អានតួអត្ថបទ
កម្ពជា

ក្រសួង​បរិស្ថាន​​បញ្ជាក់​​ថា ​បទ​ល្មើស​​ព្រៃឈើ​​ទ្រង់​ទ្រាយ​​ធំ​​លែង​​កើត​មាន​​ទៀត​ហើយ​​នៅ​​កម្ពុជា​

នៅ​ល្ងាច​នេះ ក្រសួងបរិស្ថាន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​អំពី​អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ធ្លាក់ចុះ។ ក្រសួងបរិស្ថាន​បាន​បាន​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​លែង​កើតមាន​ទៀតហើយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​កំពុង​បន្ត​ទប់ស្កាត់ និង​លុបបំបាត់​បទល្មើស​ព្រៃឈើ​ទាំង​ទ្រង់ទ្រាយ​មធ្យម និង​តូច និង​ពង្រឹង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត។

ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី​រង​ការ​កាប់​ផ្លាញ​។
ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី​រង​ការ​កាប់​ផ្លាញ​។ @NGO Forom
ផ្សាយពាណិជ្ជកម្ម

ការគូសបញ្ជាក់​របស់​ក្រសួងបរិស្ថាន​នាពេលនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​របស់​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នៅ​ប៉ុន្មាន​ថ្ងៃនេះ ដែល​ក្រសួងបរិស្ថាន​បាន​ចោទថា បាន និង​កំពុងតែ​បំភ្លៃ បំផ្លើស និង​បំភ័ន្ត​មតិសាធារណៈ​អំពី​ស្ថានភាព​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រសួងបរិស្ថាន ចោទ​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនេះ ថា​បាន​បំប៉ោង​ទិន្នន័យ​នៃ​បទ​លើ្ម​ស​ព្រៃឈើ និង​ការនាំចេញ​ឈើ​ទៅ​ក្រៅប្រទេស​ដែលមាន​ចេតនា​មួលបង្កាច់​រដ្ឋាភិបាល​និង​ទាត់ចោល​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន​ក៏បាន​សម្តែង​ការសោកស្តាយ ហើយ​បាន​គូសបញ្ជាក់ថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​លែងមាន​កើតឡើង​ទៀតហើយ​នៅក្នុង​ប្រទេស​កម្ពុជា។

សូមបញ្ជាក់ថា ទិន្នន័យ​បម្រែបម្រួល​គម្រប​ព្រៃឈើ​នៃ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ឆ្នាំ២០១០-២០១៤ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បាន​បង្ហាញថា មាន​អត្រា​បាត់បង់​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ០,៦២ភាគរយ និង​ក្នុង​រយៈពេល​ពី​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ក្នុង​ឆ្នាំ២០១៤-២០១៦ អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះមក​ត្រឹម០,៣ភាគរយ​ប៉ុណ្ណោះ។ បើ​យោងតាម​លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ២០១៦ គឺ​ផ្ទៃដី​គម្រប​ព្រៃឈើ​សរុប​នៅ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ៤៥,២៦ភាគរយ​បើ​ធៀប​នឹង​ផ្ទៃដី​ប្រទេស។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា អត្រា​បាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ មានការ​ធ្លាក់ចុះ​ដោយ​ចន្លោះ​ពី​ឆ្នាំ២០១៤ដល់​ឆ្នាំ២០១៦ អត្រា​នៃ​ការបាត់បង់​មាន​ចំនួន០,៨២ភាគរយ ខណៈ​ចន្លោះ​ឆ្នាំ២០១០-២០១៤ អត្រា​បាត់បង់​គម្រប​ព្រៃឈើ​មាន​ប្រមាណ២,៧ភាគរយ​ក្នុង​មួយឆ្នាំ។ បើតាម​ក្រសួងបរិស្ថាន អត្រា​ថយចុះ​នៃ​ការបាត់បង់​គម្រង​ព្រៃឈើ​នេះ គឺ​ដោយសារតែ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កំណែទម្រង់​លើ​ការការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា ការដាំ​ព្រៃឈើ​ឡើងវិញ​នៅ​តំបន់​រេចរឹល​មួយចំនួន ក៏ដូចជា​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន និង​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ