អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម១៣វិច្ឆិកា៖ តុលាការបារាំង​កាត់ទោសភេរវជន សាឡា អាប់ដេស្លាម ​ឲ្យ​ជាប់​ពន្ធនាគារ​មួយជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធ ទី​២៩មិថុនា តុលាការបារាំងផ្នែក​ប្រឆាំង​នឹង​បទល្មើស​ភេរវកម្ម​ បាន​សម្រេច​កាត់ទោស​ បុគ្គលឈ្មោះ​ សាឡា អាប់ដេស្លាម (Salah Abdeslam) ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយជីវិត។ ស្ថានទម្ងន់ទោស​នេះ គឺ​ ធ្ងន់ជាងគេ​​បំផុត ដែល​មានចែង​​​ក្នុង​ក្រមព្រហ្មទណ្ឌ​បារាំង និង​ដែល​ចៅក្រម​បារាំង​កម្រ​នឹងចេញ​សេចក្តី​​សម្រេច​យ៉ាង​ដូច្នេះណាស់។​ សូម​ជ្រាបថា ពិរុទ្ធ​ជន សាឡា អាប់ដេស្លាម គឺ​ជា​ភេរវជន​តែម្នាក់គត់​ ដែលនៅរស់​រាន​មានជីវិត ​​ពី «​ព្រឹត្តិការណ៍​​ភេរវកម្ម ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥» នៅក្នុង​ក្រុង​ប៉ារីស។ នេះ​គឺជាអំពើ​​ភេរវកម្ម​ដ៏​រន្ធត់​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស១៣០នាក់ ​ត្រូវ​បាត់បង់ជីវិត និង ​៣៥០នាក់​រងរបួស។

តុលាការបារាំង បានសម្រេចកាត់ទោស សាឡា អាប់ដេស្លាម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការបារាំង បានសម្រេចកាត់ទោស សាឡា អាប់ដេស្លាម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ AP - Noelle Herrenschmidt
ផ្សាយពាណិជ្ជកម្ម

​​ព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រុងប៉ារីស ​បាន​រំលង​ទៅ ជាង​៦ឆ្នាំហើយ។

នៅវេលាម៉ោង ៩និង២០នាទីយប់ គឺ​សំឡេងផ្ទុះ បានបន្លឺឡើង នៅក្បែរពហុកីឡដ្ឋានជាតិបារាំង ខណៈដែល​មនុស្ស​ជា​ច្រើនម៉ឺននាក់ រួមទាំង​អតីត​ប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ ផង ក៏​កំពុងតែទស្សនា​ការ​ប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិបារាំង និង អាល្លឺម៉ង់​។

នៅពេល​នោះ ពួក​ជនជីហាត បាន​បំផ្ទុះគ្រាប់បែក​សម្លាប់ខ្លួន នៅក្បែរច្រកទ្វារចូលពហុកីឡាដ្ឋាន​។ ហើយ​ក្រោយ​មក បា​នបន្តិច ក៏​មានការ​ចាប់ចំណាប់ខ្មាំង​ក្នុងសាលប្រគំតន្ត្រីបាតាក់ឡង់ (Batacklan) ហើយ​និង​ការ​បាញ់រះ​នៅ​តាម​ហាងមួយចំនួន ដែល​ក្នុងនោះ​ ក៏​មាន​ទាំង​ភោជនីយដ្ឋានខ្មែរ ​ឈ្មោះ Le Petit Cambodge មួយផង។ ព្រឹត្តិការណ៍​ទាំង​អស់​នោះ កើត​ឡើង​ដោយ​បាន​គ្រោង​រៀបចំ​ទុក​ជាមុន និង​ដែល​បាន​ផ្ទុះ​ឡើង​ដំណាលៗគ្នា ប្រហែល​ខុស​ពេល​តែ​បួន​ម្ភៃនាទី ពីកន្លែងមួយ​ទៅកន្លែង​តែប៉ុណ្ណោះ។ ហេតុ​ការណ៍គួរ​ឲ្យ​តក់ស្លុត​​នេះ​ បាន​បណ្តាល​ឲ្យ​ ​បាត់បង់ជីវិតមនុស្ស ចំនួន​១៣០នាក់​ ហើយ ​​៣៥០ នាក់​រងរបួស​។

យោងតាមការអង្កេតរបស់សមត្ថកិច្ចបារាំង អំពើ​ភេរវកម្ម​នេះ គឺជាស្នាដៃ របស់បណ្តាញភេរវកម្មអ៊ីស្លាមនៅប៊ែលហ្សិក និងនៅបារាំង ហើយដែលជាប់​ពាក់ព័ន្ធ ជាមួយ​នឹងបណ្តាញ​ជីហាតអង្គការរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី ផង។

នៅ​ថ្ងៃ​កើត​ហេតុនេះ គឺ​អាច​មាន​ភេរវជន​ ជាជន​ដៃដល់​ ចំនួន​១០នាក់​។ ៩នាក់​ បាន​ត្រូវ​ស្លាប់​អស់​ ដោយ​សារ​តែ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និងត្រូវ​ប៉ូលីស​បាញ់​ស្លាប់ គឺ​សល់តែ​ម្នាក់​គត់ដែល​នៅ​រស់​រាន​មាន​ជីវិត សាឡា អាប់ដេស្លាម (Salah Abdeslam) នេះឯង។​

​​សវនាការ​​​កាត់​ទោស ជា​ប្រ​វត្តិសាស្ត្រ​ក្នុង​ប្រព័ន្ធ​ជម្រះក្តីព្រហ្មទណ្ឌ​បារាំង​​។

សវនាការ​​​កាត់​ទោស បាន​បើក​ធ្វើ​ឡើង​តាំង​តែ​ពី​រដូវ​ក្តៅ​ឆ្នាំមុន រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ​នេះ។ សរុប​ពេល​ ប្រមាណ​១០ខែ បើ​គិត​ជាថ្ងៃបើក​សវនាការ មាន​ចំនួន​១៤៩ថ្ងៃ​ ហើយ​ដែលត្រូវ​គេ​ចាត់ទុកថា ជា​«សវនាការប្រវត្តិសាស្ត្រ​» មុន​ខុសទេ​ ។ ការ​ជម្រះ​ក្តី​មួយ​ដ៏​ធំ​មិនធ្លាប់ជួប​ និងដែល​ត្រូវ​គេ​ថត​ទុក​ជាឯកសារ​ប្រវត្តិ​សាស្ត្រ​​។ ការ​កាត់​ទោស​វិញ ក៏​ធ្ងន់​ធ្ងរ​មិនធ្លាប់​មាន​ដែរ។ តុលាការបារាំងផ្នែកប្រឆាំងនឹងបទល្មើសភេរវកម្ម បានសម្រេចកាត់ទោស ​សាឡា អាប់ដេស្លាម ​ឲ្យជាប់ពន្ធនាគារអស់មួយជីវិត គឺ​ទោស​នេះ កន្លងមក ធ្លាប់​ត្រូវ​តុលាការ​បារាំង សម្រេច​ដាក់​ទោស​ចំពោះ​ជន​ល្មើស​តែ​បួន​ដង​តែប៉ុណ្ណោះ​។ ហើយ​រាល់​លើក គឺ​សម្រាប់​ករណី​រំលោភសម្លាប់​និង​ធ្វើ​ទារុណកម្ម​ទៅលើ​កូន​ក្មេង។ ពោល​គឺច​ន្លោះ​ពី​ឆ្នាំ ២០០៧ ដល់​២០១៣។​

ចំពោះ​សំណុំ​រឿង​ភេរវកម្ម​១៣វិច្ឆិកា២០១៥ ក្រោយពេល​​បើក​ការ​ស៊ើប​អង្កេត គឺ​ នគរបាល​ប្រឆាំង​អំពើ​ភេរវកម្ម បាន​ចាប់​ខ្លួន​ មេគំនិត អ្នក​ផ្សំគំនិត ជន​ជាប់ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត ហើយ​ រដ្ឋអាជ្ញា​បារាំង​ខាង​ប្រឆាំង​ភេរវកម្ម បាន​បើក​បទ​ចោទប្រកាន់​ក្នុង​សំណុំ​រឿង​តែមួយ ចំពោះ​ជន​សង្ស័យ​ ចំនួន​២០នាក់ សរុប​ទាំង​ សាឡា អាប់ដេស្លាម នេះដែរ។​

សាឡា អាប់ដេស្លាម មានសញ្ជាតិបារាំង និង មានអាយុ៣២ឆ្នាំ។​ កាលពី​សប្តាហ៍​មុន  ​មេធាវី​ការពារក្តី ឲ្យ​ សាឡា អាប់ដេស្លាម បកស្រាយចំពោះ​មុខ​អង្គជំនុំ​ជម្រះ​ថា កូន​ក្តីរបស់​ខ្លួន ជាមនុស្ស​នៅមាន​ចិត្ត​ធម៌ គឺថា នៅ​មាន​ភាព​ជាមនុស្ស មាន​មនុស្សធម៌​ ​ព្រោះ​ពុំ​បានសម្រេ​ចចិត្ត​ទាញ​បំផ្ទុះ​អាវ​បំពាក់​គ្រាប់​បែក​​។ ក៏ប៉ុន្តែ ចំណុចនេះ ត្រូវ​តុលាការ​រកឃើញថា មិន​ដូច្នោះទេ ជន​នេះ​មិន​អាច​បំផ្ទុះ​​អាវបំពាក់គ្រាប់បែក ក៏ព្រោះតែ​វា​ខូច​មិន​ដំណើរ​។ នៅពេល​ស្តាប់​ការ​ប្រកាស​សាលក្រម ពីថ្ងៃម្សិលមិញ សាឡា អាប់ដេស្លាម គឺត្រូវ​អ្នក​កាសែត​សង្កេត​ឃើញ បុគ្គលនេះ នៅ​រក្សា​ទឹក​មាំ​ ទំនង​ជា​មិន​ស្លត់​ពេកទេ​​។ កាលពីសវការ​​អាទិត្យ​មុន បុគ្គលនេះ​ថែ​មទាំង​អះអាង​ថា​ ខ្លួន​ពុំ​មែន​ជា​ ឧក្រិដ្ឋជន​ ឡើយ។​ ទោះ​ជាដូច្នេះក្តី បុគ្គលនេះ បាន​សុំទោស​ចំពោះ​ជន​រងគ្រោះ។​

ក្នុង​ចំណោម​អ្នក​ផ្សំ​គំនិត​ គឺ​ទទួល​ការ​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ដោយ​មាន​កម្រិត​ឆ្នាំ​ត្រូវ​ជាប់​ឃុំ​ខុសៗគ្នា។ ក្នុង​នោះ គឺមាន​ម្នាក់ អាច​នឹង​​ត្រូវ​ដោះលែង​។​ តើ​ហេតុអ្វី ?

រដ្ឋអាជ្ញាបារាំងខាងប្រឆាំងភេរវកម្ម បាន​ចោទប្រកាន់​និង​ស្នើ​សុំ​ឲ្យ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​ ឲ្យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ជនជាប់​ចោទ​ជាច្រើន​នាក់​ដែរ ក្នុង​ចំណោម​​បុគ្គល​ទាំង​២០នាក់​នោះ​។ ​តែទីបំផុត តុលាការ​ព្រហ្មទណ្ឌ​ពិសេស​ផ្នែក​ភេរវកម្ម បាន​វែក​ញែកស្ថានទម្ងន់​​អំពើ​ល្មើស​ខុសគ្នា និងត្រូវ​កាត់ទោស​ដោយ​មាន​ទម្ងន់​ទោស​ខុសៗគ្នាដែរ​។  ​ជនជាប់​ចោទ ដែល​នគរ​បាន​ប្រឆាំង​ភេរវកម្ម ចាប់​ឃាត់​ខ្លួន​ ក្រោយ​ពេល​កើត​ហេតុ គឺមាន​ទាំងអ្នក​ដែល​​​ចូលរួម​ជួយ​ជួល​ឡាន និង​ជួយ​សម្រួល​ផ្ញើ​លុយ​កាក់​សម្រាប់​រៀបចំ​មធ្យោបាយ ហើយ​និង​អ្នក​​ជួយ​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ ជាដើម។

ស្ថាន​ទម្ងន់​ទោស របស់​​អ្នក​ទាំង១៩ផ្សេងទៀត​នោះ ​មាន​ ២ឆ្នាំ ក្នុងគុក ៤- ៦-៨ឆ្នាំ​ មាន​អ្ន​កខ្លះ​ត្រូវដេកគុក​១៥-១៦ឆ្នាំ និង​២២ឆ្នាំ រហូត​ដល់​ ៣០ឆ្នាំ។ លើកលែង​តែម្នាក់ប៉ុណ្ណោះ ឈ្មោះ Farid Karkache ដែល​ត្រូវគេ​ចាត់ទុកថាអ្នក​ជួយ​អន្តរាគមន៍​ជួយ​ធ្វើ​លិខិត​ស្នាមក្លែងក្លាយ​ឲ្យ​ភេរវជន។ ក៏ប៉ុន្តែ ​ប្រធាន​អង្គ​ជំនុំ​ជម្រះ បាន​សម្រេច​សេចក្តី ​ថា គ្មាន​ធាតុផ្សំ​ណាដែល​អាច​សន្និដ្ឋានថា​បុគ្គលនេះនិង​អំពើ​របស់​គាត់​ ​ ទាក់​ទង​នឹង​ដើមហេតុ​ស្នូល​នៃ​អំពើ​ភេរវកម្ម​នោះទេ​។ តែ​គាត់​ត្រូវ​ជាប់​ទោស​ពីបទ​ក្លែង​បន្លំ​វិញ​។​ ដោយ ​ជាប់​ឃុំ​ច្រើន​ឆ្នាំរួច​មកហើយ បុគ្គលនេះ​ អាចនឹង​មាន​សេរីភាពចេញពី​តុលាការ​។​

តុលាការ​បារាំងខាងប្រឆាំងអំពើ​ភេរវកម្ម បានសម្រេច​ទុក​ពេល​ចំនួន​១០ថ្ងៃ​ សម្រាប់អ្នក​ពាក់ព័ន្ធ, ​​ពិរុទ្ធជននិង​មេធាវី​ការពារក្តី​ ដែល​ចង់​ប្តឹង​ទាស់​នឹង​សាល​ក្រម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ