អានតួអត្ថបទ
កម្ពុជា-សង្គម

​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បញ្ជូន​ក្រុម​ការងារ​មួយ​ក្រុម​ ពី​​ភ្នំពេញ​​​ទៅ​ជួយ​​ពង្រឹង​សន្តិ​សុខ​​នៅ​​ខេត្ត​​ព្រះ​​សីហនុ

អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ កាល​ពី​ចុង​ខែសីហា បាន​បញ្ជូន​ក្រុម​ការងារ​ពី​ភ្នំពេញ ចុះ​ទៅ​ពង្រឹង​សន្តិ​សុខ សណ្ដាប់​ធ្នាប់ នៅ​ខេត្ត​ព្រះ​សីហនុ។ ខេត្ត​ព្រះ​សីហនុ​របស់​ខ្មែរ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា បាន​ក្លាយ​ជា​ទី​កន្លែង​ប្រមូល​ផ្ដុំ ដោយ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន ខណៈ​ដែល​បញ្ហា​អសន្តិសុខ​សង្គម​មួយ​ចំនួន​បង្ក​ឡើង ដោយ​ជន​ជាតិ​ចិន ក៏​បាន​កើត​ឡើង​ទន្ទឹម​គ្នា​ដែរ។ 

រូបភាពៈឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ
រូបភាពៈឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ @RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ ដែល​មាន​សមាសភាព​ចំនួន​១១នាក់ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​លិខិត​បង្គាប់ការ ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ចុះ​ថ្ងៃ​ទី៣១​ ខែ​សីហា ឆ្នាំ​២០១៨ តែ​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី៥​ខែកញ្ញា ម្សិល​មិញ។ ក្រុម​ការងារ​ថ្មី​នេះ​មាន​ភារ​កិច្ច​ពិនិត្យ​វាយ​តម្លៃ​សភាព​ការណ៍​សន្តិ​សុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិ​ភាព​សង្គម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

បើ​ទោះ​បី​ជា​លិខិត​បង្គាប់ការ ​របស់​អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ ​បាន​បញ្ជាក់​ត្រឹម​ថា ក្រុម​ការងារ​ថ្មី​នេះ ត្រូវ​ពង្រឹង សន្តិ​សុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិ​ភាព​សង្គម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ក៏​ដោយ តែ​អ្វី​ជា​ការ​កត់​សម្គាល់​ក្រុម​ការងារ​ថ្មី​នេះ បង្កើត​ឡើង​ជួន​ចំ​ពេល​បញ្ហាអ​សន្តិសុខ និង​សោភ័ណ​ភាព នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​សាធារណជន​យ៉ាង​ខ្លាំង។ ​ហើយ​ភាគ​ច្រើន​នៃ​បញ្ហា​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​ជន​ជាតិ​​ចិន។ តួ​យ៉ាង​ដូច​ជា​ ករណី​​ចែក​ខិត្ត​​បណ្ណ​​នៃ​អាជីវកម្ម​ផ្លូវ​ភេទ ករណី​ប្លន់ ​​ជួញ​​ដូរ​គ្រឿង​​ញៀន​ រួម​នឹង​បទ​ល្មើស​ផ្សេងៗ​ទៀត​ជា​ដើម។

លោក សន ជ័យ ប្រធាន​​អង្គ​ការ​​សម្ព័ន្ធ​​គណ​នេយ្យ​ភាព​​សង្គម​​យល់​​ថា ​ការ​​បង្កើត​​ក្រុម​ការងារ​​ថ្មី​​នេះ​​ ​ហាក់​​ដូច​​ជា​បង្ហាញ​ថា រដ្ឋា​ភិបាល​ខ្មែរ មិន​បាន​ដាក់​វិធាន​ការណ៍​​ទប់​ស្កាត់​ជា​មុន​​ ចំពោះ​​បទ​ល្មើស ​ដែល​​បង្ក​​ឡើង​ដោយ​ជន​ជាតិ​មួយ​ចំនួន​។ តាម​រយៈ​​ក្រុម​ការងារ​ថ្មី​នេះ​ បង្ហាញ​ថា​អាជ្ញាធរ​រដ្ឋា​ភិបាល​​បាន​​ដើរ​​ថយ​​ក្រោយ​មួយ​ជំហាន​​ ពោល​គឺ​​បណ្ដោយ​ក្រុម​ជន​ជាតិ​ចិន ដើរ​​ទៅ​មុខ​​មួយ​​ជំ​ហាន ​ដែល​ធ្វើ​ឲ្យ​ពួកគេ​​បង្ក​បទ​ល្មើស​នា​នា​កាល​ពី​កន្លង​មក។ នេះ​បើ​តាម លោក សន ជ័យ។

ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ​ ​កន្លង​មក លោក​​ឧត្តម​សេនីយ៍​ទោ ​ជួន ណារិន្ទ ស្នង​ការ​​នគរ​បាល​ខេត្ត​​ព្រះ​​សីហនុ ធ្លាប់​អះ​អាង​ថា ករណី​បទ​ល្មើស ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​នោះ មិន​បាន​បង្ក​ជា​ការ​លំបាក​ដល់​សមត្ថ​កិច្ច ​​ក្នុង​ការ​គ្រប់​គ្រង​នោះ​ទេ​។ មិន​ពិបាក​ក៏ព្រោះ​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់ ហើយ​សមត្ថកិច្ច​បាន​រៀប​ចំ​ផែន​ការ​ត្រឹម​ត្រូវ និង​អាច​គ្រប់​គ្រង​សភាព​ការណ៍​ទាំង​នោះ​បាន​។

សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​បញ្ជូន​​ក្រុម​​ការងារ​​ទៅ​គ្រប់​គ្រង​សភាព​ការណ៍​សន្តិ​សុខ ក្នុង​ខេត្ត​ព្រះ​សីហនុ មន្ត្រី​នៃ​ក្រសួង​សន្តិ​សុខ​ចិន លោក ហូ ប៊ីន​ជិន (Hu Binchen) ដែល​​កំពុង​​បំពេញ​​ទស្សន​កិច្ច​​នៅ​កម្ពុជា ក៏​បាន​ឆ្លៀតឱកាស​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​​ព្រះ​​សីហនុ​ដោយ​ផ្ទាល់ ដើម្បី​ជួប​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​ជជែក​អំពី​ការបន្ត​​ពង្រឹង​​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​​សាធារណៈ​​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ