លោកអូបាម៉ាមកលួងលោមអឺរ៉ុបដល់ផ្ទះ កុំឱ្យព្រួយបារម្ភនឹងអាមេរិកមានប្រធានាធិបតីថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៨
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានជ្រើសរើសក្រិក ដែលលោកមិនធ្លាប់អញ្ជើញមកសោះតាំងពីឆ្នាំ២០០៨មក ជាប្រទេសដំបូងគេ ក្នុងដំណើរបំពេញទស្សនកិច្ចលាអន្តរជាតិ។ បន្ទាប់ពីក្រិក លោក អូបាម៉ា នឹងបន្តដំណើរទៅប្រទេសអាល្លឺម៉ង់ និងប៉េរ៉ូ ជាកិច្ចបង្ហើយ។ នៅអាល្លឺម៉ង់ លោកអូបាម៉ា នឹងត្រូវជួបលោកស្រីអង់ហ្គឺឡា មែរកិល លោកប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស និងអ៊ីតាលី។
លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងបំពេញទស្សនកិច្ចលាអន្តរជាតិ ជាលើកចុងក្រោយ មុននឹងផ្ទេរតំណែងទៅឱ្យលោកដូណាល់ ត្រាំ នៅរវាងពីរខែទៀត។ ក្នុងដំណាក់កាលដំបូង នាថ្ងៃទី ១៥ វិច្ឆិកា នេះ លោកកំពុងស្ថិតនៅក្នុងប្រទេសក្រិក ដែលលោកមិនធ្លាប់អញ្ជើញមកសោះ តាំងពីឡើងកាន់អំណាចមក។ ហេតុដូច្នេះហើយបានជាក្រិករង់ចាំវត្តមានលោកអូបាម៉ា ជាពិសេសតែម្តង !
លោកអូបាម៉ា និងសាមគ្គីភាព
ថ្វីបើលោក អូបាម៉ា មិនដែលបានអញ្ជើញមកប្រទេសក្រិកសោះក្នុងអំឡុងពេលកាន់អំណាច៨ឆ្នាំនេះ ក៏ដោយ ក៏អ្នកវិភាគមួយចំនួនធំយល់ថា វត្តមានលោកអូបាម៉ា ថ្ងៃនេះ ជានិម្មិត្តរូប នៃសាមគ្គីភាពរបស់អាមេរិកចំពោះក្រិក ព្រោះពេលដែលក្រិកឆ្លងកាត់វិបត្តិប្រាក់បំណុលជិតក្ស័យធន មានសេដ្ឋកិច្ចវិទូអាមេរិកច្រើនណាស់បានការពារក្រិក។ មិនបានមកពេលកើតហេតុ ក៏មកតាមក្រោយដែរ។
រដ្ឋាភិបាលក្រុងអាថែន ក៏ដូចគ្នា ! បានបង្ហាញសុទិដ្ឋនិយមតាំងពីដំបូង និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា ថាការបញ្ចប់អាណត្តិជាមួយដំណោះស្រាយសេដ្ឋកិច្ចនយោបាយការបរទេស។ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក បានគូសបញ្ជាក់ថា លោកអូបាម៉ា មកលាក្រិក ដល់ផ្ទះ គឺជាការផ្តល់កិត្តិយសដល់ក្រិកខ្លាំងណាស់ ស្មើនឹងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការដោះស្រាយវិបត្តិប្រាក់បំណុលនិងស្ថិរភាពតំបន់។ ហើយខុសពីអឺរ៉ុប ក្រិកហាក់ដូចជាមានជំហររឹងប៉ឹង និងមានទំនុកចិត្តកាន់ខ្លាំងទៀត ក្នុងការចរចាជាមួយម្ចាស់បំណុល នៅពេលឃើញអ្នកជំនួញ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីបន្តពីលោកអូបាម៉ា។
ដំណើរទស្សនកិច្ចលារបស់លោកអូបាម៉ា នៅក្រិកនេះ វិលជុំវិញតែលើប្រធានបទធំៗពីរ គឺ វិបត្តិប្រាក់បំណុល និងសោកនាដកម្មរបស់ជនភៀសខ្លួន ដែលលោកអូបាម៉ា បានថែមទាំងសម្តែងទឹកចិត្តអាណិតអាសូរខ្លាំងណាស់ដល់ជនភៀសខ្លួន និងសរសើរអំពីទឹកចិត្តសម្បុរសរបស់ពលរដ្ឋក្រិក។
ហេតុដូច្នេះហើយបានជា លោកនាយករដ្ឋមន្ត្រីក្រិក សង្ឃឹមថា នៅពេលលោកអូបាម៉ា បានមកឃើញផ្ទាល់ក្រិកហើយ លោកនឹងអាចនាំសារទៅឱ្យអាល្លឺម៉ង់របស់លោកស្រី អង់ហ្គឺឡា មែរកិល ដែលតែងប្រឆាំងរាល់សំណើក្រិក។
ព្រោះបន្ទាប់ពីក្រិក លោក អូបាម៉ា នឹងអញ្ជើញទៅអាល្លឺម៉ង់ ដើម្បីបានលាមិត្តសម្លាញ់ អង់្ហ្គឺឡា មែរកិល។ នៅប៊ែរឡាំង លោកអូបាម៉ា ក៏នឹងជួបលាលោកហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស និងអ៊ីតាលី។
តុល្យការការងារ៨ឆ្នាំរបស់លោកអូបាម៉ា ជាមួយអឺរ៉ុប
បើតាមអ្នកវិភាគនយោបាយ គេយល់អាមេរិកប្រធានាធិបតីអាមេរិក អូបាម៉ា មានផ្តល់ភាពល្បីល្បាញ ស្តារឈ្មោះរបស់អាមេរិកនៅអឺរ៉ុបបានច្រើន បើប្រៀបទៅនឹងប្រវត្តិរបស់រដ្ឋបាលអាមេរិកមុនៗ។ លោកអូបាម៉ា មានទស្សនៈវិស័យអឺរ៉ុបខ្លាំង ជាពិសេសនៅក្នុងឆ្នាំ២០១៦តែម្តង តាមរយៈការសាកល្បងបង្អាក់អង់គ្លេសមិនបំបែកខ្លួនចេញពីអឺរ៉ុប ដោយសុខចិត្តធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍តែម្តង។ នេះជាអាចចាត់ទុកជានយោបាយក៏ក្លាហានមួយ។ ចំណុចនេះ ត្រូវបានពលរដ្ឋអឺរ៉ុបស្វាគមន៍ខ្លាំង ប៉ុន្តែបើនិយាយអំពីការងារជាក់ស្តែងវិញ លោកអូបាម៉ា បានសម្រេចលទ្ធផលតិចជាងការសង្ឃឹមទុក។
ដំណើរលាគ្នាពេលនេះ ក៏ខុសពីការសង្ឃឹមទុកដែរ ព្រោះថាជោគជ័យរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក គឺជាការភ្ញាក់ផ្អើល ផ្ទុយស្រឡះពីការព្យាករទាំងឡាយ។ ថ្វីបើគ្រប់គ្នាកំពុងរៀបចំទទួលស្វាគមន៍លោកអូបាម៉ា មែន តែក្នុងអារម្មណ៍ចាប់គិតដល់លោកដូណាល់ ត្រាំ ដែលជាអនាគតប្រធានាធិបតីអាមេរិកទៅហើយ។
លោក អូបាម៉ា ចេញមុខធានាកុំឱ្យអឺរ៉ុបភ័យ
តាំងពីមុនចេញដំណើរពីអាមេរិក លោកអូបាម៉ា បានបង្ហោះសារលួងចិត្ត និងធានារ៉ាប់រងប្រាប់អឺរ៉ុបជាសម្ព័ន្ធមិត្តកុំឱ្យព្រួយបារម្ភ នឹងអាមេរិករបស់លោកដូណាល់ ត្រាំ អ្វី។ លោកបានយកខ្លួនធានាថានឹងសម្ព័ន្ធភាពអន្តរអាត្លង់ទិច និងចំណងរបស់អាមេរិកក្នុងចលនាអូតង់ នឹងគ្មានការប្រែក្រឡាស់ឡើយ។
លោកអូបាម៉ា មិនបដិសេធទេ ថាលោកក៏មានការព្រួយបារម្ភខ្លាំងដែរ នៅឃើញលទ្ធផលបោះឆ្នោតថ្ងៃទី ៨ វិច្ឆិកាធ្លាក់មកនោះ។ ព្រោះ លោកត្រាំ និងខ្លួនលោក មានទស្សនៈផ្ទុយគ្នាស្រឡះ ស្ទើរគ្រប់វិស័យ។ ពាក្យសំដី ក្នុងពេលឃោសនាទៀតសោត ក៏មានលក្ខណៈជ្រុលនិយម ប្រកាន់ពូជសាសន៍ រើសអើងភេទ ប៉ុន្តែលោក អូបាម៉ា បានពន្យល់បំភ្លឺ នៅថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតីដែលត្រូវមកបន្តតំណែងពីលោក មិនមែនជាមនុស្សមានមនោគមវិជ្ជានិយមទេ ! តែជាមនុស្សដែលសំអាងលើការណ៍ (អ្វីដែលសម្រេចបានជាការពិត ហើយគ្មានសេចក្តីពិតជាដាច់ខាត)។ បុគ្គលិកលក្ខណៈនេះអាចមានប្រយោជន៍ ប្រសិនបើលោកមានអ្នកនៅជុំវិញខ្លួនល្អ។ ម្យ៉ាងវិញទៀត ថ្វីបើអាមេរិកអាចមានការប្តូរទិសនយោបាយការបរទេសក្តី ក៏អាមេរិកនៅរក្សាគោលនយោបាយអន្តរជាតិមួយភាគធំ ហើយអាមេរិកនៅតែតំណាងក្តីសង្ឃឹម និងជាជាតិមិនអាចខ្វះបានរបស់ពិភពលោកដដែល។
សម្រាប់លោក អូបាម៉ា ពាក្យសំដីដែលលោក ត្រាំ បានសន្យា នៅក្នុងពេលឃោសនាបោះឆ្នោត ដូចជាការចង់ហែកចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លុបចោលកិច្ចព្រមព្រៀងប៉ារីស ស្តីពីអាកាសធាតុ ។ល។ និង។ល។ នឹងមិនអាចរក្សាបានទេ ព្រោះវាពិតជាការលំបាកខ្លាំងណាស់ ដែលត្រូវទៅរុះរើរបស់អ្វីមួយដែលមានដំណើរការស្រួលទៅហើយ។
ក្រោយពីបានជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោកអូបាម៉ា បានយកខ្លួនមកធានាចំពោះទំនាក់ទំនងជាមួយអឺរ៉ុបក្នុងក្របខ័ណ្ឌអូតង់ និងអន្តរប៉ាស៊ីហ្វិក។ អាទិភាពបន្ទាប់មកទៀតរបស់អនាគតប្រធានាធិបតី គឺផ្សះផ្សាជាមួយរុស្ស៊ី ដែលជួបនឹងភាពតានតឹងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំនេះ ដោយហេតុវិបត្តិនៅស៊ីរី និងអ៊ុយក្រែន។ អាមេរិកក៏នឹងរក្សាទំនាក់ទំនងល្អជាមួយចិន ហើយគ្រោងជួបគ្នានាពេលឆាប់ៗខាងមុខនេះទៀត។ ដូច្នេះគ្មានអ្វីគួរឱ្យត្រូវបារម្ភទៀតឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ