New York Times៖លោកដូណាល់ ត្រាំកំពុងពិចារណាលើសេណារីយ៉ូដើម្បីកាត់បន្ថយទ័ពអាមេរិកនៅកូរ៉េខាងត្បូង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១២
នៅសហរដ្ឋអាមេរិក ព័ត៌មានចុះផ្សាយដោយកាសែត New York Times បានឲ្យដឹងថា លោកប្រធានាធិបតីដូណាល់ ត្រាំបានប្រាប់ទៅក្រសួងការពារជាតិឲ្យពិចារណាលើសេណារីយ៉ូមួយចំនួនដើម្បីកាត់បន្ថយចំនួនទ័ពអាមេរិកដែលកំពុងឈរជើងក្នុងទឹកដីកូរ៉េខាងត្បូង។ តែសេតវិមាន និងក្រសួងការពារជាតិអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ យ៉ាងណាក៏ដោយ ព័ត៌មានមួយនេះបានធ្លាក់មក មុននឹងលោកដូណាល់ ត្រាំគ្រោងជួបមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននាដំណាច់ខែឧសភានេះ។
បច្ចុប្បន្ននេះ មានទាហានអាមេរិកចំនួន ២៣ ៥០០នាក់កំពុងឈរជើងនៅក្នុងទឹកដីកូរ៉េខាងត្បូង ហើយវត្តមានរបស់ពួកគេមានតាំងពីក្រោយការបិទបញ្ចប់សង្រ្គាមកូរ៉េក្នុងឆ្នាំ ១៩៥៣។ គួររម្លឹកជូនថា ពិតមែនតែបងប្អូនបង្កើតគូសត្រូវទាំងពីរកូរ៉េខាងត្បូង និងកូរ៉េខាងជើងឈប់ធ្វើសង្រ្គាមនឹងគ្នាជាងកន្លះសតវត្សក៏ដោយ ក៏ភាគីទាំងពីរនៅមិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងគ្នាទេ។ អ្វីដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពី ៦៥ឆ្នាំមុន គឺយុទ្ធសន្តិភាពមានន័យថាជាផ្លូវការ កូរ៉េទាំងពីរនៅតែមានសង្រ្គាមរវាងគ្នា។ នេះអាចជាហេតុផលមួយដែលរបបក្រុងសេអ៊ូលបានយល់ព្រមឲ្យអាមេរិកបន្តរក្សាទុកវត្តមានទ័ពអាមេរិកលើទឹកដីខ្លួនមកដល់សព្វថ្ងៃ។
កាសែតអាមេរិក New York Times ដែលស្រង់ប្រភពពីមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើននាក់បានអះអាងថា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានស្នើទៅក្រសួងការពារជាតិឲ្យពិចារណាលើសេណារីយ៉ូមួយចំនួនដើម្បីកាត់បន្ថយចំនួនទ័ពអាមេរិកនៅកូរ៉េខាងត្បូង។ តែ New York Times មិនបានលំអិតអ្វីបន្ថែមឲ្យលើសពីនេះទេ។ ម្យ៉ាងទៀត ព័ត៌មានមួយនេះក៏នៅមិនទាន់មានការបញ្ជាក់ពីសេតវិមាន និងពីក្រសួងការពារជាតិអាមេរិកដែរ។ ទន្ទឹមគ្នានេះ និងបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង អ្នកទទួលខុសត្រូវម្នាក់នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយប្រាប់អ្នកទទួលខុសត្រូវកូរ៉េខាងត្បូងម្នាក់ដែលកំពុងមានវត្តមានក្នុងទីក្រុងវ៉ាស៊ីនតោនថា ព័ត៌មានដែលចុះផ្សាយដោយកាសែត New York Times ជាព័ត៌មានមិនពិត។
លោកគីម និងលោកត្រាំមិនដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញ ទៅមក
រឿងរ៉ាវរវាងអាមេរិក និងកូរ៉េខាងជើងមានភាពស្មុគស្មាញ និងសាំញុំាជាងការគិតទុកទៅទៀត។ តាំងពីដើមមក ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីតោនបានដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញ ទៅមកដើម្បីអាចជួបចរចាគ្នាមួយទល់មួយបាន។ កូរ៉េខាងជើងថា ខ្លួនយល់ព្រមជួបជាមួយអាមេរិក បើទីក្រុងវ៉ាស៊ីនតោនដកទ័ពរបស់ខ្លួនទាំងអស់ចេញពីទឹកដីកូរ៉េខាងត្បូង និងឈប់គំរាមលើខ្លួន។ ចំណែកអាមេរិកថា ខ្លួនយល់ព្រមជួបជាមួយកូរ៉េខាងជើង បើទីក្រុងព្យុងយ៉ាងរំសាយចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ លោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំថែមទាំងបានគំរាម និងជេរប្រមាថដាក់គ្នា រួមទាំងចង់ប្រើនុយក្លេអ៊ែរវាយប្រហារដាក់គ្នា។
ក៏ប៉ុន្តែ ព្រឹត្តិការណ៍ដែលទើបបានកើតមានឡើងថ្មីៗកន្លងទៅ ពិសេសជំនួបកំពូលរវាងលោកគីម ជុងអ៊ុន និងលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីនកាលពីថ្ងៃទី២៧ មេសា និងគម្រោងជំនួបរវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំនាចុងខែឧសភានេះមិនត្រូវបានភាគីណាមួយដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញ ទៅមកឡើយ។ លើសពីនេះ មនុស្សខ្លាំងកូរ៉េខាងជើងថែមទាំងប្រកាសដោយស្ម័គ្រចិត្តគួរឲ្យភ្ញាក់ផ្អើលពីការរំសាយទីតាំងសាកល្បងនុយក្លេអ៊ែរក្រោមដីក្នុងខែឧសភានេះទៀត។ ឥឡូវនេះ បើព័ត៌មានចុះផ្សាយដោយកាសែតអាមេរិក New York Times ជារឿងពិតមែន នោះវានឹងធ្វើឲ្យជំនួបកំពូលរវាងគីម ជុងអ៊ុន និងដូណាល់ ត្រាំកាន់តែមានភាពរលូន និងអាចទទួលបានជោគជ័យគួរឲ្យភ្ញាក់ផ្អើល។
លោកប្រមុខការទូតអាមេរិក Mike Pompeo ដែលបានជួបសន្ទនាជាមួយលោកគីម ជុងអ៊ុនកាលពីលោកកាន់តំណែងជាប្រមុខ CIA បានបញ្ជាក់ថា លោកគីម ជុងអ៊ុនមិនបានលើករឿងការដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាងត្បូងជាលក្ខខណ្ឌនៃជំនួបកំពូលជាមួយលោកដូណាល់ ត្រាំទេ។ ចំណែកកូរ៉េខាងត្បូងក៏បានប្រកាសនៅ ២ថ្ងៃមុនថា បញ្ហាវត្តមានទ័ពអាមេរិកនៅកូរ៉េខាងត្បូងជាបញ្ហាមួយដាច់ដោយឡែកដែលមិនស្ថិតក្នុងលក្ខខណ្ឌនៃដំណើរស្វែងរកអនាគតកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើងឡើយ។
ជំនួបរវាងលោកគីម និងលោកត្រាំទទួលបានកិច្ចព្រមព្រៀង?
គេអាចនិយាយបានថា ជាមួយនឹងកាយវិការសម្របសម្រប និងការធ្វើសម្បទានមុនរវាងកូរ៉េខាងជើង និងអាមេរិកពេលនេះនឹងធ្វើឲ្យជំនួបកំពូលរវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំឈានទៅទទួលបានកិច្ចព្រមព្រៀងមួយដែលគ្រប់គ្នាសង្ឃឹមទុក និងចង់បាន។ គេនៅមិនទាន់ដឹងថា តើជំនួបកំពូលរវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំនឹងមានដំណើរការយ៉ាងម៉េច និងអាចសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះទេ។ តែយ៉ាងហោចណាស់ បើលោកគីម និងលោកត្រាំអាចចាប់ដៃគ្នា រួចអង្គុយជជែកទល់មុខគ្នា គឺជារឿងមួយអស្ចារ្យ និងមានអត្ថន័យធំធេងខ្លាំងណាស់។
ចូរកុំភ្លេចថា ជោគជ័យនៃជំនួបរវាងលោកគីម និងលោកត្រាំមិនមែនជាជោគជ័យ និងហុចប្រយោជន៍ឲ្យតែភាគីកូរ៉េខាងជើង និងអាមេរិកប៉ុណ្ណោះទេ តែក៏ជាជោគជ័យ និងហុចប្រយោជន៍ដល់អ្នកផ្សេងដែរ ពិសេសចិន និងកូរ៉េខាងត្បូង។ ជាផលប្រយោជន៍សម្រាប់កូរ៉េខាងជើង ព្រោះទីក្រុងព្យុងយ៉ាងកំពុងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែបានជាប់ទណ្ឌកម្មអន្តរជាតិអស់ជាច្រើនឆ្នាំ។ ជាផលប្រយោជន៍សម្រាប់កូរ៉េខាងត្បូង ព្រោះទីក្រុងសេអ៊ូលចង់បានសន្តិភាព និងសន្តិសុខ។ ជាផលប្រយោជន៍សម្រាប់ប្រទេសចិន ព្រោះទីក្រុងប៉េកាំងតែងប្រឆាំងនឹងកូរ៉េខាងជើងមាននុយក្លេអ៊ែរ និងចង់បានដៃគូកូរ៉េខាងជើងមានសន្តិសុខរឹងមាំនៅក្នុងតំបន់។ ជាផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក ព្រោះអាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោនតែងចង់បានឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។
តែទោះជាយ៉ាងណាក៏ដោយ ជោគជ័យ ឬបរាជ័យនៃជំនួបរវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំនាពេលខាងមុខ មិនមែនអាស្រ័យលើចិន ឬកូរ៉េខាងត្បូងទេ តែវាអាស្រ័យទាំងស្រុងលើឆន្ទៈពិតប្រាកដរបស់លោកគីម និងត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ