rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងត្បូង ​ផ្តើម​​ត្រៀម​ជំនួប​កំពូល​ជាមួយ​កូរ៉េ​ខាងជើង និង​សុខ​ចិត្ត​កាត់​បន្ថយ​សមយុទ្ធ​យោធា

ដោយ ម៉ម ពិសី

ក្រុមការងារកូរ៉េខាងត្បូង កំពុងតែចាប់ផ្តើម រៀបចំជំនួបកំពូល រវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជាអ៊ីន និងលោកប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន។ ជំនួបកំពូលនេះ គ្រោងធ្វើនៅចុងខែមេសា។ ស្រប​ពេលនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថា គេនឹងកាត់បន្ថយចោលខ្លះ នូវសមយុទ្ធយោធាប្រចាំឆ្នាំ ដែលធ្វើឡើងរួមគ្នា ជាមួយនឹងកងទ័ពអាមេរិក។ ដោយឡែក ក្នុងខណៈនេះដែរ បើតាមអ្នកជំនាញ បានអះអាង​ថា កូរ៉េខាងជើង ឯណោះ ទំនងជាបានធ្វើការសាកល្បងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ថ្មី មួយទៀត។

តើរបត់នៃដំណើរ ខិតទៅរកការចរចាគ្នានេះ អាចសម្រេចទៅមុខបានកំរិតណា ឬមួយពេលនេះ គ្រាន់តែជាជំហានស្មានៗ ដែលភាគីកូរ៉េខាងជើង អាចដកថយ ពេលណាក៏បាន?

ខាងត្បូងត្រៀមជំនួបកំពូល​ ខាងជើងសាកម៉ាស៊ីនប្រតិករនុយក្លេអ៊ែរថ្មី

អ្នកវិភាគ IHS Markit បានបញ្ចេញរបាយការណ៍មួយ កាល់ពីថ្ងៃទី២៥មករា ដោយបានវិភាគ លើទិន្ន័យរូបភាពផ្កាយរណបជាច្រើន ដែលបានអាចបញ្ជាក់បានថា កូរ៉េខាងជើង បានត្រៀមរៀបចំ ដាក់ឲ្យដំណើរការ នូវម៉ាស៊ីនប្រតិករ ឬហៅថាម៉ាស៊ីនចំរាញ់ធាតុផ្សំ ដើម្បីយកទៅផលិតនុយក្លេអ៊ែរ។

បើយោងតាមរូបភាពផ្កាយរណប គឺនៅចំណុចទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវបរមាណូ ឈ្មោះ Yongbyon របស់កូរ៉េខាងជើង ដែលគេបានសង្កេតឃើញ មានផ្សែងមួយប្រភេទ​ហោះចេញពីបំពង់ ហើយបើតាមការវិភាគលើផ្សែងនោះ គឺជាផ្សែងដែលចេញពីម៉ាស៊ីនចំរាញ់ សារធាតុព្លុយតូនីញ៉ូម ដើរដោយចំហាយទឹក។ ដូច្នេះ គឺក្នុងរវាងខែកុម្ភៈកន្លងមកនេះ គឺគេសន្និដ្ឋានថា កូរ៉េខាងជើង បានសាកល្បងម៉ាស៊ីនប្រតិករថ្មី ដើម្បីផលិតជាតិព្លុយតូនីញ៉ូម។

ប៉ុន្តែ គេសង្កេតឃើញថា ភាគីកូរ៉េខាងត្បូង បានតាំងចិត្តមិនខ្វល់អ្វីទាំងអស់ ហើយប្រឹងប្រែងជំរុញធ្វើយ៉ាងណា ឲ្យមានការចរចា។ ទីភ្នាក់ងារ ព័ត៌មាន Yonhap ក្រុមការងារពិសេសមួយ ដឹកនាំដោយ Im Jong-Seok ប្រធានខុទ្ទការល័យ របស់ប្រធានាធិបតី មូន ជាអ៊ីន កំពុងតែបើកការប្រជុំ គូសវាស នូវដំណាក់​ការនានា ក្នុងការឈានទៅរៀបចំជំនួបកំពូល ជាប្រវត្តិសាស្ត្រ រវាងលោកមូន ជាអ៊ីន និង លោក គីម ជុងអ៊ុន។ ជំនួបកំពូលនេះ គឺគេគ្រោងនឹងធ្វើនៅ ចុងខែមេសា ខាងមុខនេះ។

កូរ៉េខាងត្បូង នឹងកាត់បន្ថយ ការធ្វើសមយុទ្ធយោធាជាមួយអាមេរិក

បើតាមទីភ្នាក់ងារព័ត៌មាន​ Yonhap ដែលស្រង់ប្រភព ពីក្រសួងការពារជាតិកូរ៉េខាងត្បូង ​បានឲ្យដឹងថា គេនឹងកាត់បន្ថយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលកងទ័ពកូរ៉េខាងត្បូង ធ្វើរួមគ្នា ជាមួយកងទ័ពងាមេរិក។ សមយុទ្ធយោធា ប្រចាំឆ្នាំមាន២។ ទីមួយគឺសមយុទ្ធឈ្មោះ Foal Eagle ដែលជាសមយុទ្ធ ហាត់សមផ្ទាល់នៅមូលដ្ឋាន និងមានប្រើគ្រឿងសព្វាវុធជាច្រើន។ សមយុទ្ធនេះ តាមធម្មតា មានទាហានចូលរួម ប្រមាណរាប់ម៉ឺននាក់ ហើយត្រូវចាប់ផ្តើមធ្វើនៅដើមខែមេសា ខាងមុខនេះ។

សព្វដង សមយុទ្ធ Foal Eagle នេះ មានរយៈពេល២ខែ ក៏ប៉ុន្តែប្រភពខាងលើអះអាងថា គេកាត់បន្ថយមកត្រឹមតែ១ខែទេ។ ចំណែក សម្ភារៈគ្រឿងសព្វាវុធធំៗ របស់អាមេរិក​វិញ ដូចជាយន្តហោះទំលាក់គ្រាប់បែក  B-1B ព្រមទាំងកងនាវាចម្បាំងអាមេរិក  ដែលតែងតែចេញប្រតិបត្តិការ ក្បែរដីកូរ៉េខាងជើង ក្នុងក្របខណ្ឌសមយុទ្ធនេះ ក៏នឹងមិនមានវត្តមានឡើយ នៅខែមេសាខាងមុខនេះ។

ចំណែកសមយុទ្ធមួយទៀត ឈ្មោះ Key Resolve គឺជាសមយុទ្ធ ដែលគេប្រើតែប្រព័ន្ធម៉ាស៊ីន កុំព្យូទ័រ ដើម្បីហាត់សមតែប៉ុណ្ណោះ។ ក្នុងសមយុទ្ធនេះ គេមិនមានកាត់បន្ថយអ្វីទេ ហើយបើតាមការគ្រោងទុក គឺនឹងរៀបចំធ្វើ នៅសប្តាហ៍ក្រោយនេះហើយ។ ជារួម យើងឃើញថា ភាគីកូរ៉េខាងត្បូង ប្រឹងប្រែងណាស់ ដើម្បី​បន្ទន់ចិត្ត​កូរ៉េខាងជើង ឲ្យព្រមចរចា ព្រោះថា​កន្លងមក គឺសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និង​អាមេរិក​នេះហើយ ដែលធ្វើឲ្យកូរ៉េខាងជើង ក្តៅ​​ក្រេវក្រោធ ព្រោះគេចាត់ទុកថា ជាការហាត់សម ត្រៀម​កំលាំង ទៅផ្តួលរំលំរបបផ្តាច់ការត្រកូលគីម។

ជួបគ្នាខែក្រោយ តែមិនទាន់ដឹងថ្ងៃណា ហើយនៅទីណា!

បើនិយាយជារួមទៅ គឺថា ភាគីកូរ៉េខាងត្បូង ប្រឹងប្រែងណាស់ ប្រឹងទាល់តែពេលខ្លះ ធ្វើឲ្យគេមើលពីខាងក្រៅទៅ ឃើញហាក់ដូចជា ខំអួត ខំផ្សព្វផ្សាយច្រើនជ្រុល ដែលធាតុពិត វាអាចមិនដើរទៅមុខលឿនដល់ថ្នាក់នោះទេ។ រហូតមកដល់ពេលនេះ ជំនួបកំពូលនៅរវាងគីម ជុងអ៊ុន និង មូន ជាអ៊ីន ដែលនៅមិនដល់មួយខែទៀងផង ជំនួបជាមួយលោកដូណាល់ ត្រាំ គឺមិនទាន់គ្មានកាលបរិច្ឆេទ និងទីតាំងទេ។

អ្វីៗទាំងអស់នេះ គឺគេអ៊ឺអើគ្នា តែខាងកូរ៉េខាងត្បូង និងអាមេរិកប៉ុណ្ណោះ។ ចំណែកកូរ៉េខាងជើងឯនោះ ស្ងាត់ឲ្យឈឹង មិនទាន់មាននិយាយអ្វីនៅឡើយទេ។ និយាយឲ្យងាយស្តាប់ គឺថា រឿងគីម ជុងអ៊ុន ជួបលោកមូន ជាអ៊ីន ក៏ខាងកូរ៉េខាងជើង មិនទាន់អ៊ឺអើ ឯរឿងជួបជាមួយ លោកដូណាល់ ត្រាំ ក៏គេមិនទាន់ បាននិយាយថាពិតជាចង់ជួបមែន ដែរ។

បើតាមការវិភាគ របស់អ្នកជំនាញជាច្រើន អះអាងថា វាអាចជាការ គ្រាន់តែនិយាយគ្នា ផ្ទៃក្នុង មិនទាន់ផ្លូវការ តែខាងកូរ៉េខាងត្បូងទេ ដែលយកវាទៅនិយាយបំផុសបំផុល។ ដូច្នេះហើយ បានជាមកទល់ពេលនេះ កូរ៉េខាងជើង បិទមាត់ជិត មិនទាន់និយាយអ្វី។ អ្នកវិភាគយល់ថា កូរ៉េខាងជើង មិនចង់ចងជើងខ្លួនឯងទេ។ មិននិយាយអ្វី មានន័យថា​ បើសិនជាបរាជ័យ គ្មានជំនួបទាំងនោះកើតឡើង គឺមិនមែនជាកំហុសគេទេ ព្រោះគេមិនបានព្រមព្រៀងជាផ្លូវការឯណា។

លោកដូណាល់ ត្រាំ គ្មានផែនការច្បាស់លាស់

អ្នកវិភាគខ្លះវិញ បានលើកឡើងថា ការដែលលោកដូណាល់ ត្រាំ ព្រមចង់ជួប គីម ជុងអ៊ុន នោះគឺជារឿងតក់ក្រហល់ពេកណាស់។ នៅសុខ សុខ ស្រាប់តែប្រកាសថានឹងមានជំនួបកំពូល ជាមួយគីម ជុងអ៊ុន នៅចុងខែឧសភា ពោលគឺក្នុង២ខែទៀតប៉ុណ្ណោះ ទាំងដោយគ្មានត្រៀមរៀបបំរុង ជើងព្រួលអ្វីទាំងអស់។ ប្រភពខ្លះ ក៏បានអះអាងដែរថា លោកដូណាល់ ត្រាំ ព្រមទទួលសំណើរ របស់កូរ៉េខាងត្បូងនេះ យ៉ាងទាន់ហន់ ដោយគ្មានបានប្រជុំពិភាក្សា ជាមួយមន្ត្រីជំនាញរបស់អាមេរិកទេ។

បែបនេះគេហៅថា ជានយោបាយការបរទេសដែលគ្មានគំរោង គ្មានការសិក្សា គ្មានទស្សនវិស័យវែងឆ្ងាយ។ ដូចយើងគ្រប់គ្នាតែងតែបានឃើញហើយ ថាលោកដូណាល់ ត្រាំ ចូលចិត្តធ្វើអញ្ចឹងណាស់ គ្រប់រឿង គឺធ្វើឡើងតាមតែចិត្តនឹកឃើញ។

សំណុំរឿងកូរ៉េខាងជើង ស្មុគស្មាញណាស់ មិនមែនថាចរចា ក៏ស្រាប់តែប្រកាសចង់ជួបគ្នាបែបនេះទេ។ អ្នកវិភាគច្រើនណាស់ យល់ឃើញថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ធ្វេសប្រហែសសម្បើមណាស់ ក្នុងរឿងនេះ។ ហើយចំណែកកូរ៉េខាងជើងវិញ គេមានផែនការ យ៉ាងល្អិតល្អន់ មានផ្លូវដើរច្រើនណាស់។ ផែនការទី១មិនបានសម្រេច គេបកទៅជំរើសទី២ ហើយបើទី២មិនទៅមុខ គេមានអាទី៣ទៀត។  ចំណែកលោក ដូណាល់ ត្រាំ គ្មានផែនការអ្វីទាំងអស់ គឺចាំតែបត់ចុះ បត់ឡើង តាមតែការញាក់ របស់គីម ជុងអ៊ុន តែប៉ុណ្ណោះ៕

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

ជំនួបកំពូល​លើក​ទីពីរ រវាង​លោកត្រាំ និង​លោក គីម បរាជ័យ

វៀតណាម៖​« រំសាយនុយក្លេអ៊ែរ » ជា​ប្រធានបទស្នូល​នៃ​ជំនួបកំពូល​លើកទី២ រវាង​លោកដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន