អានតួអត្ថបទ
ភូមា-ធនាគារពិភពលោក

ធនាគារ​ពិភពលោក​ផ្តល់ជំនួយ​ដល់​ភូមា​ជាលើកដំបូង​ក្នុង​រយៈពេល​២៥ឆ្នាំ

នៅថ្ងៃ​សុក្រនេះ ធនាគារ​ពិភពលោក​បាន​សម្រេច​ផ្តល់​ជំនួយ​ជាទឹកប្រាក់​ចំនួន ៨០លាន​ដុល្លារ ដល់​ភូមា ដើម្បី​ជួយ​អភិវឌ្ឍ​ផ្នែក​សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ជួយ​ជំរុញ​​ឲ្យ​ការ​ធ្វើ​កំណែទម្រង់​នយោបាយ​រៀបចំ​ធ្វើ​ដោយ​លោក​ប្រធានាធិបតី​ថេន សេន។ នេះគឺ​ជា​លើក​ដំបូង​បង្អស់ ដែល​ធនាគារ​ពិភពលោក​បាន​ចាប់ផ្តើម​ផ្តល់​ជំនួយ​ដល់​ប្រទេស​ភូមា​ឡើងវិញ ក្រោយ​ពី​បាន​បិទ​ការិយាល័យ និង​បញ្ឈប់​រាល់​ជំនួយ​​ទៅភូមា អស់រយៈពេល ២៥ឆ្នាំ។

លោក​ ជីម យ៉ុង គីម (Jim Yong Kim) អគ្គនាយក​ធនាគារ​ពិភពលោក
លោក​ ជីម យ៉ុង គីម (Jim Yong Kim) អគ្គនាយក​ធនាគារ​ពិភពលោក REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ នៅថ្ងៃ​សុក្រនេះ លោក​ជីម យ៉ុង គីម (Jim Yong Kim) អគ្គនាយក​ធនាគារ​ពិភពលោក​បាន​ថ្លែង​ថា ការធ្វើ​កំណែទម្រង់ ដែល​រដ្ឋាភិបាលភូមា​បាន​ធ្វើ​នៅពេលនេះ គឺ​ជា​រឿង​ល្អមួយ ដែល​ធនាគារ​ពិភពលោក​ចាំបាច់​ត្រូវ​តែ​លើក​ទឹកចិត្ត​ឲ្យ​ភូមា​បន្ត​ធ្វើ​តទៅទៀត។ លោក​បាន​បញ្ជាក់ថា ជំនួយ ៨០លាន​ដុល្លារ ដែល​ធនាគារ​ពិភពលោក​ផ្តល់​ទៅ​ឲ្យ​ភូមា នៅពេលនេះ នឹង​ត្រូវ​យក​ទៅប្រើ​​ជាអាទិភាព​ទៅលើ​គម្រោង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ នៅ​តាម​ភូមិ​ក្រីក្រ ទៅលើ​វិស័យ​អប់រំ សុខាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើតការងារ​ដល់​ប្រជាជន។

គួររំឭកឡើងវិញ​ថា ធនាគារ​ពិភពលោក​បាន​បិទការិយាល័យ​នៅ​ភូមា កាល​ពី​ឆ្នាំ​១៩៨៧ ព្រមទាំង​សម្រេច​បញ្ឈប់​រាល់​ជំនួយ​ទាំងអស់​ទៅភូមា ក្រោយ​ពី​របបសឹកភូមា​បដិសេធ​មិន​សង​បំណុល​ចាស់ ដែលមាន​ទំហំ​ជាទឹកប្រាក់​រាប់រយ​លាន​ដុល្លារ។

ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​ថេន សេន បាន​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ​សំខាន់ៗ រហូត​​នាំឲ្យ​សហគមន៍​អន្តរជាតិ​បន្ធូរបន្ថយ​ទណ្ឌកម្ម ​ធនាគារ​ពិភពលោក​ក៏​បាន​ចាប់បើក​ការិយាល័យ​របស់ខ្លួន​ឡើងវិញ​ នៅ​ក្នុង​ប្រទេស​ភូមា​ កាល​ពី​ខែ​សីហា​កន្លងទៅ។ ធនាគារ​ពិភពលោក​កំពុង​តែ​ធ្វើការ​ជាមួយ​នឹង​ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ជប៉ុន ដើម្បី​រកវិធី​ជម្រះ​បំណុល​ចាស់​របស់​ភូមា​ឲ្យ​បាន នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។

គួរបញ្ជាក់ថា ក្រៅពី​បំណុល​ដែល​ជំពាក់​ធនាគារ​ពិភពលោក​ នៅ​មាន​បំណុល​ប្រមាណ​ជា ៥០០លាន​ដុល្លារ​ទៀត ដែល​ភូមា​ជំពាក់​ធនាគារ​អភិវឌ្ឍ​អាស៊ី។ ចំណែក​បំណុល​ ដែល​ជំពាក់​ជប៉ុន ចំនួន​ជិត ៤ពាន់​លាន​ដុល្លារ ត្រូវបាន​ជប៉ុន​សម្រេច​លុបចោល កាល​ពី​ខែមេសា​កន្លងទៅ។

ការគ្រប់គ្រង​តាម​របៀប​ផ្តាច់ការ​យោធា និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ បាន​ធ្វើ​ឲ្យ​ភូមា​ក្លាយ​ជា​ប្រទេស​ដ៏ក្រីក្រ​បំផុត​មួយ នៅ​អាស៊ី។ ក៏ប៉ុន្តែ ក្រោយ​ពី​មាន​ការ​ធ្វើ​កំណែទម្រង់​នយោបាយ និង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម ភូមា​ ដែល​ជា​ប្រទេស​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ កំពុងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នកវិនិយោគ​បរទេស​យ៉ាងខ្លាំង។

ដើម្បី​​ឲ្យ​​អ្នក​វិនិយោគ​បរទេស​មាន​ទំនុកចិត្ត​ ទាក់ទាញ​ទុន​​​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​ភូមា រដ្ឋាភិបាល​ភូមា​ក៏​បានខិតខំ​រៀបចំ​​ឲ្យ​មាន​​ជា​ក្របខ័ណ្ឌ​គតិយុត្តិ​មួយ​ សម្រាប់​គ្រប់គ្រង​ការ​ធ្វើ​វិនិយោគ​នៅ​ភូមា។ ច្បាប់​វិនិយោគ​នេះ ​ទើប​នឹង​ត្រូវបាន​រដ្ឋសភា​ភូមា​​អនុម័ត កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ហើយ​ដែល​លោក​ប្រធានាធិបតី​ថេន សេន គ្រោង​នឹង​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខទៀតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ