អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កម្លំាងសម្ព័ន្ធមិត្ត​បាន​បើក​ការ​វាយប្រហារ​លើ​ពួកជីហាត​ក្នុង​ប្រទេស​ស៊ីរី​ជា​លើកទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី២៣ កញ្ញា​នេះ ទ័ពអាមេរិកំាង​រួម​ជាមួយ​កម្លំាងទ័ព​របស់​ប្រទេស​ដៃគូ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស និង​ផ្លូវទឹក​ជា​លើកទី១ លើ​ទីតំាង​របស់​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ប្រទេស​ដៃគូ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិ​នោះ​សុទ្ធសឹង​ជា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ និង​ដែល​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​សំដៅ​ពិសេស​លើ​តំបន់​រ៉ាក់កា (Raqqa) ដែល​ជា​ជម្រក​របស់​ពួកជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី។ អ្វី​ជា​ការ​កត់សម្គាល់ ប្រតិបត្តិការ​វាយប្រហារ​ពួក​ជីហាត​ក្នុង​ប្រទេស​ស៊ីរី​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​ចលនាភេរវនិយម​មួយ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សម្លាប់​ជនបរទេស​ក្នុង​ប្រទេស​ណា​ដែល​បាន​ចូលរួម​វាយប្រហារ​ពួកជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។

កម្លំាងសម្ព័ន្ធមិត្ត​បាន​បើក​ការ​វាយប្រហារ​លើ​ពួកជីហាត​ក្នុង​ប្រទេស​ស៊ីរី​ជា​លើកទី១
កម្លំាងសម្ព័ន្ធមិត្ត​បាន​បើក​ការ​វាយប្រហារ​លើ​ពួកជីហាត​ក្នុង​ប្រទេស​ស៊ីរី​ជា​លើកទី១ US Navy
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​អាមេរិក និង​ប្រទេស​ដៃគូ​មួយ​ចំនួន​បាន​បើក​ការ​វាយប្រហារ​ស៊ីរី​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង និង​ជា​ការ​រង់ចំា​ផង។ រង់ចំា​ព្រោះ​ពួកជីហាត​មិន​មែន​​មាន​មូលដ្ឋាន​តែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ។ តាម​ការ​ប្រមើលមើល ដែនដី​ដែល​ពួក​ជីហាត​កំពុង​កាន់កាប់​សព្វថ្ងៃ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផ្ទៃដី​របស់​ប្រទេស​អង់គ្លេស​ដែល​ក្នុង​នោះ មួយ​ភាគ​ស្ថិត​ក្នុង​ប្រទេស​អ៊ីរ់ាក់ និង​មួយភាគ​ទៀត​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី​ប៉ែក​ខាង​ជើង។ ចលនា​ភេរវនិយម​មួយ​នេះ​មាន​កម្លំាង​ជិត ៥០ ០០០នាក់​នៅ​ស៊ីរី និង​ពី ៨ ០០០ ទៅ ១០ ០០០នាក់​នៅ​អ៊ីរ៉ាក់។ យោង​តាម​តួលេខ​របស់​ក្រសួង​ការបរទេស​អាមេរិក មាន​យុទ្ធជន​ជីហាត​ប្រមាណ​ជា ១២ ០០០នាក់ ជា​ជនបរទេស​មក​ពី​៥០ប្រទេស​ខុស​គ្នា ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ប្រមាណ​ជា ១០០នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី តំាង​ពី​ថ្ងៃ​មាន​ការ​ងើបបះបោរ​ប្រឆំាង​នឹង​រដ្ឋាភិបាល​ស៊ីរី​កាល​ពី​ឆ្នំា ២០១១។

ម្យ៉ាង​ទៀត លោក​ប្រធានាធិបតី​អាមរិក​អូបាម៉ា​ក៏​ធ្លាប់​បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​កាល​ពី ១០ថ្ងៃ​មុន​រួច​ហើយ​ថា យុទ្ធនាការ​កំចាត់​ពួកជីហាត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​គ្រប់ទីកន្លែង​ទំាង​អស់ ដោយ​រាប់បញ្ចូល​ទំាង​ប្រទេស​ស៊ីរី​ផង។ រីឯ​រឿង​ភ្ញាក់ផ្អើល​វិញ​ដោយសារ​គេ​នឹក​ស្មាន​មិន​ដល់​ថា ហេតុអ្វី​បាន​ជា​អាមេរិក​បាន​សម្រេច​វាយប្រហារ​ពួក​ជីហាត​ក្នុង​ប្រទេស​ស៊ីរី​យ៉ាង​ទាន់ហន់​របៀប​នេះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​ស៊ីរី​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នកនំាពាក្យ​របស់​ពួកជីហាត​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សម្លាប់​ជនជាតិ​បារំាង អាមេរិកំាង កាណាដា និង​ជនជាតិ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ដែល​បាន​លូកដៃ​វ៉ៃ​ពួក​ជីហាត។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ពី​ការ​ដែល​ពួកភេរវជន​ក្នុង​ប្រទេស​អាល់ហ្សេរី​ទើប​ចាប់​ជនជាតិ​បារំាង​ម្នាក់​ធ្វើ​ជា​ថ្នូរ និង​ដែល​ពួកភេរវជន​គំរាម​សម្លាប់​ក្នុង​រយៈពេល ២៤ម៉ោង បើ​បារំាង​មិន​បញ្ឈប់​វាយប្រហារ​ពួកជីហាត​នៅ​អ៊ីរ៉ាក់​ទេ។

មាន​តែ​ប្រទេសអារ៉ាប់​ដែល​បាន​ចូលរួម​ជាមួយ​អាមេរិក

ប្រតិបត្តិការ​វាយប្រហារ​ពួកជីហាត​ក្នុង​ប្រទេស​ស៊ីរី​ពេល​នេះ​មិន​មាន​ការ​ចូលរួម​ពី​ប្រទេស​លោក​ខាងលិច​ទេ ពោល​គឺ​មាន​តែ​អាមេរិក និង​ប្រទេស​អារ៉ាប់​មួយ​ចំនួន ៥ ក្នុង​នោះ​មាន បារ៉ែន ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម កាតា និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នកនំាពាក្យ​កងទ័ព​អាមេរិក ឧត្តមសេនីយ​គៀប៊ី និង​ក្រសួង​ការពារជាតិ​អាមេរិក។ ការ​ចូលរួម​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​មិន​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ទេ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា រាជាណាចក្រ​ស្តេចប្រេងកាត​មួយ​នេះ​ចង់​តែ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់ ទំាង​នៅ​ក្នុង​វិស័យ​ការទូត និង​យោធា។ ចូរ​កុំ​ភ្លេច​ថា អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដែល​មាន​ថវិកា​យោធា​ប្រចំា​ឆ្នំា​រហូត​ដល់​ទៅ ៦០ ០០០លានដុល្លារ ស្ថិត​ក្រោយ​ប្រទេស​រុស្ស៊ី និង​មាន​កម្លំាងទ័ព ២០ម៉ឺននាក់ ព្រម​ទំាង​បំពាក់​ដោយ​គ្រឿងសព្វាវុធ​ទំនើបៗ។

មួយ​វិញ​ទៀត រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​ក៏​បាន​រង់ចំា​ការ​វាយប្រហារ​ស៊ីរី​ពី​សំណាក់​អាមេរិក​ជា​យូរ​ខែ​ហើយ ព្រោះ​ខ្លួន​ក៏​មាន​បំណង​ចង់​សំពង​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ​ដែរ។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​មាន​ផ្ទុះ​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​មក អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ពួក​បះបោរ​ដើម្បី​ប្រឆំាង​នឹង​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ ក្រៅ​ពី​អាមេរិក នៅ​មិន​ទាន់​មាន​ប្រទេស​លោកខាងលិច​ណា​ផ្សេង​ចូលរួម​ទេ។

រដ្ឋាភិបាល​ស៊ីរី​បាន​ប្រកាស​គំាទ្រ​ចំពោះ​យុទ្ធនាការ​វាយប្រហារ​ពួកជីហាត​ក្នុង​ទឹកដី​ខ្លួន

គម្រោង​វាយប្រហារ​ស៊ីរី​នេះ​ត្រូវ​បាន​អាមេរិក និង​បារំាង​ចង់​ធ្វើ​ម្តង​ហើយ តែ​កាល​ណោះ គឺ​សំដៅ​ទម្លាក់​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ តែ​នៅ​ពេល​នោះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ដោយសារ​តែ​មាន​ដំណោះស្រាយ​ស្នើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី។ នៅ​លើក​នេះ ការ​វាយប្រហារ​បាន​សំដៅ​លើ​តែ​ពួកជីហាត​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ស៊ីរី​ប៉ែកខាងជើង​ជាប់​ព្រំដែន​នឹង​ប្រទេស​អ៊ីរ៉ាក់។ ក្រសួង​ការបរទេស​ស៊ីរី​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថ្ងៃ​​នេះ​ថា ខ្លួន​ត្រូវ​បាន​អាមេរិក​ជូន​ដំណឹង​មុន និង​ថែម​ទំាង​បាន​ប្រកាស​គំាទ្រ​ចំពោះ​យុទ្ធនាការ​វាយប្រហារ​នេះ។ នៅ​ខាង​រុស្ស៊ី​ដែល​មិន​បាន​ចូលរួម​ជាមួយ​កម្លំាងសម្ព័ន្ធមិត្ត​វាយប្រហារ​ពួក​ជីហាត​ត្រូវ​បាន​លោក​ប្រធានាធិបតី​ពូទីន​បញ្ជាក់​ថា គេ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ស៊ីរី​ជា​មុន​សិន មុន​នឹង​បើក​ការ​វាយប្រហារ។ ចូរ​កុំ​ភ្លេច​ថា ពួកជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី​នេះ​ក៏​ជា​សត្រូវ​របស់​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ​ដែរ និយាយ​ឲ្យ​ស្រួល​យល់ អាមេរិក និង​ស៊ីរី​កំពុង​ប្រយុទ្ធ​ទល់​នឹង​សត្រូវ​រួម​ដូច​គ្នា។

តែ​អ្វី​ដែល​កំពុង​ចោទ​ខ្លំាង​ពេល​នេះ​គឺ​ថា តើ​របប​ស៊ីរី​របស់​លោក​អាសាដ​មិនមែន​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​របស់​អាមេរិក​ទេ ឬ​យ៉ាង​ណា ព្រោះ​ចង់ ឬ​មិន​ចង់ ការ​វាយប្រហារ​ពួក​ជីហាត​ពេល​នេះ​អាច​ជា​លេស​មួយ​ដើម្បី​បន្ត​វាយប្រហារ​លើ​រដ្ឋាភិបាល​ស៊ីរី​ទៀត​ក៏​ថា​បាន និង​ដែល​នេះ ក៏​ជា​ការ​ចង់​បាន​របស់​ក្រុមបះបោរ​ស៊ីរី​សព្វថ្ងៃ​ដែរ។ តែ​គេ​ក៏​អាច​និយាយ​ផ្ទុយ​ទៅ​វិញ​ថា ការ​ប្រយុទ្ធ​ទល់​នឹង​សត្រូវ​រួម​ដូច​គ្នា​នេះ​អាច​ធ្វើ​ឲ្យ​អាមេរិក​បង្ខំ​ចិត្ត​ចាប់ដៃ​ជាមួយ​លោក​អាសាដ ព្រោះ​នៅ​ពេល​នេះ ស៊ីរី​កំពុង​ក្លាយ​ជា​តួអង្គ​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ពួកជីហាត។ ដូច្នេះ​វា​ជា​ឱកាស​ល្អ​សម្រាប់​លោក​អាសាដ​ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​បញ្ឈប់​ការ​ប្រឆំាង​ខ្លួន និង​ធានា​ថា ក្រោយ​ពី​បាន​វាយប្រហារ​លើ​ពួក​ជីហាត​ក្នុង​ទឹកដី​ស៊ីរី​រួច​ហើយ ស៊ីរី​នឹង​មិន​ក្លាយ​ជា​ផ្ទំាងស៊ីប​បន្ទាប់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ