rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

ដោយ ម៉ម ពិសី

ជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20 បានបិទបញ្ចប់នៅថ្ងៃសៅរ៍ ទី​២៩​មិថុនា​ នៅឯ​ទីក្រុង​អាសាកា​ ប្រទេសជប៉ុន។ ជំនួបកំពូលលើកនេះ បានប្រព្រឹត្តិធ្វើទៅ នៅក្នុងបរិបទតានតឹង និងការប្រឈមមុខគ្នាជាច្រើន ដោយសារតែគោលជំហរអត្តនោម័ត របស់​រដ្ឋាភិបាលអាមេរិក ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ។ ក្នុងនោះមានជាអាទិ បញ្ហាសង្រ្គាមពាណិជ្ជកម្ម បញ្ហាតំបន់ដើមបូព៌ា ព្រមទាំងទិសដៅសេដ្ឋកិច្ចសកល​ ក្នុង​កម្មវត្ថុ កាត់​បន្ថយ​ការកើនឡើង​នូវ​កំដៅផែនដី។ ទោះជាយ៉ាងណា ជំនួបកំពូលនេះ បានបិទបញ្ចប់ទៅ ដោយយើងអាចចាត់ទុកបានថា ជាការជោគជ័យមួយដែរ ព្រោះរឿងអាក្រក់ៗ ត្រូវបានគេបញ្ចៀសបាន​ មិនឲ្យកើតឡើង ហើយ​បើទោះ​ជាភាគីទាំងអស់ មិនទាន់អាចជានាគ្នា តែយ៉ាងណាម្នាក់សន្យានិយាយចរចាគ្នា។

បើយើងក្រលេកមកមើលបញ្ហាមិនត្រូវគ្នាជាច្រើន​ ដែលជាពិសេស បញ្ហាដែលសហរដ្​ឋអាមេរិក បានបង្កឡើង ជុំវិញសង្រ្គាមពាណិជ្ជកម្មតែម្តង គឺយើងមិនសង្ឃឹមទេថា ជំនួបកំពូលនៅអូសាកាលើកនេះ នឹងអាចដំណើរការទៅដោយរលូននោះទេ។ គេគិតថា ប្រាកដ​ជា​មានភាគីណាមួយ បញ្ចេញកំហឹង ឬក៏ដើរចេញពីការប្រជុំ មិនចុះហត្ថលេខា ​ជាដើម។​ តែជាសំណាងល្អ រឿងបែបនេះ មិនបានកើតមានឡើងទេ ដែលត្រង់នេះហើយ ដែល​​យើងអាចចាត់ទុកថា វាជាការជោគជ័យមួយដែរ។

តែយ៉ាងណា លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាងថា ទោះ​បីជា​រឿងអាក្រក់ៗ ត្រូវបានគេបញ្ចៀសបាន កុំឲ្យកើតមាន ក៏ប៉ុន្តែវានៅមិនគ្រប់គ្រាន់ទេ។ លោក​បន្ថែមថា ប្រទេសទាំងអស់គួរណាសម្លឹងទៅឲ្យបានឆ្ងាយជាងនេះ ហើយគួរណាតែប្តេជ្ញាសហការ ធ្វើការរួមគ្នា ឲ្យបានច្រើនជាងនេះ។ ជាការពិត គេបាន​បញ្ចៀសមិនឈ្លោះគ្នាខ្លាំង ក្នុងពេលប្រជុំនៅអូសាកា តែបញ្ហាមិនត្រូវគ្នា​ វានៅតែមាន វានៅតែមិនទាន់ដោះស្រាយនៅឡើយទេ។

ក្រុមប្រទេសG20 បារម្ភពីបញ្ហាតានតឹង ផ្នែកពាណិជ្ជកម្ម​

នៅក្នុងសេចក្តីប្រកាសរួមចុងក្រោយ បន្ទាប់ពីចរចាគ្នា យ៉ាងតឹងសរសៃក ២ថ្ងៃនេះ ប្រទេសទាំង២០ បានប្រកាសរួមគ្នា ដោយបានលើកឡើង អំពីការព្រួយបារម្ភ ដោយសង្កេតឃើញនូវភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលកាន់តែកើនឡើងខ្លាំង ព្រមជាមួយនឹងការកើនកំដៅ នៃបញ្ហាភូមិសាស្ត្រនយោបាយ។

បើវិភាគទៅ ឃ្លាថាព្រួយបារម្ភ ដោយសង្កេតឃើញភាពតានតឹងផ្នែកពាណិជ្ជកម្មនេះ មានខ្លឹមសារស្រាល និងទូទាយ ជាងឃ្លា ដែលជំនួបកំពូលG20 កាលពីឆ្នាំ២០១៧ និង ២០១៨បានកំណត់។ ក៏ប៉ុន្តែដោយហេតុថាន័យធ្ង​ន់ពេក សហរដ្ឋអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ មិនបានចុះហត្ថលេខា ទទួលទេ កាលពីពីរលើកមុន។

ពីមុន G20 បានប្រើឃ្លាថា ៖ សូមថ្កោលទោសចំពោះការរីកខ្លាំងឡើងនូវទ្រឹស្តីការពារនិយម ដែលជាហានិភ័យដល់សេដ្ឋកិច្ចទីផ្សារសេរី របស់សកលលោក។ ឃ្លានេះ គឺសំដៅដោយចំពោះ ទៅនឹងទ្រឹស្តីសេដ្ឋកិច្ចអត្មានិយម បិទទ្វារជិត របស់លោកដូណាល់ ត្រាំ ដែលបានបង្កើតសង្រ្គាមពាណិជ្ជកម្ម​ បង្កអស្ថិរភាព​ដល់ទីផ្សារ។ ហេតុដូច្នេះហើយ បានជាលោកដូណាល់ ត្រាំ មិនបានចុះហត្ថលេខា។ តែលើកនេះ គេបាន​ បន្ថយមួយកំរិតមកវិញ ដោយគ្រាន់តែបានសរសេរថា ប្រទេសG20 មានការព្រួយបារម្ភ ដោយសង្កេតឃើញថា មានភាពតានតឹងផ្នែកពាណិជ្ជកម្ម​។

ក្រៅពីនេះ សេចក្តីប្រកាសរួម ក៏បានលើកទឹកចិត្ត ជំរុញឲ្យធនាគារកណ្តាលទាំងអស់ ចូលរួមឲ្យបានច្រើន ផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ហើយត្រូវសហការផ្តល់ដំណឹង ជួយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ G20 បានប្រកាសប្តេជ្ញាចិត្ត ថានឹងធ្វើកំណែទម្រង់ ដល់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពជាក់ស្តែង នៃបញ្ហាពាណិជ្ជកម្ម​សកល។

ប្រទេស១៩ សន្យាប្តេជ្ញាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

ទាក់ទិននឹងសេចក្តីរួមចុងក្រោយនេះដែរ យោងតាមអ្នករាយការណ៍ព័ត៌មាន បានលើកឡើងថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានមានៈ​ បញ្ចុះបញ្ចូលប្រទេសទាំង​១៩​ផ្សេង​ទៀត ឲ្យធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្ត និងការពារកិច្ចព្រមព្រម​ទីក្រុងប៉ារីស ស្តីពីអាកាសធាតុ។ក្នុងន័យនេះ គឺលោកម៉ាក្រុង ចង់ឲ្យប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង២០ ហើយក៏គឺជាប្រទេស ដែលបញ្ចេញឧស្ម័នពុល បំផ្លាញ​បរិស្ថានច្រើនជាងគេបង្អស់នោះ ត្រូវប្តេជ្ញាចិត្ដដាក់ចុះនូវគោលនយោបាយ កំណែទម្រង់ ធ្វើយើងណា ងាកមកថែរក្សាបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលជាប្រភពនៃការកើនឡើង កំដៅផែនដី។

នៅទីបំផុតទៅ មានប្រទេស១៩ ដែលបាន​ចុះហត្ថលេខា នៅក្នុងឱកាសជំនួបកំពូល G20​​នៅអូសាកានេះ។ ប្រទេសមួយ ដែលមិន​ចូលរួមនោះ គឺនរណាក៏ដឹងដែរ គឺសហរដ្​ឋអាមេរិក ព្រោះថា លោកដូណាល់ ត្រាំ បានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុបាត់ទៅហើយ។ មិនត្រឹមប៉ុណ្ណោះទេ ក្នុងអំឡុងពេលប្រជុំនេះ លោក​ដូណាល់ ត្រាំ បានទាំងដើរអូសទាញ បញ្ចុះបញ្ចូលប្រទេសផ្សេង កុំឲ្យចុះហត្ថលេខា​ប្តេជ្ញា​ចិត្ត ទាក់ទិននឹងបញ្ហាបរិស្ថាន អាកាសធាតុនេះទៀតផង។

ជាក់ស្តែង មានការព្រួយបារម្ភ ថាអាចប្រទេសមួយចំនួន ដូចជាប្រេស៊ីល ចិន ឥណ្ឌូណេស៊ីជាដើម ដែលអាចរាថយ មិនចុះហត្ថលេខាលើការប្តេជ្ញាចិត្តរួម ស្តីពីបញ្ហាអាកាសធាតុនេះ ដោយហេតុថាចាញ់សម្លុត ឬជឿតាមការអូសទាញរបស់អាមេរិក។ តែទីបំផុតទៅ គឺមានតែអាមេរិកម្នាក់ទេ ដែលមិនចុះហត្ថលេខា។

ចិន និង អាមេរិក សន្យាផ្កាកសង្រ្គាមពាណិជ្ជកម្ម ហើយងាកទៅបន្តការចរចា

ជំនួបកំពូលក្រុមប្រទេស G20 ក៏គឺជាឱលាស ឲ្យប្រទេសនីមួយ បានជួបគ្នាជាលក្ខណៈទ្វេភាគី ដើម្បីចរចាគ្នាពីបញ្ហាផ្សេងៗដែរ។ ក្នុងនោះអ្វីដែលគេបានតានដានបំផុត គឺជំនួបរវាងលោក ដូណាល់ ត្រាំ និងលោកស៊ី ជីនពីង។ សង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក គឺជាការព្រួយបារម្ភធំ របស់ប្រទេសទាំងអស់​ព្រោះ នរណាក៏អាចទទួលផលអាក្រក់​ដោយសារបញ្ហានេះដែរ។ តែជាសំណាងល្អ លោក ដូណាល់ ត្រាំ និង លោកស៊ី ជីនពីង បានសន្យានឹងគ្នា ថានឹងបើកការចរចា ដើម្បីដោះស្រាយវិវាទនេះ ឲ្យបានឆាប់បំផុត។

ដូចយើងដឹងហើយ ថាការចរចារវាងភាគីទាំងពីរ​ បានបិទចោលដោយគ្មានលទ្ធផល តាំងតែពីខែឧសភាម្លេះ។ ជាងនេះទៀត លោក ដូណាល់ ត្រាំ ធ្លាប់បានគំរាម ថានឹងដំឡើងពន្ធបន្ថែមទៀត លើទំនិញនាំចូលពីចិន ក្នុងតម្លៃប្រមាណ ៥០ម៉ឺនលានដុល្លារ។ ប៉ុន្តែឆ្លងកាត់ការជួបគ្នា នៅក្នុងអូសាកា លោកដូណាល់ ត្រាំ បានប្រាប់ទៅលោកស៊ី ជីនពីង ថា​លោកនឹងផ្អាកទណ្ឌកម្មនេះសិន ដើម្បីបើកផ្លូវបន្តការចរចា។ ដូច្នេះ នេះជាដំណឹងល្អមួយដែរ សម្រាប់ពេលនេះ។

ជាការពិត នៅក្នុងឱកាសជំនួបកំពូលG20 នេះ គឺមាន​ជំនួបតូចៗផ្សេងទៀត ដែលភាគីទាំងអស់បានធ្វើឡើង ជាលក្ខណៈឯកជនទ្វេរភាគី ឬច្រើនភាគី។ ជាក់ស្តែង សហភាពអឺរ៉ុប ជាមួយនឹងប្រទេស​តំបន់អាមេរិកឡាទីន៤ មាប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្កាយ និងអ៊ុយរ៉ាហ្កាយ បានចុះហត្ថលេខារួមគ្នា លើការសន្យា ថានឹងចរចាគ្នា ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។ បន្ថែមពីនេះ សហភាពអឺរ៉ុប និងអូស្ត្រាលី ក៏បានសន្យានឹងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាដែរ។

សរុបជារួម ជំនួបកំពូល ក្រុមប្រទេសG20 លើកនេះ បានរឿងសំណុំរឿងច្រើន ទាំងសំណុំរឿងសហប្រតិបត្តិការគ្នា ទាំងសំណុំរឿងវិវាទដែលត្រូវដោះស្រាយគ្នា។ តែបើយើងសង្កេតមើលទៅ ក្នុងក្របខណ្ឌ G20 ម្តង ដូចជាមានតែរឿងមិនស្របគ្នា ចរចាគ្នាមិនត្រូវ មើលមុខគ្នាមិនត្រង់ ច្រើនជាងរឿងសហការចាប់ដៃគ្នា ដើម្បីដោះស្រាយបញ្ហានានា ដើម្បី​ជាគុណប្រយោជន៍ ដល់មនុស្សជាតិទាំងមូល៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ