អានតួអត្ថបទ
សុខភាព

ពលរដ្ឋ​ខ្មែរ​ទី ១០​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី

ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​H5N1​មក​ លើ​មនុស្ស​ទី ១០ ​ដែល​បាន​បាត់បង់​ជីវិត កាល​ពី​ថ្ងៃ​ទី ១៧​មេសា។ ករណី​ឆ្លង​ទី ១០​នេះ​បានកើតឡើងនៅ​ក្នុង​ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង។ នៅ​ពេល​នេះ ក្រុម​អ្នកជំនាញ​កំពុង​តាមដាន​បន្ត​តំបន់​ផ្ទុះ​មេរោគH5N1។

ការត្រួត​ពិនិត្យ​លើ​ព័ត៌មាន​សុខភាព​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​ ផ្តាសាយ​បក្សី
ការត្រួត​ពិនិត្យ​លើ​ព័ត៌មាន​សុខភាព​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​ ផ្តាសាយ​បក្សី ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:59

សំឡេង​របស់ លាង ដឺលុច

បុរស​អាយុ​២៧​ឆ្នាំ​ម្នាក់ ជា​អ្នកស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​១៧​មេសា ដោយសារ​ជំងឺ​សួត​ធ្ងន់ធ្ងរ បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​H5N1។ សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី ២១​មេសា​នេះ បាន​សរសេរ​ថា បុរស​ម្នាក់​នេះ ជា​ករណី​ទី​១០ នៅ​កម្ពុជា​ដែល​បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី និង​ជា​ករណី​ទី ៨​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន ​រៀបរាប់​ថា អ្នកជំងឺ​បាន​ចាប់ផ្តើម​ឈឺ​ដោយ​មាន​រោគ​សញ្ញា​គ្រុនក្តៅ កាល​ពី​ថ្ងៃ​ទី​១៣​មេសា និង​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​គ្លីនិក​មួយ នៅ​ថ្ងៃ​ទី​១៦​មេសា ដោយសារ​មាន​រោគ​សញ្ញា​ក្អក និង​ដង្ហើម​ថប់។ អ្នកជំងឺ​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧​មេសា។ ប៉ុន្តែ ដោយសារ​ស្ថានភាព​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​មិនអាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ សុខាភិបាល​លោក ម៉ម ប៊ុនហេង​បាន​ថ្លែង​ថា ជំងឺ​ផ្តាសាយ​បក្សី នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​លោក​បាន​រំលឹក​ដល់​ពលរដ្ឋ​គ្រប់​រូប អោយ​បន្ត​តាមដាន និង​រាយការណ៍​អំពី​សត្វ​បក្សី​ឈឺ ឬ​ងាប់​ទៅ​ភ្នាក់ងារ​សុខាភិបាល និង​បសុពេទ្យ។ ទោះ​យ៉ាងណា​ក៏ដោយ នៅ​ពេល​នេះ មន្ត្រី​សុខាភិបាល​កំពុង​សហការ​ជាមួយ​មន្ត្រី​នៃ​ក្រសួង​កសិកម្ម ដើម្បី​អង្កេត​ស្រាវជ្រាវ​អំពី​របាយការណ៍​បក្សី​ងាប់ នៅ​ក្នុង​ភូមិ​ដែល​ផ្ទុះ​ករណី​ឆ្លង​ចុងក្រោយ​នេះ។

គួរ​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​ទី​២០​មេសា​ឆ្នាំ​២០១០​នេះ មាន​ករណី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​H5N1​ចំនួន​១០​ករណី​ហើយ ដែល​ក្នុង​នោះ​៨​ករណី​បាន​ស្លាប់។ ចំពោះ​ស្ថានភាព​ពិភពលោក​វិញ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក មាន​ករណី​ឆ្លង​សរុប​ទាំងអស់​៤៩៤​ករណី ដែល​ក្នុង​នោះ​២៩៣​ករណី​បាន​ស្លាប់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា ជំងឺ​ផ្តាសាយ​បក្សី​H5N1 គឺ​ជា​ជំងឺ​មួយ​ដែល​ធម្មតា​ឆ្លង​ពី​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ទៀត។ ប៉ុន្តែ​ជួនកាល វា​អាច​ចំលង​ពីបក្សី​ទៅ​មនុស្ស​បាន​ដែរ។ តែ​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ជំងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​អោយ​មាន​ការព្យាបាល​នៅ​មន្ទីរពេទ្យ។

គួរ​រំលឹក​ថា ក្រៅ​ពី​ជំងឺ​ផ្តាសាយ​បក្សី​H5N1 កម្ពុជា​ក៏​កំពុង​គំរាម​កំហែង​ដោយ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​A/H1N1 ដែល​គេ​ស្គាល់​ជា​ជំងឺ​ផ្តាសាយ​ជ្រូក​នោះ​ផងដែរ។ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​របស់​ក្រសួង​ សុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៥​ខែ​មេសា មាន​ករណី​ឆ្លង​មេរោគ​ផ្តាសាយ​ប្រភេទ​ថ្មី​នេះ ៥៧០​ករណី​ហើយ ក្នុង​នោះ​មាន​៦​ករណី​បាន​ស្លាប់។ ក្រសួង​សុខាភិបាល​ក៏​បាន​ផ្សព្វផ្សាយ​បណ្តាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ផងដែរ ​គឺ​លេខ ១១៥ ដល់​សាធារណៈ​ជនទូទៅ សម្រាប់​ផ្តល់​ព័ត៌មាន​អំពី​ករណី​សង្ស័យ​ផ្ទុះ​មេរោគ​ផ្តាសាយ​បក្សី និង​មេរោគ​ផ្តាសាយ​ប្រភេទថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ