rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ដោយ ព្រំ សឿន សូលីណា

​​ជំនួប​កំពូល​​​​G៧ បើកធ្វើ​ នៅ​​ថ្ងៃសុក្រនេះ ​និងថ្ងៃសៅរ៍​ស្អែក នៅ​កាណាដា។ ​​មុន​ជំនួបកំពូល​ លោក​ដូណាល់ ត្រាំ បានប៉ះសំដីគ្នា​ខ្លាំងៗទៅហើយ​ តាម​បណ្តាញ​ធ្វីតធ័រ ជាមួយ​ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្ត្រី​កាណាដា។ យោងតាម​មន្ត្រីសេតវិមាន លោក​ត្រាំ នឹង​មិននៅ​រហូត​ចប់ជំនួប​កំពូល​​ទេ ដោយគ្រោង​មិនចូលរួម​កិច្ចពិភាក្សា​ទាក់ទង​បញ្ហា​អាកាសធាតុ។ ​ថ្ងៃសុក្រ​នេះ​ ​បាតុកម្ម​ប្រឆាំង​ជំនួប​ហ្សេ៧ ក៏​គ្រោង​ធ្វើ​នៅ​ទីក្រុង​កេបិក​ដែរ។ ម្សិលមិញ មនុស្ស​៥០០នាក់​បាន​ដង្ហែ​ក្បួន​បាតុកម្ម​ ដោយ​គ្មាន​ការប៉ះទង្គិច​អ្វី​ធុំដុំទេ។ ​

មុនជំនួប​កំពូល​ហ្សេ៧ ​លោកដូណាល់ ត្រាំ សរសេរក្នុង​​​ធ្វីតធ័រ​គំរាម​រហូត​សហភាព​អឺរ៉ុប

​ឃើញថា រដ្ឋបាល​អាមេរិក​សម្រេច​ដំឡើងលើ​​​ដែកថែប និង​អាលុយមីញ៉ូម ដែលនាំចូល​ពី​បរទេស​មក​​ក្នុងស្រុក​អាមេរិក វា​បានបង្ក​ភាពតានតឹង​ធំ​ទៅហើយជាមួយ​ប្រទេសផ្សេងៗ ដូចជា​កាណាដា រឺប្រទេស​​សហភាព​អឺរ៉ុប នៅ​មុនជំនួប​កំពូល​ហ្សេ៧។ តែ​លោកដូណាល់ ត្រាំ នៅ​តែ​មិនខ្លាច​នឹង​ប៉ះ​សំដី​តាម​ធ្វីតធ័រ​ ជាមួយ​ប្រទេស​ទាំងនេះ​ទៀត។

ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​វាយប្រហារ​មិនត្រឹម​កាណាដា និង​បារាំងទេ ថែមទាំង​គំរាម​រហូត​ដល់​សហភាព​អឺរ៉ុប​​​ទៀតផង។ ម្សិលមិញ លោក​ត្រាំ ​បាន​សរសេរ​​ថា៖ “សូម​ប្រាប់​​ទៅ​នាយករដ្ឋមន្ត្រី ជូស្ទីន ទ្រូដូ ​និង​ប្រធានាធិបតី ម៉ាក្រុង​ ទៅថា ពួកគេ​បា​ន​ដាក់​​ពន្ធ​គយសម្បើម​ណាស់ លើ​សហរដ្ឋ​អាមេរិក ហើយ​ពួកគេ​បា​នបង្កើត​ជា​របាំង​ពន្ធ​មិនមែន​ជា​រូបិយវត្ថុ”។ លោក​ត្រាំ ថែមទាំង​រំលឹក​ទៅលោក​ទ្រូដូ​ទៀត ពី​ការដែល​កាណាដា​យកពន្ធ​ទឹកដោះគោអាមេរិក ជិត​៣០០ភាគរយ។ ​មិនត្រឹម​ប៉ុណ្ណេះទេ​ ​​លោកត្រាំ​ ​រហូត​គំរាម​សហភាព​អឺរ៉ុប​​អោយ​លើក​ពន្ធ​ពី​ទំនិញ​អាមេរិក។ លោក​សរសេរក្នុង​ន័យ​ថា​៖ ​​“លើកពន្ធ​ចេញ​ទៅ មិនអញ្ចឹង​ទេ ​យើង​នឹងធ្វើ​​​អោយ​​គ្រាន់បើ​​ជាង​ពួកអ្នក”។

លោកត្រាំ​គំរាម​បែបនេះ បង្ហាញថា លោក​នៅតែ​ប្រកាន់​​​​ជំហរ​នយោបាយ​​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​អាត្មានិយម​របស់​អាមេរិក ហើយលោក​ទំនង​ជា​​មិនខ្លាចធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កាណាដា រឺ​អឺរ៉ុប​ទេ ករណី​ចាំបាច់។ ​ម្សិលមិញ ក្នុងពេល​ជួប​ជាមួយ​លោកអាបេ​ជា​​​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ត្រាំធ្វើអោយ​គេ​គិត​​រួចហើយថា លោក​មិនងាយ​ស្រុះស្រួល​ជាមួយ​មេដឺកនាំ​ប្រទេស​ហ្សេ៦ផ្សេងៗ​ទេ បើប្រទេស​ទាំងនេះ​​មិនព្រម​សម្របតាម​អាមេរិក​មុន។ ​​

គោលការណ៍​សេដ្ឋកិច្ច​​អាត្មានិយម​នេះ​​​ ​​បាន​ធ្វើអោយ​អាមេរិក​​​ឯកា​តែឯង។ អាមេរិក​បាន​ធ្វើខុសពី​គេ ​លើសំណុំរឿង​ផ្សេងៗ​ក្នុង​ឆាកអន្តរជាតិ ដូចជា​បញ្ហា​បរិស្ថាន ការកើន​សីតុណ្ហភាព​​ភពផែនដី សំណុំរឿង​​អ៊ីស្រាអែល-ប៉ាឡេស្ទីន រឺ​ក៏​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ជាដើម។ ​​​ កាណាដា​មិនពេញចិត្ត​នឹង​លេស​របស់​អាមេរិក​ដែលថា ​យកពន្ធដែកថែប​និង​អាលុយមីញ៉ូម ​គឺដើម្បី​ការពារ​សន្តិសុខ​អាមេរិក​នោះទេ។ ​​ពិចារណា​មើលទៅ​ ហេតុផល​នេះ​ដូច​ជា​មិនសម​មែន ហើយ​​​គួរ​អស់​សំណើច​ទៀតផង ដែលយើងលឺ​​ថា ​ការនាំចូល​ត្រឹមតែដែកថែប រឺ​អាលុយមីញ៉ូម ​ធ្វើអោយ​​​ប៉ះសន្តិសុខ​ប្រទេស​នាំចូល។ ​​សហភាព​អឺរ៉ុប​បាន​ដាក់បណ្តឹង ប្តឹង​អាមេរិក ​​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោករួចហើយ។ អឺរ៉ុប​​ក៏​ត្រៀម​ដាក់ពន្ធ​លើ​ផលិតផល​មួយចំនួន​​របស់​អាមេរិក​ដែរ ដូចជា​ស្រាវីស្គី ​ប៊ើរ សណ្តែកដី ​រឺ​ក៏​ម៉ូតូ។

ប្រហែល​អញ្ចឹងហើយ ​ទើប​​មុនជំនួប​កំពូល​ហ្សេ៧ លោក​ដូណាល់ ត្រាំ ក៏​សេរសេរ​គំរាម​សហភាព​អឺរ៉ុប​តែម្តងទៅ។ ប៉ុន្តែ លោកត្រាំ​​សរសេរ​វាយប្រហារ​ស្រេចតែ​ក្បាលចិត្ត គឺ​​លោក​មិនខ្លាច​​​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​​​​​ខ្លាំងជាងគេ​ក្នុង​ពិភពលោកទេ។ ​​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ប្រឆាំង​​ចំពោះ​ការ​ដែ​លប្រទេស​មួយ យក​គោលកាណ៍​ថា អាតូច​មិនឈ្នះ​អាធំ​ មកប្រើ​។ លោក​ម៉ាក្រុង​បង្ហាញ​ជំហរ​រួចទៅហើយ​ថា បើ​ហ្សេ៧ ធ្លាក់​មក​នៅ​ត្រឹម​ហ្សេ៦ ក៏​មិនអីដែរ បារាំង​មិនខ្វល់ទេ។ ដោយសារ​តែ​លោកដូណាល់ ត្រាំ ដូចជា​ហួសហេតុ​ដូច្នេះ ទើប​មេដឺកនាំ​បារាំង និង​កាណាដា បាន​ជួបពិភាក្សា​គ្នា​​ម្សិលមិញ រក​គោលជំហរ​ទប់ទល់​អាមេរិក។ ប្រឈមអាមេរិក ​ប្រទេស​មហាអំណាច​អឺរ៉ុប និង​កាណាដា​​បាន​បង្ហាញ​ភាព​សាមគ្គី​គ្នា​​ទៅវិញទៅមក។

ដោយឡែក ជប៉ុន​និង​អ៊ីតាលី ដូចជា​មិនសូវ​ជា​តឹងតែង​ជាមួយ​លោក​ត្រាំទេ។ មូលហេតុ​គឺ​ជប៉ុន​មិនចង់​ឯកា នៅ​អាស៊ី ទាក់ទង​សំណុំរឿង​កូរ៉េខាងជើង​នេះឯង។ ដោយសារ​លោក​ដូណាល់ ត្រាំ ត្រូវជួ​ប​ជាមួយ​លោក​គឺម ជុងអ៊ុន ក្នុង​ពេល​ខាងមុខ​នេះឯង។ ​ ​

គេអាច​សង្ឃឹមអ្វីខ្លះពី​ជំនួប​ហ្សេ៧ នៅ​កាណាដា​?

រឿងសេចក្តី​ថ្លែងការណ៍រួម​នេះ​ ដែល​ហ្សេ៧ អាច​សម្រេចចេញ គេមិនសង្ឃឹម​ប៉ុន្មានទេ។ តែ​គេសង្ឃឹមថា ​អាមេរិក​និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​​៦ទៀត​ មានកាណាដា ​​បារាំង អង់គ្លេស អាល្លឺម៉ង់ ​អ៊ីតាលី និង​ជប៉ុន យ៉ាងហោច​ណាស់​ក៏​អាច​បន្ត​ដោះស្រាយ​បាន​ទៅមុខ​​ទៀត លើ​សំណុំរឿង​ដូចជា ​ឧក្រិដ្ឋកម្ម​តាម​បណ្តាញ​ព័ត៌មាន​វិទ្យា បញ្ហា​សម្រាម​ផ្លាស្ទិក​តាម​សមុទ្រ ​ការអប់រំ​ក្មេងស្រី ​រឺ​បញ្ហា​បំពានភេទជាដើម។ ​ ​​ ​

សហភាព​អឺរ៉ុបមិនដូច​អាមេរិក មិនចង់​​ប្រកាន់​គោលការណ៍​អត្មានិយម​ពាណិជ្ជកម្ម​ហួសហេតុ​ទេ ព្រោះអឺរ៉ុប​ដឹងច្បាស់ថា បើ​ធ្វើតបទៅ​លោកត្រាំ​វិញ វាអាច​​នឹង​ធ្វើអោយ​សេដ្ឋកិច្ច​ពិភពលោក​គ្មានលំនឹង។ នេះ​ជា​អ្វី​ដែល​បារាំង​ចង់​អោយ​ជជែកគ្នា​ជាមួយ​អាមេរិក ថ្ងៃនេះ ដើម្បី​អោយ​អាមេរិក​គិតគូរ​អោយ​មែនទែន​ពីផលវិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម។ ​ពេលនេះ អាល្លឺម៉ង់បារម្ភ​ និង​ចង់​ស្រុះស្រួល​​​ខ្លះៗដែរ​ជាមួយ​អាមេរិក ចៀស​វាង​កុំអោយ​លោកដូណាល់ ត្រាំ យកពន្ធ​ធ្ងន់​លើសលុប​លើ​ផលិតផល​រថយន្ត​បរទេស។ ​ដោយឡែក ស្អែកនេះ ​លោកត្រាំ​មិននៅ​រហូត​ដល់​ចប់​កម្មវិធី​ប្រជុំទេ ព្រោះ​លោកត្រូវ​ធ្វើដំណើរ​ទៅ​សិង្ហបុរី ដើម្បី​ជួប​លោក​គឹម ជុងអ៊ុន ក្នុង​ពេល​ខាងមុខ៕ ​​​

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC