ទីក្រុងប៉េកាំងប្រកាសមិនប្តូរជំហរក្នុងរឿងដំណើរវិលត្រលប់របស់សម្តេចដាឡៃ ឡាម៉ា
ប្រទេសចិននឹងមិនបើកទ្វារស្វាគមសម្តេចសង្ឃ។ កាលពីថ្ងៃពុធ ទី៨តុលា ទីក្រុងប៉េកាំងបានរំលឹកទូន្មានទៅប្រមុខសាសនាទីបេ ឲ្យបោះបង់ចោលគំនិតទាមទារបំបែកទឹកដី និងការប៉ុនប៉ងចង់ត្រលប់ទៅទឹកដីទីបេ។ ទីបេដែលសម្តេចសង្ឃដាឡៃ ឡាម៉ា បានរត់គេចភៀសខ្លួនកាលពីឆ្នាំ ១៩៥៩។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៦
ជំហររបស់ប្រទេសចិនទៅលើដាឡៃ ឡាម៉ា នៅតែដដែល មិនប្រែប្រួល។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ។ តាមអ្នកនាំពាក្យដដែល ជាជាងប៉ុនប៉ងត្រលប់មកជាន់ទឹកដីទីបេ សម្តេចសង្ឃដាឡៃ ឡាម៉ា គួរបោះបង់ចោលគំនិតទាមទារបំបែកទឹកដី។
ក្រសួងការបរទេសចិនបញ្ចេញប្រតិកម្មដូច្នេះ បន្ទាប់ពីសម្តេចសង្ឃដាឡៃ ឡាម៉ាបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP នៅសប្តាហ៍មុនថា ព្រះអង្គបានផ្តើមទាក់ទងមិនផ្លូវការជាមួយអ្នកទទួលខុសត្រូវចិន ជាពិសេសជាមួយអនុលេខាបក្សកុម្មុយនិស្តចិននៅតំបន់ស្វយ័តទីបេ ដែលបានលើកនិយាយពីដំណើរទស្សនកិច្ចរបស់ព្រះអង្គនៅក្នុងដំណើរស្វែងធម៌ ដែលត្រូវរៀបចំធ្វើនៅភ្នំស័ក្តិសិទ្ធិមួយក្នុងខេត្តShanxi។
កាលពីពេលថ្មីៗនេះទៀត សម្តេចសង្ឃដាឡៃ ឡាម៉ាក៏បានបង្ហើបពីគំនិតកោតសរសើររបស់ព្រះអង្គទៅលើប្រមុខដឹកនាំចិន ជាពិសេសលោកប្រធានាធិបតីស៊ី ជីនពីង ដែលបើតាមព្រះអង្គ ជាប្រធានាធិបតីបើកចំហ គាំទ្រឲ្យមានការគោរពសាសនានៅប្រទេសចិន។
ទីក្រុងប៉េកាំងដែលតែងតែចោទសម្តេចសង្ឃដាឡៃ ឡាម៉ាថា ជាមេគំនិតបំបែកទឹកដីនិយមនៅទីបេ មិនចង់បានទេ វត្តមានរបស់សម្តេចសង្ឃរូបនេះ នៅក្នុងប្រទេសចិន ជាពិសេសនៅទីបេដែលចិនចាត់ទុកជាទឹកដីផ្តាច់មុខរបស់ខ្លួន។ ទីក្រុងប៉េកាំងមិនស្វាគមសម្តេចសង្ឃនៅក្នុងទីបេ ហើយក៏មិនចង់ឲ្យមេដឹកនាំរបស់ប្រទេសណាទទួលសម្តេចដាឡៃ ឡាម៉ា ជាផ្លូវការនោះដែរ។ ដោយប្រើនយោបាយការទូត ដាក់គំនាបសេដ្ឋកិច្ច ប្រទេសចិនបានព្រមានកុំឲ្យប្រទេសដទៃទទួលជួបសម្តេចដាឡៃ ឡាម៉ា។ អាហ្វ្រិកខាងត្បូងគោរពកោតខ្លាចចិនមុនគេ ដោយបានបដិសេធមិនផ្តល់ទិដ្ឋាការឲ្យសម្តេចដាឡៃ ឡាម៉ា ចូលទឹកដីរបស់ខ្លួន។
ដោយសារសម្តេចសង្ឃមិនបានទទួលទិដ្ឋាការពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង អ្នកទទួលខុសត្រូវជំនួបកំពូលជ័យលាភីណូបែលសន្តិភាព បានប្រកាសរំលាយចោលជំនួបកំពូលដែលត្រូវរៀបចំនៅទីក្រុងកាប់ ប្រទេសអាហ្វ្រិកខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ