rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ដោយ ម៉ម ពិសី

ថ្ងៃទី៦កញ្ញា គឺជាថ្ងៃប្រវត្តិសាស្ត្រ សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា នៅឥណ្ឌា ដោយសារថ្ងៃនេះ តុលាការកំពូលរបស់ឥណ្ឌា បានសម្រេចចាត់ទុកជាមោឃៈនូវមាត្រាច្បាប់ចាស់គំរិលមួយ ដែលដាក់ទោសព្រហ្មទណ្ឌ ទៅលើទំនាក់ទំនងផ្លូវភេទ រវាងអ្នកស្រលាញ់ភេទដូចគ្នា។ ដំណឹងដ៏ល្អនេះ ត្រូវបានប្រទេស និងអង្គការការពារសិទ្ធិមនុស្សជាច្រើន អបអរសាទរ ថាវាគឺជំហានថ្មី ឈានទៅកាន់ការទទួលស្គាល់សិទ្ធិពេញលេញ ក្នុងការរួមភេទ ក៏ដូចជាការជ្រើសរើសគូរជីវិត របស់អ្នកស្រលាញ់ភេទដូចគ្នា។ ការបោះជំហានរបស់ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២នេះ នឹងក្លាយជាគម្រូល្អ ដល់ប្រទេសឯទៀត។

មាត្រាច្បាប់ តាំងតែពីជំនាន់អាណានិគមអង់គ្លេស

ការចាត់ទុកជាមោឃៈ នៃទោសព្រហ្មទណ្ឌ ដាក់ទៅលើអ្នកស្រលាញ់ភេទដូចគ្នា​នេះ គឺជាដំណឹងដ៏ល្អ មិនមែនសម្រាប់ប្រជាជនឥណ្ឌា តែសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ទូទាំង​ពិភពលោក។ ការប្រកាសសាលក្រមរបស់តុលាការកំពូលឥណ្ឌានេះ ត្រូវបានមនុស្ស​ម្នា​រាប់ពាន់នាក់ នាំគ្នារងចាំស្តាប់ នៅខាងមុខតុលាការ ក្នុងក្រុងញូដេលី។ នៅតាម​កញ្ចក់ទូរទស្សន៍ឥណ្ឌា គេមាន​ផ្សាយបន្តផ្ទាល់ ផ្តិតយករូបភាព របស់ក្រុមអ្នកស្រលាញ់​ភេទ​ដូចគ្នា ដែលបានញញឹមត្រេកអរ ទឹកភ្នែករលីងរលោង យំឱបគ្នា នៅពេលបាន​ស្តាប់ ការប្រកាសរបស់ចៅក្រមតុលាការកំពូលឥណ្ឌា។

មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌឥណ្ឌា មានចំណាស់តាំងតែពីជំនាន់ ឥណ្ឌាស្ថិតក្រោមអាណានិគមអង់គ្លេសម្លេះ។ មាត្រានេះបានចែង ហាមឃាត់ រាល់ទំនាក់ទំនងការរួមភេទ ដែលផ្ទុយពីច្បាប់ធម្មជាតិ ហើយអ្នកដែលហ៊ានបំពាន អាចនឹងទទួលទោសជាប់ពន្ធនាគារ អស់មួយជីវិត។ ទំនាក់ទំនងរួមភេទ ដែលផ្ទុយពីធម្មជាតិនេះ គឺត្រូវគេ​យក​មក​​បកស្រាយ​ សំដៅដល់ទំនាក់ទំនងរួមភេទ រវាងមនុស្សដែលមានភេទដូចគ្នា។

ក៏ប៉ុន្តែ កន្លងមកទោះមានច្បាប់នេះមែន តែការពិតជាក់ស្តែង នៅឥណ្ឌា កម្រមានការផ្តន្ទាទោសទៅលើអ្នកស្រលាញ់ភេទដូចគ្នាណាស់។ តែយ៉ាងណាក៏ដោយ លោក Dipak Misra ប្រធានតុលាការកំពូលឥណ្ឌា បានលើកឡើងថា មិនអាចបន្តទុកមាត្រាច្បាស់ចាស់គំរិលនេះ បានទេ ត្រូវតែលប់ចោល ព្រោះថា មាត្រានេះ ត្រូវគេប្រើយកធ្វើជាឧបករណ៍ គំរាមសំឡុត ទៅលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា។

ការតស៊ូមតិ និងផ្លូវច្បាប់ ដ៏យូរអង្វែង

មុននឹងឈានមកដល់ ការលប់ចោល នូវទោសព្រហ្មទណ្ឌនេះ វាមិនមែនជាការងាយស្រួលទេមែនទេ ជាពិសេស រដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោកណារិន្ទ្រ ម៉ូឌី គឺជារដ្ឋាភិបាលហិណ្ឌូអភិរក្សនិយមបំផុតទៀតផង។ វាការតស៊ូមតិ និងផ្លូវច្បាប់ យ៉ាងយូរអង្វែង។ កាលពីឆ្នាំ២០០៩ អង្គការការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាមួយនៅឥណ្ឌា បានដាក់ពាក្យប្តឹង ទៅតុលាការជាន់ខ្ពស់ក្រុងញូដេលី។ ជាការគួរឲ្យភ្ញាក់ផ្អើល កាលនោះ តុលាការជាន់ខ្ពស់ ក្រុងញូដេលី បានសម្រេចលប់ចោលមាត្រាខាងលើនេះ។ ក៏ប៉ុន្តែនៅឆ្នាំ២០១៣ ស្រាប់តែតុលាការកំពូលរបស់ឥណ្ឌា បានសម្រេចទាត់ចោល សាលក្រម​របស់តុលាការជាន់ខ្ពស់ក្រុងញូដេលី ដោយលើកឡើងថា បញ្ហានេះ មិនមែនជាតួនាទីរបស់តុលាការត្រូវសម្រេចទេ គឺត្រូវទុកតួនាទី ឲ្យទៅសមាជិកសភា ជាអ្នកធ្វើច្បាប់វិញ។

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា បានបន្តដាក់ពាក្យប្តឹង។ គឺតុលាការកំពូលរបស់ឥណ្ឌា ដដែលនេះ ដែលបានសើររើការសម្រេចចិត្តរបស់ខ្លួន។ កាលពីខែកក្កដាកន្លងទៅនេះ តុលាការបានកោះហៅមនុស្សជាច្រើននាក់ ដែលក្នុងនោះមានមនុស្សល្បីៗនៅឥណ្ឌា មានទាំងតារា នឹងអ្នកជំនួញធំៗជាច្រើន ដើម្បីស្តាប់ពីអំណះអំណាងរបស់ពួកគេ ក្នុងការទាមទារ ឲ្យលប់ការផ្តន្ទាទោសព្រហ្មទណ្ឌនេះចោល។

ជាការកត់សម្គាល់ទូទៅ មុននឹងមានការសម្រេចនៅថ្ងៃនេះ អង្គការសមាគមន៍នៅឥណ្ឌា មានក្តីសង្ឃឹមច្រើនថាតុលាការកំពូលនឹងប្តូរចិត្ត យល់ព្រមលប់ចោលការផ្តន្ទាទោសទៅលើអ្នកស្រលាញ់ភេទដូចគ្នា ព្រោះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តុលាការកំពូលឥណ្ឌា មានទំនោរបើកទូលាយច្រើន ក្នុងការលើកកំពស់​សិទ្ធិសេរីភាព។ ជាក់ស្តែង ចៅក្រុមតុលាការកំពូល បានសម្រេចទទួលស្គាល់ អ្នកដែលវះកាត់កែភេទ​ ថាជាភេទទី៣ ហើយមានសិទ្ធិដូចអ្នកផ្សេង។ ហើយមិនត្រឹមតែប៉ុណ្ណោះ តុលាការកំពូលឥណ្ឌា ​បានសម្រេចការពារសិទ្ធិ​ឯកជនផ្ទាល់ខ្លួន ជាមូលដ្ឋាន របស់ប្រជាជនម្នាក់ៗ ដែលគ្មាននរណាអាចរំលោភបំពានបាន។

ចំណែក រដ្ឋាភិបាលជាតិនិយមហិណ្ឌូ របស់លោក​ណារិន្ទ្រ​ ម៉ូឌី វិញ ទាក់ទងនឹងការ​លប់ចោល​ទោសព្រហ្មទណ្ឌនេះ គឺរដ្ឋាភិបាល​បានសម្រេចចិត្ត មិនលូកដៃក្នុងបញ្ហានេះទេ ដោយសុខចិត្តនៅកណ្តាល ហើយបានទុកតួនាទីនេះ ទៅឲ្យចៅក្រុមនៃតុលាការកំពូល ជាអ្នកសម្រេច។

ទោសប្រហារជីវិត ឬជាប់គុកមួយជីវិត នៅមានតាមប្រទេសយ៉ាងហោច៧០

នេះគឺជាគំរូ នៃការវិវឌ្ឍន៍ដ៏ល្អ សម្រាប់ប្រទេសផ្សេងទៀត ដែលនៅតែបន្តដាល់ទោស អ្នកស្រលាញ់ភេទដូចគ្នា។ បើយោងតាមរបាយការណ៍ របស់សមាគមអន្តរជាតិនៃអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកកែភេទ បានឲ្យដឹងថា មានប្រទេសយ៉ាងហោចណាស់ ៧០ប្រទេស ដែលច្បាប់ព្រហ្មទណ្ឌ ដាក់ទោសទៅលើការរួមភេទរវាងអ្នកស្រលាញ់ភេទដូចគ្នា។ ក្នុងចំណោមនោះ ភាគច្រើន គឺមានប្រទេសនៅអាហ្វ្រិក នៅតំបន់ដើមបូព៌ា និងនៅទ្វីបអាស៊ីយើងជាដើម។

នៅតាមប្រទេសអ៊ីស្លាមជ្រុលនិយមខ្លះ ដូចជាអ៊ីរ៉ង់ យេម៉ែន ស៊ូឌង់ អេមៀរ៉ាត់អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត នីហ្សេរីយ៉ា សូម៉ាលី ជាដើម គឺអ្នកស្រលាញ់ភេទដូចគ្នា អាចត្រូវរងទោសប្រហារជីវិត ដោយគេប្រើច្បាប់ប់ឆារីយ៉ា របស់សាសនាអ៊ីស្លាម។ នៅម៉ូរីតានី អ្នកដែលរួមភេទ ជាមួយអ្នកមានភេទដូចគ្នា អាចត្រូវគេកាត់ទោសតាមបែបសាសនាអ៊ីស្លាម ដោយត្រូវគេគប់ដុំថ្មពីលើ រហូតទាល់ស្លាប់។ នៅប្រទេសឆេឆិននី ប្រធានាធិបតី Kadyrov បានប្រកាសថា និងបោសសំអាត សម្លាប់អ្នកស្រលាញ់ភេទដូចគ្នា ឲ្យអស់ពីប្រទេសទៀតផង។ ដូចគ្នាដែរ នៅអ៊ីរ៉ាក់ ប៉ាគីស្ថាន អាហ្វាហ្កានីស្ថាន កាតា  ក៏មានច្បាប់ដាក់ទោសប្រហារជីវិតទៅលើអ្នកស្រលាញ់ភេទដូចគ្នាដែរ។

ចំណែកនៅតាមប្រទេសមួយចំនួនផ្សេងទៀត អ្នកស្រលាញ់ភេទដូចគ្នា អាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារច្រើនឆ្នាំ ឬអស់មួយជីវិត។ ឯប្រទេសខ្លះ បានអនុវត្តការធ្វើទារុណកម្ម និងបង់ប្រាក់ពិន័យ។ ជាក់ស្តែង នៅម៉ាឡេស៊ីកាលពីថ្ងៃទី៣ កញ្ញាថ្មីៗនេះ ស្ត្រី​ពីរនាក់ ត្រូវបានតុលាការអ៊ីស្លាមម៉ាឡេស៊ី កាត់ទោសឲ្យរងការវាយនឹងរំពាត់ ម្នាក់​៦រំពាត់ ព្រមទាំងត្រូវបង់ប្រាក់ពិន័យប្រមាណ៣៣០០រីងហ្គីត។ ទោសរបៀបនេះ គឺជាទោស​ដែល​មានលក្ខណៈ ធ្វើឲ្យអ្នកស្រលាញ់ភេទដូចគ្នា រងភាពអាម៉ាស ជាសាធារណៈ។

តែយ៉ាងណា នៅតាមប្រទេសខ្លះ បើទោះបីជា​បានលប់ចោលច្បាប់ដាក់ទោស ទៅលើអ្នក​ស្រលាញ់ភេទ​ដូចគ្នា​មែន​ តែមិនមែនមានន័យថា អ្នកស្រលាញ់ភេទដូចគ្នា ត្រូវគេទទួលស្គាល់សិទ្ធិពេញលេញនោះទេ។ ប្រទេសខ្លះ នៅតែមានការរើសអើង នៅតែចាត់ទុកថា ការស្រលាញ់ភេទដូចគ្នា គឺជាជំងឺផ្លូវចិត្ត។ ជាក់ស្តែងប្រទេសចិន បានលប់ចោលទោសព្រហ្មទណ្ឌមែន តែការពិតជាក់ស្តែង អាជ្ញាធរចិន នៅតែបើកដៃ ឲ្យមានការចាប់បញ្ជូនអ្នកស្រលាញ់ភេទដូចគ្នា យកទៅព្យាបាល តាមរយៈការឆក់ខ្សែភ្លើង ជាដើម។ ដូចគ្នាដែរ នៅឥណ្ឌា ការរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា នៅតែមាន ជាពិសេស នៅតាមតំបន់ជនបទ។ រដ្ឋអំណាច អាជ្ញាធរ ត្រូវតែចូលរួមលើកកំពស់ ការគោរពសិទ្ធិ ទើបផ្នត់គំនិតមនុស្ស ដែលចាស់គំរិល អាចប្រែប្រួលបន្តិចទៅបាន៕

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់