អានតួអត្ថបទ
ចិន

ចិន​ខ្លាច​ប្រជាជន​ម៉ុងហ្គោលី​ធ្វើ​បដិវត្តន៍​ដូចនៅ​ពិភពអារ៉ាប់?

នៅថ្ងៃ​អាទិត្យ ទី ២៩ ឧសភា រដ្ឋអំណាច​ចិន​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​ច្រើន​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​​បាតុកម្ម​របស់​ប្រជាជន​ម៉ុងហ្គោលី រីករាលដាល​កាន់តែធំ។ ប៉ុន្តែ នៅថ្ងៃ​អង្គារ​ទី ៣១ ឧសភា ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ខ្លួន​ត្រៀមខ្លួន​ក្នុង​ការឆ្លើយតប​រាល់​ការទាមទារ​​សមស្រប​របស់​ប្រជាជន​ម៉ុងហ្គោលី​ខាងក្នុង។ ក្រសួងការបរទេស​ចិន​វិញ​មិន​ភ្លេច​ចោទប្រកាន់​ជន​នៅបរទេស​ថា ជា​អ្នក​​ដែល​ញុះញង់ ឲ្យ​មាន​បាតុកម្ម បង្ក​ភាពវឹកវរ​នៅ​ក្នុង​ប្រទេស​ចិន។

ទាហាន​ចិន​ទប់ស្កាត់​បាតុករ​មិន​ឲ្យ​រីករាលដាលកាន់តែធំ នៅថ្ងៃ​ទី ២៣ ឧសភា ឆ្នាំ ២០១១ នៅ​ម៉ុងហ្គោលី​ខាងក្នុង
ទាហាន​ចិន​ទប់ស្កាត់​បាតុករ​មិន​ឲ្យ​រីករាលដាលកាន់តែធំ នៅថ្ងៃ​ទី ២៣ ឧសភា ឆ្នាំ ២០១១ នៅ​ម៉ុងហ្គោលី​ខាងក្នុង REUTERS/Southern Mongolian Human Rights Information Center
ផ្សាយពាណិជ្ជកម្ម

រដ្ឋអំណាច​ចិន​ធ្លាប់មាន​បទពិសោធន៍​បង្រ្កាប​ខ្លាំង​លើ​ការតវ៉ារបស់​ប្រជាជន​ភាគតិច ដូចជា​ប្រជាជន​ទីបេ និង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ ប៉ុន្តែ លើកនេះ ជាមួយ​ ជនជាតិ​ម៉ុងហ្គោលី​រស់ក្នុង​ប្រទេស​ចិន អាជ្ញាធរ​ចិន​ហាក់​ប្រកាន់​ជំហរ​ទន់ភ្លន់។  បើតាម​អ្នកកាសែត និង​រូបភាព​បញ្ជូនចេញ​ដោយ​បាតុករ​តាម​អ៊ិនធ័រណេត គេ​ឃើញ​មាន​អាវុធ និង​កម្លាំង​ទាហាន​ពង្រាយ​ច្រើន ដើម្បី​​ចាំ​យាមស្ទាក់​កុំ​ឲ្យ​បាតុកម្ម​របស់​ប្រជាជន​ម៉ុងហ្គោលី រីករាលដាល​ខ្លាំង។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គេ​មិន​ឃើញ​មាន​ការបង្រ្កាប​ខ្លំាង ដូច​ដែល​គេធ្លាប់​តែឃើញ នៅក្នុង​ការបង្រ្កាប​លើ​ការតវ៉ា​របស់​ប្រជាជនទីបេ ឬ បាតុកម្ម​របស់​ជនជាតិ អ៊ុយហ្គួរ នៅឆ្នាំ ២០០៩ទេ។

 
ដើមហេតុ​ដំបូង បង្ក​ឲ្យ​ ​ប្រជាជន​ម៉ុងហ្គោលីមាន​កំហឹង និង​ធ្វើ​​បាតុកម្ម​ មក​ដល់​ថ្ងៃ​អាទិត្យ​នេះ គឺ កម្មករ​អណ្តូងរ៉ែ​ជនជាតិ​ហានបាន​បើកឡាន បុកទម្លាយ​ហ្វូងបាតុករ និង​សម្លាប់ អ្នកចិញ្ចឹម​សត្វចៀម​ម៉ុងហ្គោលី​ម្នាក់។ អ្នកចិញ្ចឹម​សត្វ​ម៉ុងហ្គោលី​ទាំងនេះ​តវ៉ា ថា ការជីក​យក​រ៉ែ​ធ្យូងថ្ម បំផ្លាញ​កន្លែង​ចិញ្ចឹម​សត្វ​របស់ពួកគេ។

ក្នុង​រឿង​ប្រជាជន​ម៉ុងហ្គោលី រដ្ឋអំណាច​ចិន គ្រប់ជាន់​ថ្នាក់ បាន​ចេញមុខ អន្តរាគម។ នៅមួយថ្ងៃ ក្រោយ​កើតហេតុ ប៉ូលិស​ខេត្ត​បាន​និយាយ​ថា គេ​ចាប់ខ្លួន​បាន​អ្នកបើកបរ​ជនជាតិ​ហានទាំងពីរនាក់ និង​សន្យា​ផ្តន្ទាទោស​តាមច្បាប់។ នៅចំពោះមុខ​ការទាមទារ​កាន់តែខ្លាំង របស់​ប្រជាជន​ម៉ុងហ្គោលី ថ្នាក់ដឹកនាំ​បក្សចិន​​ប្រចាំ​តំបន់​ម៉ុងហ្គោលី​ខាងក្នុង​បាន​ទៅ​ជួប​គ្រួសារ​សព​អ្នកចិញ្ចឹម​ចៀម​ដែល​កម្មករ​បើកឡាន​បុកសម្លាប់។ ជាការសងជម្ងឺចិត្ត គ្រួសារ​សព​បាន​ទទួល​ប្រាក់​ប្រមាណ ៦ម៉ឺន អឺរ៉ូ ពី​រដ្ឋអំណាច។ គេ​មើលឃើញ​ថា នេះ​ជា​ទឹកប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ធ្លាប់មាន ហើយ​ក៏​ជា​សំណង​ដើម្បី​ពន្លត់​កំហឹង​របស់​ប្រជាជន​ម៉ុងហ្គោលី។
 
ប្រជាជន​ម៉ុងហ្គោលី​មាន​ចំនួន​២០ភាគរយ គឺ ប្រមាណ​៦​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​ចិន​សរុប ជាង ២៣​លាន​នាក់ នៅ​តំបន់​ម៉ុងហ្គោលី​ខាងក្នុង។ រហូតមកដល់​ពេលនេះ អាជ្ញាធរ​ចិន​មិនទាន់​អាច​ចាត់វិធានការ​ក្តៅ​អ្វីបានទេ ព្រោះ គេ​មិន​ទាន់​ដឹង​ពី​គោលដៅ​ទាមទារ​ពិតប្រាកដ​របស់​ប្រជាជន​ម៉ុងហ្គោលី​នៅឡើយទេ។ ក្នុង​បាតុកម្ម​កន្លងមកនេះ ប្រជាជន​ម៉ុងហ្គោលី​បាន​ស្រែកទាមទារ​ឲ្យ​គេ​គោរពសិទ្ធិ និងការពារ​ទឹកដី​របស់ពួកគេប៉ុណ្ណោះ។

ប៉ុន្តែ អាជ្ញាធរ​ចិន​ព្រួយ​បារម្ភ​នៅចំពោះ​មុខ​ការទាមទារ​នេះ ព្រោះ​ចិន​​មិន​ដឹង​ច្បាស់​ថា តើ​ប្រជាជន​ម៉ុងហ្គោលី​ចង់​ទាមទារ​ត្រឹម​ទឹកដី​ចិញ្ចឹម​សត្វ​របស់គេ ឬ​ក៏​ចង់​ទាមទារ​ផ្តាច់​ទឹកដី ដូចប្រជាជន​ទីបេ និង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរដែរ។ ចិនខ្លាច​ថា បើ​ប្រជាជន​ម៉ុងហ្គោលី នៅ​ខេត្ត​ដែល​អ្នកចិញ្ចឹមចៀម​ត្រូវ​គេ​បុកសម្លាប់ នោះ ងើបប្រឆាំង បន្តិចម្តងៗ ប្រជាជន​ម៉ុងហ្គោលី នៅគ្រប់​ទីកន្លែង នឹង​ងើប​ប្រឆាំង​ដែរ ព្រោះថា ពាក្យ​ស្លោក​របស់​បាតុករ​ដែល​ថា ការពារ​ទឹកដី និង​សិទ្ធិ​របស់​ប្រជាជន​ម៉ុងហ្គោលី អាច​នឹង​បំផុស​ប្រជាជន​ម៉ុងហ្គោលី​ដទៃ​ទៀត ឲ្យ​ងើប​ប្រឆាំង។ ក្នុង​បរិបទ​បច្ចុប្បន្ន គេ​ខ្លាច​វា​កាន់តែ​រីករាលដាល និង​មាន​រូបរាង​ដូចជា​បដិវត្តន៍​អារ៉ាប់ ដែល​កំពុង​ផ្ទុះ​នៅក្នុង​ប្រទេស​ដើមបូព៌ា និង​នៅ​ទ្វីប​អាហ្រ្វិក។

បើនិយាយ​ពីផ្នែក​សេដ្ឋកិច្ច ខុសពី​ទីបេ និង​ស៊ីនជាំង​របស់​ប្រជាជន​អ៊ុយហ្គួរ រដ្ឋអំណាចចិន​មិន​អាច​មើលរំលង​បានទេ ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ម៉ុងហ្គោលីខាងក្នុង។ កាលពីឆ្នាំ​មុន​ថ្នាក់ដឹកនាំចិន​ទើប​ចេញ​សេចក្តី​ប្រកាស​ចាត់ទុក​តំបន់​ម៉ុងហ្គោលី​ខាងក្នុង​ថា ជា​ជង្រុក​ធ្យូងថ្ម ដ៏ធំ និង​សំខាន់​សម្រាប់​ឧស្សាហកម្ម ក្នុង​ប្រទេស។ បាតុកម្ម​របស់​ប្រជាជន​ម៉ុងហ្គោលី ដែល​នឹង​អាច​រីកធំទៅ​ជា​វិបត្តិ​សង្គម​នឹង​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​រករ៉ែធ្យូងថ្ម ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន​មួយ​នេះ។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី ហ៊ូ ជិនតាវ​ក៏​បាន​និយាយ​ទៅ​កាន់ថ្នាក់ដឹកនាំ​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ឲ្យ​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បានឆាប់។ ដំណោះស្រាយ មាន​តែមួយគត់ គឺ​កាត់បន្ថយ​ភាពតានតឹង​ផ្នែកសង្គម និង​ជម្រុញ សមភាព​រវាង​ប្រជាជន។
 
វប្បធម៌ និង​ជីវភាព​ប្រជាជន​ម៉ុងហ្គោលី​ដែល​រស់នៅ​របៀប​ពនេចរ ផ្លាស់​ពី​កន្លែងមួយ ទៅ​កន្លែងមួយ និង​ប្រកបរបរ​ចិញ្ចឹមសត្វ​ត្រូវ​បាន​គំរាមកំហែង ​ដោយ​ការលុកលុយ​ចូល​មករស់នៅ​កាន់តែច្រើន របស់​ជនជាតិ​ហាន នៅក្នុង​ទឹកដី​ម៉ុងហ្គោលី។

បាតុកម្ម​នៅថ្ងៃ​អាទិត្យ គេ​ឃើញ​សម្បូរ​មាន​យុវជន និង​និស្សិត​ម៉ុងហ្គោលី ដែល​ហ៊ាន​ធ្វើការ​តវ៉ាដើម្បី​ឲ្យ​គេ​គោរព​សិទ្ធិ និង​ការពារ​ទឹកដី ដែល​នេះ ខុស​ពី ឪពុកម្តាយ​របស់​ពួកគេ។ ឪពុកម្តាយ​ខ្លះ មិន​ហ៊ាន​ធ្វើ​បាតុកម្ម ប៉ុន្តែ បាន​ជម្រុញកូន​ពីក្រោយ ព្រោះ​សង្ឃឹម​ថា កូន​ដែល​បាន​រៀនសូត្រ​ចេះដឹង​បាន​ច្រើន នឹង​អាច​តវ៉ា​បាន​ប្រសិទ្ធិភាព នៅចំពោះមុខ​អាជ្ញាធរ​ចិន។ គឺ​កម្លាំង​យុវជន​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋអំណាច​ចិន​ព្រួយ​បារម្ភ ព្រោះ​កុំភ្លេច​ថា បដិវត្ត​ដែល​កើត​មាន​នៅ​ពិភពអារ៉ាប់ កើត​​មាន​ដំបូង​មក​ពី​បាតុកម្ម​របស់​ក្រុម​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ និង​យុវជន​ដែល​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ