អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​សវនាការ​ស្តីពី​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកា២០១៥​ នៅ​ប៉ារីស មានទម្រង់​យ៉ាង​ដូចម្តេច​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៦​ឆ្នាំក្រោយហេតុ​ការណ៍ និង​បន្ទាប់​ពី​បាន​ចំណាយ​ពេល​រៀប​ចំ​​អស់​ពេល​ពីរ​ឆ្នាំ​ សវនាការ​ជំនុំ​ជម្រះ​ករណី​ភេរវកម្ម​១៣​វិច្ឆិកា២០១៥ ត្រូវ​ចាប់​បើក​នៅ​ថ្ងៃ​នេះ ថ្ងៃ​ពុធ​ទី ៨ កញ្ញា នៅ​ទីក្រុង​ប៉ារីស​។ ជា​សវនាការ​ដែល​មាន​ការ​រៀប​ចំ​និ​ងទំហំ​ធំប្លែក​ខុស​ប្រក្រតី និង​ដែល​គេ​ចាត់​ទុក​ជា​សវនាការ​ប្រវត្តិសាស្ត្រ។

សវនាការ​ស្តីពីករណី​​ភេរវកម្ម​ថ្ងៃ​១៣វិច្ឆិកានៅ​ប៉ារីស ចាប់​បើក​ ពី​ថ្ងៃទី ៨ កញ្ញា ២០២១
សវនាការ​ស្តីពីករណី​​ភេរវកម្ម​ថ្ងៃ​១៣វិច្ឆិកានៅ​ប៉ារីស ចាប់​បើក​ ពី​ថ្ងៃទី ៨ កញ្ញា ២០២១ © AFP/Thomas Coëx
ផ្សាយពាណិជ្ជកម្ម

ជនជាប់​ចោទ​២០នាក់

តុលាការ​ត្រូវ​ជំនុំ​ជម្រះ​​ជនជាប់​ចោទចំនួន​​២០​នាក់។ ១១​នាក់​ កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ស្រេច​ទៅ​ហើយ។ ជនជាប់​ចោទ​ក្រុមនេះ​នឹង​ត្រូវ​បង្ហាញ ខ្លួន​នៅ​ក្នុងរង្វង់​​ក្រចក​សេះ ដែលការពារ​ដោយ​​​កញ្ចក់បាំង​​ជិត​។ បី​នាក់​ ដែល​ស្ថិត​នៅ​ក្រោមការ​ត្រួត​ពិនិត្យ​និង​តាមដាន​របស់ប៉ូលិស នឹង​ត្រូវ​បង្ហាញ​ខ្លួនដូច​ជនជាប់​ចោទធម្មតា។ ៦​នាក់​ ដែល​ជាប់​ដីកា​តាម​ចាប់​ខ្លួន​អន្តរជាតិ​ នឹង​ត្រូវ​កាត់​ទោស​ដោយ​កំបាំង​មុខ (គ្មាន​វត្តមាន) ក្នុង​នោះ​មាន​៥​នាក់​ សង្ស័យ​ថា​បាន​ស្លាប់​នៅ ក្នុង​ប្រទេស​ស៊ីរី​បាត់​ទៅហើយ។

ជនទាំង​អស់នេះសុទ្ធ​តែ​​ជាប់​ចោទថា​បាន​រួម​-ផ្សំ​គំនិត រួម​ចំណែកផ្តល់​សម្ភារៈ​បរិក្ខារ​មធ្យោបាយ​​​ធ្វើ​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកា២០១៥ ដែល​បាន​បណ្តាល​​មាន​អ្នក​ស្លាប់​១៣០នាក់ និង​ជាង​៣៥០​នាក់​រង​របួស។ ​ជនជាប់​ចោទ​ដែល​ល្បី​ជាង​គេ គឺ​ សាឡា អាបដេស្លាម Salah Abdeslam។ មាន​អាយុ​៣១​ឆ្នាំ សាឡា​អាបដេស្លាម​ជា​​កង​កម្មង់ដូរ​​ តែ​ម្នាក់​គត់​ដែល​នៅ​មាន​ជីវិត​​ ក្នុង​ចំណោម​ភេរវជនដៃដល់សរុប​១០នាក់។ កងកម្មង់ដូរ៩​នាក់​ផ្សេង​ទៀតបាន​ស្លាប់​ ពេល​ធ្វើ​បំផ្ទុះ​គ្រាប់​ធ្វើ​ភេរវកម្មអត្តឃាត ខ្លះ​ត្រូវ​បាន​ប៉ូលិស​សម្លាប់ក្នុងថ្ងៃ​កើត​ហេតុការណ៍ ឬ​ក្នុង​​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​។

​សវនាការ​៩ខែ

ទម្រង់​ និង​ការ​រៀប​ចំ​ ក៏​មា​ន​លក្ខណៈ​ធំធេង ​ខ្លាំងជា​ពិសេស ​ខុស​ប្លែក​ពី​សវនាការ​ដទៃ។ សវនាការភេរវកម្ម​១៣​វិច្ឆិកា​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សវនាការប្រវត្តិសាស្ត្រ​សម្រាប់​​បារាំង។ ​ខុស​ប្លែក​ពិសេស​នោះ​មិនមែន​សំដៅ​លើ​ដំណើការ​នីតិវិធី​ទេ​ តែ​ពិសេស​ត្រង់​ថា​ សវនាការ​ធ្វើ​ការ​​ជំនុំ​ជម្រះ​ក្តី​ដែល​មាន​ជន​រងគ្រោះ​ច្រើន​សម្បើម​បំផុត ដោយ​មានតំណាង​​ភាគី​ស៊ីវិល​ដល់​ទៅ​ជិត​ ១៨០០​នាក់ មេធាវី ជាង​៣៣០​នាក់ ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​រាប់​រយ​នាក់​ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ជាមុន​ដើម្បី​បាន​ចូល​តាមដាន​ព្រឹត្តិការណ៍​។ នេះ​មិន​ទាន់​រាប់​ចំនួន​សាធារណជន​ចូល​​ស្តាប់​សវនាការផង។ បើ​តាម​ការ​ប៉ាន់​ស្មាន ក្នុង​ថ្ងៃដែល​មាន​សវនាការ​សំខាន់​ខ្លាំង​ អ្នក​ចូល​រួម​អាចឡើង​​ដល់​ទៅ​៣ពាន់​នាក់។

គ្រាន់​តែ​សំណុំ​ឯកសារប្រមូល​បាន​ចង​ក្រង​ជា​សៀវភៅ​ មាន​ដល់​ទៅ​ជាង​៥០០​ក្បាល គិត​ជា​ទំព័រ​ជាង​មួយ​លាន​ទំព័រ ហើយ​បើ​តម្រៀប​គ្នា​ទៅ​មាន​ប្រវែង​៥៣​ម៉ែត្រ។ ​

សវនាការ​​ប្រើ​រយៈ​ពេល​វែង​ដល់​ទៅ ១៤៥​ថ្ងៃ (៩ខែ)។ បើ​អ្វី​ប្រព្រឹត្ត​ទៅ​បាន​ដូច​ការ​គ្រោង​ទុក តុលាការ​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃទី ២៤-២៥​ឧសភា​ឆ្នាំ​២០២២។

ប្រឈម​នឹង​សន្ធឹក​និង​ទំហំ​នៃ​សវនាការ អាជ្ញាធរ​បាន​រៀបចំបង្កើត​សាល​សវនាការ​ថ្មី​ ឱ្យ​ធំ​ សក្តិសម​អាច​ទទួល​មនុស្ស​បាន​ច្រើន​ និង​សាល​តាមដាន​សវនាការ​​ចំនួន​១៣បន្ថែម​ទៀត។ ជា​សាល​ដ៏​ធំ​ ទំហំ​៧៥០​ម៉ែត្រ​ការ៉េ ប្រវែង​៤៥ម៉ែត្រ​ទទឹង​១៥​ម៉ែត្រ អាច​ទទួលមនុស្ស​បាន​៥៥០​នាក់ និង​មានបំពាក់​អេក្រង់​យក្ស​ចំនួន​៨ ព្រមទាំង​កាម៉េរ៉ា​ចំនួន​១០ចាំ​ថត​ដំណើរការ​​សវនាការ​ទាំង​ស្រុង សម្រាប់​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ទៀត។ សាធារណជន​អាច​​រក​មើល​ឯកសារ​វីដេអូ​នេះ​បាន​នៅ​៥០​ឆ្នាំ​ក្រោយ។ នេះ​ជា​សវនាការ​លើក​ទី​១៣​ហើយ​ដែលមាន​ការ​ថត​ទុក​យ៉ាង​ដូច្នេះ។

ពង្រឹង​សន្តិសុខ​អតិបរិមា​

​សវនាការជំ​នុំ​ជម្រះ​ករណីភេរវកម្ម ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​ការ​គំហែង​ភេរវកម្ម​ខ្ពស់​ខ្លាំង ដូច្នេះ​ផែនការ​ការពារ​សន្តិសុខ​ក៏​ត្រូវ​ខ្លាំង​ជា​អតិបរិមា​ដែរ។ រៀងរាល់​ថ្ងៃ ជនជាប់ចោទ​​នឹង​ត្រូវដឹក​ចេញ​ពី​ពន្ធនាគារ​តាមឡាន​ពាសដែក ​បញ្ជូន​មក​ចូល​តុលាការ​តាម​ផ្លូវ​ពិសេស​ និង​ការពារ​ដោយ​ឧទ្ធាគចក្រ​ពី​លើ​អាកាសទៀត។ ចរាចរណ៍​​ជុំ​វិញ​តុលាការ​ដែល​ស្ថិត​នៅ​លើ​កោះ​កណ្តាល​ទីក្រុង​ប៉ារីស នឹង​ត្រូវ​ហាមឃាត់​រហូត​ដល់​ម៉ោង​១២កន្លះ​ ជា​រៀងរាល់​ថ្ងៃ​បើក​សវនាការ រយៈ​ពេល​៩​ខែ​នេះ។

សវនាការ​នេះ​​ចំណាយ​អស់​ច្រើន​លាន​ខ្លាំងណាស់។

ហេតុ​អ្វី​បើក​សវនាការ​ដ៏​សម្បើម​ ?

សវនាការ​នេះ​សំខាន់​ខ្លាំង​ណាស់ ! ជាសវនាការ​ប្រកប​ដោយ​និម្មិត្តរូប​បំផុត ព្រោះ​តាំង​ពី​សង្គ្រាម​លោក​លោក​ទីពីរ​មក បារាំង​ពុំ​ដែល​រង​ការ​វាយប្រហារកណ្តាល​ក្រុង​បណ្តាល​ឱ្យស្លាប់​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ ពី​សំណាក់​ក្រុមឬ​​អង្គការ​មួយ​ដូច្នេះ​ទេ​​។ បើ​មាន​ហេតុការណ៍​កើត​ឡើង​ហើយ​ មាន​ជន​រងគ្រោះ​និង​ជនជាប់​ចោទ គេ​ចាំបាច់​​ត្រូវ​តែ​បើក​សវនាការ​ ដើម្បី​ស្វែងរក​​​យុត្តិធម៌ឱ្យ​គ្រប់​ភាគី និង​ដើម្បី​បាន​ដឹង​ការ​ពិត។ ​ការ​ពិត​សម្រាប់​ប្រវត្តិសាស្ត្រ​បារាំង​ផង និង​ការពិត​​ ​សម្រាប់​គ្រួសារ​ជន​រងគ្រោះ​ផង។

ក្តី​សង្ឃឹម​មួយ​ទៀត​ពី​សវនាការ គឺ​ការ​ដឹង​ចម្លើយពី​ជនជាប់​ចោទ។

ថ្វី​បើ​នៅ​ក្នុង​ការ​អង្កេត​ គេ​អាច​កំណត់​សកម្មភាព​​​​របស់​ពួក​ភេរវជន​ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ធ្វើ​ភេរវកម្មនិង​តួនាទី​របស់​ពួក​គេ​ម្នាក់​ក្នុង​សកម្មភាព​ធ្វើ​ភេរវកម្ម​បាន​មែន​ ប៉ុន្តែ​នៅ​មានចំណុចអាថ៌​កំបាំង​សេស​សល់​​ជា​ច្រើន​ផ្សេងទៀត​ មាន​ជាអាទិ៍​និង​ដំបូង​គេ គឺ​តួនាទី​របស់​ សាលា អាបដេស្លាម។ ហេតុ​អ្វី​បាន​ជន​នេះ​មិន​ចុច​បំផ្ទុះ​គ្រាប់​បែក​ជាប់​នឹង​ខ្លួន​? ហេតុ​អ្វី​អង្គការរដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ថា​មាន​ភេរវកម្ម​នៅ​ក្នុង​សង្កាត់​ទី​១៨ ដែល​ពុំ​មាន​កើតឡើង ? ហេតុ​អ្វី មេ​កម្មង់ដូរ​ដែល​ប៉ូលិស​សម្លាប់​បាន​តាម​ក្រោយ អាច​ចូល​មក​ទឹក​បារាំង​បាន ? ។ល។ និង​។ល។

សង្ឃឹម​ថា​​លើ​កនេះ​​ជនជាប់​ចោទអាបដេស្លាម​ នឹងសហការ​ជាមួយ​តុលាការ​ព្រម​ទម្លាយ​ការពិត។ តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​មក ​សាលាអាបដេស្លាម​​និយាយ​តែម្តង​គត់​ជាមួយ​មេធាវី​ប៊ែលហ្សិក រួច​បិទ​មាត់​ឈឹងរហូត។ ហើយ​​ក្រៅ​ពីជនជាប់​ចោទរូប​នេះ គេ​នឹង​អាច​បានចម្លើយ​ពី​​ជនជាប់​ចោទ​ផ្សេងៗ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ