អានតួអត្ថបទ
អាស៊ី

សម្តេច​ប៉ាប​ជំរុញ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​នៅ​ស្រីលង្កា

សម្តេច​ប៉ាប ហ្វ្រង់ស័រ បាន​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​ស្រីលង្កា ហើយ​បាន​អំពាវនាវ​ឲ្យ​ស្វែង​រក​ការពិត បន្ទាប់​ពី​មាន​សង្គ្រាម​ស៊ីវិល​យ៉ាងយូរ​មក នៅ​ខណៈ​ដែល​ព្រះអង្គ​បាន​ទៅ​ដល់​ប្រទេស​ដែន​កោះ​មួយ​នេះ នៅ​ថ្ងៃ​អង្គារ ទី ១៣​មករា​នេះ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល​ប្រមុខ​ដឹកនាំ​សាសនា​កាតូលិក​រូបនេះ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ស្រីលង្កា ក្នុង​រយៈពេល ២ទសវត្ស​រ៍មក។

សម្តេច​ប៉ាប​ François មកដល់​ប្រទេស​ស្រីលង្កា ថ្ងៃ​អង្គារ ទី១៣ មករា ២០១៥
សម្តេច​ប៉ាប​ François មកដល់​ប្រទេស​ស្រីលង្កា ថ្ងៃ​អង្គារ ទី១៣ មករា ២០១៥ REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

សម្តេច​ប៉ាប ហ្វ្រង់​ស័រ ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ស្រីលង្កា បាន​មាន​បន្ទូល​ថា ដំណើរការ​នៃ​ការ​ផ្សះផ្សារ​ក៏​ត្រូវ​ការ​ការស្វែងរក​ការពិត​ដែរ។ គោល​បំណង​របស់​ព្រះអង្គ​នៅ​ពេល​នេះ គឺ​ដើម្បី​បង្រួបបង្រួម​ប្រទេស​នេះ​ជាថ្មី បន្ទាប់​ពី​មាន​ជម្លោះ​អស់​រយៈពេល ៣៧​ឆ្នាំ រវាង​ក្រុម​បំបែក​ខ្លួន​ខ្លា​តាមិល និង​កងទ័ព​រដ្ឋាភិបាល។

ព្រះអង្គ​មាន​ព្រះបន្ទូល​ថា រាល់​សមាជិក​នៅក្នុង​សង្គម​ត្រូវតែ​ធ្វើការ​រូម​គ្នា ហើយ​គ្រប់គ្នា​គឺមាន​សម្លេង។ គ្រប់គ្នា​ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព​ក្នុងការ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ តម្រូវ​ការ បំណង​ប្រាថ្នា និង​ភាព​ភ័យ​ខ្លាច​របស់​ពួកគេ។ ព្រះអង្គ​បន្តថា ការងារ​នៃ​ការ​កសាង​ឡើងវិញ​បន្ទាប់ពី​ជម្លោះ​នោះ​គឺ ត្រូវតែ​រួម​បញ្ជូល​ទាំង​ការគោរព​សិទ្ធិមនុស្ស​ផងដែរ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ប៉ាប ហ្វ្រង់​ស័រ នឹង​ជួប​ជា​មួយ​និង​ប្រធានា​ធិបតី​ស្រីលង្កា​ថ្មី គឺ​លោក Maithripala Sirisena មុន​ទៅ​ជួប​ជាមួយនិង​មេដឹកនាំ​សាសនា​ព្រះពុទ្ធ សាសនា​ហិណ្ឌូ និង​សាសនា​មូស្លីម​នៅក្នុង​ទីក្រុង​កូឡុំបូ។

លោក​ប្រធានាធិបតី​ថ្មី Sirisena បាន​សន្យាថា និង​ការពារ​សេរីភាព​សាសនា និង​បង្កើត​ឲ្យ​មាន​វប្បធម៌​សន្តោស​ប្រណី​ថ្មី​នៅលើ​ដែន​កោះ ដែល​មាន​ជម្លោះ​ជាមួយនិង​ជនជាតិ​ភាគតិច​ខ្លា​តាមិល​អស់​រយៈពេល ៣៧ឆ្នាំ​មកហើយ​នេះ។

អ្នក​កាន់សាសនា​កាតូលិក​នៅក្នុង​ប្រទេស​ស្រីលង្កា​មាន​ចំនួន​តែ ៦ភាគរយ​តែប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន ២០លាន​នាក់។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ថា ប្រជាជន​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​សាសនា​នៅក្នុង​ប្រទេស​នេះ។ ជាមួយគ្នា​នេះដែរ ​ព្រះអង្គ​ក៏​នឹង​ផ្តោត​សំខាន់​ទៅលើ​តួនាទី​របស់​គ្រឹស្តសាសនា ក្នុងការ ផ្សះផ្សារ​សង្គម​ពីរ​ផ្សេងគ្នា​នេះដែរ។

គួរ​ជម្រាប​ជូន​ថា ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ស្រីលង្កា​បាន​បញ្ចប់។ បន្ទាប់​ពី​ប្រទេស​ស្រីលង្កា សម្តេច​ប៉ាប ក៏​នឹង​យាង​ទៅកាន់​ប្រទេស​ហ្វីលីពីន​ជា​បន្ត។ ហ្វីលីពីន​ជា​កន្លែង​មួយ​ដែល​ពោរពេញ​ទៅដោយ​អ្នក​កាន់សាសនា​គ្រឹស្ត ហើយ​ក៏​ជា​កន្លែង​មួយ​ដែល​មាន​ការ​ប្រមូល​ផ្តុំ​ដ៏​ធំ ដើម្បី​ទទួល​ប្រមុខ​ដឹក​នាំ​សាសនា​កាតូលិក​សម្តេច​ប៉ាប ហ្វ្រង់​ស័រ ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ