ក្រុមហ៊ុន Facebook ប្រកាសប្តូរឈ្មោះថ្មី ហៅថា Meta
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៣
កាលពីថ្ងៃព្រហស្បតិ៍ ទី២៨តុលា ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសពីការប្តូរឈ្មោះក្រុមហ៊ុនមេរបស់ខ្លួន ដោយដាក់ឈ្មោះថ្មីថា មេតា (Meta)។ ចាប់ពីពេលនេះទៅ ក្រុមហ៊ុនទាំងអស់ដែលស្ថិតក្នុងបណ្តុំ នៃក្រុមហ៊ុនហ្វេសប៊ុក ដែលមានដូចជាបណ្តាញសង្គមFacebook Messenger Instagram និង WhatsApp ជាដើម នឹងត្រូវជ្រកក្រោមស្លាកថ្មីតែមួយ គឺក្រុមហ៊ុន Meta ។ ការប្តូរឈ្មោះថ្មីនាពេលនេះ គឺស្ថិតចំកាលៈទេសៈ ដែលហ្វេសប៊ុក កំពុងរងការចោទប្រកាន់ជាច្រើន។
ចាប់ខែធ្នូខាងមុខនេះទៅ បណ្តាញសង្គមFacebook Messenger Instagram និង WhatsApp នឹងត្រូវជ្រកក្រោមផ្លាកក្រុមហ៊ុនមេតែមួយ ដែលមានឈ្មោះ ថា Meta។ មេតា “Meta” គឺជាពាក្យភាសាក្រិកបុរាណ ដែលមានន័យថា “អ្វីដែលមានលើសពីនេះ ឬអ្វីមួយដែលមិនអាចគណនា និងកំណត់បាន”។ រូបសញ្ញាតំណាងក្រុមហ៊ុន ថ្មីនេះ គឺជាសញ្ញា ដូចលេខ៨ផ្តេក ពណ៌ខៀវ ហើយដែលស្រដៀងទៅនឹងសញ្ញា "អនន្ត" ក្នុងគណិតវិទ្យា ដូច្នោះដែរ។ ការជ្រើសរើសយកឈ្មោះនេះ គឺក្រុមហ៊ុនហ្វេសប៊ុក ចង់បង្ហាញអំពីរបត់នៃការវិវឌ្ឍន៍ថ្មី ទៅមុខទៀតជានិច្ច ដែលមិនចេះអស់នូវអ្វីដែលថ្មីទេ។ ក្រុមហ៊ុននេះនឹងកសាង បង្កើតអ្វីប្លែកៗបន្ថែមទៀត សម្រាប់អតិថិជនអ្នកប្រើប្រាស់។
នៅក្នុងការធ្វើបទបង្ហាញ រយៈពេល១ម៉ោងកន្លះ កាលពីថ្ងៃព្រហស្បតិ៍ លោក Mark Zuckerberg ស្ថាបនិកហ្វេសប៊ុក បាននិយាយថា “យើងបានដកពិសោធន៍ច្រើនណាស់ ពីបញ្ហាទាំងឡាយដែលបានជួបប្រទះ។ ដូច្នេះនេះជាការបោះជំហានថ្មី ដើម្បីកសាង និងសរសេរទំព័រថ្មីមួយទៀត។ ទំព័រថ្មីនេះ គឺនឹងផ្តោតទៅលើ បច្ចេកវិទ្យាថ្មី លើសពីបណ្ដាញសង្គមសាមញ្ញ ដូចពេលបច្ចុប្បន្ននេះ។
« Metavers »
លោក Mark Zuckerberg បានអះអាងថា សករាជបច្ចុប្បន្ន ជាសករាជកុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និងបណ្តាញសង្គមធម្មតា។ តែសករាជថ្មី គឺជាសករាជបច្ចេកវិទ្យាទំនើបលើសនេះ ដែលអ្នកប្រើប្រាស់ម្នាក់ៗ អាចចូលទៅទាក់ទងគ្នា កម្សាន្ត ឬក៏ធ្វើការងារ ក្នុងពិភពបច្ចេកវិទ្យាថ្មីមួយទៀត ស្របជាមួយពិភពពិតជាក់ស្តែង។ ពិភពបច្ចេកវិទ្យាថ្មីនេះ គឺមានឈ្មោះ Metavers ដែលក្រុមហ៊ុន Meta នឹងបង្កើតឡើង។ ជាពិភពបច្ចេកវិទ្យាថ្មី មិនខុសអ្វី ពីនៅក្នុង ខ្សែភាពយន្តវិទ្យាសាស្ត្រទំនើបនោះទេ។ ពោលគឺអ្នកប្រើប្រាស់ម្នាក់ៗ អាចមាន អវតាជារូបតំណាង ហើយអាចចូលទៅក្នុងពិភពនោះ តាមរយៈការប្រើ វែនតា និងកាសស្តាប់ត្រចៀកទំនើប ដើម្បីធ្វើសកម្មភាពផ្សេងៗ។
មានន័យថា ជាមួយនឹង Metavers គឺក្រុមហ៊ុន Meta នឹងពង្រីកមុខរបបមួយទៀត គឺលក់វែនតា និងកាសស្តាប់ត្រចៀកទំនើប។ កាលពីឆ្នាំ២០១៤ Facebook បានទិញម៉ាក Oculus ដែលមានជំនាញនេះ។ ហើយកាលពីឆ្នាំទៅ Oculus បានផលិតវែនតាទំនើប ឈ្មោះ Quest 2 ដែលគេលក់បានចំនួន ជិត២លានគ្រឿងរួចទៅហើយ។ នេះបើផ្អែកតាមតួលេខ របស់ការិយាល័យ Statista។
លោក Mark Zuckerberg បានអួតថា អ្នកប្រើប្រាស់ ប្រាកដជាត្រេកត្រអាល រំភើបមិនខានទេ នៅពេលដែល ពួកគេអាចផ្ញើសារទៅកាន់នរណាម្នាក់ ដោយគ្រាន់យកភ្នែកសំឡឹង និងគិតថាដៃកំពុងតែចុចសរសេរ ក៏ស្រាប់តែមានអក្សរលោតចេញមក។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយ ក្នុងចំនោមបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ដែល Metavers នឹងបង្កើត។ លោកបានអះងាងថា ក្នុងរវាង១០ឆ្នាំទៀត ក្រុមហ៊ុនMeta នឹងចំណាយប្រាក់វិនិយោគរាប់ម៉ឺនលានដុល្លារ ក្នុងការបង្កើតកម្មវិធីបច្ចេកវិទ្យាថ្មីៗ ក្នុងពិភពបច្ចេកវិទ្យាមួយ ដែលបើកចំហរ ពោលគឺមិនបិទជិត ដោយអ្នកប្រើប្រាស់អាចចេញចូល ហើយយកអ្វីដែលបានបង្កើតបានក្នុង Metavers ទៅប្រើនៅកន្លែងផ្សេងក៏បាន។
“ប្តូរឈ្មោះបាន តែមិនអាចប្តូរការពិត”
ហ្វេសប៊ុកត្រូវបានគេចោទពីគ្រប់ទិសទី ថាជាក្រុមហ៊ុនបណ្តាញសង្គម ដែលគិតតែពីផលចំណេញ ធ្វើឲ្យមនុស្សវក់វី ប្រមូលកើបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ជាពិសេសនោះ គឺជាបណ្តាញសង្គម ដែលបានចូលរួមបំផុសបំផុល ព័ត៌មានក្លែងក្លាយ ជំរុញការបញ្ចេញមតិ បែបស្អប់ខ្ពើមគ្នា រើសអើងប្រកាន់ពូជសាសន៍ជាដើម។ បញ្ហាទាំងនេះ វាបានជះឥទ្ធិពលខ្លាំងណាស់ ទៅដល់ទំនោរនៃការបញ្ចេញមតិរបស់មហាជន នៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ការប្តូរឈ្មោះថ្មីនៅពេលនេះ ត្រូវបានអ្នកវិភាគខ្លះ សំឡឹងឃើញថា ហ្វេសប៊ុក ចង់លាងសំអាតកេរ្តិ៍ឈ្មោះខ្លួន ឲ្យថ្មីស្រឡាង និងមានក្លិនក្រអូបឡើងវិញ។ តែយ៉ាងណា អង្គការប្រឆាំងហ្វេសប៊ុកដែលចេញមុខខ្លាំងជាងគេមួយឈ្មោះ The Real Facebook Oversight Board បានលើកឡើងថា ហ្វេសប៊ុកប្តូរឈ្មោះបាន តែមិនអាចប្តូរការពិតបានទេ។ ការពិតនៅតែជាការពិត។ គឺហ្វេសប៊ុកជាមេជំរុញ ឲ្យមានការស្អប់ខ្ពើមគ្នាក្នុងសង្គម ព្រមទាំងមានព័ត៌មានក្លែងក្លាយ Fake News ពាសពេញសង្គម។ មួយវិញទៀត ឈ្មោះហ្វេសប៊ុកនេះ វាបានដក់ជាប់ក្នុងខួរក្បាលមនុស្សជាទូទៅទៅហើយ។ កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនGoogle ក៏បានបង្កើតឈ្មោះថ្មី ដាក់ថា Alphabet សម្រាប់ក្រុមហ៊ុនមេ របស់ខ្លួនដែរ តែមនុស្សមិនដែលប្រើទេ គឺគេនៅតែហៅថា ក្រុមហ៊ុនGoogle ដដែល។
“Meta-stase”
លោកស្រី Alexandria Ocasio-Cortez អ្នកនយោបាយឆ្វេងនិយមដ៏ល្បីម្នាក់នៅអាមេរិក បានសរសេរលើទំព័រTwitter ថា ឈ្មោះថ្មីរបស់ក្រុមហ៊ុនហ្វេសប៊ុក ហៅថា Meta នេះ គឺមិនខុសអីពីពាក្យថា Meta-stase ទេ។ Meta-stase ជាពាក្យពេទ្យ ដែលគេសំដៅថា ជាដំណាក់កាលចុងក្រោយ នៃជំងឺមហារីក។ ពោលគឺ Facebook គឺជាជំងឺមហារីកនៃលទ្ធិប្រជាធិបតេយ្យ ព្រោះវាជាឧបករណ៍ ឃោសនាបំប៉ោង និងបំបិទសិទ្ធិសេរីភាព ដែលរបបផ្តាច់ការនានាប្រើប្រាស់។
ដោយឡែក នៅក្នុងការធ្វើបទបង្ហាញ កាលពីថ្ងៃទី២៨តុលា លោក Mark Zuckerberg មិនបាននិយាយអ្វីច្រើនទេ អំពីការរិះគន់ចោទប្រកាន់ធ្ងន់ៗ ព្រមទាំងការប្រឈមនឹងក្តីក្តាំ របស់ក្រុមហ៊ុនលោក ក្នុងពេលបច្ចុប្បន្ននេះ។ លោកគ្រាន់តែបានលើកឡើងថា ប៉ុន្មានឆ្នាំមកនេះ បទពិសោធន៍បានបង្រៀនលោកច្រើនណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ