អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មេដឹកនាំ​នាំ​យក​ដំណឹងល្អ​ស្តីពី​អាកាសធាតុ

នៅ៣​ថ្ងៃ​មុន​បើក​ជំនួបកំពូល​ពិសេស​ស្តីពី​អាកាសធាតុ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​បាន​និយាយ​អំពាវនាវ​រួចហើយ ឲ្យ​មេដឹកនាំ​ក្នុង​ពិភពលោក នាំ​យក​ដំណឹង​ល្អ ពោល គឺ ផែនការ​យុទ្ធសាស្រ្ត​ថ្មី ដើម្បី ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ទៅ​បង្ហាញ នៅក្នុង​អង្គប្រជុំ នៅថ្ងៃ ចន្ទ នៅទីក្រុង​ញូវយ៉ក។ សម្រាប់​ប្រមុខអង្គការ​សហប្រជាជាតិ ប្រសិន​បើ​មេដឹកនាំ មានតែ​ដំណឹងអាក្រក់ ពួកគេ​មិនចាំបាច់​ធ្វើដំណើរទៅ​ចូលរួម​ជំនួបកំពូល​ស្តីពីអាកាសធាតុ​នោះទេ។ 

លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​នៅក្នុង​សន្និសីទ​កាសែត​ថ្ងៃទិ ១៨​កញ្ញា ២០១៩
លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​នៅក្នុង​សន្និសីទ​កាសែត​ថ្ងៃទិ ១៨​កញ្ញា ២០១៩ ©REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ របស់​ប្រទេសចំនួន ៦៤ នៅក្នុង​ពិភពលោក នឹង​ចូលរួម នៅ​ក្នុង​ជំនួបកំពូល​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ នៅថ្ងៃ​ចន្ទ នៅទីក្រុង​ញូវយ៉ក។ នៅក្នុង​ចំណោម​នោះ មាន​តែ​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​នឹង​អនុញ្ញាត​ឲ្យ ឡើងថ្លែង នៅ​វេទិកា​របស់​អង្គការ​សហប្រជាជាតិ ហើយ​ថេរវេលា​ទៀតសោត នឹង​មាន​តែ​៣នាទី​តែប៉ុណ្ណោះ។ ប្រធានាធិបតី​បារាំង នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ជាដើម​នឹង​ឡើងថ្លែង​បង្ហាញ ផែនការ​យុទ្ធសាស្រ្ត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ចំណែក ប្រធានាធិបតី ប្រេស៊ីល ដែល​រងការរិះគន់​ក្នុង​រឿងភ្លើងឆេះព្រៃអាម៉ាហ្សូន ហើយ​និង​លោកដូណាល់ ត្រាំ ដែល​បាន​ដក​អាមេរិក​ចេញពីកិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ នឹង​គ្មាន​វត្តមាន​នៅក្នុង​ជំនួបកំពូល​របស់​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ចន្ទ​នោះទេ។

សម្រាប់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ វេទិកា​នឹង​ផ្តល់​ទៅ​ឲ្យ​មេដឹកនាំ​ណា ដែល​មាន​ដំណឹង​ល្អ​ ត្រូវ​ប្រកាស​ឲ្យ​គេដឹង។ នៅមុន​បើក​មហាសន្និបាត អង្គការ​សហប្រជាជាតិ នៅថ្ងៃ អង្គារ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​បើក​ជំនួបកំពូល​មួយ​ថ្ងៃ​ស្តី​ពី​អាកាសធាតុ ដើម្បី​ស្វែងយល់​ពី​កម្មវិធី​នយោបាយ របស់​ប្រទេស​សមាជិក​នីមួយៗ ដែល​បាន​សន្យា​ចូលរួម​ឲ្យ​មាន​លំនឹង​ឧស្ម័នកាបូនិក ឲ្យ​បាន​នៅ​ឆ្នាំ ២០៥០។

នៅក្នុង​ពិធី​ទទួលទានអាហារ​ជាមួយ​អ្នកកាសែត កាលពី​ថ្ងៃ​សុក្រ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់ ក្នុង​ក្តីសង្ឃឹមថា នឹង​ប្រទេស​កាន់តែច្រើន ដែល​នឹង​បង្ហាញ ផែនការ​យុទ្ធសាស្រ្ត ដើម្បី សម្រេចគោលដៅ ឧស្ម័ន​កាបូនិក សូន្យ នៅ​ឆ្នាំ ២០៥០។

ដើម្បី សម្រេច​ឲ្យ​មាន​លំនឹង​ឧស្ម័នកាបូនិក ឬ​ឧស្ម័នកាបូនិកសូន្យ រដ្ឋាភិបាល សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យ​បាន​ច្រើន​បំផុត ដោយ​ចូលរួម​ផងដែរ បង្កើតតំបន់ព្រៃ​ដើម្បី ស្រូបយកវិញ ឧស្ម័នកាបូនិក​ពីបរិយាកាស។

តាមរបាយការណ៍​របស់អង្គការ​សហប្រជាជាតិ មាន​តែ​ប្រទេស​ជាង​២០​ប៉ុណ្ណោះ ដែល​បានចាប់ផ្តើម​ចាត់វិធានការ ឬ​ក៏​បាន​បង្កើតច្បាប់ ក្នុង​ក្របខ័ណ្ឌ កាត់បន្ថយ​ឧស្ម័នកាបូនិក។ សម្រាប់ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រទេស​ចិន ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ដ៏កម្រ​ដែល នឹង​អាច​សម្រេច​ផែនការ​នេះ​មុនគេ ដោយសារ​តែប្រទេស​ចិន​បាន​ជំរុញខ្លាំង លើ​វិស័យ​ថាមពល​កកើតឡើងវិញ ដូចជា​ផ្ទាំងកញ្ចក់​ស្រូបកំដៅ​ព្រះអាទិត្យ​ជាដើម។ លោក​អង់តូនីញ៉ូ និយាយ​សរសើរ​ប្រទេស​ចិន នោះបើទោះជា​ប្រទេស​នេះ នៅ​តែ​បន្ត​បើកប្រើ​រោងចក្រ​ដុតធ្យូងថ្ម។ តាមប្រមុខ​អង្គការ​សហប្រជាជាតិ គេ​នឹង​មិនអាច​ដោះស្រាយ​បញ្ហាទាំងអស់ នៅក្នុង​ម៉ោង​បិទបញ្ចប់​របស់​កិច្ចប្រជុំ​នោះទេ។ ប៉ុន្តែ គោលដៅ របស់លោក គឺ​ធ្វើយ៉ាងណា​ឲ្យ​មាន​ការជជែក ដេញដោល ស្តីពី​បញ្ហា​អាកាសធាតុ ឲ្យបាន​ច្រើន។ បញ្ហា​អាកាសធាតុ ដែល​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់ ក្នុង​ចំណោម​ ថ្នាក់ដឹកនាំ ប្រជាជន ហើយ​និង​ក្រុមហ៊ុន ដោយសារ​មានចលនា​បាតុកម្ម​ផុសផុល​របស់​យុវជន ដែល​កាលពីថ្ងៃ​សុក្រ បាន​រួម​គ្នា ជាង ៤លាននាក់ នៅក្នុង​ពិភពលោក ដើម្បី​ធ្វើបាតុកម្ម ទាមទារ​ឲ្យ​មេដឹកនាំ គិតគូរ​ពីបញ្ហា​ប្រែប្រួលអាកាសធាតុ សម្រាប់​អនាគត​មនុស្ស​ជំនាន់ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ