អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។   ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។   

អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី
អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី AP - Konstantin Zavrazhin
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយ សមភាគី លោក កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន និង ជាសម្ព័ន្ធមិត្តចាស់វស្សា របស់លោកពូទីន។ ដំណើរទស្សនកិច្ចថ្មីនេះ គឺធ្វើឡើង មួយសប្តាហ៍ក្រោយទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសតែមួយ។  

ក្នុងពេលតែមួយ នៅទីក្រុង Tachkent រដ្ឋធានី អ៊ូសបេគីស្ថាន ដែលស្ថិតនៅភាគខាងត្បូង ពុំឆ្ងាយប៉ុន្មាន ពីកាហ្សាក់ស្ថាន មានជំនួបកំពូលមួយទៀត ស្តីពីសេដ្ឋកិច្ចតំបន់ ដែលមានវត្តមានជាអាទិ៍ ពីសំណាក់ លោកប្រធានាធិបតី តួកគី និង អ៊ីរ៉ង់។

គួរបញ្ជាក់ថា តាំងពីខ្លួនបានផ្តើមការវាយលុកទន្ទ្រានលើ អ៊ុយក្រែន ក្នុងពេលជាងមួយឆ្នាំមកនេះ រុស្ស៊ី កំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់អាស៊ីកណ្តាល ដែលខ្លួនធ្លាប់ក្តោបក្តាប់ពីដើមរៀងមក។ ចំណែក ប្រទេសចិន ដែលមានព្រំប្រទលជាប់គ្នានឹងរុស្ស៊ី ក៏សំឡឹងឃើញឱកាសនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន នៅអាស៊ីកណ្តាល ក្រោមបរិបទនៃមហាគម្រោងផ្លូវសូត្រថ្មី ដែលទាញស្រូបប្រទេសដ៏ច្រើនក្នុងតំបន់។

ដោយខ្លាចបាត់បង់ឱកាសល្អ ប្រទេសធំៗផ្សេងទៀតមាន សហភាពអឺរ៉ុប អាមេរិក អ៊ីរ៉ង់ និង តួកគី បានស្វះស្វែង ពង្រឹងវត្តមានខ្លួន និង រឹតចំណងសាមគ្គីភាពជាមួយ ប្រទេសនានានៅអាស៊ីកណ្តាល ដូចមានសកម្មភាពការទូតដ៏មមាញឹក នាប៉ុន្មានខែចុងក្រោយនេះ​ ជាតឹកតាងស្រាប់។

គួររំឭកដែរថាអំឡុងពេលជាង​ ៣ ទសវត្សរ៍ក្រោយពីសហភាពសូវៀតបានដួលរលំទៅ បណ្តាប្រទេស នៅអាស៊ីកណ្តាល បានធ្លាក់ក្នុងវិបត្តិតានតឹង ដែលបណ្តាលមកពីជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ។ ដូច្នេះ ដំណើរទស្សនកិច្ចថ្មីៗពីសំណាក់ប្រទេសមហាអំណាចធំៗ គឺជាដំណើរវិជ្ជមានមួយ ដែលប្រទេសអាស៊ី កណ្តាល ចាំបាច់ត្រូវទាញយកប្រយោជន៍ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងទំនាក់ទំនងការទូត និង ពាណិជ្ជកម្ម។

ជំនួបរវាងលោក ពូទីនង និង កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន ប្រព្រឹត្តទៅក្នុងទម្រង់ ស្ងប់ស្ងាត់ ដោយពុំមានបញ្ចេញខ្លឹមសារនៃកិច្ចចរចានេះឲ្យដឹងឮជាសាធារណៈឡើយ។ គួររំឭកថា លោក តូកាយេវ គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ម្នាក់ ពោលគឺលោកចង់រក្សាទំនាក់ទំនង និង កិច្ចសន្ទនា ជាអចិន្ត្រៃយ៍ ជាមួយគ្រប់បណ្តាប្រទេសទូទៅ មិនថាបស្ចិមលោក ឬ មេដឹកនាំ រុស្ស៊ី ចិន និង តួកគី។

នេះគឺជាលើកទី​២ ដែលលោកពូទីន មកធ្វើទស្សនកិច្ចនៅអាស៊ីកណ្តាល ក្នុងពេលមួយខែចុងក្រោយ នេះ។ កាលពីដើមខែតុលា លោកពូទីន បានទៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន ដែលជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកទី១ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាឲ្យចាប់ខ្លួនរូបគាត់ពីបទ «ចាប់ជម្លាសកុមារាអ៊ុយក្រែន មកកាន់ប្រទេសរុស្ស៊ី »។

លោក អ៊ែរដូហ្កាន លេចមុខជាថ្មី

នៅឯទីក្រុង Tachkent ប្រទេសអ៊ូសបេគីស្ថាន ឯណោះវិញ មេដឹកនាំ ៩ ប្រទេស បានរួមប្រជុំក្នុងជំនួបកំពូល ដែលរៀបចំឡើងដោយ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច OCE ។

ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន ដែលមានវត្តមានម្តងហើយនៅអាស៊ីកណ្តាល កាលពីសប្តាហ៍មុន បានជួបជាថ្មីជាមួយសមភាគី ដែលមកពីបណ្តាប្រទេសអតីតសាធារណរដ្ឋសូវៀតក្នុងតំបន់ ព្រមទាំង នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន និង ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី។

ប្រទេសជាម្ចាស់ផ្ទះនៃជំនួបកំពូលនេះ បានប្រកាសជាមុនថា បញ្ហាសង្គ្រាមរវាង ពួកហាម៉ាសប៉ាឡេស្ទីន និង អ៊ីស្រាអែល នឹងពុំត្រូវលើកយកមកជជែកគ្នាឡើយ។ តែ បើតាមទីភ្នាក់ងារព័ត៌មាន ផ្លូវការអ៊ីរ៉ង់ IRNA បានឲ្យដឹងថា អ៊ឺរ៉ង់បានឆក់យកឱកាសនេះ ដើម្បីលើកយកប្រធានបទសង្គ្រាម ហាម៉ាស-អ៊ីស្រាអែល មកដាក់លើតុពិភាក្សា ឲ្យខានតែបាន។

ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកនិយាយគ្នាដែរ គឺកិច្ចសហប្រតិបត្តិការមនុស្សធម៏ និង វិស័យដឹកជញ្ជូន ដ្បិតប្រទេសនៅអាស៊ីកណ្តាល ស្ថិតក្នុងទីតាំងភូមិសាស្ត្រមួយ ដែលគ្មានច្រកសមុទ្រ ចេញចូល។ ស្ថិតក្នុងស្ថានភាពបែបនេះ ប្រទេសអាស៊ីកណ្តាល ព្យាយាមរកផ្លូវ ធ្វើយ៉ាងណាដើម្បី ភ្ជាប់បណ្តាញគមនាគមន៍ទៅកាន់សមុទ្រ ដោយត្រូវឆ្លងកាត់តាមប្រទេសប៉ាគីស្ថាន ជាឧទាហរណ៍។

ថ្វីបើបច្ចុប្បន្ន រុស្ស៊ី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចិមលោក ក៏រុស្ស៊ីនៅតែបន្តធ្វើជាដៃគូខានពុំបាន សម្រាប់អាស៊ីកណ្តាល។ យ៉ាងណាមិញ រុស្ស៊ី ចាំបាច់ត្រូវរក្សាវត្តមានរបស់ខ្លួនក្នុងតំបន់នេះ មានជាអាទិ៍ លើវិស័យថាមពល ព្រោះថាក្រោមទណ្ឌកម្មសេដ្ឋកិច្ច ទីផ្សារថាមពលរបស់រុស្ស៊ីនៅអឺរ៉ុប បានបិទសឹងទាំងស្រុង។

ដើម្បីសម្រេចគោលដៅនេះ ម៉ូស្គូ បានដាក់ចេញគម្រោងធំៗ លើវិស័យថាមពល មានដូចជា ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិ ដល់ប្រទេសអ៊ូសបេគីស្ថាន ដោយឆ្លងកាត់តាមដែនដីកាហ្សាក់ស្ថាន ព្រមទាំងប្រកាន់ គោលជំហរជាប្រទេសឈានមុខគេ លើគម្រោងសាងសង់ស្ថានីយអគ្គិសនីបរមាណូ ស្ថានីយវារីអគ្គិសនី ក្នុងប្រទេសនានានៅអាស៊ីកណ្តាល ដើម្បីប្រជែងជាមួយអឺរ៉ុប និង ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ