អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី ហុងគ្រី និង​ប៉ូឡូញ វេតូ​ប្រឆាំង​ផែនការ​ជំរុញ សេដ្ឋកិច្ច របស់​គណៈកម្មការអឺរ៉ុប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហុងគ្រី និង​ប៉ូឡូញ បាន​បង្កើត​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ចន្ទទី ១៦ វិច្ឆិកា ដោយ​បាន​បោះឆ្នោត វេតូ ប្រឆាំង ផែនការ​ផ្តល់​សន្ទុះសេដ្ឋកិច្ច ដែល​អឺរ៉ុប​ធ្លាប់​បាន​ចរចា​យ៉ាងស្វិតស្វាញកាលពី​ខែ​កក្កដា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​រងគ្រោះដោយសារ​វិបត្តិកូវីដ​១៩។ ដោយសារ​តែ​វេតូ​របស់​ហុងគ្រី និង​ប៉ូឡូញ ផែនការ​ផ្តល់​សន្ទុះសេដ្ឋកិច្ច នៅក្រោយ​វិបត្តិកូវីដ ប្រមាណ ៧៥០ពាន់​លាន​អឺរ៉ូ នឹង​ត្រូវជាប់គាំង ជាថ្មីម្តងទៀត។

នាយករដ្ឋមន្រ្តី ហុងគ្រី ឆ្វេង និង​នាយករដ្ឋមន្រ្តី​ប៉ូឡូញ នៅ​មុន​ចូល​ប្រជុំ​ជាមួយ​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃទី ២៤​កញ្ញា ២០២០
នាយករដ្ឋមន្រ្តី ហុងគ្រី ឆ្វេង និង​នាយករដ្ឋមន្រ្តី​ប៉ូឡូញ នៅ​មុន​ចូល​ប្រជុំ​ជាមួយ​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃទី ២៤​កញ្ញា ២០២០ REUTERS - FRANCOIS LENOIR
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​របស់​ឯកអគ្គរដ្ឋទូត ប្រចាំ​សហភាព អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ ទី ១៦​វិច្ឆិកា ឯកអគ្គរដ្ឋទូត​ហុងគ្រី និង​ប៉ូឡូញ បាន​លើកដៃ វេតូ មិន​ឲ្យ​គេ​អាច​អនុម័ត​កញ្ចប់​ថវិកា​ពីរ។ ទីមួយ គឺ  អនាគត កញ្ចប់​ថវិកា​ ១០៧ម៉ឺនលានអឺរ៉ូ ដែល​អឺរ៉ុប ត្រូវ​ចំណាយ ពី ​ឆ្នាំ២០២១ ដល់​ឆ្នាំ ២០២៧ ហើយ​និង​មួយទៀត គឺ កញ្ចប់ថវិកា ៧៥០ពាន់លាន​អឺរ៉ូ ដែលគេត្រូវ​ប្រើ​សម្រាប់​ស្តារ​សេដ្ឋកិច្ច របស់​ប្រទេស​អឺរ៉ុប ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​កូវីដ។

គេនៅ​ចាំបាន​ថា កាលពី ៤​ខែ មុន ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ បាន​ចរចាគ្នា យ៉ាងស្វិតស្វាញ ទម្រាំនិយាយ​ចុះសម្រុងព្រមព្រៀងគ្នា ឲ្យមាន​កញ្ចប់ថវិកា ៧៥០ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិកូវីដ។ ប៉ុន្តែ នៅទីបំផុត កញ្ចប់​ថវិកា​ដែល​គេត្រូវការ​សម្រាប់​យក​ផ្តល់សន្ទុះសេដ្ឋកិច្ចអឺរ៉ុប ក៏​ត្រូវជាប់គាំង ទៅវិញ ដោយសារ​ការបោះឆ្នោត​វេតូ​របស់​ហុងគ្រី និង​ប៉ូឡូញ។

បើតាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ប៉ូឡូញ ប៉ូឡូញ បោះឆ្នោត​វេតូ ព្រោះថា ផែនការ​ជំរុញ​កំណើន​សេដ្ឋកិច្ច មាន​ភ្ជាប់​មក​ជាមួយនូវ​លក្ខខណ្ឌ “នីតិរដ្ឋ”។

សូមបញ្ជាក់ថា ដើម្បី​ទទួល​បាន​ប្រាក់ជំនួយ ប្រទេស  ​មួយ​ចំនួន​ ត្រូវ​គោរព ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​នីតិរដ្ឋ និង​តម្លៃ​របស់​អឺរ៉ុប ពិសេស​ត្រូវ​ការពារ​ផលប្រយោជន៍​រួម។ កាលពីដើម​ខែ​វិច្ឆិកា​នេះ សភាអឺរ៉ុប រួម​ទាំង​គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​បង្កើត​យន្តការ​មិនផ្តល់​មូលនិធិ​ដល់​ប្រទេស​ណា​ដែល​មិន​គោរព នីតិរដ្ឋ ដូចជា​តុលាការ​មិន​ឯករាជ្យ និង​ការមិន​គោរព​សិទ្ធិ​ជា​មូលដ្ឋានជាដើម។ យន្តការ​មួយ ដែល​មាន​តួនាទី​ជា​អ្នកតាម​ឃ្លាំ​មើល​លើ​ការ​គោរព​លក្ខខណ្ឌ​ទាំង​អស់​នេះ និង​មាន​ការ​ពិន័យ បើ​មាន​ការ​បំពាន។

ប៉ូឡូញ និង​ហុងគ្រី ដឹងថា ខ្លួន​ ខាតប្រយោជន៍ ប៉ុន្តែ នៅតែ បោះឆ្នោត វេតូ

ទៅតាមផែនការផ្តល់​សន្ទុះ​សេដ្ឋកិច្ច ប៉ូឡូញ ត្រូវ​ទទួល​បានប្រាក់ ២៣​ពាន់​លាន​អឺរ៉ូ ចំណែក ហុងគ្រី នឹង​បាន​៦ពាន់លាន​អឺរ៉ូ សម្រាប់ យក​ទៅ ជួយ​សង្រ្គោះសេដ្ឋកិច្ច ដែល​រងប៉ះពាល់​ដោយសារ​វិបត្តិកូវីដ។ នេះគេនៅមិនទាន់​និយាយ​ពី​កញ្ចប់​ប្រាក់ រាប់ពាន់​លានអឺរ៉ូ ផ្សេងទៀត ដែល​ហុងគ្រី និង​ប៉ូឡូញ ត្រូវ​ទទួលបាន​រៀងរាល់ឆ្នាំ ពី​កញ្ចប់ថវិកាអឺរ៉ុប ជាង ១០៧ម៉ឺន​លាន​អឺរ៉ូផង។

ប៉ុន្តែ សម្រាប់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ប៉ូឡូញ កញ្ចប់​ថវិកា​អឺរ៉ុប ដែល​មានភ្ជាប់​មកជាមួយ​នូវលក្ខខណ្ឌ ការគោរព​នីតិរដ្ឋ យ៉ាងដូច្នេះ គឺ​ជាការប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​សមាជិក ដូចជា​ប៉ូឡូញ ជាដើម។

គេ​វាយតម្លៃថា ប្រទេស​ហុងគ្រី និង​ប៉ូឡូញ បដិសេធ មិនគាំទ្រ​ឲ្យ​មាន​កញ្ចប់ថវិកា ភ្ជាប់ទៅ​ដោយ ​លក្ខខណ្ឌ គោរព​នីតិរដ្ឋ ក៏ព្រោះ ថា កន្លងមក ប្រទេស​ទាំងពីរ ធ្លាប់​បាន​រង​ការរិះគន់​ចាស់ដៃ​ពី​គណៈកម្មការ អឺរ៉ុប​ក្នុង​បទ​រំលោភ ​សេរីភាព​ព័ត៌មាន ឬ​ធ្វើ​កំណែទម្រង់ នយោបាយ ដែល​អាច​រំលោភ​បំពាន​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការជាដើម។

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ដែល​កំពុង​ដើរដល់​ផ្លូវទ័ល

កញ្ចប់​ទឹកប្រាក់​ទាំង ៧៥០ ពាន់​លានអឺរ៉ូ​ជា​ប្រាក់កម្ចី​ដែល​គណៈកម្មការ​អឺរ៉ុប​ជា​អ្នក​ចេញ​មុខ​ខ្ចី​ក្នុង​នាម​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស។ វា​ជាលើកទី១ ក្នុង​ប្រវត្តិសាស្រ្ត ដែល​ប្រទេស​សមាជិក​អឺរ៉ុប យល់ព្រម​ឲ្យ​មាន​ប្រាក់បំណុលរួម យ៉ាងដូច្នេះ។ ទឹកប្រាក់ ៧៥០ ពាន់លានអឺរ៉ូ​នេះ នឹង​ត្រូវ​អឺរ៉ុប​យក​ទៅ​ប្រើ​ក្រោម​រូបភាព​ពីរ គឺ​មួយ ​ជា​ប្រាក់ជំនួយ​ដែល​មាន​ចំនួន ៣៩០ ពាន់​លានអឺរ៉ូ និង​មួយទៀត ជា​រូបភាព  ប្រាក់​កម្ចី​ដែល​មាន​ចំនួន ៣៦០ ពាន់លានអឺរ៉ូ។ ប្រាក់កម្ចី​នេះ​នឹង​ផ្តល់​ទៅ​ឲ្យ​ប្រទេស​សមាជិក​ណា​ដែល​ត្រូវការ​ខ្ចី​តាម​ចំនួន​ដែល​ខ្លួន​ចង់​បាន ហើយគឺ​ប្រទេស​ដែល​ខ្ចី ដែលជា  ​អ្នកសង គ្រាន់តែ​ថា សង​ជាមួយ អត្រាការប្រាក់ទាប ដោយសារ​វា​ជា​បំណុល​ដែល​គណៈកម្មការ​អឺរ៉ុបបានចេញមុខ​ទៅ ខ្ចីជំនួស។

ចំណែក​ប្រាក់ជំនួយ​វិញ នឹង​ត្រូវ​បែងបែក​ឲ្យ​គ្រប់​ប្រទេស​សមាជិក​ដោយ​ផ្អែក​លើ​ស្ថានការណ៍​សេដ្ឋកិច្ច​ជាក់ស្តែង​របស់​ប្រទេស​សមាជិក​នីមួយៗ។ តែ​ប្រទេស​ដែល​អាច​ទទួល​បាន​ច្រើន​ជាង​គេ គឺ​ប្រទេស​ដែល​បាន​រងគ្រោះ​ដោយ​កូវីដ-១៩ ខ្លាំង​ជាង​គេ ពិសេស​អ៊ីតាលី និង​អេស្ប៉ាញ។ ចំណែក ប៉ូឡូញ និង​ហុងគ្រី ដែល​កំពុងលង់ខ្លួន ក្នុង​វិបត្តិ​កូវីដ ក៏​នឹង​អាច​ទទួល​បាន​ប្រាក់ជំនួយ និង​ប្រាក់កម្ចី ពីកញ្ចប់ថវិកា ៧៥០ពាន់លាន​អឺរ៉ូ​របស់គណៈកម្មការអឺរ៉ុបដែរ។

នៅក្នុង​កាលៈទេសៈ ដែល អឺរ៉ុប​កំពុង​ត្រូវការថវិកា ខ្លាំង ដោយសារ តែ​កំពុង​រួបរឹត​ដោយ​វិបត្តិសេដ្ឋកិច្ច និង​វិបត្តិសុខភាព ដោយសារ​តែ​ជំងឺកូវីដ យ៉ាងដូច្នេះ ការលើកដៃ​វេតូ​របស់​ហុងគ្រី និង​ប៉ូឡូញ ពេលនេះ គឺ​ជា​ដំណឹងអាក្រក់​មួយ សម្រាប់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំងមូល។ អ្នកតំណាង​អាល្លឺម៉ង់ ដែល​ដឹកនាំ សហភាព​អឺរ៉ុប​ឆ្នាំនេះ បាន​សំដែង​ការខកចិត្ត និងបាន​អំពាវនាវ​ឲ្យ មេដឹកនាំ​អឺរ៉ុប ទាំងអស់រកដំណោះស្រាយបន្ទាន់ ព្រោះថា គេ​បាន​ខាតពេល​ច្រើនណាស់​មកហើយ ហើយ​ក៏កំពុង​លង់​ខ្លួន កាន់តែខ្លាំង​ណាស់ដែរ​ទៅក្នុង​វិបត្តិកូវីដ។

បើសិន គ្មានវេតូ​របស់​ហុងគ្រី និង​ប៉ូឡូញ គណៈកម្មការអឺរ៉ុប​អាច​ចេញមុខទៅ​ខ្ចីលុយ ហើយ​អាចចាប់ផ្តើម ​អនុវត្ត​ផែនការ​ជំរុញ​សេដ្ឋកិច្ច  ផ្តល់ប្រាក់ជំនួយ ឬ​កម្ចី ដល់​ប្រទេស​សមាជិក ចាប់ពី​ខែ មេសា ប៉ុន្តែ ដោយសារ​តែ​ការខកខាន គ្មានការបោះឆ្នោត ដោយសារ​តែ​វេតូ​របស់​ហុងគ្រី និង​ប៉ូឡូញ  ជំនួយ​របស់អឺរ៉ុបសម្រាប់​ដោះស្រាយ​វិបត្តិកូវីដ នឹង​អាច​រូបរាង នៅពាក់កណ្តាល​ឆ្នាំ ក្រោយ​ឯណោះ។

នៅក្រោយ វេតូ របស់​ហុងគ្រី និង​ប៉ូឡូញ ការពិភាក្សា​រវាង​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ ត្រូវ​ជជែកគ្នា នៅក្នុង​កិច្ចប្រជុំមួយទៀត នៅព្រុចសែល នៅ​ថ្ងៃ អង្គារ។ គេ​សង្ឃឹមថា នៅក្នុង​ជំនួបកំពូល​អឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ទី ​ខាងមុខ មេដឹកនាំ​ប្រទេស​បារាំង និង​អាល្លឺម៉ង់ នឹង​អាច​បញ្ចុះបញ្ចូល​នាយករដ្ឋមន្រ្តី​របស់​ហុងគ្រី និង​ប៉ូឡូញ ឲ្យ​ផ្លាស់ប្តូរជំហរ​របស់ខ្លួន​ឡើងវិញ ព្រោះថា ចង់ ឬ​មិនចង់ កញ្ចប់ថវិកា​អឺរ៉ុប នឹង​ប្រើ​សម្រាប់​ផលប្រយោជន៍ និង​ស្រោចស្រង់​សេដ្ឋកិច្ច ​របស់​គ្រប់ប្រទេស​សមាជិក ដែល​រួមមានទាំង​ប៉ូឡូញ និង​ហុងគ្រីផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ