អានតួអត្ថបទ
អាស៊ី

របាយ​ការណ៍ UN ស្តីពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​ស្រីលង្កា ពន្យា​ពេល​ប្រកាស​រហូត​ដល់​ខែ​កញ្ញា

របាយការណ៍​ចោទ​ប្រកាន់​ប្រទេស​ស្រីលង្កា ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​គេ​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ ត្រូវបាន​ពន្យា​ពេល​ប្រកាស​រហូតដល់​ខែកញ្ញា ឆ្នាំ២០១៥ ខាង​មុខ​នេះ។ នេះ​បើតាម​អង្គការ​សហ​ប្រជា​តិ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ស្រីលង្កា​ថ្មី​បាន​ស្វាគមន៍​ចំពោះ​ការពន្យា​ពេល​ប្រកាស​របាយការណ៍​ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​របស់ខ្លួន។ ហើយ​ថា​វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​កិច្ច​សហប្រតិបត្តិការណ៍​ជាមួយគ្នា​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ស្រីលង្កា។

កង​យោធា​ស្រីលង្កា​បាន​យកឈ្នះ​ទៅលើ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​ខ្លា​តា​មិល កាលពី​ខែឧសភា ឆ្នាំ ២០០៩ បន្ទាប់ពី​មាន​សង្គ្រាមស៊ីវិល​អស់រ​យៈ​ពេល២៦ ឆ្នាំ។ ហើយ​ភាគី​ទាំងពីរ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ប្រ​ពឹ​ត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា កាលពី​ឆ្នាំមុន ថា​ខ្លួន​នឹងធ្វើ​ការ​ស៊ើប​អង្កេត​ពី​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប៉ុន្តែ​លោក​ប្រធានាធិបតី Mahinda Rajapaksa ដែល​បាន​ចាញ់​នៅក្នុង​ការ​បោះឆ្នោត​កាលពី​ខែមករា​កន្លង​ទៅ​នេះ បាន​បដិសេដ​មិន​សហការ​នៅ​ក្នុង​ការស៊ើបអង្កេត​នេះ។

រដ្ឋាភិបាល​ថ្មី​របស់លោក​ប្រធានាធិបតី Maithripala Sirisena បាន​សុំ​ពេល​បន្ថែម​ដើម្បី​ត្រៀប​រៀបចំខ្លួន មុននឹង​របាយការណ៍​ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវបាន​ប្រកាស។ តាម​គម្រោង​របាយការណ៍​នេះ នឹងត្រូវ​ប្រកាស​នៅ​ខែក្រោយ​នេះ ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល​ទៅ​ខែកញ្ញា​វិញ។
រដ្ឋាភិបាល​ស្រីលង្កា​បាន​និយាយថា​ខ្លួន​ត្រូវការ​ពេល​បន្ថែម​ដើម្បី​បង្កើត​តុលាការ​ស៊ើបអង្កេត​មួយ​ដោយ​ខ្លួនឯង មុននឹង​របាយការណ៍​ត្រូវបាន​ចេញផ្សាយ។

រដ្ឋមន្ត្រីការបរទេស​ស្រីលង្កា​បាន​និយាយថា ការពន្យា​ពេលនេះ នឹង​ផ្តល់​ពេលវេលា​បន្ថែម​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​នៅក្នុង​ស្រុក។ ជាមួយគ្នានេះ បេសកជន​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស Al Hussein បាន​ស្វាគមន៍​ចំពោះ​ការពន្យា​ពេលនេះ ហើយ​និយាយថា ការពន្យា​ពេលនេះ នឹង​អាច​អនុញ្ញាតិ​ឲ្យ​មានការ​បញ្ចូល​ព័ត៌មាន​សំខាន់​ៗ​បន្ថែម​ទៀត ទៅក្នុង​របាយការណ៍​ឧក្រិដ្ឋកម្ម​សង្គ្រាម។

សូមបញ្ជាក់ថា​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ប្រធានាធិបតី​ស្រីលង្កា ទើបតែ​បាន​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ឥណ្ឌា។ នៅ​ទីនោះ​លោក​ប្រធានាធិបតី​បាន​ពិភាក្សា​ពី​បញ្ហា​ទំនាក់ទំនង​អន្តរជាតិ និង​បញ្ហា​ព្រំដែន​ជាមួយនិង​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារ៉េន​ត្រា មូឌី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ