កូនប្រសាលោកដូណាល់ ត្រាំ ត្រូវបានដកសិទ្ធិមិនអោយចូលមើលព័ត៌មាន“Top Secret”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៥
លោក Jared Kushner ជាកូនប្រសា និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោកដូណាល់ ត្រាំ ត្រូវបានគេដកសិទ្ធិលែងអោយចូលមើលព័ត៌មានកម្រិតសំងាត់បំផុត។ សេតវិមានបដិសេធអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ។ ទីប្រឹក្សាលោកដូណាល់ ត្រាំមួយចំនួនទៀត ក៏ត្រូវបានដកសិទ្ធិនេះដូចគ្នាដែរ។ ពេលនេះ មានលេចលឺថា ប្រទេសយ៉ាងតិចចំនួន៤ កំពុងសម្លឺងមើលចំណុចខ្សោយរបស់លោក Kushner ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រទេសពួកគេ។
លោកJared Kushner និងទីប្រឹក្សាមួយចំនួនរបស់លោកត្រាំ ត្រូវបានដកសិទ្ធិ
មិនមែនមានតែលោក Jared Kushnerតែម្នាក់ទេ ដែលត្រូវបានដកសិទ្ធិលែងអោយចូលមើលព័ត៌មានកម្រិតសំងាត់បំផុត ហៅថា “Top Secret”ហ្នឹង។ គឺមានទាំងទីប្រឹក្សាលោកដូណាល់ ត្រាំ មួយចំនួនទៀតដែរ។ និយាយទៅវាជាការដកសិទ្ធិទីប្រឹក្សាមួយចំនួនរបស់ប្រធានាធិបតីអាមេរិកតែម្តង ព្រោះលោកKushner ជាកូនប្រសាលោកត្រាំ ហើយក៏ជាទីប្រឹក្សាលោកត្រាំដែរ។ លោកKushner បានទទួលព័ត៌មានថា លោកត្រូវបានគេដកសិទ្ធិនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ សូមបញ្ជាក់ថា ជាការធ្លាក់សិទ្ធិ១កម្រិតគឺលោកលែងអាចមើលព័ត៌មាន”សម្ងាត់បំផុត”មែន តែអាចមើលព័ត៌មានសម្ងាត់កម្រិតធម្មតាបាន។ ១ឆ្នាំមកនេះ កូនប្រសាលោកត្រាំរូបនេះ ទទួលបានការអនុញ្ញាតអោយចូលមើលព័ត៌មានសំងាត់បំផុត តែវាជាការអនុញ្ញាតបណ្តោះអាសន្នទេ។
រឿងដកសិទ្ធិលែងអោយទីប្រឹក្សាមួយចំនួនរបស់លោកដូណាល់ ត្រាំ អាចចូលមើលព័ត៌មានកម្រិតសំងាត់បំផុតនេះ ត្រូវបានលើកឡើង ដោយសារតែកន្លងមក មានមន្ត្រីជាលេខាសេតវិមានមួយរូប ឈ្មោះថា Bob Porter បានទទួលការអនុញ្ញាតអោយចូលមើលព័ត៌មានបែបនេះបណ្តោះអាសន្នដែរ។ បញ្ហាស្ថិតនៅត្រង់ថា លោក Bob Porter នេះកំពុងជាប់ក្នុងការស៊ើបអង្កេតផ្លូវច្បាប់ ពាក់ព័ន្ធហិង្សាក្នុងគ្រួសារ តែបែរជាមានសិទ្ធិចូលមើលព័ត៌មានសំងាត់បានយ៉ាងព្រងើយទៅវិញ។ ម្ល៉ោះហើយបានជាពេលនេះ រដ្ឋបាលអាមេរិកមិនចង់អោយមន្ត្រីដែលស្ថិតក្រោមការការស៊ើបអង្កេតផ្លូវច្បាប់ អាចចូលមើលព័ត៌មានសំងាត់ស្រួលៗយ៉ាងនេះទេ ត្រូវរង់ចាំការស៊ើបអង្កេតអោយចប់ស្រួលសិន។
លោក Jared Kushner ជាស្វាមីរបស់កូនស្រី លោកត្រាំ គឺលោកស្រីអ៊ីវ៉ាន់កា ហើយលោកក៏ជាទីប្រឹក្សាជំនិតរបស់លោកត្រាំជាឱពុកក្មេកដែរ។ លោកកំពុងស្ថិតក្រោមការស៊ើបអង្កេតមួយចំនួន បែបយ៉ាងការស៊ើបអង្កេតសំណុំរឿងទំនាក់ទំនងក្រុមការងារលោកត្រាំ ជាមួយរុស្ស៊ីជាដើម។ យើងដឹងហើយថា លោក Kushner បានដើរតួនាទីសំខាន់សម្រាប់បក្សលោកត្រាំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។ គេសង្ស័យថា លោកបានសុំអោយរុស្ស៊ីបង្កើតខ្សែទូរសព្ទពិសេសរវាងលោកត្រាំ និងលោកពូទីន ដើម្បីកុំអោយផ្នែកចារកិច្ចអាមេរិកចាប់ថ្នាក់បាន។ ពេលស្ថិតក្នុងសំណាញ់ស៊ើបអង្កេត លោក Kushnerគ្មានសិទ្ធិចូលមើលព័ត៌មានកម្រិតសំងាត់បំផុតបានទៀតទេ។
មុនមានការដកសិទ្ធិនេះ លោកដូណាល់ ត្រាំ ក៏អាចអនុញ្ញាតអោយលោក Kushner ចូលមើលព័ត៌មានកម្រិតសំងាត់បំផុតបានជាអចិន្ត្រៃយ៍ដែរ។ តែកន្លងមក លោកបែរជាមិនធ្វើ ទុកអោយកូនប្រសាលោកទទួលត្រឹមសិទ្ធិបណ្តោះអាសន្ន។ លោកដូណាល់ ត្រាំ ទុកចិត្តរដ្ឋបាលលោកអោយចាត់ចែងរឿងសិទ្ធិនេះ សម្រាប់ទីប្រឹក្សាទូទៅរបស់លោក ក៏ដូចជាសម្រាប់កូនប្រសារបស់លោកដែរ។ ប៉ុន្តែ សួរថា ហេតុអ្វីក៏កន្លងមក រដ្ឋបាលអាមេរិកអោយសិទ្ធិចូលមើលព័ត៌មានកម្រិតសំងាត់បំផុត ដល់លោក Kushner ជាកូនប្រសាលោកត្រាំ ត្រឹមតែបណ្តោះអាសន្នបែបនេះ? បើតាមដឹង គឺអាចដោយសារទំនាក់ទំនងរវាងលោក Kushner និងថ្នាក់ដឹកនាំ រឺក៏អ្នកវិនិយោគមួយចំនួននៅបរទេស។ លោកជាទីប្រឹក្សាជំនិតរបស់លោកដូណាល់ ត្រាំ តែជួនកាល ពេលលោកចាត់ចែងរឺជជែកអ្វីជាមួយអ្នកណាៗនៅបរទេស លោកមិនបានជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកអោយបានដឹងទេ។
រឿងទំនាក់ទំនងរវាងលោក Kushner នៅបរទេសនេះ ក៏ធ្លាប់ត្រូវបានក្រុមស៊ើបអង្កេត ដេញដោលដែរ។ លោក Kushner ទាក់ទងរកស៊ីអោយក្រុមហ៊ុនប្រចាំគ្រួសារលោក នៅតាមប្រទេសមួយចំនួនមានទាំងនៅចិនដែរ។ ធ្លាប់មានព័ត៌មានថា លោកនិងអ្នកវិនិយោគចិនម្នាក់មានគម្រោងរកស៊ីរួមគ្នាមួយទៀតផង។ អ្នកវិនិយោគចិនរូបនោះស្គាល់អ្នកនយោបាយចិនច្រើននាក់ដែរ។ ដូច្នេះ មិនដឹងថា តើកូនប្រសាលោកត្រាំ ធ្វើការផង ឆ្លៀតទាញប្រយោជន៍រកស៊ីផងរឺក៏យ៉ាងណា។
ដោយឡែក ទោះពេលនេះ លោក Kushner លែងមានសិទ្ធិចូលមើលព័ត៌មានសំងាត់បំផុតមែន តែសេតវិមាននៅតែបង្ហាញការទុកចិត្តថា ក្នុងនាមលោកជាទីប្រឹក្សាប្រធានាធិបតី លោកនៅតែអាចបន្តការងារតទៅទៀត ដូចជាការងារទាក់ទងសន្តិភាពអ៊ីស្រាអែលប៉ាឡេស្ទីនជាដើម។
ប្រាកដណាស់។ កាលណាយើងធ្លាប់ត្រូវគេទុកចិត្តអោយមើលព័ត៌មានសំងាត់បំផុត តែពេលនេះបែរជាលែងអាចមើលបានទៀត អ្នកផ្សេងៗក៏គិតថា យើងមិនអាចនិយាយអ្វីសាច់ការទូលំទូលាយដែរ។ ដើមខែមិនាខាងមុខនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវមក ទស្សនកិច្ចអាមេរិកផង មិនដឹងថា លោក Kushnerអាចធ្វើការបានប៉ុណ្ណាទេ។ មួយ វិញទៀត លោក Kushner វ័យក្មេង ៣៧ឆ្នាំ។ គេបារម្ភថា លោកខ្វះបទពិសោធន៍ អាចធ្វើអោយថ្នាក់ដឹកនាំបរទេសងាយដាក់ឥទ្ធិពលគ្របលោកដោយប្រការណាមួយបាន។ ដោយសារគុណវិបត្តិទាំងនេះ កាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍ បានចុះផ្សាយថា មានប្រទេសចំនួន៤ ដូចជាចិន រឺអេមីរ៉ាតអារ៉ាប់រួម កំពុងជជែកគ្នា រកវិធីដាក់ឥទ្ធិពលលើកូនប្រសាលោកត្រាំ រូបនេះទៀតផង ដើម្បីទាញចំណេញដល់ប្រទេសពួកគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ