អានតួអត្ថបទ
អ៊ិុយក្រែន

វិបត្តិអ៊ុយក្រែន៖ ​បារាំង​ និង​អាល្លឺម៉ង់ ​ហៅ​ឲ្យ​ភាគី​ទាំងអស់​ ត្រលប់​មក​គោរព​កិច្ច​ព្រមព្រៀង​ឈប់បាញ់ ​ជា​បន្ទាន់

ប្រមុខរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់  បានចេញសេចក្តីអំពាវនាវរួមគ្នាមួយ កាលពីថ្ងៃទី២៣​ធ្នូ ហៅឲ្យភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិបត្តិនៅភាគខាងកើតអ៊ុយក្រែន ឲ្យគោរពកិច្ចព្រមព្រៀងឈប់បាញ់ឲ្យ​បាន និងចាប់ផ្តើមអនុវត្តផែនការបន្ទាប់ទៅទៀត នៃកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខា នៅទីក្រុងមីនស្គ៍។ បារាំងនិងអាល្លឺម៉ង់ ដែលបានផ្តួចផ្តើមកិច្ចព្រមព្រៀងសន្តិភាពនេះ បានរំលឹកថា វាជាជម្រើសតែមួយគត់ ដើម្បីបិទបញ្ចប់ទុក្ខវេទនារបស់ប្រជាជន  ហើយភាគីទាំងអស់ ត្រូវតែទទួលខុសត្រូវរៀងៗខ្លួន ដើម្បីសម្រេចវាឲ្យបាន។

បុរស​ម្នាក់​ឈរក្បែរ​​ផ្ទះ​​បាក់​បែក​​របស់​ខ្លួន ដោយសារ​ការ​​ប្រយុទ្ធ​ថ្មី​ទៀត ​​នៅថ្ងៃ​ទី​​១៩ ​ធ្នូ ​នៅ​តំបន់​Novoluhanske
បុរស​ម្នាក់​ឈរក្បែរ​​ផ្ទះ​​បាក់​បែក​​របស់​ខ្លួន ដោយសារ​ការ​​ប្រយុទ្ធ​ថ្មី​ទៀត ​​នៅថ្ងៃ​ទី​​១៩ ​ធ្នូ ​នៅ​តំបន់​Novoluhanske REUTERS/Oleksandr Klymenko
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតផ្លូវការមួយ ចេញដោយវិមានប្រធានាធិបតីបារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី អង់ហ្គេឡា មែរគែល  បានអំពាវនាវរួមគ្នា ឲ្យភាគីក្នុងជំលោះអ៊ុយក្រែន ចាប់ផ្តើមនាំគ្នាគោរព និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្គ៍។ មេដឹកដាំទាំងពីរ  បានអំពាវនាវថា ភាគីពាក់ព័ន្ធ ត្រូវតែអនុវត្តកាតព្វកិច្ច និងទទួលខុសត្រូវ រៀងៗខ្លួន ឲ្យបានឆាប់ ជាទីបំផុត។

លោកម៉ាក្រុង​ និងលោកស្រី មែរគែល បានអំពាវនាវ ជាអាថទិ៍ ឲ្យភាគីអ៊ុយក្រែន ទាំងសងខាង ចាប់ផ្តើម អនុវត្តឲ្យឆាប់ជាទីបំផុត  នូវគំរោងដោះលែងចំណាប់ខ្មាំង ប្រមាណ៣៨០នាក់ ដែលបានព្រមព្រៀងគ្នារួចហើយ។ បន្ថែមពីនេះ បារាំង និងអាល្លឺម៉ង់ ក៏អំពាវនាវ ឲ្យភាគីទាំងសងខាង បន្តចរចាគ្នា ដើម្បីដោះលែងចំណាប់ខ្មាំងផ្សេងទៀត ហើយក៏ត្រូវបើកផ្លូវ សម្រួលអន្តរាគមន៍របស់អង្គការកាបាទក្រហម។

ក្រៅពីនេះ បារាំង និងអាល្លឺម៉ង់ ក៏បានអំពាវនាវឲ្យ ក្រុមការងាររុស្ស៊ី ត្រលប់មកចូលរួមធ្វើការវិញ នៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការ ត្រួតពិនិត្យ និងសម្របសម្រួលស្ថានការណ៍  នៅភាគខាងកើតអ៊ុយក្រែន (JCCC)។ ក្រុមការងាររុស្ស៊ីនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែង តាមដានការគោរពកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងអង្គការ OCDE

ដោយសង្កត់ធ្ងន់ទៅលើគោលការណ៍ នៃការគោរពបូរណភាពដែនដីអ៊ុយក្រែន មិនឲ្យពុះច្រៀកជាបំណែក​ ប្រមុខរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ បានរំលឹកម្តងទៀត នៅថ្ងៃសោរ៍ទី ២៣ ធ្នូនេះថា ដំណោះស្រាយវិបត្តិតាមផ្លូវសន្តិភាព គឺជាជំរើសតែមួយគត់។ ស្របពេលនេះដែរ កាលពីសប្តាហ៍មុន  សហភាពអឺរ៉ុប ទើបបានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើរុស្ស៊ី រយៈពេល៦ខែទៀត។

ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅនេះ រដ្ឋាភិបាលអាមេរិក ទើបតែបានសម្រេច ប្រគល់អាវុធ និងជំនួយយោធា ទៅឲ្យទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ទង្វើនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អះអាងថា គឺជាសកម្មភាពពន្យុះ ឲ្យកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន បានចិត្ត មានកម្លាំងប្រយុទ្ធ ធ្វើបាបប្រជាជននៅភាគខាងកើត កាន់តែខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ