អានតួអត្ថបទ
កម្ពុជា

ធនាគារ​ពិភពលោក ៖ កម្ពុជា​ជាប្រទេស​រីកលូតលាស់​លឿន​បំផុត​មួយ

របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​នៃប្រតិបត្តិ​ការ​និង​កំណែទម្រង់សេដ្ឋកិច្ច​ប្រចាំ​ខែឧសភា ឆ្នាំ២០១២ របស់​របស់​ធនាគារ​ពិភពលោក​ដែល​ត្រូវ​បានដាក់​បង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​កំពុង​បន្ត​កើនឡើង​ខ្ពស់​ដោយសារតែ​ការកើនឡើង​នៃ​វិស័យ​ឯកជន ដូចជា​វិស័យ​កាត់ដេរ​ស​ម្លៀ​កបំពាក់ និង​វិស័យ​កសិកម្ម​ជាដើម។ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ត្រូវគេ​រំពឹងថា​នឹងមាន​កំណើន ៦,៦ % ក្នុង​ឆ្នាំ២០១២នេះ។

ទីស្នាក់ការ​ធនាគារពិភពលោក​នៅទីក្រុង​ Washington, សហរដ្ឋអាមេរិក
ទីស្នាក់ការ​ធនាគារពិភពលោក​នៅទីក្រុង​ Washington, សហរដ្ឋអាមេរិក Wikimédia
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​ជាប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​កំពុង​រីកលូតលាស់​លឿន​បំផុត​នៅក្នុង​ពិភពលោក។ នេះ​ជាការ​វាយតម្លៃ​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​ធនាគារពិភពលោក​ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា។ នៅក្នុង​របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​នៃប្រតិបត្តិ​ការ និង​កំណែទម្រង់សេដ្ឋកិច្ច ប្រចាំ​ខែឧសភា​ឆ្នាំ២០១២ ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​កើនឡើង​ក្នុង​កម្រិត​ខ្ពស់។
របាយការណ៍​បានបង្ហាញ​ឲ្យ​ដឹងថា ផលិតផល​សរុប​ក្នុងស្រុក​ពិត​របស់​កម្ពុ​ជា​បាន​កើនឡើង ៦,៩% ក្នុង​ឆ្នាំ២០១១ និង​បន្ត​កើន​ក្នុង​កម្រិត ៦,៦% ក្នុង​ឆ្នាំ ២០១២ នេះ។

ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ជា​មធ្យម ៨% ។ ប៉ុន្តែ ចាប់ពី​ឆ្នាំ២០១១មក កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​ខ្លាំង​បើទោះបីជា​ប្រទេស​នេះ​ជួប​គ្រោះទឹកជំនន់​ដ៏​ខ្លាំងក្លា​ដែល​ធ្វើ​ឲ្យ​ខូចខាត​វិស័យ​កសិកម្ម​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ តែ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ជាង​ការរំពឹងទុក។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្តារឡើង​វិញ​នៃ​វិស័យ​កសិកម្ម​ក្រោយ​ការបំផ្លិចបំផ្លាញ។ វិស័យ​កសិកម្ម​កម្ពុជា​កើនឡើង ៣,៣% ក្នុង​ឆ្នាំ២០១១ ធៀប​នឹង​ការព្យាករណ៍​ដំបូង​ដែលមាន​ត្រឹម ១,៥%។ ការកើនឡើង​ខ្លាំង​នៃ​ការនាំចេញ​ខាង​ផ្នែក​វិនិយោគឯកជន​និង​ការប្រើប្រាស់​ក៏​ជា​ផ្នែក​មួយ​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំង​ដែរ។

ដោយឡែក ហានិភ័យ​នៃ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការស្រុតចុះ​នៃ​សេដ្ឋកិច្ច​អាមេរិក និង​អឺរ៉ុប​ដែលជា​គោលដៅ​ធំ​បំផុត​សម្រាប់​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភ​ណ្ឌ​របស់​កម្ពុជា​នោះ​នៅ​មិនទាន់​កើតមាន​នៅឡើយ​ទេរ​ហូត​មកទល់ពេលនេះ។ ការនាំចេញ​ទំនិញ​ក្នុង​ឆ្នាំ២០១១បាន​កើនឡើង ៣៦% និង​ការនាំចេញ​សម្លៀកបំពាក់​និង​ផលិតផល​វាយ​ន​ភ​ណ្ឌមាន​កំណើន ៣២% ដែល​ធ្វើ​ឲ្យ​ទំហំ​ទឹកប្រាក់​កើន​ដល់៤០០០លាន​ដុល្លារ។

របាយការណ៍​​បង្ហាញ​ទៀតថា ការនាំចេញ​សម្លៀកបំពាក់​ទំនងជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្លាស់ប្តូរ​ចរន្ត​នៃ​វិស័យ​ឧស្សាហកម្ម​ពី​ការប្រើ​កម្លាំង​ពលកម្ម​ច្រើន​នៅ​ប្រទេស​ចិន​មកកាន់​បណ្តា​ប្រទេស​ដែល​ប្រាក់ខែ​កម្មករ​មាន​កម្រិត​ទាប​ដូចជា​កម្ពុជា។ ទំនងជា​ដោយសារ​ហេតុផល​នេះហើយ​បានជា​រោងចក្រ​កាត់ដេរ​នៅ​កម្ពុ​ជាមាន​កំណើន១៨%កាលពី​ឆ្នាំ២០១១ កន្លងទៅ។
កាលពី​ថ្ងៃទី១១ឧសភា គណៈកម្មការ​សេដ្ឋកិច្ចនិង​សង្គម​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា  UN-ESCAP ក៏បាន​ព្យាករណ៍​ដែរ​ថា នៅ​ឆ្នាំ២០១២នេះសេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​កំណើន ៦,៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ