អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ប្រឹក្សាអឺរ៉ុបបើកជំនួប​កំពូល ដើម្បី​ប្រមូលការសាមគ្គីជួយអ៊ុយក្រែន ដែលត្រូវរុស្ស៊ីឈ្លានពាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សាអឺរ៉ុប ដែល​មាន​សមាជិកចំនួន​៤៦ប្រទេស កំពុងតែជួបប្រជុំ ក្នុង​​ជំនួប​កំពូលលើកទី​៤ នៅឯទីក្រុង រីក្យ៉ាវីក ប្រទេសអ៊ីស្លង់។ ជាចំនួបកំពូលជាពិសេស និង​កម្រ ដែលក្រុម​ប្រទេសអឺរ៉ុប នឹងនិយាយគ្នា អំពីសំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន ព្រមទាំង​ការគំរាមរបស់រុស្ស៊ី មក​លើសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅអឺរ៉ុប​ទាំងមូល​។ ការរួមកម្លាំងសាមគ្គីគ្នា ជួយ​អ៊ុយក្រែន ទាំងថវិកា សព្វាវុធ និង​ មនុស្សធម៌ គឺជារឿងដ៏ចាំបាច់ ដែល​ក្រុមប្រឹក្សាអឺរ៉ុបកំពុងតែលើកមកនិយាយគ្នា ក្នុងពេលនេះ​។

លោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងថ្លែងសារពីទីក្រុងកៀវ នៅក្នុង​ការបើក​ជំនួប​កំពូលក្រុមប្រឹក្សាអឺរ៉ុប ​នៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ ថ្ងៃទី ១៦ ឧសភា ២០២៣
លោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងថ្លែងសារពីទីក្រុងកៀវ នៅក្នុង​ការបើក​ជំនួប​កំពូលក្រុមប្រឹក្សាអឺរ៉ុប ​នៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ ថ្ងៃទី ១៦ ឧសភា ២០២៣ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាអឺរ៉ុប ឬដែលអាចហៅបានថា ក្រុមប្រឹក្សាទ្វីបអឺរ៉ុប គឺវាខុសពី​ក្រុមប្រឹក្សាអឺរ៉ុបមួយទៀត ដែលជាស្ថាប័ន​របស់​សហភាពអឺរ៉ុបដែល​មាន​ប្រទេសតែ​២៧​ប្រទេសទេ។ ចំពោះក្រុមប្រឹក្សាទ្វីបអឺរ៉ុប គឺវាទូលំទូលាយ​ជាង មាន​ប្រទេសសមាជិក​ទាំងអស់​៤៦​ប្រទេស។ ក្រុមប្រឹក្សាអឺរ៉ុប​ បានចាប់បដិសន្ធិឡើង នៅ​ក្រោយ​សង្គ្រាម​លោក​លើកទី២ តាមរយៈសន្ធិសញ្ញាទីក្រុងឡុងដ៍ ចុះហត្ថលេខាដោយ​១០ប្រទេស​ដំបូង​ នៅថ្ងៃទី​៥ ឧសភា ១៩៤៩។

កម្មវត្ថុធំចំបង នៃក្រុមប្រឹក្សាអឺរ៉ុបនេះ គឺជាការរួបរួម​គ្នា ទ្រទ្រង់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងជាពិសេសនោះគឺការគោរព​សិទ្ធិមនុស្ស​។ អត្ថបទច្បាប់គោលគ្រិះ នៃក្រុមប្រឹក្សាអឺរ៉ុប គឺ​សន្ធិសញ្ញាអឺរ៉ុប​ស្តីពីសិទ្ធិមនុស្ស ចូលជាធរមាន នៅថ្ងៃទី​៣កញ្ញា១៩៥៣​​ ដែល​ប្រទេសហត្ថលេខី​នីមួយៗ មានកាតព្វកិច្ចត្រូវគោរព។ ហើយ​ស្ថាប័នដ៏សំខាន់មួយ ​ដែលតាម​ដាន​ការគោរព​សន្ធិសញ្ញានេះ គឺតុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដែលយើងតែងតែលើជារឿយនោះឯង។

ប្រជាជនសរុប​ប្រមាណ ៦៧៥លាននាក់ នៅតាម​ប្រទេសសមាជិកទាំង៤៦ប្រទេស គឺអាចដាក់ពាក្យ​ប្តឹង ទៅកាន់តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ប្រសិន​បើសង្កេតឃើញថា ប្រទេសខ្លួន រដ្ឋាភិបាលខ្លួន បានធ្វើបំពាន​នឹងអ្វីដែល​មានចែង​ក្នុង​សន្ធិសញ្ញាអឺរ៉ុបស្តីពី​សិទ្ធិមនុស្ស​។

រុស្ស៊ី​ក៏ជា​ប្រទេស​សមាជិក​នៃក្រុមប្រឹក្សាអឺរ៉ុបដែរ។ ក៏ប៉ុន្តែ ក្រោយ​ការលើកទ័ពចូលឈ្លានពាន​នៅអ៊ុយក្រែន គេបានព្យួរឈ្មោះ មិន​ឲ្យរុស្ស៊ីចូលរួម​ប្រជុំទេ។ ជំនួបកំពូល​នៅទីក្រុង រីក្យ៉ាវីក រដ្ឋធានីប្រទេស​អ៊ីស្លង់នៅពេលនេះ គឺជាជំនួប​កំពូល​លើកទី​៤ប៉ុណ្ណោះ នៃ​ក្រុមប្រឹក្សាអឺរ៉ុប បើគិត​ការថ្ងៃកកើតស្ថាប័ន​កំពូលនេះមក។ សំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន គឺជាកម្មវត្ថុធំបំផុត នៃជំនួប​កំពូលដ៏កម្រនេះ​ !

សម្ព័ន្ធភាព​ប្រមូលយន្តហោះចម្បាំងជួយអ៊ុយក្រែន​

លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងតាម​ប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ នៅក្នុងជំនួប​កំពូលនេះ ដោយ​លោក​បាន​លើកឡើងថា ក្រុមប្រឹក្សាអឺរ៉ុបត្រូវតែ​រួម​កម្លាំងសាមគ្គី ដើម្បីប្រយុទ្ធការពារសិទ្ធិសេរីភាព​។ លោក​ហ្សេឡេនស្គី បានសង្កត់បន្ថែមថា ការ​ប្រយុទ្ធនេះ នឹងមិនអាចជោគជ័យ​បានទេ ប្រសិន​បើគ្មានយន្តហោះចម្បាំង​ទំនើបៗ របស់​ប្រទេសសម្ព័ន្ធមិត្ត​លោកខាងលិច។

លោក​ហ្សេឡេនស្គី បានថ្លែងអរគុណផងដែរ ថាគឺដោយសារតែ​ប្រព័ន្ធខែលមីស៊ីល​ទំនើបរបស់​សម្ព័ន្ធមិត្តលោកខាងលិច ទើបអ៊ុយក្រែនអាចមានលទ្ធភាពស្ទាក់កំទេចបាន​យ៉ាងជោគជ័យ នូ​វ​មីស៊ីលអ៊ីពែរសូនិករបស់រុស្ស៊ី ដែល​បានបាញ់សំដៅ​មកអ៊ុយក្រែន កាលពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារកន្លងទៅនេះ​។ តែផ្ទៃអាកាសអ៊ុយក្រែន នៅតែ​មិនទាន់មានសុវត្ថិភាពពេញលេញទេ ល្គឹកណាអ៊ុយក្រែនគ្មានយន្តហោះចម្បាំងទំនើប។

ទាក់ទិននឹង​ការប្រគល់យន្តហោះចម្បាំងទំនើបឲ្យអ៊ុយក្រែននេះ គឺ​ដំណឹងល្អបានលេចរូបរាង្គខ្លះៗហើយ។ នៅព្រឹកថ្ងៃ​ពុធ​ លោករីឈី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស និង​លោក ម៉ាក រូត នាយករដ្ឋមន្ត្រីហូឡង់ បាន​អះអាងប្រាប់អ្នកកាសែតថា លោកទាំង២បាន​ព្រមព្រៀងគ្នាដឹកនាំ សម្របសម្រួល សម្ព័ន្ធភាពពិសេសមួយស្តីពីយន្តហោះចម្បាំង ដើម្បីធ្វើយ៉ាងកៀងគរ បញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ដែលផលិត​ដោយ​អាមេរិក យកទៅឲ្យអ៊ុយក្រែន​។ យ៉ាងណាមិញ បារាំង និងអង់គ្លេស បាន​ប្រកាសកាលពីល្ងាចម្សិលមិញ ថាគេនឹងចាប់ផ្តើមប្រតិបត្តិការ បង្វឹកកងទ័ពជំនាញអ៊ុយក្រែនឲ្យ​ចេះប្រើយន្តហោះចម្បាំងទំនើបៗ។

រុស្ស៊ីត្រូវតែ​ទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម​សង្គ្រាមដែល​បានធ្វើ​នៅអ៊ុយក្រែន​

​នៅក្នុងសុន្ទរកថាបើកជំនួប​កំពូល លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន​លើកឡើង អំពីករណីដែល​រុស្ស៊ីបាន​កេណ្ឌប្រមូល​យក​កុមារអ៊ុយក្រែន យកទៅទុកនៅខាងដី​រុស្ស៊ី។ ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម ហើយ​លោក​ម៉ាក្រុងបានបន្ថែមថា បើរុស្ស៊ី​នៅតែបន្តធ្វើកាន់តែធ្ងន់ថែមទៀត គឺវានឹងក្លាយ​ជាឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ​។ ជាឧក្រិដ្ឋកម្ម ដែលរុស្ស៊ីនឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ទៅថ្ងៃក្រោយ​។

ដូចគ្នា​ដែរ​ លោក​រីឈី ស៊ូណាក់ បាន​លើកឡើងថា ត្រូវតែធ្វើឲ្យរុស្ស៊ីដឹងខ្លួន ហើយ​ទទួលខុសត្រូវ​ ចំពោះមហន្តរាយ សោកនាដកម្ម​ដែលរុស្ស៊ីបានបង្កឡើងទៅលើ​ប្រជាជនអ៊ុយក្រែន​។ ចំណែក លោកអូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់វិញ បាន​បន្ថែមថា វាជារឿងចាំបាច់ណាស់ ដែលត្រូវផ្តន្ទាទោសរុស្ស៊ី ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលរុស្ស៊ីបានធ្វើ​ប្រមាណជាងមួយឆ្នាំមកនេះ​។

រុស្ស៊ីត្រូវតែទទួលខុសត្រូវ ចំពោះមុខ​ប្រព័ន្ធយុត្តិធម៌អន្តរជាតិ ដែល​មានដូចជា តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ និងជាពិសេស គឺ​តុលាការសិទ្ធិមនុស្ស​អឺរ៉ុប ដែលស្ថិតនៅក្នុងក្របខណ្ឌ​ក្រុមប្រឹក្សាអឺរ៉ុបនេះតែម្តង។ ក្រុមអ្នកច្បាប់ កំពុងតែរៀបចំឯកសារ កត់ត្រា​ ប្រមូលភស្តុតាងទាំងអស់។

បញ្ជីពិសេសកត់ត្រារាល់ការខូចខាត

ដោយឡែក ចំណុចមួយទៀតដែលសំខាន់ គឺការសងសំណងខូចខាត ដែលរុស្ស៊ីបាន​ធ្វើទៅលើអ៊ុយក្រែន​។ លោកអូឡាហ្វ ស្លុលស៍ បានអំពាវនាវថា ត្រូវតែបង្កើតបញ្ជីពិសេស​មួយ ដើម្បីកត់ត្រា នូវរាល់ការខូចខាតទាំងអស់របស់អ៊ុយក្រែន​ មិនថា ផ្នែកសង្គមមនុស្សធម៌ និង​ផ្នែកសម្ភារៈ ការបាក់បែកខូចខាតហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម់ង់ បាន​គូសបញ្ជាក់ហើយបញ្ជាក់ទៀត ថា សង្គ្រាម​ឈ្លានពាន​ទៅលើអ៊ុយក្រែន ដែលរុស្ស៊ីបានធ្វើ មីស៊ីលរាប់រយរាប់ពាន់គ្រាប់ ដែលរុស្ស៊ីបានបាញ់កម្ទេចអាគារផ្ទះសំបែង និង​សម្លាប់ជីវិតប្រជាជនអ៊ុយក្រែន គឺរុស្ស៊ីត្រូវតែទទួលខុសត្រូវ។

ផ្អែកតាមប្រភពស្និទ្ធខ្លះទៀត បាន​ឲ្យដឹងថា ក្រុមប្រឹក្សាអឺរ៉ុប អាចនឹងរួមគ្នាសម្រេច ដកហូតយកប្រាក់របស់រុស្ស៊ី ដែលគេបង្កកទុកនៅតាម​ស្ថាប័ន​ហិរញ្ញវត្ថុនានា ដើម្បីយកទៅឲ្យអ៊ុយក្រែន ក្នុងនាម​ជា​សំណងជំងឺចិត្ត ប៉ះប៉ូវការ​ខូចខាត និង​កសាងប្រទេសអ៊ុយក្រែនឡើងវិញ​។

បន្ថែមពីនេះ លោក​ម៉ាក្រុង​បាន​ស្នើ​ ឲ្យ​ក្រុមប្រទេសសមាជិក​ក្រុមប្រឹក្សាអឺរ៉ុប​ ​រួមគ្នាកសាង​ បង្កើតមណ្ឌលសុខភាពផ្លូវចិត្ត ឲ្យ​បានច្រើននៅអ៊ុយក្រែន ដើម្បីជួយទ្រទ្រង់ផ្លូវចិត្ត សតិអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ដែល​បានរងគ្រោះ​ដោយសារតែសង្គ្រាម។ លោក​ម៉ាក្រុងបានលើកឡើងថា ក្រុមប្រឹក្សា​អឺរ៉ុបអាចជួយបាន​ តាមរយៈការបញ្ចេញថវិកាចំនួន​ប្រមាណ ១ពាន់លានអឺរ៉ូ ពីធនាគារ​អភិវឌ្ឍន៍អឺរ៉ុប។

តាមរយៈជំនួបកំពូកជាពិសេសនៅពេលនេះ គឺក្រុមប្រទេសអឺរ៉ុប ចង់​បង្ហាញប្រាប់ថា ទោះជាយ៉ាងណា គឺអឺរ៉ុបនឹងស្ថិតនៅចាំជួយអ៊ុយក្រែនជានិច្ច ព្រោះអ្វីដែលអ៊ុយក្រែនកំពុងតែប្រយុទ្ធតស៊ូនាពេលនេះ​ គឺដើម្បីការពារដល់​អឺរ៉ុបទាំងមូល។ ការពារ​អឺរ៉ុប ពីមហិច្ឆតាសង្គ្រាមឈ្លានពាន របស់​លោកពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ