អានតួអត្ថបទ
ធនាគារពិភពលោក-អាស៊ី

ធនាគារ​ពិភពលោកថា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​បន្តធ្លាក់ចុះ

កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១២​នេះ ដោយហេតុតែ​ផលវិបាក​អវិជ្ជមាន​នៃ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ជាពិសេស។ នេះ​ជា​ការ​បញ្ជាក់​អះអាង​នៅ​ថ្ងៃ​ពុធ​ទី​២៣​ឧសភា​នេះ​របស់​ធនាគារ​ពិភពលោក​ដែល​បាន​អំពាវនាវ​ឱ្យ​ចិន​ព្រម​ទាំង​បណ្តា​ប្រទេស​អាស៊ី​ដទៃ​ផ្សេង​ពង្រឹង​ទីផ្សារ​ផ្ទៃ​ក្នុង​របស់​ពួក​គេ​រៀងៗ​ខ្លួន ដើម្បី​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។

ធនាគារ​ពិភពលោក​​ថា កំណើន​សេដ្ឋកិច្ច​​ប្រទេសចិន​នឹងបន្តធ្លាក់ចុះ
ធនាគារ​ពិភពលោក​​ថា កំណើន​សេដ្ឋកិច្ច​​ប្រទេសចិន​នឹងបន្តធ្លាក់ចុះ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

តើ​រាត្រី​ទឹក​ឃ្មុំ​រវាង​ប្រទេស​ចិន​និង​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា ប្រហែល​ជា​ជិត​ចប់​ហើយ​ឬ? យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ធនាគារ​ពិភពលោក​អះអាង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​មហាយក្ស​ចិន​នឹង​បន្ត​ធ្លាក់​ចុះ​ត​ទៅ​ទៀត ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៨,២%​នៅ​ឆ្នាំ​២០១២​នេះ ទល់​នឹង​៩,២%​នៅ​ឆ្នាំ​២០១១ និង​១០,៤%​នៅ​ឆ្នាំ​២០១០។

 
មូលហេតុ​ធំ បើ​យោង​ទៅ​តាម​ធនាគារ​ពិភពលោក គឺ​មក​ពី​ចិន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២ កំពុង​បន្ត​ទទួល​រង​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​ពី​អឺរ៉ុប និង​ពី​សហរដ្ឋអាមេរិក។ ម្ល៉ោះ​ហើយ​បាន​ជា​ធនាគារ​ពិភពលោក​អំពាវនាវ​ឱ្យ​ចិន​បង្កើន​ប្រាក់​ចំណាយ ក្នុង​គោលដៅ​ពង្រីក​និង​ពង្រឹង​ទី​ផ្សារ​ផ្ទៃ​ក្នុង។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ធនាគារ​ពិភពលោក​ក៏​ទាញ​សញ្ញា​អាសន្ន​ព្រមាន​ប្រាប់​ជា​មុន​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ជះ​ចំហាយ​អវិជ្ជមាន​ទៅ​លើ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ី​ដទៃ។ ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​ព្យាករ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​អាច​ធ្លាក់​មក​នៅ​ត្រឹម​តែ​៧,៦% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១២​នេះ ទល់​នឹង​៨,២%​នៅ​ឆ្នាំ​ទៅ​មិញ​២០១១។ ដូច​គ្នា​អ៊ីចឹង​ដែរ ធនាគារ​ពិភពលោក​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​គាំទ្រ​ទីផ្សារ​ផ្ទៃ​ក្នុង​របស់​ពួក​គេ​រៀងៗ​ខ្លួន តាម​រយៈ​ការ​បង្កើន​វិនិយោគ​សាធារណៈ ជា​អាទិ៍​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ