អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សកម្មជនអ៊ុយហ្គួរកំពុងជាប់ឃុំនៅចិន ត្រូវអឺរ៉ុបផ្តល់ពានរង្វាន់ Sakharov ដ៏សំខាន់ខាងសេរីភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​២៤តុលា សហភាពអឺរ៉ុប ​ប្រកាស​ផ្តល់​ពាន​រង្វាន់“សាខារ៉ូវ”​ជូនបញ្ញវន្ត អ៊ីលហាំម តុះទី (Ilham Tohti)​ ជា​សកម្មជនសិទ្ធិមនុស្ស​ ដែល​ប្រឹងប្រែង​លះបង់​ក្នុង​ទាម​ទារ​សិទ្ធិមនុស្ស​និង​សេរីភាព​ដល់​ជន​ជាតិ​ភាគតិ​ច​អ៊ុយហ្គួរ នៅ​ប្រទេស​ចិន។ តាំង​ពីឆ្នាំ២០១៤មក សាស្ត្រាចារ្យអ៊ីលហាំម តុះទី ត្រូវ​រដ្ឋអំណាច​ចិន​ចាប់​ដាក់​ពន្ធនាគារ​ ដោយ​ចោទប្រកាន់​ពី«​បទ​អប្បគមន៍​បំបែក​រដ្ឋ ហើយ​គាំទ្រ​ក្រុម​ឧទ្ទាម​ភេរវជនជ្រុល​និយម» ហើយ​លោក​បានត្រូវ​តុលាការ​ចិន​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត។ ពាន​រង្វាន់“សាខារ៉ូវ”នេះ ជា​រង្វាន់ជ័យលាភី​ដ៏ធំ​និង​ដ៏​មាន​កិត្តិយស​បំផុត​នៅ​អឺរ៉ុប​ ផ្នែក​ខាង​សិទ្ធិមនុស្ស​និងសេរីភាព។ រង្វាន់​នេះ ផ្តល់​ឱ្យ​ជន​ជាតិ​ចិន​ តែ​ពី​រនាក់​ប៉ុណ្ណោះ​ពីមុន​មក​​។​  ក៏ប៉ុន្តែ ការ​ប្រកាស​ផ្តល់​រង្វាន់លើក​នេះ គឺ​បាន​បង្ក​ក្តី​ក្តៅក្រហាយ​ដល់​រដ្ឋអំណាច​ចិន​ខ្លាំង។ អ្ន​កនាំពាក្យ​ក្រសួង​ការបរទេស​ចិន ប្រតិកម្មថា សភា​អឺរ៉ុប​មិន​ចេះ​បែង​ចែក​សខ្មៅ និងគាំទ្រ​ភេរវជន​ផ្តាច់​ទឹក​ដី ហើយ​ចិន ព្រមាន​សហគមអឺរ៉ុប ឱ្យ​ចេះ​គោរព​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ឱ្យ​ចេះ​គោរព​ប្រព័ន្ធ​យុត្តិធម៌​របស់​ចិន​ផង។

សាស្ត្រាចារ្យ​ Ilham Tohti ត្រូវ​រដ្ឋ​ចិន​ចាប់ឃុំ​ តាំងពី​ឆ្នាំ​២០១៤រហូតមក។
សាស្ត្រាចារ្យ​ Ilham Tohti ត្រូវ​រដ្ឋ​ចិន​ចាប់ឃុំ​ តាំងពី​ឆ្នាំ​២០១៤រហូតមក។ AFP PHOTO/Frederic J. BROWN
ផ្សាយពាណិជ្ជកម្ម

តើពាន​រង្វាន់សាខារ៉ូវ”នេះ ជារង្វាន់​អ្វី ហើយ​មា​នតម្លៃ​ដូចម្តេច​?

ជ័យលាភី​ពាន​រង្វាន់“សាខារ៉ូវ” (Sakharov)នេះ ជា​រង្វាន់ដ៏ធំ ទឹក​ប្រាក់​៥ម៉ឺន​អឺរ៉ូ ​និងជា​រង្វាន់​​ដ៏​មាន​កិត្តិយស​បំផុត​នៅ​អឺរ៉ុប​ ផ្នែក​ខាង​សិទ្ធិមនុស្ស​និងសេរីភាព។ Sakharov  ជា​ឈ្មោះ​របស់​អ្នក​ប្រាជ្ញ​វិទ្យាសាស្ត្រ​រុស្ស៊ី គឺលោក អង់ឌ្រៃ សាខារ៉ូវ (Andreï Dmitrievitch Sakharov) ដែល​ជាអ្នក​ជំនាញ​ខាង​រូបវិទ្យា និង​ជាអ្នក​ស្រាវជ្រាវ​ផ្នែក​ថាមពល​នុយក្លែអ៊ែរ​ នៅក្នុង​សម័យ​សហភាព​សូវៀត។ លោក “សាខារ៉ូវ” បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ពិភពលោក ដោយសារតែ​ការតស៊ូ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រណាំង​ប្រណែង​ផ្នែក​សព្វាវុធ​រុស្ស៊ី។ ពោល​គឺ​លោក​ប្រឆាំង​នឹង​កា​រផលិត​គ្រាប់នុយក្លេអែរដើម្បីធ្វើ​សង្គ្រាម​សម្លាប់​មនុស្ស​ជាតិ។​​

សហភាព​អឺរ៉ុប​យល់ថា តួអង្គ​លោក សាខាវ៉ូវ ជា​និមិន្តរូប​សំខាន់​ខាង​សន្តិភាព ប្រជាធិបតេយ្យ សេរីភាព​ និង​សិទ្ធិមនុស្ស​ ទើបអឺរ៉ុប​បាន​សម្រេច​យក​ឈ្មោះ​របស់​លោក ដាក់​ជា​ពានរង្វាន់​“សាខារ៉ូវ” (Sakharov)នេះឯង ដែល​បាន​ចាប់ផ្តើម​បង្កើតឡើង​តាំងពីឆ្នាំ​១៩៨៨។ កន្លង​មក មាន​បុគ្គល​សំខាន់ៗ​ដូច​ជា ជ័យលាភី​រង្វាន់​ណូបែលសន្តិភាព​ នាង​ម៉ាឡាឡា​, លោកអតីត​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ កូហ្វី អាណាន់, រដ្ឋបុរស ណែលសុន ម៉ាន់ដឺឡា ក៏​ធ្លាប់​បាន​សហភាព​អឺរ៉ុប​ប្រគល់​រង្វាន់​“សាខារ៉ូវ” នេះ​ជូន​ដែរ​។

​តើលោក អ៊ីលហាំម តុះទី មាន​គុណសម្បត្តិ​យ៉ាងណាខ្លះ ទើប​សភាសហគម​អឺរ៉ុប សម្រេច​​ប្រកាស​ប្រគល់​​ពានរង្វាន់​ដ៏​ធំ​សម្បើម​ជូន​លោក​​យ៉ាងដូច្នេះ​?

នេះ​មិនមែន​ជារង្វាន់​លើកទីមួយ​ទេ​ចំពោះ​លោក អ៊ីលហាំម តុះទី ! កាលពីចុង​​កញ្ញា ខែមុន​នេះ លោក​បាន​ត្រូវ​គេ​ប្រកាស​ផ្តល់​រង្វាន់​ខាងការពារសិទ្ធិមនុស្សដ៏ឆ្នើម​ ផ្តល់​ដោយ​ ក្រុមប្រឹក្សាអឺរ៉ុប ដែល​ជា​ស្ថាប័ន​​អន្តរជាតិ​ដាច់​ដោយឡែក ពីសហភាព​អឺរ៉ុប។ ​កាលពី​ឆ្នាំ​២០១៦ ក៏​លោកត្រូវ​គេ​ប្រកាស​ផ្តល់រង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ជូន​លោក រួច​ម្តង​ដែរ។​ ឈ្មោះ​របស់​លោក ក៏ធ្លាប់​ត្រូវ​បាន​សហគមអន្តរជាតិ​ ស្នើឡើង​សម្រាប់​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ថែមទៀត​ផង។​

មាន​វ័យ​៥០​ឆ្នាំ លោក អ៊ីលហាំម តុះទី (Ilham Tohti) ជាបញ្ញវន្តជនជាតិភាគតិច​​អ៊ុយហ្គួរដ៏កម្រ។ ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ​ខាង​សង្គមសាស្ត្រនិង​សិទ្ធិមនុស្ស គេ​ចាត់ទុក​រូប​លោកថា​ជា​បញ្ញវន្ត​ដែល​មាន​ការ​ទទួល​ស្គាល់​ទូលំទូលាយ​លំដាប់​ពិភពលោក។​ តែ​ពេ​លបច្ចុប្បន្ន​​នេះ ​លោក​កំពុង​ឋិត​នៅក្នុង​ពន្ធធានាគារ​ចិន ដែល​ត្រូវជាប់​ឃុំ​ជាង​៥ឆ្នាំមកហើយ។​ នៅមុន​ពេល​ត្រូវ​សមត្ថកិច្ច​ចិន​ចាប់​ខ្លួន​ពី​គេហដ្ឋាន,  លោក​ធ្វើ​ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ភូមិវិទ្យា​នៅ​សកលវិទ្យាល័យ​ នៅ​រដ្ឋធានី​ប៉េកាំង។​ ដោយ​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ភាគ​តិ​ច​អ៊ុយហ្គួរ លោក​បាន​បង្កើត​គេហទំព័រ​អ៊ីនធ័រនែត ហើយ​សរសេរ​អត្ថបទ​ចុះផ្សាយ​ជាប្រចាំ​ជាភាសា​ចិន ស្តីអំពី​ទុក្ខ​លំបាក​របស់​ពួក​អ៊ុយហ្គួរ, បញ្ហាលំបាក​​សមារណកម្មចុះ​​ក្នុង​សង្គម, បញ្ហា​ខ្វះ​ការងារ​ធ្វើ​របស់​យុវជន​អ៊ុយហ្គួរ និង​ការ​ទាមទារ​សិទ្ធិសេរីភាព​​របស់​ជន​ជាតិ​ភាគ​តិចអ៊ុយហ្គួរ​​នៅក្នុង​សង្គម​ចិន គឺសុទ្ធតែ​ជា​រឿង​ក្តៅនិង​រសើប​ មិន​សូវ​មាន​អ្នក​ហ៊ាន​និយាយ​ទេ​។ ក៏ប៉ុន្តែ នៅ​ឆ្នាំ២០១៤  លោកបានត្រូវរដ្ឋអំណាចចិនចាប់ដាក់ពន្ធនាគារ ហើយតុលាការចិន ចោទប្រកាន់​លោក​ពីបទអប្បគមន៍បំបែករដ្ឋ និង​គាំទ្រក្រុមឧទ្ទាមភេរវជនជ្រុលនិយម ហើយ​និងបាន​​កាត់ទោសដាក់គុកអស់មួយជីវិត។

សម្រាប់​ការ​ប្រកាសប្រគល់ពានរង្វាន់ដ៏ធំសម្បើមជូនលោកសាស្ត្រាចារ្យ អ៊ីលហាំម តុះទី, គេនៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅឡើយ​ទេ ថាលោក​បាន​ទទួល​ជ្រាប​ដំណឹង​ដ៏​អស្ចារ្យ​នេះឬក៏អត់​។​ ពីព្រោះថា នៅពេល​នេះ លោក​កំពុងតែ​នៅក្នុង​មន្ទីរឃុំឃាំង​ ដែល​មានការ​យាម​កាម​ដ៏​តឹងតែងបំផុត​ ហើយ​រដ្ឋអំណាចក្រុង​ប៉េកាំង​ ​បាន​បដិសេធ​​មិន​ឱ្យ​នរណា​ចូល​ទៅ​ជួប​សួរ​សុខ​ទុក្ខរូប​​គាត់​ឡើយ សូម្បី​តែសាច់ញាតិ​គ្រួសារ​ ក៏ដោយ​ចុះ។

រង្វាន់នេះ បង្កក្តីក្តៅក្រហាយដល់រដ្ឋអំណាចចិន។ ចិន ប្រតិកម្មថា សភាអឺរ៉ុបមិនចេះបែងចែកសខ្មៅ និងគាំទ្រភេរវជនផ្តាច់ទឹកដី ​។

មិន​មែន​ជារឿង​ចម្លែក​​ទេ ដែល​រដ្ឋ​អំណាច​ក្រុង​ប៉េកាំងប្រកាន់​ជំហរ​ដូច្នេះ។ នៅ​ថ្ងៃសុក្រ ទី២៥តុលា   ក្រសួង​ការ​បរទេស​ចិន សម្តែង​ការ​មិន​ពេញចិត្ត​ជាខ្លាំង ដោយ​បាន​ក្រើន​រម្លឹក​សហគមអឺរ៉ុប​ថា ត្រូវ​ចេះគោរព​កិច្ចការ​ងារ​ផ្ទៃ​ក្នុង​ និង​ដែន​អំណាច​យុត្តាធិការ​តុលាការ​របស់​ចិន​ផង ហើយ​ត្រូវ​ជៀស​វាង​ដាច់​ខាត ការ​ផ្តល់​កិត្តិយសដល់​ភេរវជន។ នេះជាការ​សេចក្តីបញ្ជាក់​របស់​ក្រសួង​ការ​បរទេស​ចិន ក្នុងសន្និសីទ​សារព័ត៌មាន​ រៀបចំ​ដោយ​លោកស្រី ហ័រ ឆាន់យីង (Hua Chanying) អនុប្រធានការិយាល័យ​នាំពាក្យ​ក្រសួង​ការបរទេស​ចិន។

​ពី​ខាង​សហភាព​អឺរ៉ុប ទន្ទឹម​នឹង​ប្រកាស​ផ្តល់​រង្វាន់​ដ៏​អស្ចារ្យ នៅពេល​នេះ សភា​អឺរ៉ុប​ក៏​ស្នើ​ឱ្យ​រដ្ឋអំណាច​ចិន​ដោះលែង​លោក អ៊ីលហាំម តុះទី ចេញ​ពី​ពន្ធនាគារ​ជាបន្ទាន់។ ចំណែកពីធីប្រគល់​រង្វាន់​ជាផ្លូវការ​នឹងត្រូវ​រៀបចំ​នៅ​ការិយាល័យ​សភា​សហគមន៍​អឺរ៉ុប នៅថ្ងៃទី​១៨ធ្នូ ខាងមុខ​នេះ។​ ក៏ប៉ុន្តែ គេ​សង្ឃឹម​តិច​តួច​ណាស់ ថា​លោក​ អ៊ីលហាំម តុះទី អាច​រួច​រំដោះ​ពី​ពន្ធនាគារ​ចិន មក​ទទួល​រង្វាន់​នៅ​អឺរ៉ុប​បាន​នោះ។ ករណី​នេះ ក៏​មិន​ជារឿងថ្មីដែរ ពីព្រោះថាកវីនិពន្ធចិន លី ស៊ាវប៉ូ (Liu Xiaobo) ដែល​ត្រូវ​គេ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព កាលពីឆ្នាំ​២០១០ ក៏​មិនត្រូវ​បាន ​រដ្ឋអំណាច​ចិន ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរឃុំឃាំង ទៅ​ទទួល​រង្វាន់លំដាប់​ពិភព​លោក​ ​នោះផង​ដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ