អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​អាមេរិក​ដាក់​បញ្ចូល​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​ជាថ្មី​ជា « រដ្ឋគាំទ្រភេរវនិយម »?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២០ វិច្ឆិកា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដាក់​បញ្ចូល​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​ថ្មី​ជា « រដ្ឋ​គាំទ្រ​ភេរវនិយម »។ ប្រតិកម្ម​ក្នុង​ថ្ងៃ​អង្គារ ទី២១ វិច្ឆិកា​នេះ ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​គាំទ្រ និង​ទះដៃ​សាទរ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក តែ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចចរចា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា។ គួរ​រម្លឹក​ជូន​ថា កូរ៉េខាងជើង​ធ្លាប់​បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​អាមេរិក​ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ ២០០៨ ជាមួយ​ប្រទេស​អ៊ីរ៉ង់ ស៊ីរី និង​ប្រទេស​ស៊ូដង់។

លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ 路透社。
ផ្សាយពាណិជ្ជកម្ម

មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ចិត្ត​ដាក់​បញ្ចូល​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​ថ្មី​ជា « រដ្ឋ​គាំទ្រ​ភេរវនិយម » ទី១ កូរ៉េខាងជើង​បាន និង​កំពុង​បន្ត​គំរាមកំហែង​ពិភពលោក​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល និង​ទី២ កូរ៉េខាងជើង​បាន និង​កំពុង​បន្ត​គាំទ្រ​ទង្វើ​ភេរវនិយម​អន្តរជាតិ។ នៅ​ក្នុង​ចំណុច​ទី២ នេះ លោក​ត្រាំ​បាន​លើក​ឡើង​ពី​ឃាតកម្ម​ឆ្លង​ដែន​តាម​ប្រម៉ាញ់​ក្រុម​ប្រឆាំង​នៅ​លើ​ទឹកដី​បរទេស​ដោយ​ភ្នាក់ងារសម្ងាត់​កូរ៉េខាងជើង និង​មាន​ការ​រៀបចំ បញ្ជា​ផ្ទាល់​ពី​មនុស្សខ្លាំង​ក្រុង​ព្យុងយ៉ាង​លោក​គីម ជុងអ៊ុន។ ឧទាហរណ៍​ជាក់ស្តែង ឃាតកម្ម​សម្លាប់​បងប្រុស​ម្តាយទីទៃ​ខ្លួន​ឯង​លោក​គីម ជុងណាម​នៅ​ព្រលាន​យន្តហោះ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ខែ​កុម្ភៈ និង​ករណី​និស្សិត​អាមេរិកាំង​ម្នាក់​ឈ្មោះ Otto Warmbier ដែល​បាន​ជាប់​ឃុំ​ក្នុង​ទឹកដី​កូរ៉េខាងជើង ហើយ​បាន​ស្លាប់​ក្នុង​ខែ​មិថុនា​នា​ពេល​មក​ដល់​ទឹកដី​អាមេរិកាំង​ដោយ​សន្លប់​មិន​ដឹង​ខ្លួន។ តែ​សម្រាប់​រដ្ឋបាល​អាមេរិក គឺ​កូរ៉េខាងជើង​ជា​អ្នក​សម្លាប់​និស្សិត Otto Warmbier។

សូម​ជម្រាប​ជូន​ថា ការ​សម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​ដាក់​បញ្ចូល​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រាំ​បាន​ត្រឡប់​ពី​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល APEC ក្នុង​ប្រទេស​វៀតណាម និង​ជំនួបកំពូល​អាស៊ាន​ក្នុង​ប្រទេស​ហ្វីលីពីន។ នា​ឱកាស​នោះ លោក​ត្រាំ​បាន​សន្យា​បង្កើន​គំនាប​លើ​កូរ៉េខាងជើង​កាន់​តែ​ខ្លាំង​ដើម្បី​ឲ្យ​ប្រទេស​ឯកោ​មួយ​នេះ​កាន់​តែ​ឯកោ​ថែម​ទៀត​នៅ​លើ​ឆាកអន្តរជាតិ។ គោលដៅ​របស់​លោក​ត្រាំ គឺ​បង្ខំ​របប​ក្រុង​ព្យុងយ៉ាង​ឲ្យ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល រួច​វិល​ត្រឡប់​ទៅ​កាន់​តុចរចា​ឡើង​វិញ។ សម្រាប់​លោក​ប្រមុខការទូត​អាមេរិក Rex Tillerson ការ​បន្ថែម​គំនាប​លើ​កូរ៉េខាងជើង​ពេល​នេះ​ជា​ជម្រើស​មួយ​ដើម្បី​ដាស់តឿន​ក្រុង​ព្យុងយ៉ាង​ឲ្យ​យល់​ថា ការ​បដិសេធ​មិន​ចូល​តុចរចា​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។

អាមេរិក​គ្រោង​ពង្រឹង​ទណ្ឌកម្ម និង​បន្ថែម​ទណ្ឌកម្ម​ថ្មី

គំនាប​លើ​កូរ៉េខាងជើង​ពី​អាមេរិក​មិនមែន​កម្រិត​ត្រឹម​ការ​ដាក់​បញ្ចូល​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​រដ្ឋគាំទ្រ​ភេរវនិយម​ប៉ុណ្ណោះ​ទេ តែ​គ្រោង​នឹង​ចាត់​វិធានការ​ពង្រឹង​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ និង​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត​លើ​របប​ក្រុង​ព្យុងយ៉ាង។ រដ្ឋបាល​អាមេរិក​ប្រើ​យន្តការ​មួយ​នេះ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុមមនុស្ស និង​ក្រុមប្រទេស​ដែល​កំពុង​បន្ត​រក​ស៊ី​ជាមួយ​កូរ៉េខាងជើង។ លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson បាន​គូស​បញ្ជាក់​ថា ទណ្ឌកម្ម​ថ្មី​ដែល​អាមេរិក​ត្រូវ​ពង្រឹង​បន្ថែម និង​ដាក់​ថ្មី​លើ​របប​ក្រុង​ព្យុងយ៉ាង​ត្រូវ​ប្រកាស​ដោយ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​នៅ​ថ្ងៃ​អង្គារ ទី២១ វិច្ឆិកា​នេះ ពិសេស​ប្រឆាំង​នឹង​ធនាគារ​ចិន​មួយ។

គួរ​រម្លឹក​ជូន​ថា កូរ៉េខាងជើង​បាន​ទទួល​ទណ្ឌកម្ម​ច្រើន​រាប់​មិន​អស់ មាន​ទាំង​ទណ្ឌកម្ម​ជា​លក្ខណៈ​អន្តរជាតិ​តាម​រយៈ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ទណ្ឌកម្ម​ជា​លក្ខណៈ​ឯកតោភាគី​ពី​ប្រទេស​មួយ​ចំនួន​លើ​លោក ពិសេស​ពី​អាមេរិក​តែ​ម្តង។ អាមេរិក​សង្ឃឹម​ថា ការ​ដាក់​បញ្ចូល​កូរ៉េខាងជើង​ជា​ថ្មី​ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​រដ្ឋ​គាំទ្រ​ភេរវនិយម​ពេល​នេះ​អាច​នឹង​ជំរុញ​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ឲ្យ​ដាក់​គំនាប​កាន់​តែ​ខ្លាំង​ថែម​ទៀត​លើ​កូរ៉េខាងជើង​ដើម្បី​ធ្វើ​របប​ឯកោ​មួយ​នេះ​កាន់​តែ​ឯកោ និង​ទទួល​យក​កិច្ចចរចា​ជា​ថ្មី​នៅ​ថ្ងៃ​ណា​មួយ។

សូម​រម្លឹក​ជូន​ថា អាមេរិក​ធ្លាប់​បាន​ដាក់​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​រដ្ឋគាំទ្រ​ភេរវនិយម​ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ ២០០៨ ជាមួយ​ប្រទេស​អ៊ីរ៉ង់ ស៊ីរី និង​សូដង់។ កាល​ណោះ អាមេរិក​បាន​ចោទ​កូរ៉េខាងជើង​ពី​បទ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​យន្តហោះ​កូរ៉េខាងត្បូង​មួយ​គ្រឿង​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១១៥នាក់​ក្នុង​ឆ្នាំ ១៩៨៧។ តែ​អាមេរិក​ក្រោម​លោក​ប្រធានាធិបតី George W. Bush បាន​សម្រេច​ដក​កូរ៉េខាងជើង​ចេញ​ពី​បញ្ជីខ្មៅ​ក្នុង​ឆ្នាំ ២០០៨ វិញ​ក្នុង​គោលដៅ​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ឡើង​វិញ។

ជប៉ុន និង​កូរ៉េខាងត្បូង​គាំទ្រ​ចំណាត់ការ​របស់​លោក​ត្រាំ តែ​ចិន​ស្នើ​ឲ្យ​បន្ត​កិច្ចចរចា

ខណៈ​នេះ កូរ៉េខាងជើង​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ចំណាត់ការ​របស់​លោក​ដូណាល់ ត្រាំ​ទេ តែ​មាន​ប្រតិកម្ម​ពី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ ក្រុង​តូក្យូ និង​ក្រុង​សេអ៊ូល​បាន​ប្រតិកម្ម​គាំទ្រ​លើ​ការ​សម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ។ ខុស​ពី​ក្រុង​តូក្យូ ប្រតិកម្ម​របស់​ក្រុង​សេអ៊ូល​ហាក់​មាន​ការ​ថ្លឹងថ្លែង​ជាង​ប្រតិកម្ម​របស់​ក្រុង​តូក្យូ។ កូរ៉េខាងត្បូង​បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ថា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នំា​កូរ៉េខាងជើង​ទៅ​កាន់​ផ្លូវ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។

សម្រាប់​ចិន​វិញ ក្រុង​ប៉េកាំង​មិន​បាន​យល់​ឃើញ​ដូច្នេះ​ទេ និង​បាន​អំពាវនាវ​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បន្ត​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដែល​នាំ​ទៅ​រក​កិច្ចចរចា​ដោយ​សន្តិវិធី។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lu Kang បាន​អំពាវនាវ​ត្រង់​ទៅ​ភាគី​អាមេរិក​ឲ្យ​ប្រកាន់​យក​ជំហរ​សន្តិនិយម​ដើម្បី​ដោះស្រាយ​បញ្ហា។ គេ​ត្រូវ​រង់​ចាំ​មើល​ថា តើ​ចំណាត់ការ​ថ្មី​របស់​អាមេរិក​ពេល​នេះ​អាច​កាច់​ធ្មុង​កូរ៉េខាងជើង​បាន​ឬ​អត់?។ តែ​ប្រហែល​ជា​ពិបាក​បន្តិច បើ​ផ្អែក​លើ​បទពិសោធន៍​កន្លង​មក នេះ​ជា​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​ជំនាញ និង​ក្រុម​អ្នក​វិភាគ។ ពួក​គេ​យល់​ថា គ្មាន​ផ្លូវ​ដែល​កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ដែល​ជា​អាយុជីវិត និង​ការ​ស្លាប់រស់​របស់​របប​កុម្មុយនិស្ត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ