អានតួអត្ថបទ
សេដ្ឋកិច្ច

ធនាគារ​ពិភពលោក​កាត់បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​និង​អាស៊ី​បូព៌ា​ក្នុងការ​ព្យាករ​ណ៍​ឆ្នាំ​២០១៤ និង​២០១៥

នៅថ្ងៃ​ចន្ទ​នេះ ធនាគារ​ពិភពលោក​បាន​ចេញផ្សាយ​នូវ​របាយការណ៍​ថ្មីមួយ ​ស្តីពី​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​​ ដោយ​បាន​កាត់បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​តំបន់​អាស៊ីបូព៌ា សម្រាប់​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ក្នុងនោះ​ចំណាប់​អារម្មណ៍​ត្រូវ​បាន​គេ​ផ្តោត​ខ្លាំង​ជាងគេ ទៅលើ​ការថយចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន។

ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការព្យាករ​ណ៍​ថ្មី​របស់​ធនាគារ​ពិភពលោក អត្រា​កំណើន​សេដ្ឋកិច្ច​មធ្យម​នៅ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ឆ្នាំ​២០១៤​ និង​២០១៥​ខាងមុខនេះ មាន​ត្រឹមតែ ៦,៩%​ ប៉ុណ្ណោះ ពោលគឺ ទាប​ជាង​អត្រា ៧,១% ដែល​គេ​បាន​ព្យាករ កាល​ពី​ខែ​មេសា​កន្លងទៅ។

ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទី២ ក៏​មាន​ការ​ថយ​ចុះ​ផងដែរ​ធៀប​នឹង​ការ​ព្យាករណ៍​ពីមុន គឺ​ ​អត្រា​កំណើន​ឆ្នាំ​២០១៤​ ថយចុះ​ពី ៧,៦% មក​នៅ​ត្រឹម ៧,៤% ហើយ​អត្រា​កំណើន​ឆ្នាំ​២០១៥ ថយចុះ ពី ៧,៥% មក​នៅត្រឹម ៧,២%។ គួររំឭកឡើងវិញ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ មាន​ដល់ទៅ ៧,៧%។

ជាទូទៅ ការ​ថយចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​តែងតែ​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​ផលប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ដោយសារ​តែ​​​តម្រូវការ​ទីផ្សារចិន​មាន​ការ​ថយចុះ។ ក៏ប៉ុន្តែ អ្នក​ជំនាញ​សេដ្ឋកិច្ច​អាស៊ី​របស់​ធនាគារពិភពលោក​បាន​អះអាង​ថា ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​នេះ នឹង​មិនបង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​អាស៊ី​នោះទេ ដោយសារ​តែ​​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​មិនមែន​កើតឡើង​ដោយ​គំហុក។ ម្យ៉ាងទៀត គេ​រំពឹង​ថា ថ្វីដ្បិត​តែ​តម្រូវការ​ទីផ្សារ​ចិន​ត្រូវ​ថយចុះ ក៏ប៉ុន្តែ ការវិនិយោគ​ចិនវិញ​អាច​នឹង​កើនឡើង​ទៅវិញ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន នៅ​អាស៊ី។

ធនាគារ​ពិភពលោក​ក៏​បាន​កាត់បន្ថយ​ការព្យាករ​អត្រា​កំណើន​សេដ្ឋកិច្ច​ សម្រាប់​តំបន់​អាស៊ាន​ផងដែរ សម្រាប់​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ ខុស​ពី​តំបន់​អាស៊ី​បូព៌ា អត្រា​កំណើន​សេដ្ឋកិច្ច​អាស៊ាន​នឹង​ចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ នៅ​ឆ្នាំ​២០១៥​ខាងមុខ។

យោងតាម​ការព្យាករណ៍ សេដ្ឋកិច្ច​របស់​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង ៥ របស់​អាស៊ាន គឺ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម នឹង​មាន​អត្រា​កំណើន​មធ្យម ៤,៥% នៅ​ឆ្នាំ​២០១៤ តិច​ជាង​អត្រា​កំណើន ៥% កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ។ ក៏ប៉ុន្តែ អត្រា​កំណើន​នេះ​នឹង​កើនឡើង​មក​​ដល់ ៥% វិញ នៅ​ឆ្នាំ​២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ