អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

​ឥណ្ឌា​៖​ ពី​យក្ស​ដែល​មាន​ជើង​ធ្វើ​ពី​ដី​ឥដ្ឋ​ មក​ជា​មហា​អំណាច​តំបន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ បន្ត​និយាយ​បកស្រាយ​អំពី​ភូមិសាស្ត្រ​នយោ​បាយ​នៃ​ប្រទេស​ឥណ្ឌា​តទៅទៀត ដោយ​សូម​លើកឡើង​ពី​ដំណាក់កាល​សំខាន់ៗ​ដែល​ធ្វើឱ្យ​ឥណ្ឌា​មាន​មហិច្ឆតា​ចង់​ក្លាយជា​មហាអំណាច។

Jawaharla​ Nehru​ នាយក​រដ្ឋ​មន្ត្រី​ទីមួយ​បង្អស់​នៃ​ប្រទេស​ឥណ្ឌា​ឯករាជ្យ​ និង​Gandhi​ បិតា​នៃ​ឯករាជភាព​ឥណ្ឌា​
Jawaharla​ Nehru​ នាយក​រដ្ឋ​មន្ត្រី​ទីមួយ​បង្អស់​នៃ​ប្រទេស​ឥណ្ឌា​ឯករាជ្យ​ និង​Gandhi​ បិតា​នៃ​ឯករាជភាព​ឥណ្ឌា​
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយពី​បានក្លាយ​ជា​រដ្ឋ​ឯករាជ្យ​វិញ​នៅ​ឆ្នាំ១៩៤៧ ឥណ្ឌា​ដែល​ធំ​តែ​មាឌ ​និង​ដែល​មាន​​ប្រជាជន​ច្រើន​ដូច​ស្រមោច គឺជា​យក្ស​ដែលមាន​ជើង​ធ្វើ​ពី​ដីឥដ្ឋ គឺជា​ប្រទេស​សែន​ក្រីក្រ​ដែល​ត្រូវបាន​បែង​ចែកជា​ពីរ ម្ខាង​ឥណ្ឌា និង​ម្ខាង​ទៀត​ប៉ា​គី​ស្ថាន។

ដោយហេតុតែ​មហា​ប្រទេសមួយ​នេះ​ត្រូវបាន​ពុះ​ចែកជា​ពីរ ប្រជាជន​អ្នក​កាន់សាសនាហ៊ី​ន​​ឌូ(Hindou) ប្រមាណ១០លាន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ប៉ា​គី​ស្ថាន​ទៅ​ឥណ្ឌា រីឯ៧លាន​នាក់​ទៀត​ដែលជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ត្រូវបាន​ជម្លៀស​ចេញពី​ឥណ្ឌា​ទៅប៉ា​គី​​​ស្ថាន។

មិនតែប៉ុណ្ណោះ ឥណ្ឌា ​និង​ប៉ា​គី​ស្ថាន​ដែល​ប្រសូត​ចេញពី​ផ្ទៃពោះ​នៃ​មាតុប្រទេស​តែមួយក្លាយ​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា ដ្បិត​នៅក្នុង​ឆ្នាំ១៩៤៧នោះ ទំនាស់​រវាង​សហគមន៍ហ៊ី​នឌូ​ និង​សហគមន៍​អ៊ីស្លាម​បាន​បណ្តាលឱ្យ​មនុស្ស​ជាង៥សែន​នាក់​បាត់បង់​ជីវិត។

បរិបទ​ពុះកញ្ជ្រោល​និង​ប្រកបទៅដោយ​ហិង្សា​ឆ្នាំ១៩៤៧-១៩៤៨ និង​ជាពិសេស​ឃាតកម្ម​នៅ​ថ្ងៃ៣០មករា១៩៤៨ ទៅលើ​Mahatma Gandhi ដែល​ប្រជាជាតិ​ទាំងមូល​ចាត់ទុក​ដូចជា​ព្រះ បាន​​ជះឥទ្ធិពល​មិនតិច​ទេ​ទៅលើ​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​នៃ​ឥណ្ឌា​ឯករាជ្យ នោះ​គឺ​Jawaharlal Nehru។

ម្ល៉ោះហើយ ពី​ឆ្នាំ១៩៤៧ដល់​ឆ្នាំ១៩៦៤ដែលជា​សករាជ​គ្រប់គ្រង​រដ្ឋ​របស់​Nehru ឥណ្ឌា​មិន​អាច​មាន​ចក្ខុនិមិត្ត​មួយ​ច្បាស់លាស់​ឡើយ​អំពី​តួនាទី​របស់ខ្លួន​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភព​លោក។ ក្នុងនាម​ជា​ប្រទេស​ក្រីក្រ ឥណ្ឌា​របស់​Nehruគ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅពី​តាំងខ្លួន​ជា​អ្នក​តតិយលោក​និយម tiers-mondiste និង​ក្នុងនាម​ជា​ប្រទេស​ដែល​ទើបបាន​រើបម្រះ​ខ្លួន​ចេញរួច​ពី​នឹម​នៃ​ពួក​ប្រទេស​អាណានិគមនិយម ឥណ្ឌា​របស់​Nehru ក៏​ត្រូវតែ​ក្លាយជា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ដែរ បានន័យថា​ឥណ្ឌា​ត្រូវតែ​រួបរួមគ្នា​ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​មិន​តាម​​សហរដ្ឋអាមេរិក ហើយក៏​មិន​កាន់ជើង​សហភាពសូវៀត​ដែរ។

អ៊ីចឹង​ហើយ បានជា​ឧ​ត្ត​ម​គតិ​របស់​Nehru មាន​ជំហរ​នៅលើ​មូលដ្ឋាន​បី។ ទីមួយ​គឺ មូលដ្ឋាន​មនុស្សនិយម humanisme ពោលគឺ​ការលើកតម្កើង​មនុស្សជាតិ​និង​តម្លៃ​របស់​មនុស្សលោក។ ទី​ពីរ​គឺ មូលដ្ឋាន​សកលនិយម universalisme។ និង​ទី​បី​គឺ មូលដ្ឋាន​អហិង្សា ដែលជា​មរតក​មនោគមវិជ្ជា​ដ៏​ថ្លៃថ្លា​បានមកពី​Mahatma Gandhi។

ក៏ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី៦០មកទល់​សព្វថ្ងៃ ឥណ្ឌា​បាន​បោះបង់ចោល​ឬ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​បោះបង់ចោល​មូលដ្ឋានគ្រឹះ​នៃ​ឧ​ត្ត​ម​គតិ​របស់​Nehru។ ប្រឈមមុខ​ជាក់​ស្តែង​នឹង​បរិបទ​តំបន់​ព្រមទាំង​កាលៈទេសៈ​ពិភពលោក ថ្នាក់ដឹកនាំ​ឥណ្ឌា​ជា​បន្តបន្ទាប់ ត្រូវតែ​ងាក​មកឱ្យ​តម្លៃ​ខ្ពស់​ដល់​នយោបាយ​ការបរទេស​ប្រាកដនិយម។

អស់​មាន​ទៀតហើយ​តម្លៃ​សកលនិយម មនុស្សនិយម និង​គោលការណ៍​អហិង្សា នៅក្នុង​នយោបាយ​ទូត​របស់​ឥណ្ឌា។ ឃើញ​មានតែ​មនោសញ្ចេតនា​ជាតិនិយម ជួនកាល​កាច និង​ជួនកាល​ទៀត​ចង្អៀតចង្អល់។ តើ​ហេតុអ្វី?

មូលហេតុ​ធំ គឺ​មកពី ចាប់ពី​ដើម​ទសវត្សរ៍​ទី៦០ទៅ ឥណ្ឌា​ភ័យព្រួយ​និង​ស្រងាកចិត្ត។ ឥណ្ឌា​ភ័យ ពីព្រោះ​ត្រូវបាន​ប្រទេសជិតខាង​រំលោភបំពាន តាមរយៈ​សង្គ្រាម​ជាមួយ​ចិន នៅ​ឆ្នាំ​១៩៦២ និង​សង្គ្រាម​ជាមួយ​ប៉ា​គី​ស្ថាន​លើកទីមួយ​នៅ​ឆ្នាំ១៩៦៥ និង​លើក​ទី​ពីរ នៅ​ឆ្នាំ១៩៧។ ឥណ្ឌា​ស្រងាកចិត្ត ពីព្រោះ​ត្រូវបាន​ពិភពលោក​មាក់ងាយ។

ក្នុង​ចន្លោះ​ទសវត្សរ៍​ទី៧០និង​ទី៨០ នា​ពេលដែល​សេដ្ឋកិច្ច​ចិន​ផ្តើម​ងើប​ក្បាល និង​នាពេល​ដែល​​សេដ្ឋកិច្ច​បណ្តា​ប្រទេស​នាគ​អាស៊ី ដូចជា​សិង្ហ​បុរី តៃវ៉ាន់​និង​កូរ៉េខាងត្បូង កំពុង​លូត​លាស់​​ខ្លាំង ឥណ្ឌា​ត្រូវបាន​គេ​ធីប​ចោល​និង​មើលរំលង។ ពីព្រោះ​នៅក្នុង​សម័យ​នោះ ឥណ្ឌា​នៅ​ក្រីក្រ​ខ្លាំង មាន​កំណើនសេដ្ឋកិច្ច​តិចតួច មិនបាន៣%ល្អ​ផង។

ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទេ ដែល​ឥណ្ឌា​មាន​ទំនុក​ទុកចិត្ត​លើ​ខ្លួនឯង​ឡើងវិញ។ នេះ​ក៏​ដោយសារតែ​កក្តាសំខាន់ៗពីរ។ ទីមួយ​គឺ​កក្តា​យោធា៖ នៅ​ឆ្នាំ១៩៩៨ ឥណ្ឌា​បានប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​មាន​គ្រាប់បែក​បរិ​មា​ណូ។ ទី​ពីរ​គឺ​កក្តា​សេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​​នេះ​ឡើងដល់៨%ក្នុងមួយឆ្នាំៗក្នុង​គ្រា​បច្ចុប្បន ឥណ្ឌា​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី៩ ជា​សមាជិក​នៃ​G២០ និង​ជា​សមាជិក​នៃ​ពួក​BRICS ពោលគឺ​ពួក​មហា​ប្រទេស​ដែល​កំពុង​ស្គាល់​ការអភិវឌ្ឍន៍​លឿន​រហ័ស រួមមាន ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង។
ម្ល៉ោះហើយ ពិភពលោក​មើលរំលង​ឥណ្ឌា​លែង​បាន​ទៀតហើយ។​

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ឥណ្ឌា​ជា​បន្តបន្ទាប់​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​ខ្លួនឯង​នៅឡើយ​ទេ​ថា តើ​អាច​បញ្ជូន​សារ​អ្វីមួយ​ទៅកាន់​ពិភពលោក អាចជួយ​ដោះស្រាយ​បញ្ហា​ពិភពលោក របៀប​ណា អាចធ្វើ​អ្វី​នៅលើ​ឆាក​អន្តរជាតិ ដើម្បីឱ្យ​ពិភពលោក​ទទួលស្គាល់​ប្រទេស​ខ្លួន​ថា ជា​មហាអំណាច​មួយ​ពិតប្រាកដ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឥណ្ឌា​ប្រឹងប្រែង​ធ្វើឱ្យ​ខ្លួន​ល្បីឈ្មោះ​ជា​ប្រទេស​ដែលមាន​បទ​ពិសោ​ធន៍​ជ្រៅជ្រះ​ខាង​លិ​ទ្ធិ​ប្រជាធិបតេយ្យ។ នៅ​ក្នុងន័យនេះ ឥណ្ឌា​បាននិងកំពុង​បន្ត​ជួយ​អា​ហ្វ​ហ្កា​​នី​ស្ថាន​និង​ជួយ​ពង្រឹង​គ្រឹះ​ប្រជាធិបតេយ្យ​នៃ​ប្រទេសមួយ​នេះ។

ឥណ្ឌា​ក៏​កំពុង​ខ្នះខ្នែង​បង្កើន​តួនាទី​របស់ខ្លួន​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅក្នុង​ពិភពលោក​ដែរ។ ឧទាហរណ៍ កងទ័ព​ឥណ្ឌា​បាន​ចូលរួម​បំពេញបេសកកម្ម​កាលពី​ប៉ុន្មាន​ឆ្នាំមុន នៅ​អតីត​យូ​ហ្កូ​ស្លា​វី(Yougoslavie)ក្នុងនាម​ជា​ទាហាន​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ។នៅ​ឆ្នាំ​២០០៤ ឥណ្ឌា​បាន​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប លើ​កិច្ចព្រមព្រៀង​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​បង្ការ​សង្គ្រាម ទប់​ទល់នឹង​ភេរវកម្ម ការពារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក។

មួយឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ២០០៥ ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អាមេរិក​ស្តីពី​ស​ហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​យោធា ដើម្បី​បំពេញ​បេស​ក​សកម្ម​រក្សា​សន្តិភាព​នៅលើ​សម​រភូ​មិ​នាៗ ក្នុង​ពិភពលោក ពិសេស​នៅ​អាស៊ី​ខាងត្បូង។

ក៏ប៉ុន្តែ រហូតមកទល់​ពេលនេះ អន្តរ​គម​ន៍​របស់​ឥណ្ឌា​នៅលើ​ទី​សមរភូមិ​ក្រៅប្រទេស មាន​លក្ខណៈ​អល់អែក​ស្ទាក់ស្ទើរ​នៅឡើយ។ នេះ​ក៏​មកពី​ឥណ្ឌា​ធា្ល​ប់​មានបទពិសោធន៍​អាក្រក់ នៅ​សេរី​ឡង់​កា ក្នុង​ឆ្នាំ១៩៨។ កាលណោះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​Rajiv Gandhi បាន​បញ្ជូន​ទ័ព​Indian Peace Keeping Forceទៅ​រារាំង​កុំឱ្យ​កងកម្លាំង​រដ្ឋាភិបាល​សេរី​ឡង់​កា និង​ពួក​ឧទ្ទាម​តា​មូល(Tamoul)ច្បាំង​គ្នា។

បេស​សកម្ម​នេះ​បានទទួល​បរាជ័យ​ទាំងស្រុង ហើយបី​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ១៩៩១​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​Rajiv Gandhi ថែមទាំង​បាន​ស្លាប់​នៅក្នុង​ភេរវកម្ម​អត្តឃាត​មួយ​បង្កឡើងដោយ​​យុទ្ធ​នារី​ម្នាក់​នៃ​ចលនា​ឧទ្ទាម​តា​មូល​ទៀតផង។ គឺ​ប្រហែលជា​អ៊ីចឹង​ហើយ បានជា​ឥណ្ឌា​បដិ​សេធ​មិន​ព្រម​បញ្ជូន​ទ័ព​ទៅ​អៀ​រ៉ា​ក់(Irak)តាម​ការស្នើ​របស់​អាមេរិក នៅ​ឆ្នាំ២០០៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ