អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់៖​លោកហាសាន រ៉ូហានី​ច្រានចោល​អំពើ​ហិង្សា និង​បរិហារ​លើ​ពាក្យ​រិះគន់​របស់​លោក​ដូណាល់ ត្រាំ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ចេញ​មុខ​អន្តរាគមន៍​ជា​លើក​ទី១​ទាក់ទង​នឹង​បាតុកម្ម​ដែល​បាន​ផ្ទុះ​តាំង​ពី ៤ថ្ងៃ។ នៅ​ក្នុង​បទអន្តរាគមន៍​នា​យប់​ថ្ងៃ​អាទិត្យ ទី៣១ ធ្នូ លោក​រ៉ូហានី​បាន​ច្រានចោល​រាល់​ទង្វើ​ហិង្សា និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។ តែ​ស្រប​គ្នា​នេះ លោក​រ៉ូហានី​ក៏​បាន​បញ្ជាក់​ពី​ការ​យល់ព្រម​បង្កើត​ឲ្យ​មាន​ឱកាស​សម្រាប់​ក្រុម​សកម្មជន​បដិវត្ត និង​ពលរដ្ឋ​ទូទៅ​អាច​សម្តែង​ក្តី​បារម្ភ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក លោក​រ៉ូហានី​មិន​ភ្លេច​បរិហារ​លើ​ពាក្យ​រិះគន់​របស់​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ។

ប្រធានាធិបតី​អ៊ីរ៉ង់លោក Hassan Rohani
ប្រធានាធិបតី​អ៊ីរ៉ង់លោក Hassan Rohani REUTERS/Erhan Elaldi/Pool
ផ្សាយពាណិជ្ជកម្ម

៤ថ្ងៃ​ក្រោយ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ជា​ច្រើន និង​ក្នុង​ទីក្រុង​តេហេរ៉ង់​មក លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ដោយ​ច្រានចោល​អំពើហិង្សា និង​យល់ព្រម​បង្កើត​ឲ្យ​មាន​បរិយាកាស និង​លក្ខខណ្ឌ​សម្រាប់​ពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គេ​អាច​សម្តែង​មតិ​រិះគន់​បាន។ តែ​លោក​រ៉ូហានី​បាន​បន្ថែម​ថា បរិយាកាស និង​លក្ខខណ្ឌ​ក្នុង​ការ​សម្តែង​មតិ​រិះគន់​នឹង​ត្រូវ​ធ្វើ​ឡើង​សម្រាប់​តែ​ការ​តវ៉ា​តាម​ក្បួន​បាតុកម្ម និង​ការ​ជួបជុំ​ទាំង​ឡាយ​ដែល​ច្បាប់​បាន​អនុញ្ញាត។ លោក​រ៉ូហានី​បាន​ទាត់ចោល​លើ​ការ​ប្រើ​អំពើ​ហិង្សា និង​ទង្វើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។

« ប្រជាជន​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការ​សម្តែង​មតិ​រិះគន់ តែ​ជា​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​អាច​អនុញ្ញាត​ចូលរួម​ជួយ​លើក​ដំកើង​ស្ថានភាព​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន » នេះ​ជា​ការ​ព្រមាន​របស់​លោក​រ៉ូហានី​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី។ ដោយឡែក លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ចំ​លើ​ពួក​បាតុករ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ក្បួន​បាតុកម្ម។ ក្រៅ​ពី​ព្រមាន​លើ​ទង្វើ​ហិង្សា​របស់​ពួក​បាតុករ រដ្ឋអំណាច​ក៏​បាន​កម្រិត​ការ​ប្រើ​បណ្តាញ​សង្គម​ដើម្បី​បញ្ជៀស​ការ​អំពាវនាវ​ឲ្យ​មាន​ក្បួន​បាតុកម្ម​ថ្មីៗ​ទៀត។

ដោយឡែក លោក​ប្រធានាធិបតី​រ៉ូហានី​ក៏​មិន​ញញើត​នឹង​បរិហារ​លើ​ពាក្យ​រិះគន់​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវ​តែ​គោរព​សិទ្ធិ​របស់​បាតុករ។ « លោក​នេះ​នៅ​អាមេរិក​ចង់​បង្ហាញ​ពី​សមានចិត្ត​ចំពោះ​ប្រជាជន​អ៊ីរ៉ង់ តែ​គាត់​ហាក់​ភ្លេច​ថា​គាត់​បាន​ចាត់​ទុក​ប្រជាជន​អ៊ីរ៉ង់​ជា​ភេរវជន »នេះ​ជា​ការ​ថ្លែង​របស់​លោក​រ៉ូហានី មុន​នឹង​វ៉ៃប្រហារ​ចំៗ​ថា « ត្រាំ​គ្មាន​សិទ្ធិ​អាណិតអាសូរ​ជាមួយ​ប្រជាជន​អ៊ីរ៉ង់​ឡើយ »។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ