អានតួអត្ថបទ
អ៊ិរ៉ង់-អារ៉ាប៊ីសាអូឌីត

ប្រធានាធិបតី​អ៊ីរ៉ង់ ​ព្រមាន​អារ៉ាប៊ីសា​អូឌីត ​ថា​ “ប្រយ័ត្ន​ស្គាល់​ថ្នាំ​ខ្លាំង”

កាលពីថ្ងៃពុធ ទី៨វិច្ឆិកា  ក្នុងពេលប្រជុំគណរដ្ឋមន្ត្រីអ៊ីរ៉ង់ លោកប្រធានាធិបតី ហាសាន់ រ៉ូហានី បានមានប្រសាសន៍ធ្ងន់ៗ ទៅកាន់អារ៉ាប៊ីសាអូឌីត ថា អារ៉ាប៊ីសាអូឌីត ត្រូវតែប្រយ័ត្ន កុំក្អេងក្អាងពេក ពុំនោះទេអ៊ីរ៉ង់​ នឹងប្រើកំលាំងឲ្យស្គាល់ជាតិម្តង។ សម្តីនេះ គឺជាការឆ្លើយតប ទៅនឹងការប្រកាសរបស់អារ៉ាប៊ីសាអូឌីត ដែលថា អ៊ីរ៉ង់បានប្រកាសសង្រ្គាម តាមរយៈមីស៊ីលបាលីស្ទីក ដែលបាញ់ចេញពីយេម៉ែន។ សម្តីឆ្លងឆ្លើយគំរាមគ្នានេះ សបង្ហាញឲ្យឃើញអំពីស្ថានភាព ​កាន់តែតឹងតែង នៅតំបន់ឈូងសមុទ្រពែក្ស ដែលមេបក្ស​និកាយអ៊ីស្លាមទាំងពីរនេះ កំពុងតែប្រជែងគ្នា។

លោក Hassan Rohani ប្រធានាធិបតីអ៊ីរ៉ង់
លោក Hassan Rohani ប្រធានាធិបតីអ៊ីរ៉ង់ REUTERS/Stephanie Keith
ផ្សាយពាណិជ្ជកម្ម

វាជារឿងកម្រណាស់ ដែលប្រធានាធិបតីអ៊ីរ៉ង់ និយាយគំរាម ដោយចំៗ ទៅអារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រជុំគណរដ្ឋមន្ត្រីអ៊ីរ៉ង់ កាលពីថ្ងៃពុធទី ៨ វិច្ឆិកា ដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ អ៊ីរ៉ង់ផងនោះ  លោកហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា៖ "អ្នកអាចដឹងថាអ៊ីរ៉ង់មានកំលាំង និងមានឥទ្ធិពលកំរិតណានៅក្នុងតំបន់។ អ៊ីរ៉ង់ខ្លាំង អាចវាយអ្នកឯងបាក់ធ្មេញ បានយ៉ាងងាយ។ អ្នកឯង គ្មានអ្វីមកចង់ប្រៀបស្មើនឹងយើងបានទេ!"

លោក ហាសាន់ រ៉ូហានី បន្តថា៖ "អាមេរិក​និងបក្សពួក បានប៉ុនប៉ង ល្បងកំលាំងជាមួយអ៊ីរ៉ង់ ជាច្រើនលើកមកហើយ តួយ៉ាង ដូចជាបានបញ្ជាឲ្យអ៊ីរ៉ាក់ មកធ្វើសង្រ្គាមនឹងយើងនៅឆ្នាំ៨០។ តែពួកនោះ នៅតែធ្វើអ្វីអ៊ីរ៉ង់ មិនបាន"។ លោកប្រធានាធិបតីអ៊ីរ៉ង់ បន្ថែមថា៖ "អ៊ីរ៉ង់ មានបំណងចង់ឃើញការរីកចំរើន របស់ប្រទេសជិតខាតជាបងប្អូនទាំងអស់ មិនថា អ៊ីរ៉ាក់ ស៊ីរី ឬអារ៉ាប៊ីសាអូឌីតទេ។ មានតែចំណងមិត្តភាព ​ចាប់ដៃគ្នា ជួយគ្នាទេទើបអាច ហុចផលល្អទាំងអស់គ្នាបាន។ បើសិនអ្នកឯង គិតថា ទៅឱបជើងអាមេរិក និងអ៊ីស្រាអែល ហើយបែរមកចងសត្រូវជាមួយអ៊ីរ៉ង់ ថាជាការល្អនោះ នោះគឺជាការយល់ច្រឡំធំហើយ​" 

សូមបញ្ជាក់ថា សម្តីរបស់លោកហាសាន់ រ៉ូហានី គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Ben Salman បានចោទអ៊ីរ៉ង់ថា បានប្រកាសសង្រ្គាមជាមួយខ្លួន តាមរយៈការបញ្ជា ឲ្យក្រុមហ៊ូទី​បាញ់មីស៊ីលបាលីស្ទីកចេញពីដីយេម៉ែន។ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងបានចំអកទៅអារ៉ាប៊ីសាអូឌីត​វិញថា បានទំលាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃទៅលើប្រជាជនយេម៉ែន តែដល់ពេល គេគ្រាន់តែបាញ់មកវិញ មួយគ្រាប់សោះ បែរជាដើរចោទគេចោទឯង។

ជាការពិត មីស៊ីល ដែលអារ៉ាប៊ីសាអូឌីត បានចាប់កំទេចបានទាន់ពេលនេះ គឺជាប្រភពនៃកំដៅតានតឹង ដែលឆេះឡើងមួយរំពេច រវាងមហាអំណាចអ៊ីស្លាមទាំងពីរ។ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានផ្តាច់ចំណងទូតនឹងគ្នា នៅខែមករា ឆ្នាំ២០១៦ បន្ទាប់កើតចលាចលហិង្សាកំទេចស្ថានទូតអារ៉ាប៊ីសាអូឌីត នៅក្រុងតេអេរ៉ង់។ ដើមចមនៃបញ្ហានេះ គឺបន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានកាត់ទោសប្រហារជីវិត បុព្វជិតសាសនាអ៊ីស្លាមនិកាយឈីអ៊ីត ដ៏ល្បីឈ្មោះម្នាក់នៅអារ៉ាប៊ីសាអូឌីត។ ការប្រជែង រវាងនិកាយអ៊ីស្លាម ឈីអ៊ីត និងនិកាយស៊ូនីត គឺជាស្នូលនៃជំលោះរវាងអ៊ីរ៉ង់​ និងអារ៉ាប៊ីសាអូឌីត។ សឹងគ្រប់ទីកន្លែងដែលមានជំលោះ នៅដើមបូព៌ា គឺប្រទេសទាំងពីរនេះ គាំទ្រទំនុកបំរុងក្រុមបក្សខុសៗគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ