ចិនបង្ហាញជំហរមិនចរចាស្តីពីបញ្ហាទីបេ ?!
នៅថ្ងៃសៅរ៍ទី ១៩ តុលានេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់រដ្ឋាភិបាលចិនម្នាក់ បានថ្លែងចាត់ទុកការតស៊ូរបស់សម្តេចសង្ឃដាឡៃឡាម៉ា ដើម្បីស្វ័យភាពតំបន់ទីបេ ថាការតស៊ូទាមទារដើម្បីឯករាជ្យបែបលាក់មុខ។ ការប្រកាសដំណឹងតាមសារព័ត៌មាននេះ ត្រូវបានគេមើលឃើញថាចិនកំពុងបង្ហាញជំហរមិនចង់ចរចាអ្វីជាមួយក្រុមអ្នកបះបោរទីបេទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤០
ពាក្យថា “ស្វ័យតភាពដ៏ខ្ពង់ខ្ពស់នៃតំបន់ទីបេ” ដែលទាមទារដោយសម្តេចសង្ឃដាឡៃឡាម៉ា មានន័យចំគឺ “ឯករាជភាពតំបន់ទីបេ” ! នេះជាប្រសាសន៍របស់លោក ប្រធានគណៈកម្មាការជាតិពិន្ទុនិងសាសនា ចុះផ្សាយក្នុងទំព័រសារព័ត៌មានផ្លូវការចិនជាភាសាអង់គ្លេស ដោយធ្វើអត្ថាធិប្បាយពន្យល់ចោទប្រកាន់អំពីរបៀបទាមទាររបស់សម្តេចសង្ឃទីបេ ថា មានពីរដំណាក់កាល។ ជាបឋម គឺទាមទារអ្វីដែលគេហៅថា ស្វ័យតភាព បន្ទាប់មកគឺចង់បានឯករាជ្យពេញលេញ។ សម្រាប់មន្ត្រីចិនជាន់ខ្ពស់រូបនេះ សម្តេចសង្ឃដាឡៃឡាម៉ា ចង់ឆ្លៀតយកចំណេញពីច្បាប់ចិនស្តីស្វ័យតភាពតំបន់ ដើម្បីផ្តាច់ខ្លួនជារដ្ឋឯករាជ្យ”។
ការប្រកាសប្រកាន់ជំហររបស់ប្រធានគណៈកម្មាការកិច្ចការជាតិពិន្ទុនិងសាសនា ដែលជាស្ថាប័នបង្អែកកំពូលរបស់រដ្ឋសភាចិននេះ ប្រៀបបាននឹងការប្រកាសជំហររបស់ក្រុងប៉េកាំង ថា គ្មានចេតនាណាមួយចង់ចាប់ផ្តើមចរចាឡើងវិញជាមួយនឹងមេដឹកនាំសហគមន៍ទីបេ និរទេស ដាឡៃឡាម៉ាទេ។
សម្តេចសង្ឃដាឡៃឡាម៉ា ដែលបានភៀសខ្លួនចេញពីប្រទេសចិន នៅឆ្នាំ១៩៥៩ ក្រោយ បរាជ័យនៃបដិវត្តនៅទីប៉េ ត្រូវបានអាជ្ញាធរចិន ចាត់ទុកជាជនប៉ះបោរចង់ផ្តាច់ខ្លួនដ៏កាចសាហាវ។ ការចរចារវាងសម្តេចសង្ឃដាឡៃឡាម៉ា និងក្រុងប៉េកាំង ត្រូវបានគាំងស្ទះតាំងពីឆ្នាំ២០១០មក។ ការកាត់ផ្តាច់ដែលបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ គឺការបង្ហាញភាពខកចិត្តរបស់សង្ឃ និងបណ្តាជនទីបេ តាមរយៈ ការដុតសម្លាប់ខ្លួន ដោយមានសរុបប្រមាណជា ១២០ករណី គិតចាប់តាំងពីការចរចាបានកកស្ទះ នៅឆ្នាំ២០១០នោះមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ