និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ីកណ្តាល ត្រូវ​ពិភាក្សា​សំខាន់​ពីបញ្ហា​សន្តិសុខ ការដោះដូរពាណិជ្ជកម្ម និង​ការជំរុញ​បង្កើន​ឥទ្ធិពល​របស់​អង្គការ​សហប្រតិបត្តិការក្រុងសៀងហៃ តាមរយៈ​ការដាក់បញ្ចូល​អ៊ីរ៉ង់​ជា​សមាជិក​ទី​៩។ ដោយមានអ៊ីរ៉ង់ជា​សមាជិកមួយបន្ថែមទៀត តើអង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​នឹង​មានទម្ងន់នយោបាយ ការទូត និង​សេដ្ឋកិច្ចកាន់តែ​ខ្លាំងជាងមុន?

មេដឹកនាំប្រទេស​សមាជិកអង្គការសហប្រតិបត្តិការក្រុង​សៀងហៃ ដែលមានឥណ្ឌា​ជាប្រទេសម្ចាស់ផ្ទះរៀបចំ​នៅថ្ងៃទី ៤​កក្កដា ២០២៣
មេដឹកនាំប្រទេស​សមាជិកអង្គការសហប្រតិបត្តិការក្រុង​សៀងហៃ ដែលមានឥណ្ឌា​ជាប្រទេសម្ចាស់ផ្ទះរៀបចំ​នៅថ្ងៃទី ៤​កក្កដា ២០២៣ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​លើកទី​២៣​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ដែល​ធ្វើឡើង តាម​វីដេអូ នៅថ្ងៃអង្គារត្រូវ​កត់សំគាល់ ដោយ​ការចូលជា​សមាជិកផ្លូវការ​របស់​អ៊ីរ៉ង់ ក្នុងនាមជា​សមាជិក​ទី​៩​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ។

អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ (OCS) ជា​អង្គការ​អន្តររដ្ឋាភិបាល បង្កើត​ឡើង​ នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០១ នៅទីក្រុង​សៀងហៃ ដោយ​ប្រទេស​ចំនួន ៦ គឺ ចិន រុស្ស៊ី ហើយនិង​ប្រទេស​អតីតសហភាពសូវៀតនៅ​អាស៊ីកណ្តាល ចំនួន​៤ទៀត ដូចជា កាហ្សាក់ស្ថាន កៀហ្គីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន។

នៅ​ឆ្នាំ ២០១៦ អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃបាន​ពង្រីកខ្លួន ដោយ​បាន​ទទួល​យក​ឥណ្ឌា និង​ប៉ាគីស្ថាន​ចូលជា​សមាជិក​បន្ថែមទៀត រហូត​ធ្វើ​ឲ្យ​អង្គការ​ដែល​មាន​លេខាធិការដ្ឋាន​នៅទីក្រុង​ប៉េកាំង​មានសមាជិកសរុបចំនួន ៨។

គោលបំណងដំបូង​ដែលធ្វើឲ្យ​គេបង្កើត​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ គឺ​ដើម្បីហេតុផលសន្តិសុខ និង​សេដ្ឋកិច្ច ក្នុងតំបន់។ ប្រទេស​សមាជិក OCSដឹកនាំ​ដោយ​ចិន និង​រុស្ស៊ី ឧស្សាហ៍​រៀបចំ​សមយុទ្ធ​រួមគ្នា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម និងសហការគ្នា ក្នុងការចែកចាយ​ព័ត៌មាន​ក្នុង​វិស័យ​សន្តិសុខ។

និយាយ​ពីទីតាំង​ភូមិសាស្រ្ត អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ ជា​អង្គការ​ថ្នាក់តំបន់​ធំជាងគេ​លើលោក ព្រោះ​វា​គ្របដណ្តប់​ផ្ទៃដីពិភពលោក ប្រមាណ ៣៤​លាន​គីឡូម៉ែត្រការ៉េ និង​មាន​ប្រជាជនសរុប ជាង ៣ពាន់លាននាក់ ដោយ​ត្រូវ​អរគុណ​ដល់​ចិន និង​ឥណ្ឌា​ដែលជាប្រទេស​សមាជិក។ ដោយមកពី​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ មានទំងន់ធ្ងន់ទាំងផ្នែក​ភូមិសាស្រ្ត និងប្រជាសាស្រ្ត (ប្រជាជន​តំណាង​ឲ្យ​៤២%​នៃប្រជាជនសរុបក្នុងពិភពលោក) ហើយ​និង​ទម្ងន់សេដ្ឋកិច្ច​ដែលស្មើនឹង ២២%​នៃ​ផលិតផល​ដុលសរុបរបស់ពិភពលោក អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​បាន​ទាក់ទាញ ប្រទេស​កាន់តែច្រើន​ឲ្យ​ចង់ចូលជា​សមាជិក។ នៅ​ឆ្នាំ ២០០៥ អ៊ីរ៉ង់ បេឡារុស និង​ម៉ុងហ្គោលី បាន​ក្លាយជា​ប្រទេស​សង្កេតការណ៍។

នៅ​ឆ្នាំ ២០២១ ដែល​អ៊ីរ៉ង់​ត្រូវ​បានជ្រើសរើស​ឲ្យចូលជាសមាជិក ប៉ុន្តែ តាមរដ្ឋមន្រ្តីការបរទេស​រុស្ស៊ី អ៊ីរ៉ង់​នឹងក្លាយជា​សមាជិកពេញសិទ្ធិ​របស់​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ នៅក្នុងឱកាស​កិច្ចប្រជុំកំពូល​នៅថ្ងៃ​អង្គារនេះ ចំណែក​បេឡារុស នឹងត្រូវ​រើសបញ្ចូល​ជា​សមាជិក​ថ្មី​មួយទៀត របស់​អង្គការ នៅពេល​ខាងមុខ​អ៊ីរ៉ង់។ នេះគេនៅមិនទាន់និយាយ​ពី​អារ៉ាប៊ី សាអូឌីត ដែលចង់​ចូលជា​សមាជិក​មួយដែរ របស់​អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប៉ុន្តែ ដែលសព្វថ្ងៃ​កំពុងមានតួនាទី​ត្រឹម​ប្រទេស​សង្កេតការណ៍។

អ៊ីរ៉ង់​នឹង​ទទួលប្រយោជន៍អ្វី បានជា​ចង់ចូល​ជា​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ?

ទម្ងន់សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ដែលប្រមូលផ្តុំ​ប្រទេស​មហាអំណាច​នៅអាស៊ី ដូចជា ចិន ឥណ្ឌា និង​រុស្ស៊ី ជា​ចំណុច​ទាក់ទាញ​អ៊ីរ៉ង់។

រង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អាមេរិក និង​ការដាក់សម្ពាធ​របស់​សហភាពអឺរ៉ុប នៅក្នុងសំណុំរឿង​នុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់ប្រឹងប្រែង​ចង់​ក្លាយជា​សមាជិករបស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ដើម្បី​កុំ​ឲ្យ​ខ្លួន​នៅឯកោរ តទៅទៀត។ កន្លងមក ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក អ៊ីរ៉ង់​ពិបាក​លក់នាំចេញប្រេង ឧស្ម័ន​របស់ខ្លួន​ទៅបរទេស។ ចំណែកការនាំចូល​ទំនិញ ជាពិសេស​ថ្នាំពេទ្យ ទៅ​អ៊ីរ៉ង់ក៏ខ្សត់ខ្សោយ ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច។ ប៉ុន្តែ នៅពេលក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ អ៊ីរ៉ង់​នឹង​ងាយស្រួលច្រើន ក្នុង​ការលក់នាំចេញ​ប្រេង​របស់ខ្លួន និង​នាំចូលបច្ចេកវិទ្យាពីបរទេស ព្រោះថា អំណើះតទៅ អ៊ីរ៉ង់ នឹង​សហការធ្វើជំនួញ ផ្ទាល់ ជាមួយ​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ ដែលមានចិន ឥណ្ឌា និង​រុស្ស៊ី ជាដើម ដែល​ឃ្លាតឆ្ងាយ មិនស្ថិតក្រោម​ឥទ្ធិពល ការដាក់សម្ពាធរបស់​អាមេរិក។ ក្រៅពី​ចូលជា​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ អ៊ីរ៉ង់ នៅ​ចង់ក្លាយជាសមាជិក​របស់​ក្រុមប្រទេស​BRICS ប្រេស៊ីល រុស្ស៊ី​ចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែល​គ្មានវត្តមានរបស់​ប្រទេស​លោកខាងលិច។ សព្វថ្ងៃនេះ អ៊ីរ៉ង់​ដែលកំពុង​ប្រទេស​សង្កេតការណ៍​កំពុងបង្កើនការចរចា ដើម្បី​ក្លាយ​ជា​ប្រទេសសមាជិករបស់​BRICS ឲ្យបាន​ឆាប់បំផុត។​

រុស្ស៊ីអូសទាញ​សម្ព័ន្ធមិត្តអ៊ីរ៉ង់ និងបេឡារុសឲ្យចូលជាសមាជិក​របស់​អង្គការ​សហប្រតិបត្តិការសៀងហៃ?

ប្រយោជន៍ គឺ​បាន​ទាំងសងខាង ទាំងអ៊ីរ៉ង់ និង​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។ នៅពេល​ចូលជាសមាជិក​របស់​អង្គការ​សហប្រតិបត្តិការសៀងហៃ អ៊ីរ៉ង់សង្ឃឹមរកប្រាក់ចំណេញច្រើនជាងមុន ​ពីការលក់នាំចេញ​ប្រេង​របស់ខ្លួន ព្រោះថា ការដោះដូរ ធ្វើពាណិជ្ជកម្ម​ក្នុងចំណោមប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការក្រុង​សៀងហៃ នឹងធ្វើឡើង​ដោយ​ប្រើរូបិយបណ្ណ​របស់​ប្រទេស​រៀងខ្លួនៗ ដោយលែង​ចាំបាច់ត្រូវ​ប្រើប្រាក់ដុល្លារអាមេរិកតទៅទៀត។

ពីខាងអង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ វត្តមាន​របស់​អ៊ីរ៉ង់ជា​សមាជិក​ថ្មីមួយទៀត នឹង​ធ្វើ​ឲ្យអង្គការ​មួយនេះ អាចបោះទីតាំង ឈរជើង នៅតំបន់​ដើមបូព៌ា។ ម្យ៉ាង អ៊ីរ៉ង់​ជា​ប្រទេស​មហាសេដ្ឋី​ប្រេង​ដែល​ជា​ប្រភព​ថាមពល​ចាំបាច់ សម្រាប់សេដ្ឋកិច្ច របស់​ប្រទេស​សមាជិក ជាពិសេស​មហាអំណាច​ចិន។

ក្រៅតែពីប្រទេស​សំបូរប្រេង អ៊ីរ៉ង់​ក៏កំពុងអភិវឌ្ឍ ចង់ក្លាយខ្លួនជាប្រទេស​មានអាវុធនុយក្លេអ៊ែរនឹងគេដែរ។ សព្វថ្ងៃនេះ អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​មាន​ប្រមូលផ្តុំ​ប្រទេសមហាអំណាច​នុយក្លេអ៊ែរ ចំនួន​៤រួចហើយ គឺ​ចិន រុស្ស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន។ បើសិន​មានអ៊ីរ៉ង់មួយទៀត​ជា​សមាជិក នោះ អង្គការ​សហប្រតិបត្តិការ​សៀងហៃ ជា​អង្គការ​ដែលមាន​ឥទ្ធិពល មានអំណាច​ខ្លាំងជាងគេ​នៅក្នុងលោក។ អ្នកដែលចង់ឲ្យ​ការប្រមូល​ផ្តុំ​អំណាច​នយោបាយ សេដ្ឋកិច្ចពិភពលោក មកនៅ​អាស៊ី តាមរយៈ​ការពង្រឹង បង្កើន​សមាជិករបស់អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ គ្មានអ្នកណា​ក្រៅពី​ចិន និង​រុស្ស៊ី ដែលជា​ប្រទេស​ស្ថាបនិក ជាពិសេស រុស្ស៊ីតែម្តង​ដែលជាអ្នកចេញមុខ​ជំរុញ ឲ្យ​អង្គការ​ទទួលយក​សមាជិកថ្មី តាំងពី​ឥណ្ឌា ប៉ាគីស្ថាន និង​ចុងក្រោយ គឺ​អ៊ីរ៉ង់ និង​បេឡារុស ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។

អង្គការ សហប្រតិបត្តិការក្រុងសៀងហៃ OCS ត្រូវបានគេ​មើលឃើញ​ជាទូទៅ​ថា ជា​គូប្រជែង​របស់​អូតង់ ព្រោះថាវា​ជា​អង្គការ​សន្តិសុខ​ដ៏កម្រ​មួយ ដែល​គ្មាន​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោកខាងលិច​ចូលរួម ផ្ទុយទៅវិញ មានសុទ្ធតែ​ជា​អតីត​ប្រទេស​ក្នុង​ប្លុក​ខាង​កើត។ យុទ្ធសាស្រ្ត​របស់​អង្គការ OCS គឺ​ចង់​ធ្វើ​ជា​តួអង្គ​ដ៏​ចម្បង​មួយ ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​អាមេរិក នៅ​អាស៊ី។

មានចិន ​រុស្ស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ និង​មានបន្ថែម អ៊ីរ៉ង់ រួមទាំង​ប្រទេស​អតីត​សហភាព​សូវៀត៤ ដែល​ជា​ប្រទេស​សម្បូរ​ប្រេងកាត ហើយ​គម្រោង​ទៅថ្ងៃ​មុខ​នឹង​ដាក់បញ្ចូលអារ៉ាប៊ីសាអូឌីត​បន្ថែមទៀត ចង់ ឬ​មិនចង់ អង្គការ OCS អាច​នឹង​ក្លាយ​ទៅជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​មួយ ​ទាំង​នៅ​អាស៊ី និង​នៅ​លើ​ឆាក​អន្តរជាតិ​ជាទូទៅ ប្រសិនបើ​ប្រទេស​ជាសមាជិក​ពិត​ជា​អាច​​ពង្រឹង​រចនាសម្ព័ន្ធ និង​បង្កើន​សហប្រតិបត្តិការរវាងគ្នា ​ដោយ​មិនឈ្លោះប្រកែកគ្នា។ ប៉ុន្តែ បញ្ហា​ចោទនៅត្រង់ថា ប្រទេស​សមាជិក​នៅមិនទាន់​មានទំនាក់ទំនង​រលូននឹងគ្នា​ខ្លាំងនោះទេ។ ជាក់ស្តែង ឥណ្ឌា​នៅតែ​ដំឡើងសំឡេងដាក់​ប៉ាគីស្ថាន ដែល​ឥណ្ឌា​ចោទថា ផ្តល់ជំរក​ឲ្យក្រុមភេរវនិយម វាយប្រហារ​ឥណ្ឌា។ ចំណែក​ចិន និង​ឥណ្ឌាក៏នៅឈ្លោះគ្នា នៅក្នុងជម្លោះព្រំដែន​នៅតំបន់​ភ្នំហិមាល័យ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ