អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​​ម៉ាក្រុង​ទៅ​បាកដាត ដឹកនាំ​សន្និសីទ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រោយ​ការត្រលប់​មកកាន់អំណាច​ របស់​ក្រុមតាលីបង់​ នៅអាហ្វហ្កានីស្ថាន មានការព្រួយ​បារម្ភកាន់តែខ្លាំងឡើងៗ ថា​ក្រុមតាលីបង់អាចនឹងគ្មានសមត្ថភាព​គ្រប់គ្រង ធ្វើ​ឲ្យ​អាហ្វហ្កានីស្ថានក្លាយ​​ជាដែន​ជំរកធំ របស់​​ក្រុម​ភេរវកម្ម​​​ជីហាត​អង្គការដ្ឋអ៊ីស្លាម។ ជាក់ស្តែងក្រុមនេះ បានបង្កអំពើភេរវកម្មនៅព្រលាន​យន្តហោះក្រុងកាប៊ុល បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង៨០នាក់ កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ។ គឺដោយ​ក្តី​បារម្ភនេះហើយ នៅថ្ងៃសៅរ៍នេះ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានទៅដល់ទីក្រុង​បាកដាត ប្រទេសអ៊ីរ៉ាក់ ដើម្បី​បើក​សន្និសីទមួយ​ និយាយគ្នាជាមួយ​មេដឹកនាំប្រទេសក្នុងតំបន់នេះ លៃលករក​វិធី ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងនឹងក្រុម​ជីហាត​អង្គការដ្ឋអ៊ីស្លាម ឲ្យ​មាន​ប្រសិទ្ធភាព។

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងនិយាយនៅក្នុង​សន្និសីទទីក្រុង​បាកដាត ថ្ងៃទី ២៨ សីហា ២០២១
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងនិយាយនៅក្នុង​សន្និសីទទីក្រុង​បាកដាត ថ្ងៃទី ២៨ សីហា ២០២១ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ាក្រុង រួមជាមួយ​លោក Moustafa al-Kazimi នាយក​រដ្ឋមន្ត្រីអ៊ីរ៉ាក់ បានដឹកនាំសន្និសីទមួយ​ ដើម្បី​ជជែកអំពី​ការរួមកម្លាំងគ្នា រៀបចំយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ បន្ទាប់មកទៀតនៅថ្ងៃអាទិត្យ លោកម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ គួកដីស្ថានអ៊ីរ៉ាក់ដើម្បីថ្លែងអំណរគុណចំពោះក្រុមគួក ដែលបានប្រឹងប្រែងប្រយុទ្ធជាមួយ​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ លោក​ម៉ាក្រុង ក៏នឹងបន្តដំណើរទៅកាន់តំបន់មូស៊ូល ដែលធ្លាប់ជាអតីតមូលដ្ឋានធំរបស់ក្រុមភេរវកម្មនេះដែរ។ ជាដំណើរទស្សនកិច្ច ប្រកបដោយ​ការយាម​កាមសន្តិសុខដ៏តឹងតែងបំផុត ដោយ​​លោក​ម៉ាក្រុង ព្រមទាំង​​គណប្រតិភូរ​អមដំណើរ ត្រូវធ្វើដំណើរ​តាម​​រថយន្តពាសដែក បង្ការក្រែងមាន​​ការវាយ​​ប្រហារ​ណាមួយ។

ការគំរាមកំហែងរបស់​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម គឺជាតថៈភាពពិតជាក់ស្តែង

ទាក់ទិននឹង​សន្និសីទនៅទីក្រុងបាកដាត ក្រៅពីលោកម៉ាក្រុង និង​លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Moustafa al-Kazimi គឺមានការចូលរួម​ពី​ ​ព្រះចៅអាប់ដាឡាទី២​ របស់ប្រទេសហ្សកដានី លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi រួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង​ អារ៉ាប៊ីសាអ៊ូឌីត​ដែរ។ ពោលគឺសុទ្ធតែជាប្រទេសធំៗ ដែលមានតួនាទីសំខាន់ក្នុងកិច្ចការសន្តិសុខក្នុង​តំបន់​ដើមបូព៌ានេះ។ ដោយ​ឡែក បើតាម​ប្រភព​ពីវិមាន​​ប្រធានាធិបតី​បារាំង លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី ក៏ត្រូវបាន​គេអញ្ជើញឲ្យចូលរួមដែរ តែមិនបាន​ផ្តល់ដំណឹង​ថាចូល​ទេ​។

តាមពិតសន្និសីទនេះ ត្រូវគេគ្រោងទុកយូរមកហើយ តែ​ស្ថានការណ៍នៅអាហ្វហ្កានីស្ថាន គឺបាន​មកបន្ថែម​អត្ថន័យ និងជំរៅខ្លឹមសារសំខាន់ ឲ្យដល់សន្និសីទនេះ កាន់តែខ្លាំងឡើង។ ការព្រួយបារម្ភ និងតថៈភាពជាក់ស្តែងគឺវាមាន​ពិតមែន ថាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅតែជាគ្រោះថ្នាក់ដ៏ធំ គំរាមដល់តំបន់ដើមបូព៌ា។

យ៉ាងណាមិញ នៅក្នុង​ពេលបើកសន្និសីទ លោក ម៉ាក្រុង បានថ្លែងថា « មិន​ត្រូវប្រហែសជាដាច់ខាតជាមួយ​នឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម »។ ការពិតជាក់ស្តែង ក្រុមនេះបាត់បង់ដែនដីគ្រប់គ្រង​មែន តែ​វា​នៅមាន​​កូន​​ក្រុម​ចល័ត និង​ធ្វើ​សកម្មភាពជារឿយៗ មិនថានៅអ៊ីរ៉ាក់ ឬនៅស៊ីរី ហើយ​និងនៅអាហ្វហ្កានីស្ថានទៀត។

ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រជែងនឹងក្រុមតាលីបង់

មិនមែនមានន័យថា ក្រុម​តាលីបង់ នឹងបើកដៃ ឲ្យ​ក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រមូលកម្លាំងនៅអាហ្វហ្កានីស្ថាននោះទេ។ យោងតាមការពន្យល់របស់ លោក Rasha al-Aqeedi អ្នកស្រាវជ្រាវម្នាក់នៅ Newlines Institute គឺ​ក្រុម​តាលីបង់ និងក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម នេះ គឺជាសត្រូវនឹងគ្នា ជា​គូប្រជែង​នឹងគ្នា ដែល​មានមនោគមវិជ្ជាអ៊ីស្លាមផ្តាច់ការខុសគ្នា។

អ្វីដែលគេព្រួយបារម្ភនោះ គឺ​ថា ក្រុមតាលីបង់គ្មានសមត្ថភាពគ្រប់គ្រង​ ដឹកនាំប្រទេសអាហ្វហ្កានីស្ថាន ធ្វើឲ្យ​​ក្រុម​​ជីហាត​អង្គការរដ្ឋអ៊ីស្លាម វាយលុក​ដណ្តើមយក​ដែនដី​​គ្រប់គ្រង​បាន​​ កាន់តែធំទៅៗ​។ យ៉ាងណាមិញ អំពើែភេរវកម្ម​កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ នៅព្រលានយន្តហោះក្រុងកាប៊ុល ដែលបាន​ផ្តាច់ជីវិតមនុស្ស​ជាង​៨០នាក់ ក្នុងនោះមានទាហានអាមេរិក១៣នាក់ផងនោះ បានស្តែងឲ្យ​ឃើញ​ទៅហើយ ពីភាព​ចលាចល ព្រមទាំង​សមត្ថភាព​​ដ៏ស្តួចស្តើង​ក្នុងការ​រក្សាសន្តិសុខ របស់​​ក្រុម​តាលីបង់។

ហើយមួយវិញទៀត គឺដោយសារភាពប្រជែងគ្នានេះ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នឹងប្រឹងប្រែង ជំរុញ​សន្ទុះ​របស់ពួកគេកាន់តែខ្លាំងនៅឯអ៊ីរ៉ាក់ និងស៊ីរី ដើម្បី​រៀប​ចំដែនដី បង្អួត​ក្រុម​តាលីបង់។ យោងតាមលោក Colin Clarke នាយក​​ផ្នែក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ Soufan មាន​មូលដ្ឋាននៅក្រុងញូយ៉ក បាន​ឲ្យ​ដឹងថា ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម មានសល់​លុយ​​រាប់សិបលានដុល្លារទៀត។ ដូច្នេះក្រុមនេះ អាចនឹង​ឆក់ឱកាស​ប្រមូលកម្លាំង រៀបបណ្តាញ​ វាយ​លុករៀបចំ​ដែនដី​ឡើងវិញ នៅអ៊ីរ៉ាក់ និងនៅស៊ីរី ប្រសិន​បើមាន​ការប្រហែស។

បារាំងជំរុញនិងគាំទ្រអ៊ីរ៉ាក់ ឲ្យដើរតួសំខាន់

ការដែល​លោកម៉ាក្រុង ប្រមែរប្រមូល​ប្រទេសសំខាន់ៗក្នុងតំបន់ដើមបូព៌ា មានដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ ហ្សកដានី អេហ្ស៊ីបជាដើម ឲ្យមកចូលរួមសន្និសីទនៅបាកដាតនេះ គឺវាជារឿងសំខាន់ និងជាជំហានចាប់ផ្តើម​ដ៏ល្អ​រួចទៅហើយ។ តាមពិត មិនមែនបារាំង ជាអ្នកចេញមុខចាត់ចែងទេ តែការពិត គឺបារាំង​គាំទ្រ​លើកទឹកចិត្ត​រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលជាអ្នក​​នៅកណ្តាល​ ក្នុងចំណោម​ប្រទេសសំខាន់ៗ ក្នុងតំបន់​ដើមបូព៌ា។

យោងតាម​មន្ត្រី​វិមាន​ប្រធានាធិបតី​​បារាំង អ៊ីរ៉ាក់បច្ចុប្បន្ននេះ គឺប្រៀបបីដូចជាចង្កូត របស់តំបន់ដើមបូព៌ា។ ជាក់ស្តែងនៅក្នុងបញ្ហាជម្លោះរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត គឺអ៊ីរ៉ាក់ ជាអ្នកនាំសារ ជាអ្នកធ្វើអាជ្ញាកណ្តាល ឲ្យ​មាន​​ការផ្សះផ្សារគ្នា។ ដរាបណាប្រទេសធំៗក្នុងតំបន់នេះ ដែលប្រកាន់មនោគមវិជ្ជា​​អ៊ីស្លាម​ខុសគ្នា នៅតែ​មិនចុះសម្រុងនឹងគ្នា នោះគឺវានឹងបើកទ្វារចំហរឲ្យ​ក្រុមជីហាតភេរវកម្ម​​អាចមានផ្លូវកើនកម្លាំង។ ហេតុដូច្នេះហើយ បានជាបារាំង គាំទ្រ ជំរុញអ៊ីរ៉ាក់ ឲ្យ​រៀបចំការផ្សះផ្សារ ធ្វើជាអាជ្ញាកណ្តាលរវាង​អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។

តែយ៉ាងណា ទាល់តែអ៊ីរ៉ាក់ មានភាពរឹងមាំខ្លួនឯងដែរ មិនថានយោបាយ សេដ្ឋកិច្ច នឹងសន្តិសុខ ទើប​អាចមានទំងន់ ប្រមែរប្រមូលគេឯងបាន។ បច្ចុប្បន្ននេះ មានទាហានបារាំង ប្រចាំការនៅអ៊ីរ៉ាក់ ប្រមាណ​៦០០នាក់ ដែលចាំជួយកងទ័ពអ៊ីរ៉ាក់ ផ្នែកផ្លូវអាកាស។ ហើយបើតាមសន្ទុះនៃការ​ប្រឹងប្រែងនេះ គឺបារាំងនឹងបន្តរក្សាកម្លាំង ឬក៏អាចបន្ថែមជំនួយអ្វីទៀតដល់អ៊ីរ៉ាក់ថែមទៀតផង។

ចំណែក​អាមេរិកវិញ មានកម្លាំងប្រមាណ​២៥០០នាក់ តែមិន​មែនកម្លាំងប្រយុទ្ធទេ។ អាមេរិកនៅជួយ​អ៊ីរ៉ាក់ផ្នែក​ ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រយោធា និងការ​ហ្វឹកហាត់​។ លោក Rasha al-Aqeedi លើកឡើងថា ថ្វីបើសមត្ថភាព​របស់កងទ័ពអ៊ីរ៉ាក់ នៅមិនទាន់រឹងមាំក្តី តែយ៉ាងណា អាមេរិកគិតថាកងទ័ពអ៊ីរ៉ាក់នឹងមិនធ្លាក់ដុនដាប ដូចកាលពីឆ្នាំ​២០១៤ ដែលធ្វើឲ្យ​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម វាយយក​ឈ្នះបាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ