អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

សេដ្ឋកិច្ច ៖ ចន្ទល់មួយទៀតដ៏មាំនៃអនុភាពរបស់ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្ដាហ៍​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ បន្ត​និយាយ​បក​ស្រាយ​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​ឥណ្ឌា ត​ទៅ​ទៀត​។ ក្រោយ​ពី​បាន​លើក​ឡើង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ចន្ទល់​មួយ​ទៀត​ដ៏​សំខាន់​នៃ​អនុភាព​របស់​ឥណ្ឌា នោះ​គឺ​សេដ្ឋកិច្ច​។

ភាពក្រីក្រ និងភាពរុងរឿង នៅប្រទេសឥណ្ឌា
ភាពក្រីក្រ និងភាពរុងរឿង នៅប្រទេសឥណ្ឌា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​ឥណ្ឌា ជា​ប្រធានបទ​មួយ​សំខាន់ ដ្បិត​វា​តែង​បង្ក​ឱ្យ​មាន​សង្គ្រាម​ប៉ាកកា​រវាង​អ្នក​ជំនាញ។ នៅ​ម្ខាង មាន​ពួក​សេដ្ឋវិទូ​ដែល​អះអាង​ថា ឥណ្ឌា​កំពុង​ស្គាល់​ការ​អភិវឌ្ឍន៍​លឿន​រហ័ស ការ​អភិវឌ្ឍន៍​ដែល​ស្តែង​ឡើង​ជា​អាទិ៍​តាម​រយៈ​កំណើន​សេដ្ឋកិច្ច​ក្លៀវក្លា និង​តាម​រយៈ​កំណើន​នៃ​សមត្ថភាព​ទិញ​របស់​ប្រទេស​នេះ នា​អំឡុង​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ម្ខាង​ទៀត មាន​ពួក​សេដ្ឋវិទូ​ដែល​នៅ​តែ​មិន​ព្រម​ឱ្យ​តម្លៃ​ដល់​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឥណ្ឌា និង​អះអាង​ថា ភាគ​ច្រើន​នៃ​ប្រជាជន​ទាំង​ជាង​១២០០​លាន​នាក់​នៃ​ប្រទេស​នេះ បន្ត​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

យ៉ាង​ណា​ក៏​ដោយ នៅ​លើ​វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច ឥណ្ឌា​បាន​និង​កំពុង​បន្ត​លូត​លាស់​
ខ្លាំង។ នេះ​ជា​ការ​មួយ​ប្រកែក​មិន​បាន។ នៅ​ដើម​ទសវត្សរ៍​ទី​៩០ ពាណិជ្ជកម្ម​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​របស់​ឥណ្ឌា គិត​ជា​សរុប តំណាង​តែ​ប្រមាណ ៥០០០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ តួរ​លេខ​នេះ កើន​ឡើង​ជិត​១០​ដង រហូត​ដល់​ទៅ ៤៦៥០០០​លាន​ដុល្លារ នៅ​ចុង​ឆ្នាំ​២០១០។

ដោយសារ​តែ​កំណើន​ខ្លាំង​មែនទែន​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​នេះ រដ្ឋ​ឥណ្ឌា​ក្លាយ​ជា​អ្នក​មាន។ នៅ​ឆ្នាំ​១៩៩០ រដ្ឋ​ឥណ្ឌា​មាន​រូបិយប័ណ្ណបរទេសនិងមាស​ Réserve de change គិតជាទឹកប្រាក់ ​ប្រមាណតែ​៥៨០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ​២០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០១០ តួលេខនេះកើន​រហូត​ដល់​ទៅ​៣០ ០០០០​លាន​ដុល្លារ។ ឥណ្ឌា​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៩​នៅ​ឆ្នាំ​២០១១ ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា​ប្រមាណ​៨%​ក្នុង​មួយ​ឆ្នាំ ជា​សមាជិក​នៃ​G២០ និង​ជា​សមាជិក​នៃ​ពួក​BRICS ពោល​គឺ​ពួក​មហា​ប្រទេស​ដែល​កំពុង​ស្គាល់​ការ​អភិវឌ្ឍន៍​លឿន​រហ័ស រួម​មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។ តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ជំនាញ ឥណ្ឌា​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​៣​ឬ​ទី​៤ នារយៈពេល២០​ឆ្នាំ​ទៀត​ខាង​មុខ​នេះ។

ម្ល៉ោះ​ហើយ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បណ្តា​ប្រមុខរដ្ឋ​និង​បណ្តា​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ធំៗ​ក្នុង​លោក បន្ត​កន្ទុយ​គ្នា​មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​តាំង​ពី​ឆ្នាំ​២០១០មក។

សត្តានុពល​សេដ្ឋកិច្ច​ឥណ្ឌា មាន​មូលដ្ឋាន​នៅ​លើ​ចន្ទល់​ដ៏​មាំមួន​មួយ​ចំនួន។ ចន្ទល់​ទី​មួយ គឺ​ប្រជាជន​ដែល​ក្នុង​នោះ ៥០%​មាន​អាយុ​ក្រោម​២៥​ឆ្នាំ។ បាន​ន័យ​ថា ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ​២០៦០ រដ្ឋ​ឥណ្ឌា​មិន​ចាំបាច់​គិត​គូរ​ពី​បញ្ហា​មនុស្ស​ចាស់​ជរា ឬ​ពី​កង្វះ​ប្រជាជន​សកម្ម ដូច​ចិន ជប៉ុន ឬ​បណ្តា​បស្ចិម​ប្រទេស​ទេ។

ចន្ទល់​ទី​ពីរ​នៃ​សត្តានុពល​សេដ្ឋកិច្ច​ឥណ្ឌា គឺ​វិស័យ​វិទ្យាសាស្រ្ត។ ក្នុង​មួយ​ឆ្នាំៗ វិស្វករ​ឥណ្ឌា​៥០០ ០០០​នាក់​ចេញ​ពី​សកល​វិទ្យាល័យ។ ប៉ូល​វិទ្យាសាស្ត្រ​ធំៗ​ដែល​បាន​និង​កំពុង​បន្ត​លើក​ស្ទួយ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នេះ រួម​មាន ព័ត៌មាន​វិទ្យា ឧស្សាហកម្ម​នុយក្លេអ៊ែរ ឧស្សាហកម្ម​ឱសថ ឧស្សាហកម្ម​អវកាស និង​មុខ​ជំនាញ​ខាង​សាង​សង់​ទំនប់​វារិអគ្គិសនី។ល។និង។ល។

រី​ឯ​ចន្ទល់​ទី​បី​នៃ​សត្តានុពល​សេដ្ឋកិច្ច​ឥណ្ឌា គឺ​សម្បត្តិ​ធម្មជាតិ។ ដី​ឥណ្ឌា​ជា​ដី​ប្រ
កប​ទៅ​ដោយ​ជីវជាតិ បង្កប់​ទៅ​ដោយ​ថាមពល​ជាពិសេស​ធ្យូងថ្ម​និង​ឧស្ម័ន​ធម្មជាតិ និង​បង្កប់​ទៅ​ដោយ​លោហធាតុ​ប្រមាណ​៩០​មុខ​ឯ​ណោះ។

 
*

ក៏​ប៉ុន្តែ វា​ក៏​ជា​ការ​ពិត​ដែរ ដែល​ថា​នា​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជា​ទូទៅ​ជីវភាព​របស់​ប្រជាជន​ឥណ្ឌា​ភាគ​ច្រើន​គ្មាន​ការ​ប្រែប្រួល ពលរដ្ឋ​ឥណ្ឌា​ភាគ​ច្រើន​នៅ​តែ​ក្រ។ ឥណ្ឌា​ម្នាក់​ក្នុង​ចំណោម​បី​នាក់​រក​ប្រាក់​មិន​បាន​មួយ​ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ។

ដូច​គ្នា​អ៊ីចឹង​ដែរ ប្រជាជន​ប្រមាណ​ជាង​៤០០​លាន​នាក់​មិន​ចេះ​អក្សរ ៧២%​នៃ​ប្រជាជន​រស់​នៅ​តាម​ស្រុក​ស្រែ​ចំការ ២៨%​តែ​ប៉ុណ្ណោះ​ជា​អ្នក​ទីក្រុង។

ចំណុច​ខ្សោយ​នៃ​ប្រទេស​ឥណ្ឌា គឺ​ប្រព័ន្ធ​អប់រំ​ជាតិ​ជាពិសេស​បឋម​សិក្សា​និង​មធ្យមសិក្សា។ ទន្ទឹម​នេះ ប្រព័ន្ធ​អប់​រំ​ឯកជន​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង ជួយ​បណ្តុះ
បណ្តាល​បាន​តែ​កូន​ចៅ​អ្នក​មាន​និង​កូន​ចៅ​អ្នក​ទីក្រុង។

ចំណុច​ខ្សោយ​មួយ​ទៀត​នៃ​ប្រទេស​ឥណ្ឌា គឺ​កសិកម្ម​ដែល​ជា​ទូទៅ​នៅ​ពឹង​ពាក់​នឹង​ទឹក​ភ្លៀង។ ជា​ទូទៅ កសិករ​ជាពិសេស​អ្នក​រស់​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ជំពាក់​បំណុល​គេ​វ័ណ្តក។ នៅ​ក្នុង​បរិបទ​បែប​នេះ បូក​ផ្សំ​នឹង​កំណើន​លឿន​រហ័ស​នៃ​ប្រជាជន ឥណ្ឌា​ត្រូវ​ការ​ទិញ​អង្ក​និង​ពោត​ពី​បរទេស។

ចំណុច​ខ្សោយ​សំខាន់​មួយ​ទៀត​នៃ​ប្រទេស​ឥណ្ឌា គឺ​ហេដ្ឋារចនា​សម្ព័ន្ធ ទាំង​ផ្លូវ​ថ្នល់​ ផ្លូវដែក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក។ ជាក់​ស្តែង នៅ​ខ្វះ​ខាត​ច្រើន​ណាស់ ការ​ត​ភ្ជាប់​ទីក្រុង​ធំៗ​ទាំង​បួន គឺ​Delhi Calcutta Chennai និង Bombay។

យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន ពេល​ត្រូវ​និយាយ​ពី​ឥណ្ឌា គឺ​តាំង​ពី​
ដណ្តើម​ឯករាជ្យ​បាន​មក​វិញ​ពី​អង់គ្លេស​កាល​ពី​៦៧​ឆ្នាំ​មុន​មក​ទល់​ឥឡូវ ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ​បាន​បោះ​ជំហាន​ទៅ​មុខ​រហូត នៅ​លើ​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ហើយ​នេះ ទោះ​បី​ជា​ឥណ្ឌា​ត្រូវ​ប្រឈម​មុខ​ឥត​ឈប់ឈរ​នឹង​វិបត្តិ​សែន​ធ្ងន់ធ្ងរ រួម​មាន​សង្គ្រាម​ជា​ច្រើន​លើក​ជាមួយ​ប៉ាគីស្ថាន សង្គ្រាម​ជាមួយ​ចិន មហន្តរាយ​ធម្មជាតិ និង​ភេរវកម្ម​គ្រប់​ប្រភេទ​ដែល​បាន​សម្លាប់​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​អស់​ពីរ​នាក់។ ដូច​គ្នា​អ៊ីចឹង​ដែរ ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​មួយ​នេះ​បាន​និង​កំពុង​បន្ត​ប្រព្រឹត្តិ​ទៅ នៅ​ក្នុង​បរិបទ​នៃ​តំបន់​មួយ នោះ​គឺ​អាស៊ី​ខាង​ត្បូង តំបន់​មួយ​ដែល​ជា​ទូទៅ​មិន​អំណោយ​ផល​សោះ​ឡើយ សម្រាប់​ថាមភាព​សេដ្ឋកិច្ច។

គេ​អាច​និយាយ​ពី​ឥឡូវ​នេះ​ត​ទៅ​ថា ពី​១០​ទៅ​២០​ឆ្នាំ​ទៀត​ខាង​មុខ​នេះ ឥណ្ឌា​នឹង​ក្លាយ​ទៅ​ជា​មហាយក្ស​អាស៊ី​មួយ​មិន​ចាញ់​ចិន​ប៉ុន្មាន​ទេ។ ពីព្រោះ ខុស​ផ្ទុយ​ពី​ថ្នាក់​ដឹក​នាំ​នៃ​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​បង​ប្អូន​គូសត្រូវ​សួ​ពូជ ថ្នាក់​ដឹក​នាំ​ឥណ្ឌា​មាន​ចក្ខុនិមិត្ត​នយោបាយ​និង​ភូមសាស្រ្ត​នយោបាយ​ច្បាស់​លាស់។ ឥណ្ឌា​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា ជា​មហា​អំណាច​តំបន់​រួច​ស្រេច​ទៅ​ហើយ មិន​ថយ​ឡើយ មិន​ចាំ​ឡើយ ត្រូវ​តែ​យក​ឈ្នះ​សង្គ្រាម​សេដ្ឋកិច្ច។ ពីព្រោះ​មហា​អំណាច​សេដ្ឋកិច្ច​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​មហា​អំណាច​យោធា និង​នៅ​ទី​បំផុត ជា​ប្រទេស​ដែល​ពិភពលោក​ត្រូវ​គោរព​កោត​ខ្លាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ