កំណើនសេដ្ឋកិច្ចចិនធ្លាក់ទាបបំផុតមិនធ្លាប់ជួបតាំងពី២៧ឆ្នាំមក
ចុះផ្សាយនៅថ្ងៃ៖
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក កំពុងបញ្ចេញឥទ្ធិពលលើសេដ្ឋកិច្ចចិនហើយឬ ?! ការិយាល័យស្ថិតិជាតិចិនបានប្រកាសនៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចចិនបានបន្ថយល្បឿន មកត្រឹមកំរិត៦,២% នៅត្រីមាសទីពីរឆ្នាំ២០១៩។ ពោលគឺជាល្បឿនដ៏ទាបបំផុតមិនធ្លាប់ជួបប្រទះ តាំងពី២៧ឆ្នាំមក បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង ប្រឹងប្រែងចាត់វិធានការទប់ទល់យ៉ាងក៏ដោយ។
បើតាមតួលេខផ្លូវការចិន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៩របស់ចិន នៅត្រីមាសទីពីរ ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បង្ហាញឱ្យឃើញ អំពីការបន្ថយល្បឿនមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ ១៩៩០ (ដែលចិនកាលណោះមានកំណើនសេដ្ឋកិច្ចតែ៣,៩%ទេ) ឬយ៉ាងហោចគិតចាប់តាំងពី ចិនផ្តើមផ្សព្វផ្សាយទិន្នន័យសេដ្ឋកិច្ចប្រចាំត្រីមាសនៅឆ្នាំ ១៩៩២មក។
សម្រាប់អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនធំ ការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចនេះ គឺជាបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ ការចរចាពាណិជ្ជកម្មដែលគ្មានការជឿនលឿនគួរឱ្យកត់សម្គាល់ទេ ៖ ក្រោយសេចក្តីសម្រេចរបស់ប្រធានាធិបតីចិននិងអាមេរិក នៅជំនួបហ្សេ២០ តំណាងអាមេរិកនិងចិនបានចាប់ជជែកគ្នាតាមទូរស័ព្ទឡើងវិញ តែគ្មានឃើញប្រកាសជំនួបជាន់ខ្ពស់ថ្មីសោះ។ ប៉េកាំងប្រើផ្ទាល់ក៏បានទទួលស្គាល់ថាកំណើនសេដ្ឋកិច្ចចិនចុះស្រអាប់ក៏ព្រោះតែ បរិបទសេដ្ឋកិច្ចតែងតែស្មុគស្មាញជានិច្ច មិនថានៅចិនឬនៅបរទេសទេ កំណើនសេដ្ឋកិច្ចពិភពលោកក៏ដើរយឺត និងមានអស្ថិរភាពនិងភាពមិនប្រាកដប្រជាខាងក្រៅកើនឡើងច្រើនទៀត។ តែការិយាល័យស្ថិតិចិន បានធានាអះអាងអំពីស្ថានភាពសុខភាពសេដ្ឋកិច្ចចិនថា នៅតែល្អ ដោយមានចំណុចបង្ហាញ គួរជាទីទុកចិត្តច្រើន។
កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ មានកំរិតដ៏ទាបខ្លាំងពុំជួបប្រទះមែន ប៉ុន្តែ ៦,២% វាត្រូវនឹងអ្វីដែលអ្នកជំនាញសេដ្ឋកិច្ចបានព្យាករ និងដែលរដ្ឋាភិបាលប៉េកាំងបានកំណត់ជាកម្មវត្ថុត្រូវសម្រេច រក្សាកំណើនសេដ្ឋកិច្ច ឱ្យនៅចន្លោះ ពី ៦ទៅ៦,៥% (ទល់នឹង៦,៦%កាលពីឆ្នាំ២០១៨)។ នេះជាសញ្ញាមួយ !
សញ្ញាវិជ្ជមានផ្សេងទៀត គឺ សេចក្តីត្រូវការ ការចាយវាយទិញដូរ លក់រាយក្នុងស្រុក មានសកម្មភាពរឹងមាំ និងបានកើនឡើងខ្លាំង ក្នុងកំរិត+៩,៨%នៅខែមិថុនា និង+៨,៦%កាលពីខែឧសភា។ មិនតែប៉ុណ្ណោះ ផលិតផលឧស្សាហកម្មចិនមានកំណើនខ្លាំងមែនទែននៅខែមិថុនា ដោយមានកំរិតសន្ទុះប្រចាំឆ្នាំដល់ទៅ ៦,៣% ពោលគឺឡើង១,៣ បើប្រៀបទៅនឹងខែមុន។
ដំណើរឆ្ពោះទៅរកស្ថិរភាពសេដ្ឋកិច្ច ?
តួលេខនៃកត្តាទាំងបីនេះ បានផ្តល់ទំនុកចិត្តខ្លាំងដល់អ្នកវិនិយោគ ទាំងក្នុងទាំងក្រៅប្រទេស ដែលជំរុញឱ្យទីផ្សារភាគហ៊ុនអឺរ៉ុបកើនថ្លៃទាំងអស់ នៅថ្ងៃនេះ និងជាសញ្ញាបញ្ជាក់ថាកំណើនសេដ្ឋកិច្ចចិនកំពុងតែចាប់មានស្ថិរភាព។
តាំងពីខែមីនាមក ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាក់ស្តែង និងផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ច រដ្ឋាភិបាលចិន បានផ្តើមបន្ធូរបន្ថយសម្ពាធពន្ធ ដែលដាក់លើក្រុមហ៊ុនសហគ្រាស ដោយបញ្ចុះក្នុងកំរិត ប្រមាណ២៦៥ពាន់លានអឺរ៉ូ និងកាត់បន្ថយចំណាយទាំងផែនៗផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
ប៉េកាំងថែមទាំងជ្រើសរើសប្រើវិធីរក្សាលំនឹងសេដ្ឋកិច្ច ដោយប្រឹងជួយក្រុមហ៊ុនណាដែលត្រូវការកម្ចីថវិកា ប៉ុន្តែដោយមិនឱ្យជ្រុល និងដោយមិនបំប៉ោងបំណុល។ ដើម្បីអាចសម្រេចយុទ្ធសាស្ត្រនេះ ធនាគារចិនបានលើកចិត្ត និងគិតគូរខ្លាំង ឱ្យក្រុមហ៊ុនសហគ្រាស ខ្នាតតូចនិងមធ្យម អាចខ្ចីប្រាក់បានខ្ពស់ ហើយព្រលែងដៃ លែងសូវទៅជួយក្រុមហ៊ុនសាធារណៈធំៗវិញ។ វិធានការចាំបាច់មួយទៀតដែលជាកត្តាចំបងនៃការធានាសន្តិភាពសង្គម និងដែលរដ្ឋាភិបាលចិនមិនភ្លេចគិតគូរដោះស្រាយដែរនោះ គឺរក្សាស្ថិរភាពនៃអត្រាអ្នកការងារធ្វើនៅតាមក្រុង។
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង បានប្រកាសអំពាវនាវ ពង្រឹងការគាំទ្រ និងបានសន្យាបន្ធូរបន្ថយពន្ធ ដល់ក្រុមហ៊ុនសហគ្រាសដែលងាកទៅរកស៊ីជាមួយអន្តរជាតិ ដើម្បីទ្រទ្រង់ការនាំចេញ ព្រោះជាមួយនឹងវិបត្តិសង្គ្រាមពាណិជ្ជកម្ម ការនាំចេញមានការយ៉ាប់យឺនខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ