នាវាចម្បាំងរុស្ស៊ីធ្វើដំណើរទៅស៊ីរី
ភេរវកម្មអត្តឃាតបានផ្ទុះ កាលពីថ្ងៃសុក្រទី ៦ មករា ២០១២ នៅកណ្តាលទីក្រុងដាម៉ាស បានសម្លាប់មនុស្ស២៦នាក់។ រដ្ឋាភិបាលស៊ីរីចោទថា គឺពួកភេរវជនដែលជាអ្នករៀបចំបំផ្ទុះគ្រាប់បែក ចំណែកក្រុមប្រឆាំងស៊ីរីដែលកំពុងដឹកនាំចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលចោទថា គឺរដ្ឋាភិបាលដែលរៀបចំផែនការភេរវកម្ម ដើម្បីបន្លំភ្នែកសហគមន៍អន្តរជាតិ ជុំវិញការបង្រ្កាបហិង្សា សម្លាប់បាតុករ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៨:១៩
ក្នុងរយៈពេលតែជាង ២សប្តាហ៍ រដ្ឋធានីដាម៉ាសដែលជាទីតាំងរដ្ឋបាល និងសន្តិសុខជាតិ ស៊ើបការសម្ងាត់ត្រូវរងការវាយប្រហារដោយគ្រាប់បែកអត្តឃាត។ មកដល់ពេលនេះ មិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវលើ អំពើភេរវកម្ម។ អំពើភេរវកម្មទាំងពីរលើកសំដៅទីតាំងសន្តិសុខ។ លើកនេះ គឺរថយន្តដឹកប៉ូលិសដែលរងការវាយប្រហារ។ ប៉ុន្តែ ជាក់ស្តែង គឺជនស៊ីវិលដែលរងគ្រោះស្លាប់ច្រើន នៅក្នុងការបំផ្ទុះគ្រាប់បែក។
កាលពី ២សប្តាហ៍មុន នៅពេលអំពើភេរវកម្មលើកទីមួយ ផ្ទុះឡើងនៅពីមុខការិយាល័យសន្តិសុខរដ្ឋ កណ្តាលក្រុងដាម៉ាស រដ្ឋាភិបាលស៊ីរីបានចោទភ្លាម ថា គឺអាល់កៃដា ជាអ្នកនៅពីក្រោយអំពើភេរវកម្ម។ ក្រោយការបំផ្ទុះរថយន្ត កាលពីថ្ងៃម្សិលមិញ រដ្ឋាភិបាលស៊ីរីបានទម្លាក់កំហុសទៅលើ គឺពួកភេរវជន ដែលកំពុងបង្កប់ខ្លួន នៅក្នុងចំណោមក្រុមប្រឆាំង។ ក្រុមប្រឆាំងវិញ ដូចលើកមុន បានទម្លាក់កំហុសតែទៅលើភ្នាក់ងារស៊ើបការសម្ងាត់ និងក្រុមខិលខូចដែលស៊ីឈ្នួលរដ្ឋាភិបាល។ តាមពួកប្រឆាំង អំពើភេរវកម្ម ជាល្បិចកលរបស់រដ្ឋាភិបាលស៊ីរីដែលចង់ឲ្យអន្តរជាតិចាប់អារម្មណ៍ទៅលើអំពើភេរវកម្មដែលទីក្រុងដាម៉ាសរងគ្រោះ និងចង់បិទបាំងអំពើហិង្សារបស់ខ្លួនទៅលើក្រុមអ្នកប្រឆាំង។
ភេរវកម្មផ្ទុះឡើងនៅថ្ងៃសុក្រ គឺនៅតែពីរថ្ងៃមុន ដែលក្រុមអ្នកសង្កេតការណ៍ពិសេសរបស់ក្រុមសម្ព័ន្ធអារ៉ាប់ ត្រូវធ្វើរបាយការណ៍បង្ហាញថ្នាក់ដឹកនាំរបស់ខ្លួន ដែលត្រូវធ្វើនៅថ្ងៃអាទិត្យ ទី ៨ មករា ២០១២ ក្នុងប្រទេសអេហ្ស៊ីប។
បើតាមក្រុមសកម្មជនប្រឆាំង ក្រុមអ្នកសង្កេតការណ៍អារ៉ាប់ មិនបានជួយអន្តរាគម ឬធ្វើឲ្យទាហានរដ្ឋាភិបាលផ្អាកឈប់បាញ់ទៅលើបាតុករទេ ផ្ទុយទៅវិញ មានតែជំរុញឲ្យមានការបាញ់សម្លាប់ទៅលើអ្នកប្រឆាំងកាន់តែច្រើន។ រដ្ឋមន្រ្តីការបរទេសបារាំង លោកAlain Juppé ដែលបានដើរតួនាទីសំខាន់ ជួយឲ្យមានអន្តរាគមន៍ទ័ពទៅលើលីប៊ីកន្លងមក បានមានប្រតិកម្ម រិះគន់ការងាររបស់ក្រុមអ្នកសង្កេតការណ៍អារ៉ាប់ ដោយថា ពួកគេមិនបានធ្វើការងារត្រឹមត្រូវ និងមិនបានម៉ត់ចត់។
តាមអង្គការAmnesty International គ្រាន់តែក្នុងអំឡុងវត្តមានរបស់អ្នកសង្កេតការណ៍ ក្នុងពីរសប្តាហ៍ មនុស្សជាង ១២០នាក់ទៅហើយត្រូវទាហានរដ្ឋាភិបាលស៊ីរីបាញ់សម្លាប់។ បើតាមក្រុមប្រឆាំងស៊ីរីវិញ និយាយថា អំពើភេរវកម្មនៅថ្ងៃម្សិលមិញបង្ហាញកាន់តែច្បាស់ថា ការងាររបស់សម្ព័ន្ធអារ៉ាប់ ជួបបរាជ័យ មិនអាចដោះស្រាយវិបត្តិនៅស៊ីរីបាន។ ក្រុមអ្នកប្រឆាំងស៊ីរី បានទាមទារឲ្យមានការជួយគាំទ្រដើម្បីសន្តិសុខរបស់ប្រជាជនស៊ីវិល ឬ បែបអន្តរាគមន៍របស់សហគមន៍អន្តរជាតិ ក្នុងកិច្ចការនយោបាយស៊ីរី។
នៅក្នុងពេលរដ្ឋធានីស៊ីរីកំពុងរងគ្រោះដោយអំពើហិង្សា នាវាចម្បាំង ដ៏ធំជាងគេរបស់រុស្ស៊ី បានធ្វើដំណើរ នៅថ្ងៃសៅរ៍ ទី ៧ មករា ២០១២ ចូលក្នុងកំពង់ផែ ដែលជាទីតាំងមូលដ្ឋានទ័ពជើងទឹករបស់រុស្ស៊ី ក្នុងប្រទេសស៊ីរី។
រុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏យូរកាលរបស់ស៊ីរី គឺតាំងពីការដួលរំលំសហភាពសូវៀត មិនអាចបាត់បង់ស៊ីរី។ រុស្ស៊ីបានដាក់មូលដ្ឋានទ័ពជើងទឹក នៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ជាក់ពីវត្តមានរបស់ខ្លួន នៅតំបន់ដើមបូព៌ា។ មួយវិញទៀត ស៊ីរីនេះ ក៏ ជាអតិថិជនទិញអាវុធដ៏សំខាន់របស់រុស្ស៊ី។ គ្រាន់តែក្នុងឆ្នាំ ២០១០ រុស្ស៊ីលក់អាវុធតម្លៃ៧០០លានដុល្លារទៅឲ្យស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ