អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឡេតូនី ប្រទេស​អតីត​​សហភាព​សូវៀតក្លាយ​ជា​ប្រធាន​ផ្លាស់វេន​សហភាព​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ទី​ ១ មករា ២០១៥​មក ឡេតូនី បានទទួល​តួនាទី ជា​ប្រធាន​ផ្លាស់វេន​សហភាព​ ​បន្ត​​ពី​ប្រទេស​អ៊ីតាលី សម្រាប់​រយៈ​ពេល​៦​ខែ។ សម្រាប់​ប្រទេស​ជា​អតីត​សហភាព​សូវៀត ការ​ងារ​ដឹក​នាំ​សហភាព​មាន​ទំហំ ធំធេង​ណាស់។ តើ​អ្វី​ជា​មេរៀន​ដែល​អឺរ៉ុប​ត្រូវ​ទាញ​ពី​ឆ្នាំ​២០១៤ ? តើ​នឹង​ត្រូវ​ដឹកនាំ​អឺរ៉ុប​​យ៉ាង​ណា​នៅ​ឆ្នាំថ្មី​នេះ ? តើ​អ្វី​ថ្មី​ខ្លះ​សម្រាប់​អឺរ៉ុប​ឆ្នាំ​២០១៥ ?

ឡេតូនី​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​ ចាប់​ពី​ថ្ងៃទី ១ មករា ដល់​ថ្ងៃទី ៣០​មិថុនា ២០១៥
ឡេតូនី​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​ ចាប់​ពី​ថ្ងៃទី ១ មករា ដល់​ថ្ងៃទី ៣០​មិថុនា ២០១៥
ផ្សាយពាណិជ្ជកម្ម

ត្រីមាស​ទី​មួយ​ឆ្នាំ ២០១៤ ដែល​ប្រធាន​ផ្លាស់​វេន​ជា​តំណាង​ប្រទេស​ទន់​ខ្សោយជាង​មួយ​ក្នុង​សហភាព​និង​​កំពុង​ឆ្លង​កាត់​វិបត្តិ​ក្រិក។​ ពេល​នេះ​សហភាព​អឺរ៉ុប​បាន​សម្គាល់​ដោយ​​ព្រឹត្តិការណ៍​បោះឆ្នោត​​សភា​អឺរ៉ុប​ ដែល​មាន​ការ​ចូល​រួម​យ៉ាង​តិច​តួច និង​ការ​ស្ទុះ​ឡើង​នៃ​កម្លាំង​មិន​ចូល​ចិត្ត​ ឬ​កម្លាំង​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប។

ត្រីមាស​ទីពីរ​ សហភាព​អឺរ៉ុប​ត្រូវ​គ្រប់គ្រង​ដោយ​អ៊ីតាលី។ មា​ន​ប្រមុខ​ដឹកនាំ​ប្រទេស​ថ្មី រដ្ឋាភិបាល​អន្តរកាល​អ៊ីតាលី បាន​បង្ហាញ​​អំពី​មហិច្ឆតា​ដ៏​​ពុះ​កញ្ជ្រោលសម្រាប់​ប្រទេស​និង​អឺរ៉ុប តែ​មាន​សណ្ឋាន​ដូច​អណ្តាត​ភ្លើង​ឆេះ​តែ​មួយ​ឆាប​ រួច​ក៏​រលត់​បាត់ ប្រាំ​មួយ​ខែ​ក្រោយ​ សហភាព​អឺរ៉ុប​នៅ​នឹង​មួយ​កន្លែង។ លើ​សមរភូមិ​រិតត្បិត​ថវិកា អ៊ីតាលី​បាន​ត្រឹម​រិះគន់ លើ​ផែនការ​ផ្តល់​សន្ទុះ​ មិន​មែន​ជា​កិច្ចការ​របស់​អ៊ីតាលី​ជា​ប្រធានផ្លាស់​វេន តែ​ជា​បន្ទុក​​លោក Jean Claude Juncker! អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​​ ទទួល​ជោគជ័យ​ពិត​ប្រាកដ​និង​តែ​មួយ​គត់​គឺ​កិច្ចព្រមព្រៀង​​ស្តីពី​អាកាសធាតុ។

 
ការងារ​ល្អិតល្អន់

ប្រធាន​ផ្លាស់​វេន​បន្ត គឺ​​​ឡេតូនី ​! មរតក​បន្សល់​ទុក​ដោយ​ប្រធាន​មុខៗ សុទ្ធ​តែ​ជា​​បញ្ហា​ធំៗ​ ដែល​ឡេតូនី​ផ្ទាល់​គ្មាន​មធ្យោបាយ​​អាច​ដោះស្រាយ​បាន​សោះ ៖ វិបត្តិក្រិក អសន្តិសុខ​ផ្នែក​ថាមពល ភេរវកម្ម​អ៊ីស្លាម​​​និយមជ្រុល​ ស្តារ​ទំនាក់ទំនងអឺរ៉ុប​-អង់គ្លេស​ ​និង​ពិសេស​ត្រូវ​ចាត់​ចែង​ភាព​ប្រឈម​រវាង​សហភាព​អឺរ៉ុប​ជាមួយ​រុស្ស៊ី​ ដែល​ធ្លាប់​ជា​អតីត​អាណាព្យាបាលផង។
នេះ​គឺ​ជា​លើក​ទី​មួយហើយ​ដែល​ ប្រទេស​ឡេតូនី​នៃ​តំបន់​បាល់ទិក មាន​ព្រំ​ប្រទល់​ខាង​ជើង​ជាប់​អេស្តូនី និង​ខាង​ត្បូង​ជាប់​លីទុយអានី ជា​សមាជិក​សហភាព​អឺរ៉ុប តាំង​ពី​ឆ្នាំ ២០០៤ ចូល​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ នៅ​ឆ្នាំ​២០១៤ បាន​ទទួល​នាទី​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប។ សន្ធិសញ្ញា​ក្រុង​លីស្បូន ​ឆ្នាំ​២០០៩ បាន​កំណត់​ឱ្យ​មាន​ប្រធាន​អចិន្ត្រៃយ៍​ដឹក​នាំ​សហភាព​អឺរ៉ុប​ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប (លោក​ដូណាល់ តួស្ក Donald Tusk)មែន ប៉ុន្តែ​គោលការណ៍​ប្រធាន​ផ្លាស់​វេន​អឺរ៉ុប​នៅ​តែរក្សា​ទុក​ដដែល។

ជា​ប្រធាន​ផ្លាស់​វេន មិន​មែន​ត្រឹម​តែ​ជា​ភារកិច្ច​​គិត​គូរ​លើ​សមភាគ​ទេ តែ​ត្រូវ​ចូល​ប្រលូក​និង​បញ្ចេញ​សកម្មភាព​ ដើរ​តួនាទី​ជា​អ្នក​ដឹក​មុខ ជា​អ្នក​ផ្តួច​ផ្តើម​​យោបល់​​ក្នុង​ការដ្ឋាន​​​នៅ​ក្រុម​ប្រឹក្សា​ តែ​ក្នុង​អត្ថន័យ​​បន្ត​ឥត​ដាច់​ពី​កម្ម​វិធី​​របស់​សហភាព​អឺរ៉ុប និង​រក្សា​បាន​នូវ​ដំណើរ​ការ​យ៉ាង​រលូន ស៊ី​ចង្វាក់​គ្នា និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ជា​សមាជិក​នីមួយ។ ដើម្បី​សម្រេច​ការងារ​នេះ​បាន​ ប្រធាន​ផ្លាស់​វេន​ត្រូវ​ដើរ​តួនាទី​ជា​​អ្នក​កណ្តាល​ រឹងប៉ឹង និង​អព្យាក្រិត្យ។ ត្រូវ​ដាក់​ផែនការ​ប្រជុំ​​ថ្នាក់​រដ្ឋមន្ត្រី​​អឺរ៉ុប និងការ​ប្រជុំ​ត្រៀម​ ដោយ​មាន​តំណាង​អចិន្ត្រៃយ៍​ទាំង​២៨​ប្រទេស​ចូល​រួម។

ជា​ការ​ងារ​ដ៏​ល្អិត​ ដែល​ត្រូវ​ការ​កម្លាំង​ច្រើន​ ដោយ​មិន​អាច​មើល​បាន​ឡើយ​ ជាពិសេស​សម្រាប់​ឡេតូនី ប្រទេស​​​តូច​មាន​ប្រជាជន​តែ​២​លាន​នាក់។ ឡេតូនី​បាន​ចាប់​ផ្តើម​ជ្រើសរើស​អ្នក​មាន​សមត្ថភាព​ពី​ខាង​ក្រៅ​ ដើម្បី​ជា​ជំនួយ​ និង​ដើម្បី​រំលែង​ការងារ​ខ្លះ។ ប្រទេស​តូច មាន​ដៃ​តិច ប៉ុន្តែ​បើ​​មធ្យ័ត​លើការងារ លទ្ធផល​ចុងក្រោយ​​នឹង​មាន​ជោគជ័យ​ជាក់​ជា​មិន​ខាន ដូច​ដែល​សុភាសិត​ខ្មែរ​​ថា​គ្នា​ច្រើនអន្សម​ខ្លោច​ដូច្នោះ។ នេះជា​សំអាង​របស់​ក្រុមប្រឹក្សា​អឺរ៉ុប។

បង្ហាញ​ខ្លួន​

ធ្វើ​ការ​ច្រើន​និង​ហត់​បន្តិច​មែន ប៉ុន្តែ​ជា​ឱកាស​ដែល​មិន​អាច​រំលង​បាន ! បាន​ទទួល​នាទី​ជា​​ប្រធាន​ផ្លាស់​វេន ប្រទេស​មាន​ឱកាស​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ចំពោះ​សហភាព​អឺរ៉ុប រុញ​ច្រាន​ផល​ប្រយោជន៍​របស់​ប្រទេស​ឱ្យ​ចូល​កាន់​តែ​កៀក​នឹង​ស្ថាប័ន​ដឹកនាំ​កំពូល​របស់​អឺរ៉ុប។ យ៉ាង​ណា​មិញ ឡេតូនី ក៏​អាច​ប្រើ​​​នាម​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​ ដើម្បី​ឱ្យ​គ្រប់​គ្នា​ស្គាល់​ប្រទេស​របស់​ខ្លួន​កាន់​តែ​ច្បាស់ ព្រោះ​រហូត​មក​ទល់​ពេល​នេះ គណៈកម្មការ​អឺរ៉ុប​ស្គាល់​ឡេតូនី​ តិច​តួច​ណាស់ ស្គាល់​ត្រឹម​អន្តរការី​តំណាង​ប្រទេស អនុប្រធានគណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ប្រាក់​អឺរ៉ូ និង​ចរចា​សង្គម​​ លោកValdis Dombrovskis ដែល​ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ឡេតូនី ពី​ឆ្នាំ ២០០៩-២០១៤ ឧស្សាហ៍​ចុះ​ឡើង​មក​ទីស្នាក់ការ​អឺរ៉ុប​ជាងគេ ល្បី​ឈ្មោះ​ខាង​ហ្មត់ចត់ និង​ច្បាស់ការណ៍ តែមាត់​ច្រើន​ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មាន។

ជាក់ស្តែង កាលអ៊ីតាលី​ជា​ប្រធាន​ផ្លាស់​វេន ! ប្រមុខ​ដឹកនាំ​​អ៊ីតាលី​ ដែល​ជា​បុគ្គល​ប្រកប​ដោយ​ថាមពល​ បាន​ស្ទុះ​ស្ទារ​ខ្លាំង​ណាស់ ទាម​ទារ​ឱ្យ​អឺរ៉ុប​ប្តូរ​ផ្លាស់​ដើម្បី​ប្រយោជន៍​អ៊ីតាលី​ផ្ទាល់​ខ្លួន​ផង គឺ​បន្ធូរបន្ថយ​នយោបាយ​រិតត្បិត ផ្តល់​អាទិភាព​កំណើន​សេដ្ឋកិច្ច និង​ការ​ងារ។ ថ្វី​បើ​មិន​មែន​ជា​គំនិត​របស់​អ៊ីតាលី​មែន​តែ​នៅ​ទី​បំផុត​ ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​យ៉ាង​ឆាប់​រហ័ស​ជា​លើកទីមួយ​ នៅ​ក្នុង​ជំនួប​ចុងក្រោយ​អនុម័ត​ទទួល​យក​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ ៣១៥​ពាន់​លាន​អឺរ៉ូ​របស់​លោក Jean Claude Juncker ។

ប៉ុន្តែ​អ៊ីតាលី បាន​បន្សល់​ទុក​សំណុំ​រឿង​សំខាន់ៗ​ និង​ស្មុគ​ស្មាញ​ជា​ច្រើនទៀតឱ្យ​ឡេតូនី មាន​ជាអាទិ៍​ គម្រោង​យក​ពន្ធ​លើ​ការ​ផ្ទេរ​ប្រាក់ ទិសដៅ​អព្យាក្រិត្យ​ប្រព័ន្ធ​អ៊ីនធ័រនែត ការពារ​ទិន្នន័យ​បុគ្គល ។ល។ និង​។ល។ តែ​សំណុំ​រឿង​ដែល​ធំ​និង​សំខាន់​ខ្លាំង​ គឺ​ទំនាក់ទំនង​អឺរ៉ុប-រុស្ស៊ី។ អឺរ៉ុប​ចង់​ឃើញ​ទំនាក់ទំនង​នេះ​មាន​ភាព​ធូរ​ស្រាល​នឹង​គ្នា​ឡើងវិញ។ ជា​ប្រធានបទ​ដែល​អាច​នឹង​ធ្វើ​ឡេតូនី តឹង​សរសៃ​ក្បាល​បន្តិច ព្រោះ​៤០%​នៃ​បណ្តាជនឡេតូនី​និយាយ​ភាសា​រុស្ស៊ី និង​១០%​គ្មាន​សញ្ជាតិ​ឡេតូនី ត្រូវ​បញ្ជូន​ត្រលប់​ទៅ​រុស្ស៊ី​ជា​ប្រទេស​កំណើត​ផង។

លើផ្នែក​សេដ្ឋកិច្ច​វិញ ឡេតូនី កំពុង​សំឡឹង​មើល​អ្នក​ជិត​ខាង​រស្ស៊ី ក្នុង​ក្រសែ​ភ្នែក​សង្ស័យ​បំផុត និង​ចង់​យក​ចំណេញ​ពីតួនាទី​ជា​ប្រធាន​ផ្លាស់​វេន​អឺរ៉ុប​នេះ សម្រាប់​រុញ​ច្រាន​សំណុំ​រឿង​ “ដៃគូ​ខាង​កើត” ដែលប្រទេស​អតីត​សហភាព​សូវៀត​ចង់​ភ្ជាប់​ជាមួយ​អឺរ៉ុប។ ក្រុង​រីហ្កា ត្រៀម​រៀប​ចំ​សន្និសីទ​មួយ​នៅ​ថ្ងៃ​២២​ឧសភា​២០១៥ ដែល​អាច​នឹងធ្វើ​ឱ្យ​រុស្ស៊ី និង​ដៃគូ​អឺរ៉ុប​មួយ​ចំនួន​ក្រញាញ់​មុខ​ដាក់​គ្នា ឬ​មិន​ទៅ​ចូល​រួម​ផង បើ​យោល​ទៅ​លើ​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន។

នៅ​ក្នុង​របៀបវារៈការងារ​ដែរ គឺ​​ការ​ដាក់​ឱ្យ​ដំណើរ​ផែនការ​វិនិយោគ​របស់​លោក Juncker ដែល​ឡេតូនី ត្រូវ​រិះរេ​ធ្វើ​យ៉ាង​ឱ្យអត្ថបទ​ច្បាប់​ត្រូវ​អនុម័ត និង​អាច​​ប្រើ​បាន​ចាប់​ពី​ខែ​មិថុនា​២០១៥​ទៅ។ ឡេតូនី​ ក្នុង​នាម​ជា​ប្រធាន​ក៏ត្រូវ​តែធ្វើការ​លើ​សំណុំ​រឿង​ផ្តល់​សន្ទុះ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ស្តី​អំពី​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរអាត្លង់ទិក​ ព្រោះ​អឺរ៉ុប​ចង់​សម្រេច​ឱ្យ​បាន​នៅ​ចុង​ឆ្នាំ​២០១៥។ ជា​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​បំផុត បើ​មើល​ទៅ​ភាព​ស្មុគស្មាញ​នៃ​សំណុំ​រឿង និង​ភាព​រសើប​នៃ​មតិសាធារណៈ​អឺរ៉ុប ដោយ​មិន​គិត​ពី​ឆន្ទៈ​ដៃគូ​ម្ខាង​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ