អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សវនាការ​កាត់ទោស​​​ភេរវជន Salah Abdeslam ​ចាប់ផ្តើម​បើក​នៅ​តុលាការ​ព្រុចសែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភេរវជន ឈ្មោះ Salah Abdeslam ជនជាតិបារាំង ដើមកំណើតម៉ារ៉ុក ហើយដែលបានតាំង​ទី​លំនៅ នៅ​សង្កាត់​ម៉ូឡេនបិក ទីក្រុង​ព្រុចសែល​នោះ គឺជា​ភេរវជន​តែ​ម្នាក់គត់​ ដែល​នៅមាន​ជីវិត​នៅឡើយ បន្ទាប់​ពី​បាន​ធ្វើ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃ​ទី១៣​វិច្ឆិកា ឆ្នាំ​២០១៥។ សាវនាការ​​កាត់ទោស​ភេរវជន​រូបនេះ ​បាន​ចាប់​ផ្តើម​បើកទ្វារ នៅថ្ងៃចន្ទ ទី៥កុម្ភៈនេះ នៅ​តុលាការ​ព្រហ្មទណ្ឌ ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ក្រោម​ការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងតែង និងមាន​ការ​តាមដាន​យ៉ាង​ស្អិត ពី​សំណាក់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ។ សូម​បញ្ជាក់ថា ភេរវកម្ម​នៅប៉ារីស ថ្ងៃទី១៣វិច្ឆិកា ២០១៥ បានផ្តាច់​ជីវិត​មនុស្ស​១៣០​នាក់។

Salah Abdeslam អមការពារដោយ​​សមត្ថកិច្ច​ពិសេស ​នៅក្នុង​​អង្គសវនាការ​ ​តុលាការ​​ក្រុង​​ព្រុចសែល ថ្ងៃទី​​៥ ​កុម្ភៈ ​២០១៨
Salah Abdeslam អមការពារដោយ​​សមត្ថកិច្ច​ពិសេស ​នៅក្នុង​​អង្គសវនាការ​ ​តុលាការ​​ក្រុង​​ព្រុចសែល ថ្ងៃទី​​៥ ​កុម្ភៈ ​២០១៨ REUTERS/Emmanuel Dunand
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ Salah Abdeslam នេះគឺជាភេរវជនមួយរូប ដែលត្រូវគេជឿថា បានចូលរួមរៀបចំ និងប្រព្រឹត្តិភេរវកម្ម សម្លាប់មនុស្សចំនួន១៣០នាក់ ក្នុងយប់ថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស។​ សវនាការដែលបើកទ្វារ ចាប់ពីថ្ងៃនេះទៅ ដែលមានរយៈពេល៤ថ្ងៃនេះ គឺមិនមែនកាត់ទោសក្នុងសំណុំរឿងភេវកម្ម នៅក្រុងប៉ារីសទេ។ តែជាការបើកសវនាការ កាត់ទោស លើសំណុំរឿងមួយទៀត ដែលទាក់ទងនឹងការបាញ់តដៃគ្នា នៅថ្ងៃដែលជននេះ ត្រូវនគរបាលប៊ែលហ្សិកតាមចាប់ គឺថ្ងៃទី១៥ មីនា ២០១៦។

ចាប់ខ្លួនបាននៅក្រុងព្រុចសែល ថ្ងៃទី១៨មីនា ២០១៦

Salah Abdeslam នេះជាជនជាតិបារាំង មានដើមកំណើតម៉ារ៉ុក អាយុ២៨ឆ្នាំ។ តែជននេះ បានធំធាត់​តាំងទីលំនៅ នៅសង្កាត់ម៉ូឡេនបិក ក្រុងព្រុចសែល។ គឺសង្កាត់នេះហើយ ដោយក្រោយមកគេបានតាមដានដឹង ថាជាជង្រុកនៃក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម។ នៅក្រោយភេរវកម្មក្រុងប៉ារីស ថ្ងៃទី១៣ វិច្ឆកា ២០១៥ ជននេះបានរត់គេចខ្លួន ទៅសំងំនៅក្រុងព្រុចសែល។ សមត្ថកិច្ច បានសង្ស័យផ្ទះមួយនៅ ក្នុងសង្កាត់ Forest ជាយក្រុងព្រុចសែល ដែលគ្មានមនុស្សរស់នៅ២ខែមកហើយ។

ផ្ទះនោះ ត្រូវនគរបាលតាមដានដឹងថា មានជនឈ្មោះ Khalid El-Bakraoui ជាអ្នកចុះឈ្មោះ បើកកុងទ័រអគ្គីសនី។ ជននេះកាន់ក្រដាសស្នាមក្លែងក្លាយ ដែលអាចជាមុខសញ្ញាភេរវកម្ម។ នៅថ្ងៃទី ១៥ មីនា ឆ្នាំ២០១៦ នគរបាលបែលហ្សិក ក៏ចុះ បំរុងទៅឆែកឆេរតាមធម្មតា ក៏ស្រាប់តែក្រុមជននៅលាក់ខ្លួននៅទីនោះ បានបាញ់សំដៅមកសមត្ថកិច្ច។ មនុស្ស​ដែល​លាក់ខ្លួននៅក្នុងនោះគឺមាន៣នាក់ ទីមួយ ឈ្មោះ Sofien Ayari ជនជាតិ​ទុយណេស៊ី ធ្លាប់ទៅធ្វើជីហាតនៅស៊ីរី ទីពីរឈ្មោះ Mohamed Belkaïd ជនជាតិ​អាល់ហ្សេរី​ ក៏ធ្លាប់ធ្វើជីហាតនៅតំបន់រ៉ាខា ទឹកដីស៊ីរីដែរ ហើយទី៣ គឺ Salah Abdeslam នេះតែម្តង ដែលអាជ្ញាធរបារាំង ព្យាយាមតាមចាប់​ ជាង៣ខែមកហើយ។

Mohamed Belkaïd ត្រូវនគរបាលបាញ់ស្លាប់នៅនឹងកន្លែង ចំណែកជន២នាក់ទៀតបានរត់គេខ្លួន រហូតទាល់តែថ្ងៃទី១៨មីនា ទើបត្រូវចាប់ខ្លួនបាន នៅក្រុងព្រុចសែល ក្នុងសង្កាត់ ម៉ូឡេនបិក។ ដូច្នេះ សវនាការថ្ងៃនេះ គឺទាក់ទិននឹងករណីបាញ់តដៃ ជាមួយនឹងសមត្ថកិច្ច​នេះ​ឯង។ បទល្មើសផ្លូវការ ដែលព្រះរាជអាជ្ញាបែលហ្សិក ចោទជនឈ្មោះ Salah Abdeslam គឺបទប៉ុនប៉ងធ្វើមនុស្សឃាត ក្នុងបរិបទភេរវកម្ម និងបទកាន់កាប់អាវុធជាតិ​​ផ្ទុះ​​ខុស​ច្បាប់។ ទោសទាំងនេះ អាចឲ្យជននេះ ប្រឈមមុខនឹងទោសជាប់​គុក​៤០​ឆ្នាំ។

Salah Abdeslam មិនឆ្លើយនឹងសំណួរអ្វីទាំងអស់

មានតែមួយដងគត់​ដែលជននេះបាននិយាយព្រមសហការជាសមត្ថកិច្ច។ គឺក្រោយត្រូវចាប់ខ្លួនបានមួយថ្ងៃ ជន Salah Abdeslamនេះ បាននិយាយប្រាប់ទៅមេធាវីរបស់ខ្លួនថា ខ្លួនយល់ព្រមសហការជាមួយ​សមត្ថកិច្ច ហើយសុំឲ្យគេយកខ្លួនទៅឃុំនៅបារាំង មិនចង់នៅប៊ែលហ្ស៊ិកទេ។

បើតាមការឲ្យដឹង នៅថ្ងៃនោះ ជននេះ បានសារភាពថា ខ្លួនគឺជាអ្នករៀបចំជួលឡាន និងជួលបន្ទប់សណ្ឋាគារ សម្រាប់ចេញធ្វើប្រតិបត្តិការភេរវកម្ម ថ្ងៃទី១៣ វិច្ឆិកា ២០១៥​នៅក្រុង​ប៉ារីស។ Salah Abdeslam ក៏ទទួលស្គាល់ដែរ ថាខ្លួនគឺជាអ្នកបើកឡាន ដឹក​ភេរវជន៣នាក់ ទៅធ្វើប្រតិបត្តិការក្នុងយប់កើត​ហេតុ​នៅពហុកីឡាដ្ឋានជាតិបារាំង ខាងជើង​​ក្រុ​ង​​ប៉ារីស។ តាមធម្មតា ជន Salah Abdeslam នេះ ក៏ត្រូវពាក់គ្រាប់បែកបំផ្ទុះខ្លួន​ឯង​ដែរ ក៏ប៉ុន្តែគេបានអះអាងថា គ្រាប់បែកនោះខូច មិនបានផ្ទុះ ខ្លួនក៏ដោះចោល ហើយរត់​គេច​ខ្លួន​ទៅ។ បន្ថែមពីនេះ ជន Salah Abdeslam បានទំលាក់កំហុស លើបងប្រុសខ្លួនឈ្មោះ​ Brahim Abdeslam ថាជាអ្នកអូសទាញខ្លួន ហើយនឹងជនម្នាក់ទៀត ឈ្មោះ Abdelhamid Abaaoud គឺជាអ្នកដឹកនាំភេរវកម្មនេះ។

យោងតាមចំលើយសារភាពទាំងនេះ សមត្ថកិច្ចបារាំងបានបើកការស៊ើបអង្កេតបានច្រើន ក៏ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក ជន Salah Abdeslam នេះ បានបដិសេធ មិនព្រមឆ្លើយអ្វីទាំងអស់ មិនថាជាមួយចៅក្រមស៊ើបអង្កេត ឬជាមួយមេធារីរបស់ខ្លួនទេ។ រហូតទាល់តែមេធាវី ទាំងពីរ របស់ជននេះ បាននាំគ្នាប្រកាស ឈប់ការពារក្តីឲ្យជននេះទៀតផង ដោយសារតែជននេះ មិនព្រមនិយាយអ្វីទាំងអស់។ ទើបតែកាលពី ខែ ធ្នូ កន្លងមកនេះទេ ដែលលោកមេធាវីប៊ែលហ្ស៊ិក របស់ជន Salah Abdeslam គឺលោកមេធាវី Sven Mary បានសុខចិត្តទទួលសំណុំរឿងនេះវិញ។

ខ្ញុំមិនឆ្លើយ ហើយខ្ញុំមិនខ្លាចតុលាការទេ!

នៅចំពោះមុខអង្គសវនាការ នៅក្រុងព្រុចសែល នៅថ្ងៃចន្ទទី ៥កុម្ភៈនេះ ជន Salah Abdeslam បាននិយាយចំពោះមុខចៅក្រមថា៖ ខ្ញុំសូមរក្សាសិទ្ធិមិនឆ្លើយអ្វីទាំងអស់ តែការមិនឆ្លើយអ្វីទាំងអស់នេះ មិនអាចធ្វើឲ្យអ្នកផ្សេង ចោទខ្ញុំថាជាពិរុទ្ធជននោះទេ។ Salah Abdeslam និយាយថា តុលាការ ត្រូវកាត់ទោសដោយផ្អែកលើភស្តុតាង ជាក់ស្តែង បែបវិទ្យាសាស្ត្រ មិនមែនកាត់ទោសតាមតែការយល់ឃើញ របស់មតិសាធារណៈនោះទេ។​

Salah Abdeslam និយាយបន្ថែមថា៖ ពួកអ្នកកាន់សាសនាអ៊ីស្លាម ត្រូវគេរើសអើងខ្លាំងណាស់ ហើយត្រូវគេធ្វើបាបទៅកាន់តែខ្លាំង។ ពេលមានរឿងអ្វីកើតឡើង អ្នកកាន់សាសនាអ៊ីស្លាម ត្រូវគេចាត់ទុកថាជាពិរុទ្ធជនភ្លាម ដោយមិនមានសិទ្ធិ ទទួលបានបុរេវិនិច្ឆ័យថាគ្មានកំហុសនោះទេ។ Salah Abdeslam បន្តថា៖ ឥឡូវពេលនេះ ចង់កាត់ទោសខ្ញុំ យ៉ាងណាក៏កាត់ទៅ ខ្ញុំមិនខ្វល់ទេ ហើយក៏មិនខ្លាចញញើតតុលាការដែរ។ គឺមានតែព្រះអាឡា តែមួយប៉ុណ្ណោះ ដែលខ្ញុំគោរពដ៏ស្មោះស្ម័គ្រ

សវនការធម្មតា ទោះបីសំណុំរឿងធំខុសពីធម្មតា

បើសិនជនជាប់ចោទ Salah Abdeslam នេះ មិនព្រមឆ្លើយសំណួរ ក្នុងអង្គសវនាការ ទាក់ទិននឹងសកម្មភាព នៃបណ្តាញភេរវកម្ម វាមិនមានន័យថាសវនាការនេះ នឹងមិនអាចវិនិច្ឆ័យអ្វីបានទេ ហើយគេក៏មិន​អាច​ដឹង​លំអិត​ អំពីបណ្តាញភេរវកម្មនេះដែរ។ តាមច្បាប់បារាំង ក៏ដូចជាប៊ែលហ្ស៊ិក ក្នុងបទល្មើសព្រហ្មទណ្ឌ គឺគេផ្តល់សារៈសំខាន់បំផុត ទៅលើ​ចំលើយរបស់ជនជាប់ចោទ។ វាខុសពីច្បាប់របស់អង់គ្លេស ដែលគេផ្តល់សារៈសំខាន់ទៅលើសម្តីរបស់សាក្សីច្រើនជាង។ តាមច្បាប់ ជនជាប់ចោទ គេមានសិទ្ធិមិនឆ្លើយអ្វីទាំងអស់។

ដោយឡែក លោកចៅក្រម Luc Hennart ចាងហ្វាងតុលាការព្រហ្មទណ្ឌក្រុងព្រុចសែល បានមានប្រសាសន៍​នៅថ្ងៃនេះថា ថ្វីត្បិតតែសំណុំរឿងពាក់ព័ន្ធនឹង ជន Salah Abdeslam នេះជាសំណុំរឿងមិន​ធម្មតា​ក៏ដោយ តែយ៉ាងសវនាការកាត់ទោស ត្រូវតែជាសាវនាការសាមញ្ញ ដូចសវនាការដ៏ទៃ ដើម្បីផ្តល់ភាពយុត្តិធម៌ ដល់ជនជាប់ចោទ។ ចៅក្រម​បែលហ្សិកថា គេបញ្ជាក់ថា គេនឹងធ្វើការវិនិច្ឆ័យ ដោយឈរលើសុភវិនិយច្ឆ័យ ហើយអ្វីដែល​សំខាន់ គឺគេនឹងប្រគល់ជន Salah Abdeslam នេះ មកឲ្យខាងតុលាការបារាំង បើក​សាវនាការ​កាត់ទោស នៅថ្ងៃខាងមុខ ដោយសុវត្ថិភាពបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ