rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ជំនួបកំពូល​សហភាព​អឺរ៉ុប៖ ​មាន​ពន្លឺ​សម្រាប់​Brexit ​តែ​ងងឹត​សម្រាប់​វិបត្តិ​ជន​ភៀសខ្លួន​

ដោយ ម៉ម ពិសី

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំប្រទេសសមាជិកទាំង២៧ បានចាប់ផ្តើម បើកការប្រជុំកំពូល នៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ធ្នូ។ ថ្ងៃទីមួយនៃជំនួបកំពូលនេះ គេសង្កេតឃើញថា ការចរចា​ស្តីពីនីតិវិធីផ្តាច់ខ្លួន​របស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប​ បានដើរទៅមុខលឿនមួយកំរិតធំ។ កិច្ចព្រមព្រៀង​គោល​មួយ រវាងសហភាពអឺរ៉ុប និងអង់គ្លេស នឹងត្រូវបោះឆ្នោតយល់ព្រមនៅថ្ងៃនេះ ដោយប្រទេសសមាជិក​ទាំង​២៧​ផ្សេង​ទៀត។ តែ​យ៉ាងណា​ក៏​ដោយ ​ទាក់ទិន​នឹង​បញ្ហា​ ចំនួន​កូតាជនភៀសខ្លួន និង បញ្ហាកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ ជាដើម គេសង្កេតឃើញថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅមានគោលជំហរឆ្ងាយពីគ្នាខ្លាំងណាស់។

Brexit ជោគជ័យដំណាក់កាលពីទីមួយ ឈានទៅដំណាក់កាលថ្មី

ទីបំផុតទៅ ការចរចាស្តីពីនីតិវិធីផ្តាច់ខ្លួនរបស់អង់គ្លេសនេះ​ បានឡើងដល់ដំណាក់កាលថ្មីមួយទៀត ហើយ។ លោកស្រីតេរ៉េសា ម៉េ ត្រូវបានគេអបអរ ថាបានចាត់ចែងការចរចា បានជោគជ័យ ជាមួយប្រទេសសមាជិកទាំង២៧ផ្សេងទៀត។ កាលពីថ្ងៃម្សិលមិញនេះ អង់គ្លេស និងប្រទេសទាំង២៧​ផ្សេងទៀត បានសម្រេចសរសេរកិច្ចព្រមព្រៀងគោលមួយ ជាមួយគ្នា ដោយកិច្ចព្រមព្រៀងគោលនេះ នឹងត្រូវបោះឆ្នោតសម្រេច នៅរសៀលថ្ងៃនេះ នៅឯទីក្រុងព្រុចសែល។

ក្នុងកិច្ចព្រមព្រៀងគោលនេះ មានចែងជាអាថទិ៍ ទាក់ទិននឹងការបើក “សម័យអន្តរកាល រយៈពេល២ឆ្នាំ” ចាប់ពីខែមករា ឆ្នាំ ២០១៨ទៅ ដែលអង់គ្លេសជាអ្នកសំណូមពរ។ ក្នុងរយៈពេលនេះ អង់គ្លេស នៅបន្តអនុវត្តច្បាប់និងវិធានរបស់សហភាពរ៉ុប ក៏ប៉ុន្តែមិនចូលរួម ក្នុងនីតិវិធីសម្រេចណាមួយ ក្នុងក្របខណ្ឌសហភាពអឺរ៉ុបទេ។ បន្ទាប់មកទៀត នៅរវាងខែមីនា ឆ្នាំ២០១៨ ប្រទេសទាំង២៧ នឹងអនុម័ត ក្រិត្យច្បាប់អឺរ៉ុបមួយ ដើម្បីដាក់ចុះនូវ វិធានផ្សេងៗ ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម ដែលត្រូវអនុវត្តជាមួយអង់គ្លេស បន្ទាប់ពីចប់សម័យអន្តរកាល២ឆ្នាំនេះ។

នេះចាត់ទុកថាជាជោគជ័យធំណាស់ សម្រាប់រដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយលោកស្រី តេរ៉េសា មេ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពេលបាយល្ងាចជុំគ្នា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានទះដៃអបអរសន្ទរកថា របស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសទៀតផង។​ តែយ៉ាងណា លោកស្រី​តេរ៉េសា ម៉េ នៅមានឧបសគ្គមួយទៀត គឺ កិច្ចព្រមព្រៀងផ្តាច់ខ្លួនចុងក្រោយជាផ្លូវការ គឺលោកស្រី ត្រូវយកទៅឆ្លងកាត់ ការបោះឆ្នោតយល់ព្រមពីសភាអង់គ្លេស។

បើកសម្ភោធ « កិច្ចសហប្រតិបត្តិការរចនាសម្ព័ន្ធអចិន្ត្រៃយ៍ » ក្នុង​វិស័យ​ការពារជាតិ​

ក្រៅពីជោគជ័យនៃការបោះជំហានទៅមុខ ក្នុងសំណុំរឿងផ្តាច់ខ្លួនរបស់អង់គ្លេសនេះ គេសង្កេតឃើញ មានជោគជ័យមួយទៀត ទាក់ទិននឹង កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខការពារជាតិ រវាងប្រទេសសមាជិកអឺរ៉ុបទាំង២៧។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារ​ជាតិ រវាងប្រទេសទាំង២៧​ក្នុងក្របខណ្ឌសហភាពអឺរ៉ុបនេះ គឺជាលើកទីមួយហើយ ​ព្រោះថា តាំងតែពីដើមមក ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់​ មិនចង់យកកិច្ចការ​កងទ័ព ការពារជាតិនេះ មកនិយាយជាមួយគ្នាទេ។ ក៏ប៉ុន្តែស្ថានការណ៍ពេលនេះវាបានប្រែប្រួល។ ស្ថានការណ៍ប្រែប្រួល ដោយសារទីមួយគឺបញ្ហាភេរវកម្ម ទីពីរ​ គឺ​អឺរ៉ុប​ដឹង​ខ្លួនថា ថាមិនអាចពឹងអាមេរិក ឲ្យការពារខ្លួនរហូតបានទៀតទេ។​​ លោក​ដូណាល់ ត្រាំ ដែលហារមាត់ឡើងរិះគន់ អឺរ៉ុប និងអង្គការអូតង់រហូតនោះ ពិតជាធ្វើឲ្យបារាំង​ និងអាល្លឺម៉ង់ មិនអាចទុកចិត្តបានទេ។ ហើយបញ្ហាចុងក្រោយ គឺការដំឡើងសាច់ដុំ​របស់រុស្ស៊ី។

ដូច្នេះហើយ បានជា ប្រទេសសមាជិកអឺរ៉ុបទាំង២៧ បានសម្រេចចិត្ត ធ្វើការជាមួយគ្នាក្នុងវិស័យការពារជាតិនេះ។ កាលពីថ្ងៃម្សិលមិញនេះ សហភាពអឺរ៉ុប បានបើកសម្ពោធកិច្ចសហប្រតិបត្តិការនេះ ជាផ្លូវការ ដែលមានឈ្មោះថា « កិច្ចសហប្រតិបត្តិការរចនាសម្ព័ន្ធ​អចិន្ត្រៃយ៍ » ហៅកាត់ថា CSP ឬ Pesco ។ បន្ថែមពីនេះ ប្រទេសទាំង២៧ បានសន្យា​បង្កើត មូលនិធីហិរញ្ញវត្ថុមួយ នៅដើមឆ្នាំ២០១៩ ដើម្បីជំរុញលើកកំពស់ ឧស្សាហកម្ម​ផលិតសម្ភារៈកងទ័ព ព្រមទាំងកម្មវិធីស្រាវជ្រាវ លើបច្ចេកវិទ្យានានា។

កិច្ចសហប្រតិបត្តិការរចនាសម្ព័ន្ធអចិន្ត្រៃយ៍នេះ មិនមែនមានន័យថា អឺរ៉ុប និងបង្កើត ឲ្យមានកងទ័ពពិសេសអ្វីនោះទេ។ តែវាគ្រាន់តែជាការចូលរួមទាំងអស់គ្នា លើគំរោងជាច្រើន ទាក់ទិននឹងវិស័យការពារជាតិនេះ។ ក្នុងចំណោមសំណើរសហប្រតិបត្តិការទាំង​១៧​ចំណុច មានច្រើនចំណុច ដែលគេស្រុះស្រួលគ្នាច្រើន មានជាអាថទិ៍៖ ការបង្កើតឲ្យមានទីបញ្ជាការដ្ឋានពេទ្យទាហានរបស់អឺរ៉ុប គំរោងផលិត​ឧបករណ៍​droneបាតសមុទ្រ ការដំឡើងសន្តិសុខ ការពាររលកសំលេងវិទ្យុឆ្លងឆ្លើយ ការបង្កើតឲ្យមានមណ្ឌល់ហ្វឹកហាត់ ព្រមទាំងការសហការទប់ស្កាត់ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើនែតជាដើម។

មិនត្រូវគ្នាដដែល ជុំវិញ​ការកំណត់កូតា​ជនភៀសខ្លួន

យើងសង្កេតឃើញថា ​ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧​ ហាក់បានចាប់ដៃ សាមគ្គី​គ្នាបានល្អ ក្នុងសំណុំរឿងសន្តិសុខការពារជាតិ ក៏ដូចជាសំណុំរឿង Brexit។  ក៏ប៉ុន្តែ ប្រទេសទាំង២៧នេះ មិនមែនត្រូវគ្នាគ្រប់រឿងនោះទេ។ វិបត្តិជនភៀសខ្លួន នៅតែជា​ចំណុចរសើប  ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងអស់នេះ ប្រកែកគ្នាតឹងសរសៃក  ដដែល។ តាមព័ត៌មាន ដែលផ្តល់មក ក្នុងពិធីបាយល្ងាយជុំគ្នាម្សិលមិញនេះ ថ្នាក់ដឹកនាំអឺរ៉ុបបន្តជជែកគ្នា ប្រកែកគ្នា រឿងការបែងចែកកូតាចំនួនជនភៀសខ្លួននេះឯង។  ពេលចេញពីបាយល្ងាចវិញ  លោកស្រី អង់ហ្គេឡា មែរគែល បាននិយាយថា មានរឿងត្រូវនិយាយគ្នាទៀតច្រើនណាស់ ក្នុងបញ្ហាជនភៀសខ្លួននេះ ព្រោះថា ម្នាក់ៗ គ្មាននរណាបានផ្លាស់ប្តូរគោលជំហរទេ។ អ្នកខ្លះបានលើកឡើងថា លោក Alexis Tsipras បានទាំងមួរម៉ៅច្រង៉េងច្រង៉ាងទៀតផង កាលពីយប់មិញ ដោយសារតែនិយាយគ្មាននរណាស្តាប់។

គួរបញ្ជាក់ថា រឿងបែកចែកកូតាជនភៀសខ្លួននេះ គឺប្រទេសសហភាពអឺរ៉ុប ឈ្លោះប្រកែកគ្នា តាំងតែពីឆ្នាំ២០១៥ម្លេះ ក្រោយពេលដែលមានជនភៀសខ្លួនរាប់សែននាក់ បានឆ្លងទូកមកអ៊ីតាលី និង ក្រិក។ បើដូចលោកស្រីអង់ហ្គេឡា មែរគែល មានប្រសាសន៍ មានន័យថា គោលជំហរមិនត្រូវគ្នាកាលពីឆ្នាំ២០១៥ គឺនៅតែដដែល នៅពេលនេះ។

គោលជំហរមាន២ ប្រឆាំងគ្នា។ មួយគោលជំហររបស់អ៊ីតាលី និងក្រិក ដោយមានការគាំទ្រ​ពីអាល្លឺម៉ង់ និងបារាំង ថាត្រូវតែបែងចែកកូតាទទួលយកជនភៀសខ្លួន ដោយ​យោង​លើ​គោលការណ៍​សាមគ្គីភាព រវាងសមាជិកសហភាពអឺរ៉ុប។ តែគោលជំហរមួយទៀត ជាគោលជំហររបស់ប្រទេសអឺរ៉ុបខាងកើតភាគច្រើន​ មានដូចជាប៉ូឡូញ ហុងគ្រី ឆែក ស្លូវ៉ាគី ជាដើម ដែលប្រទេសទាំងនេះ បដិសេធ មិនទទួលយកជនភៀសខ្លួនជាដាច់ខាត។

កំណែទំរង់តំបន់​ចាយប្រាក់​អឺរ៉ូ ​ត្រូវពន្យាពេល ​ដោយសារ​អាល្លឺម៉ង់​ មិនទាន់​មាន​រដ្ឋាភិបាល

ចំណែកបញ្ហា កំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ  មិនមែនថា មិនត្រូវគ្នាទេ តែមិនទាន់អាចឈានទៅមុខបាន ព្រោះដោយសារតែអាល្លឺម៉ង់ មិនទាន់មានរដ្ឋាភិបាលនៅឡើយ។ លោកស្រីអង់ហ្គេឡាមែរគែល​ កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលចំរុះ។

តែយ៉ាងណា បើតាមប្រសាសន៍របស់លោក ដូណាល់ ទូស្គ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឲ្យដឹងថា គេនឹងបន្តចរចានៅថ្ងៃនេះទៀត លើចំណុចធំមួយចំនួន ដែលបានដើរទៅមុខច្រើនហើយ។ ក្នុងនោះមានជាអាថទិ៍ ការបង្កើត ឲ្យមានមូលនិធិហិរញ្ញវត្ថុអឺរ៉ុបមួយ  ព្រមទាំងការបង្កើតសហភាពធនាគារ ក្នុងក្របខណ្ឌអឺរ៉ុប ដើម្បីងាយបង្ការ ករណីវិបត្តិហិរញ្ញវត្ថុនិងធនាគា។

ក៏ប៉ុន្តែចំនុចផ្សេងទៀត ដូចជាការបង្កើតតំណែង រដ្ឋមន្ត្រីពិសេសម្នាក់ទទួលបន្ទុកសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ព្រមទាំងកញ្ចប់ថវិកាដើម្បីតំបន់ចាយលុយអឺរ៉ូនេះ នៅមិនទាន់អាចទៅមុខបានច្រើនទេ។ លោកប្រធានាធិបតីបារាំង ដែលជាអ្នកជំរុញគំរោងកំណែទម្រង់ទាំងនេះ បានទទួលស្គាល់ដែរថា មិនអាច​ធ្វើអ្វីបានច្រើនទេ ដោយត្រូវរងចាំ ឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ កើតចេញជារូបរាង្គសិន៕

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល